រហូតមកទល់ថ្ងៃទី២៧ ខែវិច្ឆិកា ជនជាតិដើមភាគតិចរស់នៅភាគកណ្ដាលប្រទេសវៀតណាម ដែលគេហៅថា ជនជាតិម៉ុងតាញ៉ា ប្រមាណ ១៣នាក់ ដែលរត់មកសំងំលាក់ខ្លួនក្នុងព្រៃខេត្តរតនគិរី ប្រមាណ១ខែកន្លងទៅនេះ នៅមិនទាន់ទទួលបានជំនួយសង្គ្រោះនៅឡើយ។
ទោះជាយ៉ាងនេះក៏ដោយ ប្រជាពលរដ្ឋជនជាតិដើមភាគតិចខ្មែរ ដែលបានដឹងពីកន្លែងលាក់ខ្លួនរបស់ក្រុមម៉ុងតាញ៉ាបញ្ជាក់ថា ពួកគេបីនាក់ក្នុងចំណោម ១៣នាក់ កំពុងមានជំងឺគ្រុនចាញ់ ហើយត្រូវការព្យាបាលជាបន្ទាន់។
ទាក់ទិនបញ្ហានេះដែរ ជនជាតិដើមភាគតិចខ្មែរដែលដឹងពីកន្លែងលាក់ខ្លួនរបស់ក្រុមម៉ុងតាញ៉ា សុំមិនឲ្យបញ្ចេញឈ្មោះអះអាងថា ក្រុមម៉ុងតាញ៉ា ១៣នាក់នោះ បានលាក់ខ្លួនជាពីរក្រុមផ្សេងគ្នា ហើយពួកគេនៅតែព្រួយបារម្ភពីសុវត្ថិភាព និងត្រូវការជំនួយសង្គ្រោះបន្ទាន់ពីមន្ត្រីឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ យូ.អិន.អេច្ឆ..ស៊ី.អ (UNHCR)។
ប្រជាពលរដ្ឋដដែលកត់សំគាល់ថា ពួកគេទទួលបានអាហារតិចតួចបំផុតពីប្រជាពលរដ្ឋជនជាតិដើមខ្មែរអ្នកធ្វើចម្ការក្នុងព្រៃជាអ្នកផ្ដល់ឲ្យ។ ការផ្ដល់ស្បៀងអាហារមិនបានគ្រប់គ្រាន់ គឺមួយថ្ងៃហូបបានមួយពេល ចំណែកថ្ងៃខ្លះមិនមានអាហារបរិភោគ ដោយសារអ្នកផ្តល់អាហារមិនហ៊ានចូលទៅកន្លែងលាក់ខ្លួនពួកគេព្រោះសមត្ថកិច្ចមូលដ្ឋានដាក់កម្លាំងឃ្លាំមើល។
សូមស្ដាប់សេចក្ដីរាយការណ៍ផ្ទាល់របស់លោក រដ្ឋា វិសាល ពីខេត្តរតនគិរី...
អ.ស.ប.ទទួលបន្ទុកជនភៀសខ្លួនកំពុងពិភាក្សាដើម្បីស្វែងរកម៉ុងតាញ៉ា
ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថា យូ.អិន.អេច្ឆ.ស៊ី.អ អះអាងថា ពួកគេកំពុងពិភាក្សាគ្នាដើម្បីស្វែងរកជនភៀសខ្លួនម៉ុងតាញ៉ា។
មន្ត្រីនាំពាក្យប្រចាំតំបន់នៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន អ្នកស្រី វីវៀន តាន់ (Vivian Tan) ឲ្យដឹងតាមសារអេឡិចត្រូនិក ឬអ៊ីម៉ែល (email) នៅថ្ងៃ ទី២៧ វិច្ឆិកា ថា ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនកំពុងបន្តពិភាក្សា ដើម្បីព្យាយាមនាំយកជនភៀសខ្លួនម៉ុងតាញ៉ា ចេញពីទីកន្លែងដែលពួកគេកំពុងលាក់ខ្លួននៅខេត្តរតនគិរី។ អ្នកស្រីបន្តថា លុះណាតែពួកគេត្រូវបានយកចេញពីក្នុងព្រៃសិន ទើបពួកគេអាចទទួលបានការគាំពារទៅតាមដំណើរការនៃសិទ្ធិសុំជ្រកកោនបាន។
លើសពីនេះ អ្នកស្រី វីវៀន តាន់ ក៏អំពាវនាវទៅរដ្ឋាភិបាលកម្ពុជា កុំឲ្យចាប់បញ្ជូនជនភៀសខ្លួនម៉ុងតាញ៉ា ត្រឡប់ទៅប្រទេសវៀតណាមវិញ ព្រោះថា ពួកគេអាចប្រឈមនឹងគ្រោះថ្នាក់។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបរបស់មន្ត្រីរដ្ឋាភិបាលចំពោះការអំពាវនាវរបស់ យូ.អិន.អេច្ឆ.ស៊ី.អ នេះនៅឡើយទេ ប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានមានប្រសាសន៍កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ដោយអំពាវនាវឲ្យជនជាតិម៉ុងតាញ៉ា ដែលកំពុងនៅក្នុងព្រៃនោះ ចេញមកបង្ហាញខ្លួនដល់អាជ្ញាធរខេត្តរតនគិរី ដើម្បីជៀសផុតពីការស្លាប់ដោយសារដាច់ស្បៀងអាហារ និងជំងឺតម្កាត់ផ្សេងៗ។
ជាមួយគ្នានោះដែរ លោក ខៀវ សុភ័គ អះអាងថា ក្រសួងមហាផ្ទៃ នឹងបញ្ជូនក្រុមការងារចុះពិនិត្យ និងវាយតម្លៃពីស្ថានភាពជនភៀសខ្លួនទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។