អាដហុក៖ សកម្មភាព​ជួញ​ដូរ​ភេទ​ស្ត្រី​ខ្មែរ​តាម​រយៈ​រៀប​ការ​ទៅ​ចិន​គួរ​ឲ្យ​ព្រួយ​បារម្ភ

0:00 / 0:00

សមាគម​អាដហុក (adhoc) បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​នៃ​ការ​ជួញ​ដូរ​ស្ត្រី​ខ្មែរ ទៅ​ក្រៅ​ប្រទេស ពិសេស​ប្រទេស​ចិន ក្រោម​រូបភាព​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​បុរស​ជា​ជន​បរទេស​តាម​រយៈ​មេ​ខ្យល់​មួយ​ចំនួន។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​ក្រសួង​ការ​បរទេស និង​ក្រសួង​មហាផ្ទៃ ជា​ដើម បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ ពិសេស​គ្រួសារ ឬ​ជន​រងគ្រោះ ត្រូវ​ដាក់​ពាក្យ​បណ្ដឹង​មក​កាន់​ស្ថាប័ន​ពាក់ព័ន្ធ ឬ​សមត្ថកិច្ច ដើម្បី​មាន​វិធានការ​បង្ក្រាប និង​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ឲ្យ​បាន​ទាន់​ពេល។

សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៣០ ខែ​កក្កដា បង្ហាញ​ថា ៦​ខែ​ដើម​ឆ្នាំ​២០១៤ នេះ សមាគម​អាដហុក ទទួល​បាន​ពាក្យ​បណ្ដឹង​ជួញ​ដូរ​មនុស្ស​ចំនួន​ជាង ១០០​បណ្ដឹង (១០៨) និង​មាន​ជន​រងគ្រោះ​សរុប​ចំនួន​ជិត ៣០០​នាក់ (២៩៥)។ ក្នុង​នោះ​ប្រទេស​ចិន មាន​ចំនួន ២៦​ករណី និង​មាន​ជន​រងគ្រោះ​ចំនួន ២៩​នាក់។ បើ​ប្រៀបធៀប ៦​ខែ​ដើម​ឆ្នាំ​២០១៣ គឺ​មាន​សញ្ញា​ធ្ងន់ធ្ងរ។

អ្នកស្រី ឆន សុគន្ធា ប្រធាន​ផ្នែក​ស្ត្រី កុមារ និង​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​របស់​សមាគម​អាដហុក ឲ្យ​ដឹង​ក្នុង​សន្និសីទ​កាសែត​ព្រឹក​ថ្ងៃ​ពុធ ថា ជន​រងគ្រោះ​ដែល​ចាញ់​បោក​មេ​ខ្យល់​យក​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន បាន​ជួប​បញ្ហា​មួយ​ចំនួន ដូចជា ការ​ធ្វើ​ទារុណកម្ម​ផ្លូវ​កាយ ផ្លូវ​ចិត្ត ផ្លូវ​ភេទ ការ​បង្អត់​អាហារ និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ផ្ទះ​ដូច​ជា​ទាសករ ជាដើម។

អ្នកស្រី​បន្ត​ថា ការ​ជួញ​ដូរ​ស្ត្រី​ទៅ​លក់​នៅ​ប្រទេស​ចិន គឺ​បណ្ដាល​មក​ពី​កត្តា​ពីរ​យ៉ាង​សំខាន់ គឺ​កត្តា​ជំរុញ និង​កត្តា​អូស​ទាញ។ កត្តា​ជំរុញ គឺ​ផ្ដើម​ពី​ភាព​ក្រីក្រ ខ្វះ​ការ​អប់រំ ខ្វះ​ទីផ្សារ​ការងារ​ក្នុង​ស្រុក ការ​បាត់​បង់​ដីធ្លី និង​ជំពាក់​បំណុល​ធនាគារ ជាដើម។ ចំណែក​កត្តា​អូស​ទាញ គឺ​ភាព​ជឿនលឿន​របប​ទីផ្សារ​សេរី ដែល​សម្បូរ​បែប​ដោយ​សម្ភារៈ​និយម ឬ​សម្ភារៈ​ទំនើប និង​ទាន់​សម័យ ជាដើម៖ «ជន​រងគ្រោះ​រង​នូវ​សុខភាព​ទ្រុឌទ្រោម ធ្វើ​ការ​ដូច​ជា​ទាសករ​ដាច់​ថ្លៃ​សម្រាប់​គ្រួសារ​ទាំង​មូល។ ទទួល​របប​អាហារ​មិន​គ្រប់គ្រាន់ និង​មាន​ជីវជាតិ​មិន​គ្រប់គ្រាន់ ការ​លក់​បន្ត​ទៅ​ឲ្យ​អ្នក​ផ្សេង ឬ​លក់​បន្ត​ទៅ​ឲ្យ​ផ្ទះ​បន ការ​រំលោភ​ផ្លូវ​ភេទ​ពី​សំណាក់​បុរស​ជា​ប្ដី ឬ​គ្រួសារ»

