ស្ថានភាព​ជនជាតិ​ម៉ុងតាញ៉ា​១៣​នាក់​កំពុង​លាក់​ខ្លួន​ក្នុង​ព្រៃ​ខេត្ត​រតនគិរី

0:00 / 0:00

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ អំពាវនាវ​ឲ្យ​ជនជាតិ​ចារ៉ាយ​វៀតណាម ដែល​គេ​ហៅ​ថា ម៉ុងតាញ៉ា ចំនួន ១៣​នាក់ ដែល​កំពុង​លាក់​ខ្លួន​ក្នុង​ព្រៃ​នៅ​តាម​ព្រំដែន​កម្ពុជា-​វៀតណាម ត្រូវ​បង្ហាញ​ខ្លួន​ដល់​អាជ្ញាធរ​ខេត្ត​រតនគិរី ដើម្បី​ជៀសផុត​ពី​ការ​ស្លាប់​ដោយសារ​ដាច់​ស្បៀង​អាហារ និង​ជំងឺតម្កាត់។ ប៉ុន្តែ​ជនភៀសខ្លួន​ម៉ុងតាញ៉ា​នោះ​ឲ្យ​ដឹង​ថា ពួកគេ​ព្រួយ​បារម្ភ​ពី​ការ​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ ប្រសិនបើ​គេ​ចេញ​ទៅ​ជួប​នឹង​អាជ្ញាធរ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​កាល​ពី​យប់​ថ្ងៃ​ទី​២៥ វិច្ឆិកា ថា លោក​គ្រោង​បញ្ជូន​ក្រុម​ការងារ​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់ និង​វាយ​តម្លៃ​ពី​ស្ថានភាព​របស់​ជនជាតិ​ចារ៉ាយ​វៀតណាម ១៣​នាក់​ដែល​បាន​ភៀស​ខ្លួន​មក​ពី​ខេត្ត​យ៉ាឡាយ (Gai Lai) ភាគ​កណ្តាល​ប្រទេស​វៀតណាម។ លោក​ថា រដ្ឋាភិបាល​នៅ​មិន​ទាន់​មាន​វិធានការ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​របាយការណ៍​ជា​មុន​សិន។

លោក ខៀវ សុភ័គ បន្ត​ទៀត​ថា ដំបូង​ជនជាតិ​ចារ៉ាយ​វៀតណាម ១៣​នាក់ ត្រូវ​ចេញ​ពី​ក្នុងព្រៃ​ជា​មុន​ដើម្បី​ឲ្យ​សមត្ថកិច្ច​អាច​ជួយ​សង្គ្រោះ៖ «យោបល់​ល្អ​របស់​ខ្ញុំ​ឲ្យ​គាត់​ចេញ​បង្ហាញ​មុខ​ជាមួយ​អាជ្ញាធរ កុំ​នៅ​ក្នុង​ព្រៃ​អ៊ីចឹង។ នៅ​ក្នុង​ព្រៃ​អ៊ីចឹង​ពិបាក​ដែរ មិន​ដឹង​ជា​ទៅ​រក​នៅ​ឯ​ណា។ រាជរដ្ឋាភិបាល​កម្ពុជា រីករាយ​នឹង​ទទួល​អ្នក​ទាំង​អស់​នោះ ដើម្បី​សហការ​ជាមួយ យូ.អិន.អេច្ឆ.ស៊ី.អ (UNHCR)»

​ក៏​ប៉ុន្តែ​អ្នកភូមិ​ជនជាតិ​ដើម​ភាគ​តិច​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព​ឲ្យ​ដឹង​ថា ជនជាតិដើម​ចារ៉ាយ​វៀតណាម ទាំង ១៣​នាក់​នេះ មិន​ហ៊ាន​ចេញ​ពី​កន្លែង​លាក់​ខ្លួន​ក្នុង​ព្រៃ​ទេ ដោយសារ​ភ័យ​ខ្លាច​អាជ្ញាធរ​វៀតណាម និង​កម្ពុជា ចាប់​ពួកគេ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វៀតណាម វិញ។

