មន្ត្រីរដ្ឋាភិបាលឲ្យដឹងថា ការបង្កើតឲ្យមានទីលានប្រជាធិបតេយ្យឡើង គឺដើម្បីអនុញ្ញាតឲ្យពលរដ្ឋ ឬបក្សនយោបាយ អង្គការ និងសមាគមដែលចង់សំដែងមតិអាចប្រើប្រាស់ទីលាននេះ សម្រាប់ជួបជុំគ្នាបាន។ ផ្ទុយពីនេះវិញ ទាំងអង្គការ សមាគម និងសហជីព ត្អូញត្អែរថា ពួកគេនៅតែជួបផលលំបាក មិនដូចការបញ្ជាក់របស់សាលាក្រុងភ្នំពេញឡើយ។ ពួកគេអះអាងថា រាល់ការប្រមូលផ្ដុំ ឬជួបជុំគ្នាដើម្បីសំដែងមតិ គឺតែងតែត្រូវបានរឹតបន្តឹងក្រោមហេតុផលផ្សេងៗទៅវិញ។
ពេលនេះ កាលពី ៣ឆ្នាំមុន ទីលានប្រជាធិបតេយ្យ គឺគេឮសូរតែសម្រែក លាន់កងរំពងពីក្រុមអ្នកតវ៉ាដែលរៀបចំដោយគណបក្សសង្គ្រោះជាតិ ជាពិសេសសារនយោបាយ ដ៏ពេញនិយមនៅពេលនោះ គឺ "ហ៊ុន សែន អើយចុះចេញទៅ"។ ក៏ប៉ុន្តែពេលនេះវិញ មិនដូច្នេះឡើយ គឺទីលានប្រជាធិបតេយ្យ បានប្រែក្លាយជាទីតាំងសម្រាប់អ្នកដែលមានមុខរបរខ្នាតតូចប្រកបអាជីវកម្ម និង ជាទីស្នាក់អាស្រ័យសម្រាប់អ្នកដែលគ្មានទីលំនៅពិតប្រាកដទៅវិញ។
ប្រភពបន្តថា៖ «អ្នកចុះចាប់មានតែពួកសាលាខណ្ឌទេចុះចាប់។ ឧស្សាហ៍ចុះតើ! ប៉ុន្តែឥឡូវដូចផ្អាកចុះចាប់ហើយ ចាប់តាំងពីមានការដ្ឋាននៅក្បែរនេះ។ ពេលមានកម្មករច្រើនអ៊ីចឹងទៅ គេមិនសូវចុះចាប់ទេ»។
ទីលានប្រជាធិបតេយ្យនៅតែជាប្រធានបទខ្វែងគំនិតគ្នាដ៏ចម្រូងចម្រាសនៅឡើយ រវាងអាជ្ញាធរ ជាមួយសកម្មជនការពារសិទ្ធិមនុស្ស និងអង្គការ សមាគម។ មន្ត្រីរដ្ឋាភិបាលអះអាងថា តាមរយៈទីលាននេះ គឺជាការចាប់ផ្ដើមជំហានថ្មីមួយទៀត សម្រាប់កំណែទម្រង់ប្រជាធិបតេយ្យ នៅកម្ពុជា។ក៏ប៉ុន្តែ ទាំងបក្សប្រឆាំង អង្គការ សមាគម និង សហជីព វិញយល់ឃើញថា ការបង្កើតទីលាននេះឡើង មិនមែនបម្រើឲ្យសេចក្ដីត្រូវការ សម្រាប់ការសំដែងមតិរបស់ពលរដ្ឋឡើយ ពោលជាការបង្កើតគ្រាន់តែដើម្បីគម្រប់កិច្ច និង ជាប្រជាធិបតេយ្យក្លែងក្លាយប៉ុណ្ណោះ។

