មន្ត្រីបក្សប្រឆាំងអះអាងថា អាជ្ញាធរឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បានកោះប្រជុំពលរដ្ឋជិត ១០០នាក់ ទាក់ទិនការផ្ដិតមេដៃគាំទ្រញត្តិរបស់គណបក្សសង្គ្រោះជាតិ ដាក់ថ្វាយព្រះមហាក្សត្រ។ ពួកគេអះអាងថា ការចូលរួមប្រជុំនោះមានការបង្ខំ និងគំរាមពីអាជ្ញាធររដ្ឋាភិបាល។ មន្ត្រីសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចាត់ទុកការគំរាមនោះជាទម្រង់នៃការរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ។
ពលរដ្ឋប្រមាណ ៨០នាក់រស់នៅភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន រារែកក្នុងការដកស្នាមមេដៃដែលបានផ្ដិតដើម្បីថ្វាយព្រះមហាក្សត្រ តាមរយៈញត្តិរបស់គណបក្សសង្គ្រោះជាតិ។ ពួកគេអះអាងថា អាជ្ញាធររដ្ឋាភិបាលបានដាក់សម្ពាធឲ្យពួកគេដកស្នាមមេដៃទាំងបង្ខំ និងគំរាមចាប់ដាក់គុក បើពួកគេនៅតែមានះមិនព្រមដកស្នាមមេដៃវិញទេ។
ជនជាតិភាគតិចឡាវ ម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនទៀត គឺលោក ខាំ ផៃ ឲ្យដឹងនៅថ្ងៃទី១២ មិថុនា ថា លោកជំទាស់ដាច់ខាត បើអាជ្ញាធរបង្ខំឲ្យលោកដកស្នាមមេដៃវិញ។ លោកថា ការផ្ដិតមេដៃគាំទ្រញត្តិរបស់លោក គឺធ្វើឡើងដោយស្ម័គ្រចិត្ត ពុំមានការបង្ខិតបង្ខំដោយបក្សនយោបាយណាមួយឡើយ។ លោកបន្តថា អាជ្ញាធរឃុំក្បាលរមាស បានជូនដំណឹងឲ្យលោក និងអ្នកភូមិផ្សេងទៀតជួបប្រជុំនៅវត្តក្របីជ្រុំ ដើម្បីដកស្នាមមេដៃវិញ ពុំនោះទេនឹងត្រូវប្រឈមជាប់គុក៖ « ថ្ងៃមុខថ្ងៃក្រោយ កុំផ្ដិតមេដៃចឹង ចូលគុកគេថា។ គេមិនឲ្យលើកនិយាយទេ។ គេបិទសិទ្ធិសេរីភាព រំសាយហើយ គេចង់និយាយដែរជិត ២០នាក់ដែរ »។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង និងស្នងការនគរបាលខេត្ត លោក ម៉ៅ តារា ដើម្បីសុំការបំភ្លឺជុំវិញករណីនេះបានទេនៅថ្ងៃទី១២ មិថុនា។
មេឃុំក្បាលរមាស មកពីគណបក្សកាន់អំណាច លោក វឿន សម្បត្តិ បដិសេធថា ពុំមានការគំរាមចាប់ដាក់គុកដូចការលើកឡើងរបស់ពលរដ្ឋនោះទេ ហើយអាជ្ញាធរបានហៅពលរដ្ឋមកណែនាំឲ្យយល់ពីការផ្ដិតមេដៃនោះ ខ្លាចមានការបង្ខំ និងញុះញង់នាំឲ្យប៉ះពាល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម៖ « ចូលរួមធ្វើបាតុកម្មទៅទាមទារចឹង ជនខិលខូចណាមួយបោកគ្រាប់បែកស្លាប់ទៅ តើអ្នកណាអ្នកចិញ្ចឹម។ បើងាប់ទៅ វាចប់រឿងហើយ ដល់ខ្វាក់ពិការអស់មួយជីវិត តើអ្នកណាអ្នកទទួលខុសត្រូវ »។