បុរស​ជន​ជាតិ​ដើម​ភាគ​តិច​ដដែល​នោះ​អះអាង​ថា សូម្បី​រូប​លោក​ផ្ទាល់​វិញ​ក៏​កំពុង​រង​ការ​គាប​សង្កត់​ពី​អាជ្ញាធរ​មូលដ្ឋាន​ដែរ ដោយសារ​តែ​បាន​លួច​ផ្តល់​ស្បៀង​អាហារ និង​ថ្នាំសង្កូវ​សម្រាប់​ជន​ជាតិ​ម៉ុងតាញ៉ា ទាំង​នោះ៖ «ទី​១ គាត់​អត់​ហ៊ាន​ចេញ សុខ​ចិត្ត​លាក់​ខ្លួន​ក្នុង​ព្រៃ។ ទី​២ គាត់​កំពុង​ដាច់​ស្បៀង ហើយ​យើង​អត់​ហ៊ាន​យក​ទៅ​ឲ្យ​គាត់ ព្រោះ​អាជ្ញាធរ​ព្រមាន​ថា ឲ្យ​ត្រឡប់​ទៅ​វិញ ហើយ​ថា​បើ​មិន​ទៅ​វិញ គេ​ចាប់​ខ្ញុំ​អ្នក​ចិញ្ចឹម អ្នក​ជួយ​ហ្នឹង​ទៀត គេ​ប្រាប់​អ៊ីចឹង»

ជនជាតិដើម​ចារ៉ាយ​វៀតណាម​ទាំង ១៣​នាក់​នេះ មាន​ពីរ​ក្រុម ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ដែល​ទើប​ចេញ​ពី​ពន្ធនាគារ។ ក្រុម​ទី​១ មាន​គ្នា ៨​នាក់ បាន​រត់​ចេញ​ពី​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម កាល​ពី​បី​សប្តាហ៍​មុន និង​មួយ​ក្រុម​ទៀត​មាន​គ្នា​បី​នាក់​បាន​រត់​ចេញ​ពី​ភូមិ​កំណើត​ចូល​មក​លាក់​ខ្លូន​ក្នុង​ព្រៃ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន ដើម្បី​គេច​ខ្លួន​ចេញ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​វៀតណាម លើ​បញ្ហា​ជំនឿ​សាសនា​គ្រិស្ត គឺ​សាសនា​ប្រូតេស្តង់ (Protestant)។

ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជនភៀសខ្លួន​ទាំង​នោះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) លោក ឆាយ ធី មាន​ប្រសាសន៍​កាល​ពី​យប់​ថ្ងៃ​ទី​២៥ វិច្ឆិកា ថា សមាគម​អាដហុក នៅ​ក្រុង​ភ្នំពេញ កំពុង​សហការ​ជាមួយ​មន្ត្រី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ជា​បន្ទាន់​ជូន​ជនភៀសខ្លួន​ទាំង​នោះ៖ «យើង​បាន​អន្តរាគមន៍​នៅ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ព្រម​ទាំង​សមាគម​អាដហុក យើង​នៅ​ក្រុង​ភ្នំពេញ ដើម្បី​ឲ្យ​លោក​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ទាក់ទង​នឹង​សន្ធិសញ្ញា​ជនភៀសខ្លួន។ តាម​ដំណឹង​ពួកគាត់​លាក់​ខ្លួន​រស់​នៅ​ក្នុង​ព្រៃ ភ័យ​ខ្លាច​អាជ្ញាធរ​វៀតណាម តាម​ប្រកៀក ហើយ​ថា អាជ្ញាធរ​ខ្មែរ​ក៏​ប្រតិបត្តិការ​ជាមួយ​ដែរ។ អ៊ីចឹង​ហើយ​ពិបាក​ទាក់ទង​និង​ជួប​យក​ព័ត៌មាន​ពី​គាត់​ណាស់»