អនុប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក ណៃ វ៉ង់ដា មានប្រសាសន៍ថា វាពិតជាពិបាកណាស់ដែលទីលានប្រជាធិបតេយ្យ អាចស្នើបានដោយស្រួលៗ សម្រាប់ការរៀបចំពិធីជួបជុំម្ដងៗនោះ។ រាល់លើកពេលស្នើសុំដើម្បីប្រារព្ធការជួបជុំណាមួយ គឺវាពុំងាយដូចការគិតទេ។ រឹតតែជាបញ្ហានោះនៅត្រង់ថា សាលាក្រុងភ្នំពេញ តែងគូសវាសផ្លូវឲ្យដើរ បើមិនអាចទទួលយកបានទេ ដូច្នេះជម្រើសមានតែផ្អាកពិធីប៉ុណ្ណោះ។
លោក ណៃ វ៉ង់ដា៖ «យើងឃើញថា មានការលំបាកគួរសមដែរ។ បានន័យថា ក៏គេអនុញ្ញាតឲ្យ ប៉ុន្តែភាគច្រើនគឺគេមិនសូវអនុញ្ញាតឲ្យទេ ហើយទាមទារលក្ខខណ្ឌនេះលក្ខខណ្ឌនោះ។ តាមច្បាប់គឺយើងគ្រាន់តែជូនដំណឹងរបស់យើងប៉ុណ្ណោះ»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់ថា អាជ្ញាធរពុំដែលបិទសិទ្ធិសេរីភាពក្នុងការធ្វើបាតុកម្ម ឬតវ៉ាអ្វីមួយឡើយ បើសិនការសំដែងមតិនោះ ធ្វើឡើងស្របតាមច្បាប់៖ «សាលារាជធានីភ្នំពេញ បានបង្កើតទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលទីមួយ។ ទីពីរទីលានប្រជាធិបតេយ្យទុកឲ្យប្រើប្រាស់ដើម្បីសំដែងមតិ និងការធ្វើបាតុកម្មអីហ្នឹងហើយដោយស្របទៅតាមច្បាប់។ អ៊ីចឹងបើម្ចាស់សំណើគោរពទៅតាមលក្ខខណ្ឌទាំងអស់។ ខ្ញុំគិតថា ដូចជាមិនមានអីដែលថាត្រូវរឹតត្បិតទេ»។
បើទោះជាបែបនេះក្ដី ក្រុមសង្គមស៊ីវិល និងសហជីព ចាត់ទុកថា ការអនុវត្តកន្លងទៅរបស់សាលាក្រុងភ្នំពេញ គឺភាគច្រើនធ្វើឡើងដោយមានលក្ខខណ្ឌ និងដាក់កម្រិតប្រឆាំងរាល់ពេលស្នើសុំធ្វើបាតុកម្មដោយសន្តិវិធីរបស់ក្រុមអ្នកតស៊ូមតិ។ លើសពីនេះ ក្រុមសហជីព និងអង្គការមិនមែនរដ្ឋាភិបាលមើលឃើញថា នោះគឺជាការអនុវត្តផ្ទុយពីច្បាប់កំណត់។
ច្បាប់ស្ដីពីការបាតុកម្មដោយសន្តិវិធី មាត្រា៥ កំណត់ថា ការធ្វើបាតុកម្មនៅទីសាធារណៈគឺពុំចាំបាច់សុំច្បាប់ ដោយគ្រាន់តែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរដែនដី រាជធានី ឬខេត្ត។ លិខិតជូនដំណឹងនោះ ត្រូវធ្វើឡើងយ៉ាងហោចណាស់ ៥ថ្ងៃ នៃថ្ងៃធ្វើការងារមុនពេលកំណត់នៃការធ្វើបាតុកម្មដោយសន្តិវិធី។