អ្នកស្រី ឆន សុគន្ធា បន្ថែម​ថា បញ្ហា​ប្រឈម​របស់​ជន​រងគ្រោះ​ជា​ស្ត្រី​ខ្មែរ ដែល​សមាគម​អាដហុក រក​ឃើញ គឺ​ដោយសារ​មេ​ខ្យល់​ដើរ​ផ្សព្វផ្សាយ​ពី​ការ​រើស​នារី​ខ្មែរ យក​ទៅ​រៀបការ​ជាមួយ​បុរស​បរទេស ឬ​ជនជាតិ​ចិន ជាដើម។ អ្នកស្រី​បន្ត​ថា នៅ​ពេល​មេ​ខ្យល់​បាន​នាំ​ស្ត្រី​ខ្មែរ​ទាំង​នោះ​ទៅ​ដល់​ប្រទេស​ចិន ត្រូវ​មេ​ខ្យល់​លក់​ដូរ​ទៅ​ឲ្យ​បុរស​ជនជាតិ​ចិន ទិញ​ធ្វើ​ប្រពន្ធ ឬ​ទិញ​ទុក​សម្រាប់​ធ្វើ​ខ្ញុំ​បម្រើ​នៅ​ក្នុង​គ្រួសារ​ជនជាតិ​ចិន ហើយ​ស្ត្រី​ខ្មែរ​ភាគ​ច្រើន ត្រូវ​រង​ការ​ធ្វើ​បាប​ផ្លូវ​ចិត្ត ផ្លូវ​កាយ ផ្លូវ​ភេទ បង្អត់​អាហារ និង​ឃុំ​ខ្លួន​ឲ្យ​នៅ​តែ​ក្នុង​បន្ទប់ ជាដើម។ អ្នកស្រី សុគន្ធា ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​មេ​ខ្យល់​លក់​ទៅ​ឲ្យ​បុរស​ជនជាតិ​ចិន ក្នុង​តម្លៃ​ចន្លោះ​ពី ១​ម៉ឺន​ដុល្លារ ទៅ ១​ម៉ឺន ៥​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​ស្ត្រី​ខ្មែរ​ខ្លះ​ត្រូវ​គេ​លក់​ដូរ​ពី​បុរស​ជនជាតិ​ចិន ម្នាក់ ទៅ​ម្នាក់​ទៀត​ដូច​ទំនិញ ចន្លោះ​ពី ២ ទៅ ៣​ដង​ក៏​មាន។

ស្ត្រី​រងគ្រោះ​វ័យ ១៨​ឆ្នាំ​ម្នាក់ មក​ពី​ខេត្ត​កណ្តាល ស្នើ​មិន​បញ្ចេញ​ឈ្មោះ ដែល​ត្រូវ​មេ​ខ្យល់​ជួញ​ដូរ​ទៅ​ប្រទេស​ចិន បាន​រៀបរាប់​ក្នុង​សន្និសីទ​កាសែត​នា​សមាគម​អាដហុក នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែ​កក្កដា ថា នៅ​ពេល​ទៅ​ដល់​ប្រទេស​ចិន រូប​នាង​ត្រូវ​មេ​ខ្យល់​លក់​ដូរ​បន្ត​ពី​បុរស​ចិន ម្នាក់ ទៅ​ម្នាក់​ទៀត​ចំនួន ២​លើក។ ហើយ​តួនាទី​របស់​នាង​នៅ​ក្នុង​គ្រួសារ​ចិន គឺ​គ្មាន​អ្វី​ក្រៅ​ពី​បម្រើ​ផ្លូវ​ភេទ និង​ធ្វើ​ជា​ខ្ញុំ​បម្រើ​ក្នុង​គ្រួសារ​ជនជាតិ​ចិន ទាំង​នោះ​ដូច​ទាសករ។ ស្ត្រី​រងគ្រោះ​រៀបរាប់​ទាំង​អួល​ដើម​ក​ថា រូប​រាង​កាយ និង​ផ្លូវ​ភេទ​របស់​នាង ត្រូវ​បុរស​ជនជាតិ​ចិន រំលោភ​ញាំញី​ដូច​សត្វ​ធាតុ និង​រង​ទុក្ខ​វេទនា​ខ្លោចផ្សា។

