មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តស្ទឹងត្រែង ឲ្យដឹងថា សមត្ថកិច្ច និងអាជ្ញាធរមកពីគណបក្សប្រជាជនកម្ពុជា បានរារាំងសកម្មជនរបស់ខ្លួនមិនឲ្យប្រមូលស្នាមមេដៃពីពលរដ្ឋ ដែលស្ម័គ្រចិត្តផ្ដិតមេដៃដាក់ញត្តិថ្វាយព្រះមហាក្សត្រទេ។ ពួកគេអះអាងថា ការរារាំងនេះកើតមានឡើងគ្រប់ស្រុកនៃខេត្តនេះ។
សកម្មជនគណបក្សសង្គ្រោះជាតិ នៅខេត្តស្ទឹងត្រែង នៅថ្ងៃទី៧ មិថុនា អំពាវនាវឲ្យសមត្ថកិច្ច និងអាជ្ញាធររដ្ឋាភិបាលគោរពរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាននៅស្រុកចំនួន៤ នៃខេត្តស្ទឹងត្រែង បានដកហូតញត្តិពីសកម្មជនគណបក្សសង្គ្រោះជាតិ ហើយបានព្រមានចាត់វិធានការ បើពួកគេនៅតែបន្តដើរប្រមូលស្នាមមេដៃ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តស្ទឹងត្រែង លោក ពុយ ចាន់ថាឡា ចោទប្រកាន់ថា ប៉ុស្តិ៍រដ្ឋបាលឃុំតាឡាត ស្រុកសេសាន និងប៉ុស្តិ៍រដ្ឋបាលឃុំកោះព្រះ ស្រុកសៀមបូក និងអាជ្ញាធរស្រុក បានរារាំងពួកគេមិនឲ្យដើរប្រមូលស្នាមមេដៃកាលពីថ្ងៃទី៦ មិថុនា រហូតមក ក្រោមហេតុផលតម្រូវឲ្យពួកគេសុំច្បាប់អនុញ្ញាតពីអាជ្ញាធរសិន។ លើសពីនេះ នគរបាលក៏បានរារាំងពលរដ្ឋមិនឲ្យចូលរួមផ្ដិតមេដៃគាំទ្រញត្តិថ្វាយព្រះមហាក្សត្រនោះដែរ៖ « ស្រុក ឃុំ និងរដ្ឋបាលឃុំ - សង្កាត់ គឺរារាំងផ្ដិតមេដៃរបស់ពលរដ្ឋ គឺជាទង្វើមិនស្របច្បាប់ គឺមិនស្របតាមគោលការណ៍ប្រជាធិបតេយ្យសិទ្ធិបញ្ចេញមតិ សិទ្ធិទាមទារ ហើយថាសំណូមពរផ្សេងៗទៅព្រះមហាក្សត្រ »។
ឆ្លើយតបការលើកឡើងនេះ ស្នងការនគរបាលខេត្តស្ទឹងត្រែង លោក ម៉ៅ តារា មិនធ្វើអធិប្បាយករណីនេះទេនៅថ្ងៃទី៧ មិថុនា ដោយលោកប្រាប់ថាកំពុងជាប់ប្រជុំ។
ចំណែកអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង បញ្ជាក់យ៉ាងខ្លីថា លោកពុំទាន់ទទួលព័ត៌មានករណីនេះពីអាជ្ញាធរមូលដ្ឋាននៅឡើយទេ។ តែយ៉ាងណាលោកថា ជំហររបស់រដ្ឋបាលខេត្តស្ទឹងត្រែង ធានាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គម និងបំពេញជីវភាពរស់នៅរបស់ពលរដ្ឋ៖ « យើងអនុវត្តតាមច្បាប់ តាមនីតិវិធី បើសិនជាមានចែងក្នុងច្បាប់ តាមនីតិវិធី គឺអនុវត្តជាធរមាន »។
ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ការចូលរួមផ្ដិតមេដៃគាំទ្រញត្តិដោយស្ម័គ្រចិត្តពីពលរដ្ឋ គឺជាប្រភេទនៃសិទ្ធិសេរីភាពសម្ដែងមតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។ ដូច្នេះ ការរារាំងរបស់អាជ្ញាធររដ្ឋាភិបាល គឺជាទង្វើខុសច្បាប់៖ « ខ្ញុំសង្ស័យថា អាជ្ញាធរមូលដ្ឋានខ្លះគាត់អត់ចេះច្បាប់។ នៅក្នុងច្បាប់ជាតិមានរដ្ឋធម្មនុញ្ញ ហើយនៅក្នុងច្បាប់អន្តរជាតិ ក៏គេបានចែងអំពីសិទ្ធិសេរីភាពរបស់មនុស្ស ការសម្ដែងមតិ គេធ្វើឡើងតាមរូបភាពផ្សេងៗ។ ការសម្ដែងមតិទាមទារដោយសន្តិវិធី គួរតែត្រូវបានលើកទឹកចិត្ត »។
រដ្ឋធម្មនុញ្ញមាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល យល់ថា អាជ្ញាធររដ្ឋាភិបាលគួរតែផ្តល់ឱកាសឲ្យពលរដ្ឋសម្ដែងមតិឲ្យបានទូលំទូលាយសម្រាប់ប្រទេសអនុវត្តលទ្ធិប្រជាធិបតេយ្យ។ លោកចាត់ទុកការរារាំងនោះ ហាក់ដូចជាសញ្ញាបង្ហាញពីការបរាជ័យនៃការអនុវត្តខ្លឹមសារច្បាប់រដ្ឋធម្មនុញ្ញ។
កាលពីថ្ងៃទី២១ ឧសភា មេឃុំស្រែសំបូរ ក្រុមប្រឹក្សាស្រុកសៀមប៉ាង មកពីគណបក្សកាន់អំណាច និងកម្លាំងប្រដាប់អាវុធ បានចុះដល់ផ្ទះជំទប់ទី២ នៃឃុំស្រែសំបូរ មកពីគណបក្ស សម រង្ស៊ី លោក ឌី សន ហើយបានព្រមានចាត់វិធានការក្រោមហេតុផលអនុវត្តច្បាប់ បើលោកនៅតែបន្តដើរប្រមូលស្នាមមេដៃ និងបានដកញត្តិរបស់លោកមិនឲ្យដើរប្រមូលស្នាមមេដៃពីពលរដ្ឋ នៅគ្រាដែលសកម្មជនបក្សប្រឆាំងកំពុងធ្វើយុទ្ធនាការប្រមូលស្នាមមេដៃដាក់ញត្តិថ្វាយព្រះមហាក្សត្រ សុំព្រះរាជអន្តរាគមន៍ទៅរាជរដ្ឋាភិបាលករណីចាប់ខ្លួនតំណាងរាស្ត្រ សកម្មជនបក្សប្រឆាំង សង្គមស៊ីវិល មន្ត្រី គ.ជ.ប និងអន្តរាគមន៍ចំពោះការអនុវត្តច្បាប់របស់តុលាការមានស្តង់ដារពីរ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