ទីលានប្រជាធិបតេយ្យ ត្រូវបានសាលាក្រុងភ្នំពេញ សម្ពោធដាក់ឲ្យដំណើរការកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១០។ ទីលាននេះ មានទំហំ ១,២ហិកតារ ដែលលាតសន្ធឹងនៅចំពាក់កណ្ដាលសួនច្បារនៃសង្កាត់ស្រះចក ខណ្ឌដូនពេញ។ គេនៅចាំបានថា ទីលានប្រជាធិបតេយ្យនេះ មានសកម្មភាពផុលផុសក្រោយបើកឲ្យដំណើរការមក គឺនៅបន្ទាប់ពីគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្ររាប់ម៉ឺននាក់យកធ្វើកន្លែងតវ៉ាទាមទារសន្លឹកឆ្នោតកាលពីឆ្នាំ២០១៣។

ក្រោយការបង្ក្រាប និងបំបែកដោយក្រុមសមត្ថកិច្ចក្រុងភ្នំពេញ ប្រឆាំងបាតុកររបស់គណបក្សប្រឆាំង នៅដើមឆ្នាំ២០១៤ ទីលាននេះ ត្រូវដាក់ឲ្យស្ថិតក្រោមបម្រាមរបស់អាជ្ញាធរ និងកំហិតចំពោះការប្រារព្ធពិធី។ បើទោះជាយ៉ាងណា លោក ឡុង ឌីម៉ង់ នៅតែអះអាងថា អាជ្ញាធររាជធានីភ្នំពេញ តែងសម្រួលជានិច្ចនូវគ្រប់ភាគីដែលស្នើសុំ បើការស្នើសុំនោះគោរពតាមគោលការណ៍ដែលបានព្រមព្រៀងគ្នា។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ (C-CAWDU) លោក អាត់ ធន់ ថ្លែងថា បើទោះបីជាអាជ្ញាធរក្រុងភ្នំពេញ បានដកចេញនៅបម្រាម មានលក្ខណៈប្រសើរជាងមុនមែន នៅពេលនេះ រាល់ការសុំច្បាប់ដើម្បីប្រមូលផ្ដុំសំដែងមតិដោយសន្តិវិធី នៅតែជាការប្រឈមនៅឡើយ។
លោកបន្តថា៖ «គោលការណ៍គឺយើងមានសិទ្ធិធ្វើបាន គ្រាន់តែយើងជូនដំណឹងគេ ឬយើងស្នើកន្លែងណាទៅ ប៉ុន្តែយើងធ្វើតែងមានការរឹតត្បិតឲ្យយើងធ្វើក្នុងកម្រិតតូចមួយ នៅកន្លែងដែលត្រូវបានកំណត់ឲ្យ ហើយយើងធ្វើហួសពីអ្វីដែលបានកំណត់ហ្នឹងជាការមិនទទួលខុសត្រូវ។ នេះធ្វើឲ្យអ្នកធ្វើហ្នឹងគ្មានលទ្ធភាពអីច្រើននៅក្នុងការរៀបចំឲ្យបានពេញលេញ»។
ស្ថានភាពទីលានប្រជាធិបតេយ្យបច្ចុប្បន្ន បានប្រែក្លាយមុខមាត់ថ្មីពីការប្រមូលផ្ដុំ មកជាទីតាំងសម្រាប់លក់ដូរ និងទីជម្រកចំពោះអ្នកគ្មានទីលំនៅទៅវិញហើយ។ នៅអមសង្ខាងទីលានដែលមានទំហំជាង ១ហិកតារនេះ គឺហ៊ុមព័ទ្ធទៅដោយសំរាម និងតូបលក់ដូរខ្នាតតូច។ ទាំងផ្នែកខាងកើត ខាងលិច ខាងជើង និងផ្នែកខាងត្បូងមើលទៅ គេសង្កេតឃើញតែកម្មករដែលមានការដ្ឋានក្បែរទីលាននោះ ចូលចេញទិញបាយ និងសម្ភារៈជាហូរហែ។