ស្ត្រី​រងគ្រោះ​រូប​នេះ​បន្ថែម​ថា នៅ​ពេល​រូប​នាង​ត្រូវ​មេ​ខ្យល់​ជួញ​ដូរ​ទៅ​កាន់​ប្រទេស​ចិន គឺ​ទើប​មាន​អាយុ ១៧​ឆ្នាំ​ទេ ហើយ​បាន​ទៅ​ដល់​ប្រទេស​ចិន នៅ​ដើម​ឆ្នាំ​២០១៣។ អំឡុង​ពេល​មេ​ខ្យល់​ជួញ​ដូរ​នោះ រូប​នាង​ត្រូវ​រលូត​កូន​ចំនួន ២​ដង ដោយសារ​បុរស​ជនជាតិ​ចិន រួម​ភេទ​ធ្វើ​ទារុណកម្ម និង​បង្អត់​អាហារ ជាដើម៖ «ម្ហូប​សល់​ព្រឹក​ទុក​ល្ងាច សល់​ល្ងាច​ទុក​ព្រឹក។ ហើយ​នៅ​ពេល​ដែល​ប្អូន​មិន​ព្រម​រួម​ភេទ គេ​វ៉ៃ​ប្អូន និង​គេ​បង្ខំ ហើយ​ខ្លួន​ប្អូន​ជា​ស្ត្រី ហើយ​នៅ​ក្មេង​មិន​ដឹង​ជា​ត្រូវ​គិត​ដូចម្តេច​ទេ ព្រោះ​ខ្ញុំ​ទើប​មាន​អាយុ ១៧​ឆ្នាំ​ទេ»

រំឭក​រឿង​ទុក្ខ​សោក​នេះ ស្ត្រី​រងគ្រោះ​ក៏​បាន​ស្នើ​ដល់​ស្ត្រី​ខ្មែរ​ទូទៅ ដែល​មាន​បំណង​យក​ប្ដី​ជាតិ​សាសន៍​ដទៃ ឬ​យក​ប្ដី​ជនជាតិ​ចិន ត្រូវ​លះ​បង់​គំនិត​នេះ​ចោល បើ​មិន​ដូច្នេះ​ទេ នឹង​ជួប​វាសនា ឬ​ជួប​ទុក្ខ​វេទនា​ដូច​រូប​នាង។

ស្ត្រី​រងគ្រោះ​ផ្សេង​ទៀត ក៏​បាន​យំ​រៀបរាប់​ពី​ទុក្ខ​វេទនា​ដែល​ត្រូវ​មេ​ខ្យល់​ជួញ​ដូរ និង​លក់​ទៅ​ឲ្យ​ជនជាតិ​ចិន ពី​ម្នាក់​ទៅ​ម្នាក់ ដើម្បី​ទុក​កំដរ​ផ្លូវ​ភេទ ឬ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ក្នុង​គ្រួសារ​ចិន ទាំង​នោះ។ ស្ត្រី​ខ្មែរ​រូប​នេះ ខ្លោចផ្សា​បំផុត​កាល​បើ​នឹក​ឃើញ​ដល់​ទុក្ខ​វេទនា​ដែល​កើត​មាន​ចំពោះ​រូប​នាង នៅ​ក្នុង​ប្រទេស​ចិន មុន​ពេល​ត្រូវ​សមាគម​អាដហុក ជួយ​រំដោះ និង​បាន​វិល​មក​ស្រុក​កំណើត​វិញ​ពេល​នេះ៖ «សូម​ផ្ដាំ​ទៅ​នារី​ខ្មែរ​យើង​ទាំងអស់ ទោះ​ក្រ ឬ​លំបាក​យ៉ាង​ម៉េច​ក៏ដោយ ក៏​នៅ​ស្រុក​យើង​វា​ស្រួល​ជាង​នៅ​ស្រុក​គេ គឺ​យើង​បាន​នៅ​ជិត​ម៉ែឪ​ស្រួល​ជាង និង​កុំ​ឲ្យ​ចាញ់​បោក​មេ​ខ្យល់​ទៀត»

