អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ពន្លឿនដំណើរការបង្កើតស្ថាប័នសិទ្ធិមនុស្សថ្នាក់ជាតិឯករាជ្យមួយ។ ការជំរុញបែបនេះ ដោយសារអ្នករាយការណ៍រូបនេះយល់ថា ស្ថាប័នសិទ្ធិមនុស្សមានស្រាប់បច្ចុប្បន្ន មិនអាចឯករាជ្យឡើយ ព្រោះថា មន្ត្រីរបស់ស្ថាប័នទាំងនេះភាគច្រើនជាមន្ត្រីរបស់រដ្ឋាភិបាល។
ពន្លឿនដំណើរការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យ គឺជាអនុសាសន៍មួយក្នុងចំណោម អនុសាសន៍ជាច្រើនផ្សេងទៀតដែលលោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ផ្ដល់ឲ្យរដ្ឋាភិបាលកម្ពុជា ក្នុងរបាយការណ៍ចុងក្រោយរបស់លោកដែលនឹងត្រូវធ្វើបទបង្ហាញចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅចុងខែកញ្ញា ខាងមុខ។
លោក សុរិយា ស៊ូប៊ែឌី ថ្លែងថា ស្ថាប័នជាតិឯករាជ្យដែលស្របតាមគោលការណ៍ក្រុងប៉ារីស ស្តីពីស្ថាប័នជាតិសិទ្ធិមនុស្ស នឹងក្លាយជាអ្នកទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងឲ្យដំបូន្មានដល់រដ្ឋាភិបាលលើគ្រប់បញ្ហារំលោភសិទ្ធិមនុស្សទាំងអស់។ ស្ថាប័ននេះក៏មានអំណាចឲ្យស៊ើបអង្កេតបណ្ដឹងតវ៉ារបស់ពលរដ្ឋ ដែលនេះលោក ស៊ូប៊ែឌី ថាគឺជាយន្តការការពារសិទ្ធិមនុស្សប្រកបដោយប្រសិទ្ធភាពមួយក្នុងប្រទេសជាច្រើន។
យ៉ាងណាក៏ដោយ លោក ស៊ូប៊ែឌី សម្ដែងការព្រួយបារម្ភថា ក្នុងបរិបទកម្ពុជាបច្ចុប្បន្ន មិនដឹងថា កម្ពុជាអាចបង្កើតស្ថាប័នឯករាជ្យមួយនេះបាន ឬក៏អាចជ្រើសរើសមនុស្សឯករាជ្យពិតប្រាកដ ដើម្បីបម្រើក្នុងស្ថាប័ននេះ ឬក៏យ៉ាងណានោះទេដោយលោកលើកឡើងថា មធ្យោបាយរបស់រដ្ឋាភិបាលកម្ពុជា គឺបង្កើតនូវស្ថាប័នដែលស្ថិតក្រោមរដ្ឋាភិបាលជាជាងស្ថាប័នដែលឯករាជ្យឧទាហរណ៍ដូចជា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា របស់លោក ឱម យ៉ិនទៀង ជាដើម។
ឆ្លើយតបចំពោះអនុសាសន៍របស់លោក សុរិយា ស៊ូប៊ែឌី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ម៉ក់ សម្បត្តិ កត់សម្គាល់ថា រដ្ឋាភិបាលមិនបានព្រងើយកន្តើយចំពោះការបង្កើតស្ថាប័នថ្នាក់ជាតិមួយនេះឡើយ។ លោកថា ក្រោយពីការប្រកាសគាំទ្ររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យនៅឆ្នាំ២០០៦ មក រដ្ឋាភិបាលបានធ្វើការជាមួយសង្គមស៊ីវិល ហើយក៏បានប្រគល់ភារកិច្ចតាក់តែងសេចក្ដីព្រាងច្បាប់ទៅឲ្យខាងសង្គមស៊ីវិលជាអ្នករៀបចំ។ លោក ម៉ក់ សម្បត្តិ ថាឥឡូវសេចក្ដីព្រាងច្បាប់ស្ថិតនៅក្នុងដៃរបស់សង្គមស៊ីវិលនៅឡើយ៖ «ឆ្នាំ២០១១ហ្នឹង ក្រុមការងាររបស់កម្ពុជានិងក្រុមការងាររបស់សង្គមស៊ីវិលក៏បានទៅទស្សនកិច្ចទៅស្វែងយល់ពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិហ្នឹងនៅប្រទេសហ្វីលីពីន ហើយដល់ក្រោយមកហ្នឹងខាងសង្គមស៊ីវិលគាត់ថា សុំពេលដើម្បីផ្សព្វផ្សាយដើម្បីយកយោបល់ពីមហាជន ពីសាធារណជន ឬក៏ថារៀបចំសិក្ខាសាលាមួយទៀតដើម្បីឲ្យគាត់ជួយផ្ដល់មតិយោបល់នៅលើសេចក្ដីព្រាងច្បាប់ដូច្នេះខាងរដ្ឋាភិបាលនៅតែចាំមើលខាងសង្គមស៊ីវិលគាត់រៀបម៉េចៗដើម្បីធ្វើការរួមគ្នា»។
