មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ និងអង្គការយូណេស្កូ (UNESCO) បារម្ភពីសន្តិសុខអ្នកកាសែតក្នុងស្រុកក្នុងពេលបំពេញការងារ។ ក្រុមមន្ត្រីទាំងនេះ ជំរុញឲ្យអ្នកមានអាជីពនេះប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈ ព្រមទាំងជំរុញឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជំរុញឲ្យមានច្បាប់ការពារអ្នកកាសែត ឬច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានឲ្យបានឆាប់។
មន្ត្រីអង្គការយូណេស្កូ អ្នកស្រី ជេមមី (Jamie Hyo Jin Lee) ថ្លែងថា អ្នកកាសែតដែលរាយការណ៍ពីការរំលោភសិទ្ធិមនុស្ស និងអំពើហិង្សាផ្សេងៗ តែងតែទទួលរងនូវការប្រមាថមើលងាយជាច្រើន។ អ្នកស្រីថ្លែងបែបនេះ ក្នុងសិក្ខាសាលាមួយស្ដីពីវិជ្ជាជីវៈសារព័ត៌មាន និងសន្តិសុខសម្រាប់អាជីពនេះក្នុងទីក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ។
សិក្ខាសាលានេះរៀបចំដោយអង្គការយូណេស្កូ និងការិយាល័យតំណាងឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) ដោយមានអ្នកកាសែតអាជីពចូលរួមប្រមាណជិត ៥០នាក់ ក្នុងនោះមានតំណាងក្រុមសារព័ត៌មាន ក្លឹបអ្នកកាសែត បានបែងចែកជាក្រុមពិភាក្សាស្ដីពីក្រមសីលធម៌ វិជ្ជាជីវៈ និងបញ្ហាប្រឈមនានារបស់អ្នកសារព័ត៌មាន។
ក្នុងឱកាសនោះដែរ អ្នកស្រី ជេមមី អំពាវនាវឲ្យកម្ពុជា បញ្ចប់នូវវប្បធម៌និទ្ទណ្ឌភាពឲ្យបានឆាប់ ពីព្រោះអ្នកស្រីយល់ឃើញថា វប្បធម៌នេះជាដើមចមបង្កឲ្យមានអំពើហិង្សាជាច្រើនទៅលើអ្នកសារព័ត៌មាន និងពិបាកឲ្យក្រុមនេះធ្វើការងារប្រកបដោយវិជ្ជាជីវៈ៖ «ការទទួលបានព័ត៌មានពិតប្រាកដ និងការកំណត់ស្តង់ដារខ្ពស់ នៅតែជាបញ្ហាប្រឈមជាច្រើននៅកម្ពុជា។ បើសិនពុំមានច្បាប់ទទួលបានសារព័ត៌មានទេ វានៅតែលំបាកក្នុងការទទួលបានព័ត៌មានពិតដែលគេត្រូវការ ហើយពួកគេងាយទទួលរងគ្រោះពីការវាយប្រហារទាំងអស់នេះ»។
ចំណែកអ្នកកាសែតអាជីពបម្រើការនៅកាសែតភ្នំពេញប៉ុស្តិ៍ លោក ម៉ៃ ទិត្យថារ៉ា ដែលចូលរួមក្នុងកិច្ចពិភាក្សានោះដែរមានប្រសាសន៍ថា តម្រូវការសម្រាប់អ្នកសារព័ត៌មាន គឺការគោរពវិជ្ជាជីវៈ ដោយលោកគិតថា វិជ្ជាជីវៈគឺជាអាវក្រោះមួយអាចការពារខ្លួនអ្នកកាសែតបានមួយផ្នែក ក្រៅពីនេះ ត្រូវមានច្បាប់ការពារ ឬគាំទ្រ ហើយអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាព៖ «តម្រូវការចុងក្រោយរបស់អ្នកកាសែតនៅស្រុកខ្មែរនេះ សុំឲ្យរដ្ឋាភិបាលក្រឡេកមើលសិទ្ធិទទួលបានសារព័ត៌មានរបស់អ្នកសារព័ត៌មាន ដោយសារតែយើងមានការលំបាកបំផុត ជាពិសេសបើសរសេររឿងអ្វីមួយ ចង់ឲ្យស្ថាប័នរដ្ឋាភិបាលបកស្រាយ គឺពិបាក ទោះបីគាត់មានអ្នកនាំពាក្យ តែអ្នកនាំពាក្យនោះអត់មានពាក្យនាំ អ៊ីចឹងនេះជាការលំបាកបំផុត ហើយគេតែងតែចោទថា អ្នកសរសេរលម្អៀង ប៉ុន្តែយើងព្យាយាមដោះស្រាយបញ្ហាហ្នឹង តែគាត់អត់ព្រមផ្តល់ព័ត៌មានឲ្យយើង»។
ឆ្លើយតបបញ្ហានេះ ទីប្រឹក្សាក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការសារព័ត៌មាន លោក អ៊ុក គឹមសេង មានប្រសាសន៍ថា រហូតមកដល់ពេលនេះ ក្រសួងព័ត៌មាន សហការជាមួយអង្គការអន្តរជាតិ សង្គមស៊ីវិលក្នុងស្រុក កំពុងជំរុញឲ្យមានច្បាប់ផ្សេងៗទៀតក្រៅពីច្បាប់ដែលមានស្រាប់ ជាពិសេសសេចក្តីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានជាដើម ដែលទាំងនេះបង្ហាញពីការគាំទ្រដល់អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ។ លោកបន្តថា ក្រៅពីនេះទៀត អ្នកសារព័ត៌មានគួរតែគិតពីបញ្ហាសុវត្ថិភាពខ្លួនឯង នៅពេលចូលទៅកាន់តំបន់ណាដែលអាចមានបញ្ហាប្រឈមនឹងគ្រោះថ្នាក់៖ «ខ្ញុំមើលទៅអ្នកដែលជួបបញ្ហា ច្រើនតែអ្នកដែលធ្វើការលើសដែនសមត្ថកិច្ចវិជ្ជាជីវៈ ដែលពេលខ្លះឃើញមានជួបបញ្ហាគ្រោះថ្នាក់ដល់ជីវិត ខ្លះរបួស»។
ករណីអ្នកកាសែតដែលត្រូវគេសម្លាប់នៅក្នុងប្រទេសកម្ពុជា មានចំនួន ១៣នាក់ហើយ ចាប់តាំងពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០១៤ នេះ។ នៅឆ្នាំចុងក្រោយនេះដែរ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporter without Borders) បានចេញរបាយការណ៍ដោយចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ក្នុងលេខរៀង១៤៤ ក្នុងចំណោមប្រទេស១៨០ ស្ដីពីសិទ្ធិបញ្ចេញមតិដែលនៅអន់ថយនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