ស្ត្រី​រងគ្រោះ​រៀបរាប់​បន្ថែម​ថា ការ​រត់​រួច​ពី​ក្រញាំ​ដៃ​បុរស​ជនជាតិ​ចិន និង​មេ​ខ្យល់​នៅ​ក្នុង​ប្រទេស​ចិន ធ្វើ​ឡើង​ប្រថុយប្រថាន និង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ គឺ​ត្រូវ​រត់​ទៅ​ពួន​សម្ងំ​នៅ​តាម​ភ្នំ ឬ​ក៏​ត្រូវ​សម្រាក​នៅ​តាម​លូ​ក្រោម​ដី​អស់​ជាច្រើន​ថ្ងៃ ទម្រាំ​អាច​ស្វែងរក​អ្នក​ជួយ​សង្គ្រោះ និង​នាំ​ទៅ​ដល់​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ចិន។ ស្ត្រី​រងគ្រោះ​អះអាង​ថា នៅ​ក្នុង​ប្រទេស​ចិន សព្វថ្ងៃ គឺ​មាន​ស្ត្រី​ខ្មែរ​រងគ្រោះ​ត្រូវ​គេ​ជួញ​ដូរ​ច្រើន​នាក់ កំពុង​រង​ទុក្ខ​វេទនា និង​រង់ចាំ​ការ​ជួយ​សង្គ្រោះ​ពី​រដ្ឋាភិបាល និង​ផ្នែក​ពាក់ព័ន្ធ៖ «ដល់​ពេល​មាន​ថ្ងៃ​មួយ​ដល់​ពេល​ដែល​នាង​ខ្ញុំ​តាំង​ចិត្ត​រត់ ទើប​ខ្ញុំ​ជួប​ស្ត្រី​ខ្មែរ​ដូច​គ្នា គាត់​ប្រាប់​ផ្លូវ​ខ្ញុំ។ ហើយ​គាត់​បាន​ប្រាប់​នាង​ខ្ញុំ​ថា ឲ្យ​ប្រាប់​ម៉ាក់​ខ្ញុំ ឲ្យ​ដាក់​ពាក្យ​ប្ដឹង​នៅ​ស្រុក​ខ្មែរ។ អ៊ីចឹង​បាន​ជា​ម៉ាក់​ខ្ញុំ គាត់​បាន​ប្ដឹង​មក​សមាគម​អាដហុក និង​គាត់​ប្ដឹង​ទៅ​គ្រប់​កន្លែង​ទាំងអស់ ហើយ​ទើប​បាន​ស្គាល់​លេខ​ទូរស័ព្ទ​ទូត ជាដើម។ ការ​រត់​ចេញ​នេះ គឺ​វេទនា​ណាស់។ ហើយ​ខ្ញុំ​រត់​រួច​នេះ គឺ​ជា​សំណាង​របស់​នាង​ខ្ញុំ​ហើយ។ តែ​ខ្ញុំ​អាណិត​ដល់​នារី​ខ្មែរ​ពោះធំ​ច្រើន​នាក់​ទៀត ដែល​ដេក​នៅ​ក្រោម​ផ្លូវ​លូ​ក្រោម​ដី គឺ​វេទនា​ណាស់ គឺ​ពួក​គាត់​ចង់​វិល​មក​ស្រុក​វិញ តែ​មក​អត់​រួច ដោយ​ច្បាប់​គេ​និយាយ​ថា ត្រូវ​បង្កើត​កូន​ហើយ​បាន​អាច​មក​វិញ។ អ្នក​ខ្លះ​បាន​លេប​ថ្នាំ​សម្លាប់​ខ្លួន​ក៏​មាន គឺ​វេទនា​ណាស់»