សមាជិកក្រុមប្រឹក្សាឃុំក្បាលរមាស មកពីគណបក្ស សម រង្ស៊ី លោក ចាន់ ផល្លី ចោទប្រកាន់ថា អាជ្ញាធរឃុំក្បាលរមាស ថាបានគំរាមចាប់លោកដាក់គុក បន្ទាប់ពីលោកដើរប្រមូលស្នាមមេដៃពីពលរដ្ឋពុំមានច្បាប់អនុញ្ញាត។ លោកថា អាជ្ញាធរមូលដ្ឋានក៏បានគំរាមពលរដ្ឋដែលបានផ្ដិតមេដៃគាំទ្រញត្តិគណបក្សសង្គ្រោះជាតិ ថានឹងចាប់ដាក់គុកទាំងអស់៖ « ថាលុបទៅវិញ គេនឹងឲ្យកម្លាំងវិធានការចំពោះរូបខ្ញុំ។ ខ្ញុំសូមជម្រាបប្រាប់បងឲ្យដឹងពីហេតុផលមុន ហើយកាលពីព្រឹក គេប្រាប់ពលរដ្ឋថា បើមកផ្ដិតមេដៃ គឺគេចាប់ដាក់គុកដាក់ទាំងអស់ »។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ថា ប្រសិនបើអាជ្ញាធរគំរាមពលរដ្ឋដោយចាប់ដាក់គុក គឺជាទម្រង់នៃការរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ ផ្ទុយពីច្បាប់ជាតិ និងអន្តរជាតិ។ លោកថា បញ្ហានេះជាសញ្ញាបង្ហាញថា ការចូលរួមរបស់ពលរដ្ឋទាក់ទិនសិទ្ធិនយោបាយកំពុងធ្លាក់ចុះយ៉ាងខ្លាំង ខណៈសិទ្ធិបញ្ចេញមតិរបស់ពួកគេកំពុងរឹតត្បិត និងគំរាមកំហែង៖ « បារម្ភត្រង់ថា កាលណាពលរដ្ឋមិនអាចបញ្ចេញមតិ ហើយមានការរឹតត្បិតធ្វើឲ្យមិនសប្បាយចិត្តពីពលរដ្ឋចំពោះអាជ្ញាធរ កាន់តែខ្លាំងឡើង។ ប្រសិនបើថាអនុញ្ញាតឲ្យគាត់បញ្ចេញមតិយោបល់របស់គាត់ ក្នុងអារម្មណ៍របស់គាត់ មានការធូរស្រាលខ្លះដែរ »។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល យល់ថា សិទ្ធិនយោបាយ និងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋកំពុងរងការរំលោភបំពាន និងធ្វើទុក្ខបុកម្នេញដោយអាជ្ញាធររដ្ឋាភិបាល។ លោកអំពាវនាវឲ្យអាជ្ញាធរ បញ្ឈប់ការរឹតត្បិតសេរីភាពបញ្ចេញមតិរបស់សកម្មជននយោបាយ និងពលរដ្ឋ ដើម្បីលើកស្ទួយនីតិរដ្ឋរបស់កម្ពុជា។
កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយមាត្រា១៩ ចែងថា ជនគ្រប់រូបមានសិទ្ធិប្រកាន់មតិយោបល់ដោយគ្មានការជ្រៀតជ្រែក ហើយជនគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ សិទ្ធិនេះត្រូវបានរាប់បញ្ចូលទាំងសេរីភាពស្រាវជ្រាវព័ត៌មាន ទទួល និងផ្សព្វផ្សាយព័ត៌មាន និងគំនិតសព្វបែបយ៉ាង ដោយមិនគិតពីព្រំដែន ដោយផ្ទាល់មាត់ សរសេរ ឬបោះពុម្ពតាមទម្រង់សិល្បៈក្តី ឬក៏ដោយមធ្យោបាយផ្សព្វផ្សាយដទៃទៀតក្តី តាមការជ្រើសរើសរបស់ខ្លួន។
រហូតមកទល់ពេលនេះ មន្ត្រីបក្សប្រឆាំងនៅខេត្តស្ទឹងត្រែង ៧នាក់ហើយ ត្រូវបានសមត្ថកិច្ចរដ្ឋាភិបាលឃាត់ខ្លួន និងព្រមានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដើរប្រមូលស្នាមមេដៃពីពលរដ្ឋដែលស្ម័គ្រចិត្ត ដាក់ញត្តិថ្វាយព្រះមហាក្សត្រ។ ចាប់ពីថ្ងៃទី៤ ខែមិថុនា ស្នាមមេដៃដែលគណបក្សសង្គ្រោះជាតិ ក្នុងខេត្តស្ទឹងត្រែង ទទួលបានចំនួនជាង ១ពាន់ស្នាមមេដៃ។ សកម្មជនបក្សប្រឆាំងកំពុងធ្វើយុទ្ធនាការប្រមូលស្នាមមេដៃដាក់ញត្តិថ្វាយព្រះមហាក្សត្រ សុំព្រះរាជអន្តរាគមន៍ទៅរាជរដ្ឋាភិបាលករណីចាប់ខ្លួនតំណាងរាស្ត្រ សកម្មជនបក្សប្រឆាំង សង្គមស៊ីវិល មន្ត្រី គ.ជ.ប និងអន្តរាគមន៍ចំពោះការអនុវត្តច្បាប់របស់តុលាការមានស្តង់ដារពីរ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
