អាជីវកម្ម​ផ្លូវ​ភេទ​តាម​ហាង​ម៉ាស្សា​ផ្ទះ​លក់​កាហ្វេ​និង​ក្លិប​ខារ៉ាអូខេ​បន្ត​កើត​ឡើង​នៅ​រតនគិរី

0:00 / 0:00

គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព គឺ​ហាម​ឃាត់​មិន​ឲ្យ​មាន​អាជីវកម្ម​ផ្លូវ​ភេទ ដែល​បង្ការ​មិន​អោយ​មាន​ការ​ជួញ​ដូរ​មនុស្ស ការ​បើក​បន​ពេស្យា ជាដើម។ យ៉ាង​ណា​ក៏ដោយ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន មុខ​របរ​ពេស្យា​កម្ម​នៅ​តែ​បន្ត​កើត​មាន​ច្រើន​រូបភាព​នៅ​ខេត្ត​រតនគិរី បើ​ទោះ​បី​ក្រុម​អាជ្ញាធរ​បាន​ព្យាយាម​បញ្ឈប់​មិន​ឲ្យ​ធ្វើ​សេវាកម្ម​នេះ​នៅ​មូលដ្ឋាន​យ៉ាង​ណា​ក្តី។

បន​ពេស្យាចារ​បាន​បញ្ចប់​អាជីវកម្ម​ទាំង​ស្រុង នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី នា​ពេល​បច្ចុប្បន្ន ក៏ប៉ុន្តែ​ក្រុម​បុរស​មាន​ចំណូល​ចិត្ត​កម្សាន្ត​ផ្លូវ​ភេទ អាច​រក​សេវាកម្ម​នេះ​នៅ​តាម​ហាង​ម៉ាស្សា ក្លិប​ខារ៉ាអូខេ ផ្ទះ​លក់​កាហ្វេ ឬ​ភោជនីយដ្ឋាន​ដែល​បង្កប់​ដោយ​នារី​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ។

ការ​បម្រើ​ផ្លូវ​ភេទ​នៅ​កន្លែង​ទាំងអស់​នោះ គឺ​ស្ត្រី​អ្នក​បម្រើ​ផ្លូវ​ភេទ​មិន​ត្រូវ​អនុញ្ញាត​បម្រើ​ផ្លូវ​ភេទ​នៅ​នឹង​កន្លែង​ទេ អតិថិជន និង​អ្នក​បម្រើ​ផ្លូវ​ភេទ​អាច​ស្វែងរក​ផ្ទះ​សំណាក់ ឬ​សណ្ឋាគារ ជា​កន្លែង​កម្សាន្ត​ផ្លូវ​ភេទ កាល​ណា​ពួក​គេ​ព្រមព្រៀង​គ្នា​ក្នុង​តម្លៃ​ណា​មួយ។

