ប្រជាពលរដ្ឋនៅឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ជាច្រើនរយនាក់ កំពុងបាត់បង់សិទ្ធិមិនអាចចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ការបាត់ឈ្មោះអ្នកបោះឆ្នោតនេះ ត្រូវបានមន្ត្រីបក្សប្រឆាំងចោទថា បណ្ដាលមកពីការរើសអើងខាងផ្នែកនយោបាយ។
ប្រជាពលរដ្ឋឈ្មោះ សុន សែន អាយុ ៣១ឆ្នាំ រស់នៅភូមិព្រែកតាវេន ឃុំព្រែកជីក អះអាងថា រូបលោក និងអ្នកភូមិជាច្រើននាក់ ដែលធ្លាប់មានឈ្មោះបោះឆ្នោតក្នុងអាណត្តិកន្លងទៅ និងមានឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០១២ នោះ ឥឡូវនេះ ឈ្មោះរបស់ពួកគាត់បានបាត់បង់ពីបញ្ជីបោះឆ្នោត។
មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំឃុំរុក្ខគិរី លោក ចក់ បូថា អះអាងថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋជិត ៣០០នាក់ នៅឃុំព្រែកជីក ពុំមានឈ្មោះបោះឆ្នោតទេ។ ក្នុងនោះ ប្រជាពលរដ្ឋខ្លះគ្រប់អាយុបោះឆ្នោត និងអ្នកខ្លះទៀតមានឈ្មោះបោះឆ្នោតកាលបីអាណត្តិមុន ប៉ុន្តែនៅអាណត្តិនេះបែរជាបាត់ឈ្មោះទៅវិញ។
មន្ត្រីគណបក្សសង្គ្រោះជាតិ អះអាងថា ភាពមិនប្រក្រតីក្នុងការបាត់ឈ្មោះប្រជាពលរដ្ឋពីបញ្ជីបោះឆ្នោតនេះ កើតឡើងដោយសារការរើសអើងនិន្នាការគណបក្សនយោបាយ។
ទាក់ទិនការបាត់ឈ្មោះពីបញ្ជីបោះឆ្នោតនេះ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង លោក វន ពន បញ្ជាក់ថា ក្នុងរយៈពេលកន្លងទៅនេះ មានលេចឮព័ត៌មានច្រើនជុំវិញករណីថា ប្រជាពលរដ្ឋបាត់ឈ្មោះពីបញ្ជីឈ្មោះបោះឆ្នោត។ លោកពន្យល់ថា ប្រជាពលរដ្ឋទាំងនោះអាចមកជួបមន្ត្រីរៀបចំការបោះឆ្នោត ដើម្បីរកឈ្មោះឡើងវិញ។
ភាពមិនប្រក្រតីក្នុងការបាត់បង់ឈ្មោះប្រជាពលរដ្ឋពីបញ្ជីបោះឆ្នោតនេះ គេកត់សម្គាល់ឃើញកើតមានគ្រប់អាណត្តិបោះឆ្នោត ហើយបញ្ហានេះបណ្ដាលឲ្យមានការរិះគន់ពីគណបក្សនយោបាយ។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី ថ្លែងថា រយៈកាលកន្លងទៅនេះ សមាគមបានទទួលព័ត៌មានច្រើនពីប្រជាពលរដ្ឋ។ អ្នកខ្លះមានឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១២ ឥឡូវបាត់ឈ្មោះនៅឆ្នាំ២០១៣។
តាមនីតិវិធីបោះឆ្នោត ប្រជាពលរដ្ឋត្រូវនាំគ្នាទៅពិនិត្យឈ្មោះបោះឆ្នោតនៅពេលគណៈកម្មការរៀបចំការបោះឆ្នោតបិទប្រកាសបញ្ជីឈ្មោះអ្នកបោះឆ្នោត ប៉ុន្តែប្រជាពលរដ្ឋខ្លះខកខានពុំបានទៅពិនិត្យឈ្មោះរបស់ខ្លួននោះទេ។ បញ្ហានេះបង្កឲ្យមានបញ្ហាកើតឡើង។ លោក យិន ម៉េងលី បានលើកឡើងនូវបទពិសោធន៍របស់ខ្លួនដែលបានជួបប្រទះកន្លងមក។
ករណីបាត់ឈ្មោះប្រជាពលរដ្ឋពីបញ្ជីបោះឆ្នោតនៅក្នុងខេត្តបាត់ដំបង នេះ លោក យិន ម៉េងលី បានស្នើឲ្យមានការពិនិត្យបញ្ហានេះឡើងវិញ ព្រោះថា បើសិនការបាត់ប្រជាពលរដ្ឋពីបញ្ជីបោះឆ្នោតនេះ មានចំនួនភាគរយកើនឡើងច្រើននោះ វានឹងនាំទៅរកផលប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
