មន្ត្រីគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា សកម្មជនរបស់ពួកគេ ៤នាក់ទៀតត្រូវសមត្ថកិច្ចឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ឃាត់ខ្លួន និងព្រមានធ្វើកិច្ចសន្យាឲ្យបញ្ឈប់ដើរប្រមូលស្នាមមេដៃពីពលរដ្ឋថ្វាយព្រះមហាក្សត្របន្តទៀត។ ពួកគេអះអាងថា អាជ្ញាធរព្រមានថា បើពួកគេនៅបន្តដើរប្រមូលស្នាមមេដៃទៀត អាជ្ញាធរនឹងមានវិធានការច្បាប់។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស បារម្ភពីសិទ្ធិបញ្ចេញមតិ និងសិទ្ធិចូលរួមនយោបាយរបស់ពលរដ្ឋកំពុងឋិតក្នុងភាពផុយស្រួយ។
មន្ត្រីបក្សប្រឆាំងនៅខេត្តស្ទឹងត្រែង ឲ្យដឹងនៅថ្ងៃទី១៨ មិថុនា ថា សិទ្ធិបញ្ចេញមតិ និងសិទ្ធិចូលរួមនយោបាយរបស់ពលរដ្ឋ កំពុងរងការរំលោភបំពាន និងធ្វើទុក្ខបុកម្នេញដោយអាជ្ញាធររដ្ឋាភិបាល បន្ទាប់ពីសកម្មជនរបស់ពួកគេជាង ១០នាក់ហើយ ត្រូវអាជ្ញាធរឃាត់ខ្លួន និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ដើរប្រមូលស្នាមមេដៃពីពលរដ្ឋដែលស្ម័គ្រចិត្តផ្ដិតមេដៃថ្វាយព្រះមហាក្សត្រ។
មន្ត្រីបក្សប្រឆាំងនៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ លោក ឆន ចាន់វាសនា អះអាងថា ចាប់ពីថ្ងៃទី១៧ មិថុនា លោក និងសកម្មជនបក្សប្រឆាំង ៣នាក់ផ្សេងទៀត ត្រូវនគរបាលប៉ុស្តិ៍សំអាង ឃាត់ខ្លួនសួរនាំ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ដើរប្រមូលស្នាមមេដៃពីពលរដ្ឋ ក្រោមហេតុផលមិនសុំច្បាប់អនុញ្ញាត។ លោកថា ខ្លឹមសារកិច្ចសន្យានោះឲ្យដឹងថា បើពួកគេនៅបន្តដើរប្រមូលស្នាមមេដៃពីពលរដ្ឋជាលើកទី២ អាជ្ញាធរនឹងចាត់វិធានការចាប់ខ្លួន និងបញ្ជូនទៅតុលាការ៖ « ឲ្យផ្អាកសកម្មភាព តែបើថ្ងៃក្រោយមិនផ្អាកទេ គេនឹងពិន័យ ឬក៏មានការចាប់ខ្លួនយើង »។
អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង និងស្នងការនគរបាលខេត្ត លោក ម៉ៅ តារា មិនធ្វើអធិប្បាយករណីនេះទេនៅថ្ងៃទី១៨ មិថុនា ដោយលោកប្រាប់ថាកំពុងជាប់ប្រជុំ។
សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក សាត ស៊ិន បញ្ជាក់ថា ញត្តិរបស់គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ច្បាស់ពីកម្មវត្ថុនៃការប្រមូលស្នាមមេដៃនោះ។ ដូច្នេះ ការផ្ដិត ឬមិនផ្ដិត គឺជាការសម្រេចចិត្តរបស់ពលរដ្ឋ ពុំមានការបង្ខំផ្អែកលើរដ្ឋធម្មនុញ្ញ។ លោកបារម្ភថា យុទ្ធនាការសកម្មជនបក្សសង្គ្រោះជាតិ ដែលកំពុងទាមទារយុត្តិធម៌ពីព្រះមហាក្សត្រ កំពុងរងការគំរាមកំហែង