ហាង​លក់​កាហ្វេ​មួយ​នៅ​ជាប់​នឹង​សណ្ឋាគារ កុលសម្ព័ន្ធ ឋិត​ក្នុង​សង្កាត់​ឡាបានសៀក ក្រុង​បានលុង មាន​ស្ត្រី​ជនជាតិ​វៀតណាម ៦​នាក់ ត្រូវ​បាន​គេ​រៀបចំ​ដើម្បី​បម្រើ​សេវាកម្ម​ផ្លូវ​ភេទ។ ជាទូទៅ បុរសៗ​ដែល​ត្រូវ​ការ​សេវាកម្ម​បម្រើ​ផ្លូវ​ភេទ​ពី​ស្ត្រី​វៀតណាម ទាំង​នោះ អាច​ទៅ​អង្គុយ​ពិសារ​កាហ្វេ​នៅ​ហាង​នោះ ហើយ​ទាក់ទង​ជាមួយ​មេការ​ជា​ស្ត្រី​វៀតណាម ដូច​គ្នា ដើម្បី​មើល​រូបរាង​ស្ត្រី​បម្រើ​ផ្លូវ​ភេទ​ដោយ​ផ្ទាល់ ដែល​ជា​អ្នក​បម្រើ​ក្នុង​ហាង​កាហ្វេ ឬ​រូបថត​របស់​ពួក​គេ​បាន។ ប្រសិន​អតិថិជន​ពេញ​ចិត្ត​ស្ត្រី​មួយ​ណា គឺ​ត្រូវ​ចរចា​តម្លៃ​ជាមួយ​មេការ​នោះ​រួច​រាល់ អតិថិជន​អាច​ប្រើប្រាស់​រថយន្ត ឬ​មធ្យោបាយ​ផ្ទាល់​ខ្លួន ដឹក​ជញ្ជូន​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ទៅ​ផ្ទះ​សំណាក់ ឬ​សណ្ឋាគារ​ដែល​គេ​ពេញ​ចិត្ត។ ដោយ​ឡែក ប្រសិន​អតិថិជន​ណា​ខ្លាច ឬ​លាក់​ការណ៍​មិន​ឲ្យ​គេ​ដឹង អតិថិជន​នោះ​អាច​ទាក់ទង​ទូរស័ព្ទ​មេការ​ស្ត្រី​ទាំង​នោះ ដើម្បី​ទទួល​សេវាកម្ម​ផ្លូវ​ភេទ​ទៅ​ដល់​បន្ទប់​ស្នាក់នៅ​របស់​អតិថិជន​នោះ៖ «គេ​ទៅ​ទាក់ទង​តាម​ខារ៉ាអូខេ តាម​ហាង​បៀរហ្គាឌិន តាម​ហាង​ហូប​ចុក​ទាក់ទង​ខ្លួន​គេ មនុស្ស​ស្រី​ហ្នឹង​គេ​និយាយ​ខ្លួន​គេ គេ​និយាយ​តម្លៃ​ត្រូវរ៉ូវ​គ្នា​ទៅ​ក្រៅ​ទៅ។ អ្នក​មក​ដឹក​ចេញ​ទៅ​ដូច​នៅ​ហ្វុងលីន​អ៊ីចឹង»

ករណី​ដូច​គ្នា​នេះ​ដែរ ក៏​កើត​មាន​នៅ​តាម​ក្លិប​រាត្រី ហាង​ខារ៉ាអូខេ កន្លែង​ម៉ាស្សា ជាដើម ក៏ប៉ុន្តែ​គេ​សង្កេត​ឃើញ​អាជីវកម្ម​ផ្លូវ​ភេទ​ខ្លះ គឺ​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ខ្លួន​ឯង​ស្ម័គ្រ​ចិត្ត​ទទួល​បម្រើ​ផ្លូវ​ភេទ ដើម្បី​ប្រាក់ ក៏ប៉ុន្តែ​មាន​ករណី​ខ្លះ​ទៀត សេវាកម្ម​នេះ​ត្រូវ​បាន​គេ​រៀបចំ​ចាត់​តាំង​ឡើង​ដោយ​មាន​ខ្សែ​សង្វាក់ មាន​មេ​ដឹក​នាំ​តាម​រូបភាព​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ។

តួលេខ​របស់​អាជ្ញាធរ​ក្រុង​បានលុង យ៉ាង​ហោច​ណាស់​មាន​ក្លិប​ខារ៉ាអូខេ​ជាង ២០​កន្លែង ហាង​ម៉ាស្សា ៨​កន្លែង ហាង​លក់​កាហ្វេ និង​ភោជនីយដ្ឋាន​រាប់​សិប​កន្លែង​ទៀត ដែល​ស្ត្រី​បម្រើ​ការងារ​នៅ​ទីនោះ​មួយ​ចំនួន ពាក់ព័ន្ធ​បម្រើ និង​ជួញ​ដូរ​ផ្លូវ​ភេទ។