ស្ត្រី​រងគ្រោះ​រូប​នេះ ក៏​បាន​រិះគន់​មន្ត្រី​ស្ថានទូត ឬ​មន្ត្រី​ស្ថាន​កុងស៊ុល​ប្រចាំ​ប្រទេស​ចិន ថា​ហាក់​មិន​សូវ​រវល់​អើពើ​ជួយ​ដល់​ស្ត្រី​រងគ្រោះ​ដែល​ត្រូវ​មេ​ខ្យល់​ជួញ​ដូរ​ទេ នៅ​ពេល​ស្ត្រី​រងគ្រោះ​ស្វែងរក​កិច្ច​អន្តរាគមន៍​ទៅ​ដល់​មុខ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ចិន ក៏ដោយ។

ជន​រងគ្រោះ​ចោទ​ថា មន្ត្រី​ទាំង​នោះ​ហាក់​ត្រូវ​ដង​ត្រូវ​ផ្លែ​ជាមួយ​ឈ្មួញ ឬ​មេ​ខ្យល់​នាំ​ស្ត្រី​ខ្មែរ​ទៅ​លក់​នៅ​ប្រទេស​ចិន ថែម​ទៀត៖ «ស្ថានទូត​ហ្នឹង​និយាយ​ថា សុំ​លេខ​មេ​ខ្យល់​ពី​ខ្ញុំ ដើម្បី​ឲ្យ​គេ​មក​ដោះស្រាយ គឺ​ឲ្យ​គេ​យក​ប៉ាសស្ព័រ​មក​ឲ្យ​វិញ។ បើ​អ្នក​ឯង​រត់​មក អត់​យក​ប៉ាសស្ព័រ​មក​តាម​ខ្លួន​អ៊ីចឹង មក​ធ្វើ​អី គឺ​ត្រូវ​ទៅ​យក​ប៉ាសស្ព័រ​មក​វិញ។ តែ​ខ្ញុំ​និយាយ​ថា បើ​យក​ប៉ាសស្ព័រ​ពី​មេ​ខ្យល់​បាន មិន​ចាំបាច់​រត់​ទៅ​ពឹងពាក់​ស្ថានទូត​ទេ គឺ​វិល​មក​កម្ពុជា វិញ​ដោយ​ឯកឯង​ហើយ មិន​ចាំបាច់​រត់​ទៅ​ឲ្យ​ស្ថានទូត​ជួយ​ទេ។ នៅ​ពេល​គាត់​យក​លេខ​មេ​ខ្យល់​ពី​ខ្ញុំ គឺ​គាត់​មិន​មែន​តេ​ហៅ​មេ​ខ្យល់​មក​ដោះស្រាយ​ទេ គឺ​ហៅ​មេ​ខ្យល់​ហ្នឹង​មក​យក​យើង​ទៅ​វិញ។ គាត់​ថា ត្រូវ​ទៅ​តាម​មេ​ខ្យល់​វិញ​ទៅ គឺ​ទៅ​តាម​យក​ប៉ាសស្ព័រ ហើយ​ដល់​ពេល​យើង​ទៅ​តាម​មេ​ខ្យល់ គេ​អត់​ឲ្យ​ប៉ាសស្ព័រ​មក​យើង​ទេ គឺ​គេ​យក​យើង​ទៅ​ឃុំ​ទុក និង​ធ្វើ​បាប​ដដែល។ មាន​ជនជាតិ​ខ្មែរ​ច្រើន​ណាស់​ដែល​រត់​ទៅ​ដល់​ស្ថានទូត ហើយ​ត្រូវ​ស្ថានទូត​បញ្ជូន​ទៅ​ឲ្យ​មេ​ខ្យល់​វិញ»

ត្រង់​ចំណុច​នេះ លោក អ៊ិន គា អគ្គលេខាធិការ​សមាគម​អាដហុក ក៏​បាន​ស្នើ​ដល់​រដ្ឋាភិបាល ឬ​ក្រសួង​ពាក់ព័ន្ធ ត្រូវ​ធ្វើ​យ៉ាង​ណា ជំរុញ​ទៅ​មន្ត្រី​នៅ​តាម​ស្ថានទូត ឬ​កុងស៊ុល​តាម​ប្រទេស​នីមួយៗ ពិសេស​នៅ​ប្រទេស​ចិន ឲ្យ​ទទួល​ខុស​ត្រូវ​ក្នុង​ការងារ​ជួយ​សង្គ្រោះ​ដល់​ស្ត្រី​រងគ្រោះ ដែល​ត្រូវ​មេ​ខ្យល់​ជួញ​ដូរ​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​ទាន់​ពេល​វេលា។