ចំណែក​ស្នងការ​ប៉ូលិស​ខេត្ត​រតនគិរី លោក នូវ គឿន បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ថា ករណី​ជនភៀសខ្លួន​ម៉ុងតាញ៉ា​នេះ លោក​ពុំ​ទាន់​ដឹង​ច្បាស់​ថា​ពិត​ជា​បាន​លាក់ខ្លួន​ក្នុង​ព្រៃ​នៅ​តំបន់​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​ឡើយ​ទេ។ លោក​កំពុង​ចាត់​បញ្ជូន​ក្រុម​សមត្ថកិច្ច​ដើម្បី​ស្វែង​រក​អ្នក​ទាំង​នោះ៖ «ឥឡូវ​នេះ​យើង​កំពុង​ចាត់ការ​ឲ្យ​កម្លាំង​របស់​យើង​ស្វែង​រក​ពួកគាត់​នៅ​ទីតាំង​ណា ចំណុច​ណា​ពិត​ឬ​អត់។ នេះ​គ្រាន់តែ​ជា​ព័ត៌មាន មិន​ទាន់​ផ្លូវការ​ទេ ចាំ​យើង​រក​ឃើញ​យ៉ាង​ណា​ខ្ញុំ​រាយការណ៍​ថ្នាក់​លើ​ខ្ញុំ​សិន មិន​អាច​ប្រាប់​បាន​យ៉ាង​ណា​ទេ»

ជុំវិញ​បញ្ហា​ជនភៀសខ្លួន​ម៉ុងតាញ៉ា​នេះ ប្រធាន​មូលនិធិ ដេហ្គា (DEGAR Foundation) ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋ ណត្ស ការ៉ូឡាយណា (North Carolina) លោក កុក ស សំដែង​ក្តី​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ជនភៀសខ្លួន​ទាំង​នោះ។

លោក​ក៏​បាន​សំណូមពរ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជួយ​គិតគូរ​និង​ផ្ដល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​ពួក​គេ​ផង ចំណែក​លោក​នឹង​ជួយ​ផ្ដល់​ថវិកា​ពី​ខាងក្រៅ​ប្រទេស៖ «ខ្លាច​តែ​រដ្ឋាភិបាល​កម្ពុជា មិន​ឲ្យ​ជួយ​ទេ។ ខ្ញុំ​ចង់​ប្រាប់​លោក សម រង្ស៊ី លោក កឹម សុខា ឲ្យ​ជួយ​ពួកគាត់​ផង មាន​ការ​លំបាក​អី...»។

​លោក កុក ស បញ្ជាក់​ថា មូលនិធិ​លោក​បាន​ជួយ​ធានា​ជនភៀសខ្លួន​ម៉ុងតាញ៉ា ជា​ច្រើន​ពាន់​នាក់ មក​រស់​នៅ​សហរដ្ឋអាមេរិក​ពី​មុន។ ប៉ុន្តែ​នៅ​ពេល​នេះ សមត្ថកិច្ច​អន្តោប្រវេសន៍​សហរដ្ឋអាមេរិក មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ធានា​ជនភៀសខ្លួន​ម៉ុងតាញ៉ា បន្ថែម​មក​អាមេរិក ទៀត​ឡើយ។

​រដ្ឋាភិបាល​កម្ពុជា បាន​បិទ​ជំរំ​ជនភៀសខ្លួន​ម៉ុងតាញ៉ា របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ជា​ផ្លូវការ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១១។ នៅ​ពេល​នោះ ជនភៀសខ្លួន​មួយ​ចំនួន​បាន​ទទួល​សិទ្ធិ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​ទី​៣ រួម​មាន​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា​ជាដើម ហើយ​ខ្លះ​ទៀត ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។