និងរឹតត្បិតសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋដែលស្ម័គ្រចិត្តផ្ដិតមេដៃនោះ៖ « ប្រសិនបើគាត់ផ្ដិតមេដៃមានបញ្ហាកើតឡើង អសន្តិសុខសង្គម យើងគួរតែមានវិធានការទៅ តែក្នុងញត្តិនោះ គឺគេបានសរសេរច្បាស់ថា ពលរដ្ឋស្ម័គ្រចិត្ត គាត់មើលថារំលោភមែន ចឹងគាត់គាំទ្រ វាអត់មានអីខុសទេ »។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល កត់សម្គាល់ថា ការឃាត់ខ្លួនសកម្មជនបក្សប្រឆាំង និងព្រមានធ្វើកិច្ចសន្យាបញ្ឈប់ ទាក់ទិនការប្រមូលស្នាមមេដៃ គឺជារឿងដដែលៗ ដែលអាជ្ញាធររដ្ឋាភិបាលហាក់មិនយកចិត្តទុកដាក់ផ្តល់សិទ្ធិបញ្ចេញមតិពេញលេញដល់ពលរដ្ឋ និងសិទ្ធិនយោបាយ ហាក់ជាសញ្ញាបង្ហាញពីការបរាជ័យនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។ លោកយល់ថា អាជ្ញាធររដ្ឋាភិបាលគួរតែផ្តល់សិទ្ធិឲ្យទូលំទូលាយដល់ពលរដ្ឋចូលរួមបញ្ចេញមតិ និងនយោបាយដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា៖ « សំណូមពរកុំឲ្យអាជ្ញាធរធ្វើចឹងទៀត វាខុសទៅនឹងច្បាប់ ជាពិសេសគឺមាត្រា៣៥ នៃច្បាប់រដ្ឋធម្មនុញ្ញ »។
កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយមាត្រា១៩ ចែងថា ជនគ្រប់រូបមានសិទ្ធិប្រកាន់មតិយោបល់ដោយគ្មានការជ្រៀតជ្រែក ហើយជនគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ សិទ្ធិនេះត្រូវបានរាប់បញ្ចូលទាំងសេរីភាពស្រាវជ្រាវព័ត៌មាន ទទួល និងផ្សព្វផ្សាយព័ត៌មាន និងគំនិតសព្វបែបយ៉ាង ដោយមិនគិតពីព្រំដែន ដោយផ្ទាល់មាត់ សរសេរ ឬបោះពុម្ពតាមទម្រង់សិល្បៈក្តី ឬក៏ដោយមធ្យោបាយផ្សព្វផ្សាយដទៃទៀតក្តី តាមការជ្រើសរើសរបស់ខ្លួន។
រហូតមកទល់ពេលនេះ មន្ត្រីបក្សប្រឆាំងនៅខេត្តស្ទឹងត្រែង ចំនួន ១១នាក់ហើយ ត្រូវបានសមត្ថកិច្ចរដ្ឋាភិបាលឃាត់ខ្លួន និងបង្ខំឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដើរប្រមូលស្នាមមេដៃពីពលរដ្ឋដែលស្ម័គ្រចិត្ត ដាក់ញត្តិថ្វាយព្រះមហាក្សត្រ។ ចាប់ពីថ្ងៃទី៤ ខែមិថុនា ស្នាមមេដៃដែលគណបក្សសង្គ្រោះជាតិ ក្នុងខេត្តស្ទឹងត្រែង ទទួលបានចំនួន ១.២៨៥ស្នាមមេដៃ។ សកម្មជនបក្សប្រឆាំងកំពុងធ្វើយុទ្ធនាការប្រមូលស្នាមមេដៃដាក់ញត្តិថ្វាយព្រះមហាក្សត្រ សុំព្រះរាជអន្តរាគមន៍ទៅរាជរដ្ឋាភិបាលករណីចាប់ខ្លួនតំណាងរាស្ត្រ សកម្មជនបក្សប្រឆាំង សង្គមស៊ីវិល មន្ត្រី គ.ជ.ប និងសុំអន្តរាគមន៍ចំពោះការអនុវត្តច្បាប់របស់តុលាការនាពេលបច្ចុប្បន្ន ដែលគេរិះគន់ថា តុលាការចាប់ខ្លួន និងកាត់ទោសអ្នកទាំងនោះយ៉ាងអយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