កាល​ពី​ខែ​កក្កដា អាជ្ញាធរ​ក្រុង​បានលុង បាន​បង្ក្រាប​ទីតាំង​ម៉ាស្សា​ឈ្មោះ ហ្វុងលីន ដែល​បង្កប់​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ក៏ប៉ុន្តែ​មន្ត្រី​បង្ក្រាប​ក៏​រង​ផល​លំបាក​ច្រើន​ក្នុង​ការ​ស្វែងរក​ភស្តុតាង​ដាក់​បន្ទុក​ទៅ​លើ​ម្ចាស់​អាជីវកម្ម​ម៉ាស្សា​ទាំង​នោះ។

អធិការ​ប៉ូលិស​ក្រុង​បានលុង លោក ឯម វុន កត់​សម្គាល់​ថា ការ​បិទ​ផ្ទះ​បន និង​ការ​បង្ក្រាប​ទីតាំង​លួច​លាក់​នៃ​បន​ពេស្យាចារ ធ្វើ​ឲ្យ​លេច​ចេញ​រូបភាព​ធ្វើ​អាជីវកម្ម​ផ្សេង​ទៀត​ទាក់ទិន​មុខ​របរ​ផ្លូវ​ភេទ​នេះ។ លោក​ថា ប៉ូលិស​ជំនាញ​កំពុង​ស្រង់​តួលេខ​នៃ​កន្លែង​សេវាកម្ម​ផ្សេង​ទៀត ដែល​បង្កប់​ការ​រក​ស៊ី​ផ្លូវ​ភេទ រួម​ទាំង​ស៊ើប​អង្កេត​ជាក់​លាក់​ប្រមូល​វត្ថុ​តាង ដើម្បី​បង្ក្រាប​កន្លែង​មាន​ការ​ចាត់​តាំង​សេវាកម្ម​ផ្លូវ​ភេទ​នេះ៖ «ក្រោយ​ពី​បិទ​អ៊ីចឹង យើង​ឃើញ​មាន​លេច​រូបភាព​គ្រាន់​តែ​យើង​ដឹង​ថា មាន​ជ្រក​ក្រោម​ផ្លាក​ហ្នឹង ខារ៉ាអូខេ​ខ្នាត​តូច ប៉ុន្តែ​ឥឡូវ​យើង​កំពុង​ចុះ​ស្រង់ យើង​កំពុង​ធ្វើ​រាល់​ថ្ងៃ ប្រហែល​មួយ​អាទិត្យ​ទៀត​ហើយ។ ពេល​មួយ​អាទិត្យ​ហើយ បាន​យើង​វាយ​តម្លៃ​ថា​អាណា​មាន​ប៉ុន្មានៗ អាណា​ត្រូវ​ធ្វើ​ម៉េច​ទៀត»

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី ហៅ​ការ​កើន​ឡើង​កន្លែង​សេវាកម្ម​ផ្លូវ​ភេទ នឹង​រួម​ចំណែក​ឲ្យ​មាន​ការ​ប្រើប្រាស់​ថ្នាំញៀន និង​ការ​ជួញ​ដូរ​ស្ត្រី​កើន​ឡើង ប្រសិន​អាជ្ញាធរ​មិន​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប។ លោក​បង្ហាញ​ក្តី​បារម្ភ​ទាក់ទិន​បទល្មើស ដូចជា​អំពើ​ចោរកម្ម លួច​ប្លន់ ល្បែង​ស៊ី​សង អំពើ​ហិង្សា​ក្នុង​គ្រួសារ ក៏​ដូច​ជា​អសន្តិសុខ​សង្គម នឹង​កើត​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មិន​មាន​សុវត្ថិភាព៖ «ការ​បណ្ដែត​បណ្តោយ​ឲ្យ​មាន​សេវាកម្ម​ផ្លូវ​ភេទ ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ហ្នឹង យើង​មើល​ទៅ​ឃើញ​អាច​ប្រឈម​ក្នុង​សង្គម ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​ថ្នាក់​មូលដ្ឋាន។ សមត្ថកិច្ច​ពេល​ខ្លះ​ដឹង ប៉ុន្តែ​គាត់​មិន​អើពើ ដោយសារ​សមត្ថកិច្ច​មាន​ឱកាស​បិទ​បាំង​រឿង​ហ្នឹង​ដែរ»