ទោះ​យ៉ាង​ណា មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា និង​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​លើក​ឡើង​ដូចៗ​គ្នា​ថា នៅ​ពេល​ពលរដ្ឋ ឬ​ជន​រងគ្រោះ​ជួប​ប្រទះ​ការ​ជួញ​ដូរ ឬ​មាន​មេ​ខ្យល់​បោក​លើ​បញ្ហា​នេះ ត្រូវ​រាយការណ៍ ឬ​ដាក់​ពាក្យ​បណ្ដឹង​មក​កាន់​អាជ្ញាធរ​ជា​បន្ទាន់ ដើម្បី​មាន​វិធានការ​បង្ក្រាប និង​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល។

លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស បាន​ស្នើ​ដល់​ជន​រងគ្រោះ ឬ​គ្រួសារ​ជន​រងគ្រោះ និង​ផ្នែក​ពាក់ព័ន្ធ ត្រូវ​ផ្តល់​ព័ត៌មាន​ពី​ការ​ជួញ​ដូរ​ស្ត្រី ឬ​ផ្លូវ​ភេទ ដោយ​ផ្តល់​ទីតាំង ឬ​ឯកសារ​ពាក់ព័ន្ធ​ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ងាយ​ក្នុង​ការ​វែក​រក​មុខ​ជនល្មើស​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។ លោក​បន្ត​ថា កន្លង​មក​ដោយ​មាន​ការ​សហការ​ពី​អង្គការ​សង្គម​ស៊ីវិល និង​ជន​រងគ្រោះ សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដែល​ត្រូវ​ជួញ​ដូរ​នៅ​ក្រៅ​ប្រទេស ឲ្យ​វិល​មក​កម្ពុជា បាន​ជា​ច្រើន​ករណី។ បន្ថែម​លើ​នេះ ក៏​បាន​ចាប់​ខ្លួន​ជនល្មើស ឬ​មេ​ខ្យល់​ជួញ​ដូរ​ភេទ ឬ​ស្ត្រី​រងគ្រោះ​បាន​ជា​ច្រើន​នាក់ បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​ថែម​ទៀត។ ទោះ​ជា​បែប​នេះ​ក្តី មន្ត្រី​ក្រសួង​ការ​បរទេស មិន​បាន​បង្ហាញ​តួលេខ​នៃ​ចំនួន​ជន​រងគ្រោះ​ដែល​សមត្ថកិច្ច បាន​ជួយ​សង្គ្រោះ និង​ជនល្មើស​ដែល​ត្រូវ​តុលាការ​ផ្ដន្ទាទោស​មាន​ចំនួន​ប៉ុន្មាន​នាក់​នោះ​ទេ។

ទាក់ទិន​បញ្ហា​នេះ សមាគម​អាដហុក ឲ្យ​ដឹង​ថា កន្លង​មក​នេះ រាល់​សកម្មភាព​រំដោះ​ស្ត្រី​រងគ្រោះ​ដែល​ត្រូវ​មេ​ខ្យល់​ជួញ​ដូរ​ទៅ​ក្រៅ​ប្រទេស ឬ​ទៅ​កាន់​ប្រទេស​ចិន ដោយសារ​សមាគម​អាដហុក បាន​ស្នើ​កិច្ច​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល តាម​រយៈ​ក្រសួង​ការ​បរទេស ក្រសួង​ការងារ ក្រសួង​មហាផ្ទៃ ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​កម្ពុជា នៅ​តាម​ប្រទេស​ទទួល​ដែល​កើត​មាន​បញ្ហា​ជួញ​ដូរ​បាន​ទាន់​ពេល។ បញ្ហា​នេះ សមាគម​អាដហុក កត់​សម្គាល់​ថា ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ពលរដ្ឋ​កម្ពុជា កាន់​តែ​ច្រើន​ឡើង បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស ទាំង​អ្នក​ចេញ​ទៅ​មាន​ឯកសារ និង​មិន​មាន​ឯកសារ ជាពិសេស​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កូរ៉េ ជប៉ុន សិង្ហបុរី ចិន និង​មាន​រហូត​ដល់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។