អ្នកលក់ដូរភាគច្រើនបញ្ជាក់ថា ពួកគេត្រូវបង់ភាស៊ីប្រចាំថ្ងៃ ៣០០រៀលក្នុងមួយថ្ងៃសម្រាប់មួយទីតាំងឲ្យមន្ត្រីនគរបាលដែលទទួលខុសត្រូវទីលានប្រជាធិបតេយ្យនេះ។
លោក ឡុង ឌីម៉ង់ ឲ្យដឹងថា ការប្រមូលលុយ ក្រោមហេតុផលទារថ្លៃភាស៊ីប្រចាំថ្ងៃនោះ គឺជាបន្ទុករបស់អាជ្ញាធរខណ្ឌ។
មានរបរលក់បាយនៅទីលានប្រជាធិបតេយ្យលោកស្រី ហន ពេជ្រ ថ្លែងថា ដោយសារលោកស្រី និងគ្រួសារទើបចាប់ផ្ដើមលក់បាយនៅទីលានប្រជាធិបតេយ្យថ្មីថ្មោង ហេតុនេះនៅពុំទាន់មានអតិថិជនចូលទិញប៉ុន្មាននៅឡើយទេ។ លោកស្រីបញ្ជាក់ថា អ្វីដែលលោកស្រីបានលក់ដូរនៅទីនេះ គឺគ្រាន់តែបង់លុយក្នុងមួយថ្ងៃ ៣០០រៀលសម្រាប់ភាស៊ីប៉ុណ្ណោះ ដូច្នេះមិនទាន់ជាបញ្ហាទេ។ ម្យ៉ាងទៀត លោកស្រី និងគ្រួសារមិនចាប់អារម្មណ៍សោះឡើយពីរឿងថា ទីតាំងដែលលោកស្រីកំពុងលក់ដូរនេះ ជាកន្លែងសម្រាប់បាតុកម្ម សំខាន់បើអាជ្ញាធរហាមឃាត់ពេលណាលោកស្រីនឹងផ្អាកទៅតាមហ្នឹងដែរ៖ «បើគេថា ឲ្យឈប់លក់ពេលណាឈប់លក់ទៅ។ បើគេនៅលក់ លក់តាមគេអ៊ីចឹងទៅ។ ធម្មតាមកដាំបាយដាំទឹកឲ្យកូន ប្អូនបណ្ដើរ នៅលក់បណ្ដើរអ៊ីចឹងទៅ»។
សព្វថ្ងៃនេះ បន្ទាប់ពីទីលានប្រជាធិបតេយ្យពុំសូវមានបាតុកម្មញឹកញាប់ដូចមុនៗ បូករួមទាំងមានការលំបាករាល់ពេលស្នើសុំប្រមូលផ្ដុំផង គេសង្កេតឃើញថា ទីលាននេះបានក្លាយជាគោលដៅមួយថ្មីទៀត ចំពោះពលរដ្ឋដែលមានរបរខ្នាតតូចវិញម្ដង។ ប្រភេទរទេះរុញ អមដោយកៅអីជ័រចម្រុះពណ៌ផង បានតម្រៀបជាជួរៗ ទៅតាមកន្លែងនីមួយៗ នៅជុំវិញបរិវេណទីលានប្រជាធិបតេយ្យ ជំនួសដោយការប្រមូលម្ដុំដោយមនុស្ស កាលពី ៣ឆ្នាំមុន។ ក្រៅពីនេះ ក៏មានអ្នកលក់ដូរខ្លះ បានជ្រើសរើសទីតាំងនេះ ធ្វើជាជម្រកសម្រាប់សម្រាកពេលរាត្រីផងដែរ។ ទាំងនេះនៅមិនទាន់គិតដល់សំរាមត្រូវគេចោលពាសវាលពាសកាល លាយឡំធំក្លិនស្អុយ និងឧបករណ៍សំណង់ដែលគេរក្សាទុក ជាពិសេសថែមទាំងមានតារាងបាល់ទះនៅចំណុចកណ្ដាលនៃទីលាននៅឡើយផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។