អាជ្ញាធរ​ស្រុក​សៀមប៉ាង​រង​ការ​ចោទ​ថា​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ប្រមូល​ស្នាម​មេដៃ

0:00 / 0:00

ជំទប់​ទី​២ ឃុំ​ស្រែសំបូរ ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង មក​ពី​គណបក្ស សម រង្ស៊ី ចោទ​អាជ្ញាធរ​ស្រុក​សៀមប៉ាង ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ថា បាន​រារាំង​ពួកគេ​មិន​ឲ្យ​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ដើម្បី​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ។ ពួកគេ​អះអាង​ថា អាជ្ញាធរ​ស្រុក​សៀមប៉ាង បាន​ព្រមាន​អនុវត្ត​ច្បាប់ បើ​ពួកគេ​នៅ​តែ​បន្ត​ប្រមូល​ស្នាម​មេដៃ។

​ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មេ​ឃុំ​ស្រែសំបូរ ក្រុមប្រឹក្សា​ស្រុក​សៀមប៉ាង មក​ពី​គណបក្ស​កាន់​អំណាច និង​កម្លាំង​ប្រដាប់​អាវុធ​បាន​ចុះ​ដល់​ផ្ទះ​ជំទប់​ទី​២ នៃ​ឃុំ​ស្រែសំបូរ មក​ពី​គណបក្ស សម រង្ស៊ី លោក ឌី សន កាល​ពី​ចុង​ខែ​ឧសភា ហើយ​បាន​ព្រមាន​លោក​មិន​ឲ្យ​ដើរ​ប្រមូល​ស្នាម​មេដៃ។

​ជំទប់​ទី​២ ឃុំ​ស្រែសំបូរ មក​ពី​គណបក្ស សម រង្ស៊ី លោក ឌី សន រៀបរាប់​ថា មេ​ឃុំ​ស្រែសំបូរ លោក ស៊ិង ម៉ាន់ និង​ក្រុមប្រឹក្សា​ស្រុក​សៀមប៉ាង លោក ថាវ សុគន្ធ បាន​ដកហូត​តារាង​ប្រមូល​ស្នាម​មេដៃ​គាំទ្រ​ញត្តិ​ពី​លោក​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា និង​គំរាម​អនុវត្ត​ច្បាប់ បើ​លោក​នៅ​តែ​មានៈ​ដើរ​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ដែល​មិន​សុំ​ច្បាប់​អនុញ្ញាត។ លោក​កត់សម្គាល់​ថា កន្លង​មក​ការ​រៀបចំ​រចនាសម្ព័ន្ធ​ភូមិ-​ឃុំ របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​គេ​តម្រូវ​ឲ្យ​សុំ​ច្បាប់​អនុញ្ញាត​ជា​មុន​សិន​ដែរ៖ «អា​ហ្នឹង​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព ហើយ​ក៏​ជា​ការ​គំរាមកំហែង ដើម្បី​កុំ​ឲ្យ​ពួក​ខ្ញុំ​ធ្វើ​សកម្មភាព​នយោបាយ​ណា​មួយ»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ សមាជិក​ក្រុមប្រឹក្សា​ស្រុក​សៀមប៉ាង មក​ពី​គណបក្ស​កាន់​អំណាច លោក ថាវ សុគន្ធ អះអាង​ថា អាជ្ញាធរ​មិន​ជំទាស់​នឹង​ការ​ប្រមូល​ស្នាម​មេដៃ​នោះ​ទេ ​តែ​សូម​ឲ្យ​សុំ​ច្បាប់​អនុញ្ញាត​ជា​មុន​សិន។ លោក​បញ្ជាក់​ថា ការ​ដើរ​ប្រមូល​ស្នាម​មេដៃ​នោះ អាច​ធ្វើ​ទៅ​បាន​លុះត្រា​មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ស្រុក​ជា​មុន​សិន៖ «មិន​ដឹង​ផ្ដិត​មេដៃ​រឿង​អី ម៉េច​គេ​ដឹង។ សំខាន់​គឺ​ប្រជាជន​នៅ​នេះ​ជា​ប្រជាជន​ឆោត​ល្ងង់ អត់​ដឹង​រឿង​អី​សោះ។ ដូច្នេះ​ផ្ដិត​មេ​ដៃ​ហ្នឹង​មិន​ដឹង​ធ្វើ​ផលប្រយោជន៍​អី»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល យល់​ថា ពុំ​មាន​ច្បាប់​ណា​ហាម​មិន​ឲ្យ​គណបក្ស​នយោបាយ​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​អ្នក​គាំទ្រ​របស់​ខ្លួន​នោះ​ទេ។ លោក​ថា ការ​សម្រេច​ចិត្ត​ផ្ដិត​មេដៃ​ពី​ពលរដ្ឋ គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ​ផ្អែក​លើ​សិទ្ធិ​សេរីភាព​ចូលរួម​បញ្ហា​នយោបាយ​ដែល​មាន​ចែង​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ៖ «អ៊ីចឹង​នៅ​ក្នុង​ច្បាប់​ដូចជា​មិន​មាន​ការ​ហាមឃាត់​ទេ។ ដោយ​ឡែក​ប្រសិនជា​អាជ្ញាធរ​ស្រុក​ហាម​ជាតិ​ហ្នឹង​គឺ​ប៉ះពាល់​សិទ្ធិ​សេរីភាព​របស់​គាត់»

​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​ស្ទឹងត្រែង លោក ពុយ ចាន់ថាឡា កត់សម្គាល់​ថា ការ​ប្រមូល​ស្នាម​មេដៃ​អ្នក​គាំទ្រ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​នៅ​ទូទាំង​ស្រុក​នៃ​ខែត្រ​ស្ទឹងត្រែង មាន​ការ​រារាំង កើត​មាន​តែ​ស្រុក​សៀមប៉ាង ប៉ុណ្ណោះ។ លោក​ចាត់​ទុក​ការ​រារាំង​នោះ​ថា បិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​មិន​ឲ្យ​ចូលរួម​បញ្ហា​នយោបាយ និង​ជា​ទង្វើ​ល្មើសច្បាប់៖ «ខុស​ច្បាប់​ហើយ​គាត់​និយាយ​អ៊ីចឹង​គឺ​ប្រើ​អំណាច​ផ្ដាច់ការ​រហើយ ព្រោះ​អី​សិទ្ធិ​ពលរដ្ឋ​ផ្ដិត​មេដៃ​ជា​រឿង​របស់​គាត់ ជា​ឆន្ទៈ​របស់​គាត់»

​មក​ទល់​ពេល​នេះ ការ​ប្រមូល​ស្នាម​មេដៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពី​អ្នក​គាំទ្រ​នៅ​ខែត្រ​ស្ទឹងត្រែង មាន​ចំនួន ៥៨០​ស្នាម​មេដៃ។ ញត្តិ​នោះ​ដើម្បី​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ឲ្យ​ព្រះអង្គ​ជួយ​អន្តរាគមន៍​ទៅ​រាជរដ្ឋាភិបាល​ករណី​ចាប់​ខ្លួន​តំណាងរាស្ត្រ និង​សង្គម​ស៊ីវិល និង​អន្តរាគមន៍​ចំពោះ​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​មាន​ស្តង់ដារ​ពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។