ក្នុង​ឆ្នាំ​២០១៤ នេះ ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​ស្ត្រី នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​រតនគិរី បាន​បង្ក្រាប​ករណី​ជួញ​ដូរ​ស្ត្រី​ក្នុង​កន្លែង​ម៉ាស្សា​មួយ ដែល​ជួយ​រំដោះ​ស្ត្រី​រងគ្រោះ​បាន ៤​នាក់ និង​ចាប់​ខ្លួន​ជន​ពាក់ព័ន្ធ​ពីរ​នាក់​បញ្ជូន​ទៅ​តុលាការ។

ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី លោកស្រី កែវ ដាវី ថ្លែង​ថា សមត្ថកិច្ច​ជំនាញ​កំពុង​យក​ចិត្ត​ទុក​ដាក់​ត្រួត​ពិនិត្យ និង​ស៊ើប​អង្កេត​ករណី​កើន​ឡើង​នៃ​សេវាកម្ម​ផ្លូវ​ភេទ​ថ្មី​នេះ ដើម្បី​ចាត់​វិធានការ​បង្ក្រាប។ ចំណែក​ករណី​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ដោយ​ស្ម័គ្រ​ចិត្ត វិធានការ​អប់រំ​ត្រូវ​បាន​យក​មក​អនុវត្ត ដើម្បី​ឲ្យ​ស្ត្រី​ទាំង​នោះ​ប្រុង​ប្រយ័ត្ន​ផល​ប៉ះពាល់​ផ្នែក​សុខភាព និង​សីលធម៌​សង្គម៖ «មិន​ប្រព្រឹត្ត​នៅ​កន្លែង​ក៏ដោយ យើង​ធ្វើ​ការ​ស៊ើប​អង្កេត បើ​សិន​ជា​មាន​ការ​ជួញ​ដូរ​ដោយ​មាន​ការ​ចាត់​តាំង មាន​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​គ្រប់គ្រង​អ៊ីចឹង អា​ហ្នឹង​យើង​ដាក់​វិធានការ​បង្ក្រាប​តែ​ម្តង។ ជួន​កាល​ជន​រងគ្រោះ​ប្រព្រឹត្ត​ខ្លួន​វា យើង​អត់​មាន​ស្អី​ទៅ​ដាក់​ទោស​ទណ្ឌ​គាត់​ទេ យើង​គ្រាន់​តែ​ធ្វើ​ការ​អប់រំ​ណែនាំ​កុំ​ឲ្យ​ប៉ះពាល់​កិត្តិយស​ស្ត្រី​ខ្មែរ»

ការ​ប៉ាន់​ប្រមាណ​របស់​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យ៉ាង​ហោច​ណាស់​ស្ត្រី​លក់​ខ្លួន​មិន​តិច​ជាង ៥០០​នាក់ កំពុង​ទទួល​បម្រើ​ផ្លូវ​ភេទ​ក្នុង​នាម​ជា​ស្ត្រី​កំដរ​ភ្ញៀវ​ក្នុង​ក្លិប​ខារ៉ាអូខេ ស្ត្រី​ម៉ាស្សា អ្នក​បម្រើ​ហាង​កាហ្វេ និង​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀ​តាម​ភោជនីយដ្ឋាន​នៅ​ក្រុង​បានលុង។ ស្ត្រី​មួយ​ចំនួន​មក​ពី​ខេត្ត​កំពង់ចាម ខេត្ត​បាត់ដំបង ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង និង​ទីក្រុង​ភ្នំពេញ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។