ទាក់ទងការលើកឡើងរបស់លោក ស៊ូប៊ែឌី ដែលថា ស្ថាប័នសិទ្ធិមនុស្សដែលមានស្រាប់ បច្ចុប្បន្នមិនអាចធ្វើការឲ្យឯករាជ្យបាននោះ លោក ម៉ក់ សម្បត្តិ ថ្លែងថា ការងារដែលក្រុមលោកធ្វើសព្វថ្ងៃ គឺស្របតាមការចង្អុលបង្ហាញរបស់ព្រះរាជក្រឹត្យ និងអនុក្រឹត្យស្ដីពីការបង្កើតគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ លោកថា ប្រសិនបើបញ្ហាដែលកើតឡើងពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនោះ នោះអង្គភាពរបស់លោកចាត់ការដោយមិនប្រកាន់បក្សពួកឡើយ។
លោក ម៉ក់ សម្បត្តិ បន្តថា លោកមិនហ៊ានវាយតម្លៃរបាយការណ៍របស់លោក ស៊ូប៊ែឌី ថាយ៉ាងណានោះទេ ប៉ុន្តែលោកថា អ្វីដែលក្រុមលោកធ្វើ គឺធ្វើយ៉ាងណាឲ្យកម្ពុជា មានការគោរពសិទ្ធិមនុស្សផង និងមានការគោរពច្បាប់ផង។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលសព្វថ្ងៃមានមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ធ្វើជាប្រធាននោះ មានតួនាទីជួយដល់រដ្ឋាភិបាល ដើម្បីរក្សាការពារ អភិវឌ្ឍន៍ និងលើកតម្កើងសិទ្ធិមនុស្សនៅកម្ពុជា ហើយរដ្ឋាភិបាលកម្ពុជា មានភារកិច្ចផ្ដល់មធ្យោបាយការងារ និងថវិកាសម្រាប់ស្ថាប័ននេះអាចបំពេញការងាររបស់ខ្លួនបានល្អ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ថ្លែងគាំទ្រអនុសាសន៍របស់លោក ស៊ូប៊ែឌី ចំពោះការជំរុញឲ្យមានស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យឲ្យបានរហ័សនេះ។ អ្នកស្រី ចក់ សុភាព កត់សម្គាល់ថា បើទោះជាសព្វថ្ងៃ កម្ពុជាមានស្ថាប័នសិទ្ធិមនុស្សសំខាន់ៗ ៣រួចហើយក្តី ក្នុងនោះរួមមានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា របស់រដ្ឋាភិបាល គណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋសភា និងរបស់ព្រឹទ្ធសភា ប៉ុន្តែស្ថាប័នទាំងអស់នោះមិនទាន់បានធ្វើកិច្ចការដើម្បីដោះស្រាយ និងរាយការណ៍ពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដោយឯករាជ្យនៅឡើយ។
អ្នកស្រីថា ដើម្បីឲ្យស្ថាប័នសិទ្ធិមនុស្សមួយឯករាជ្យទៅបាន លុះណាតែវាមិនពាក់ព័ន្ធនឹងរដ្ឋាភិបាល៖ «សំខាន់បំផុតគឺបង្កើតឡើងដោយច្បាប់ហើយច្បាប់នោះគឺមានចែងច្បាស់លាស់ពីសមភាព ហើយសមភាពនោះគឺត្រូវជាសមភាពមួយដែលឯករាជ្យមិនមែនជាសមាសភាពមួយដែលមានកាន់តួនាទីនៅក្នុងជួររដ្ឋាភិបាលឬស្ថាប័នដែលពាក់ព័ន្ធបើតាមបទពិសោធន៍ ប្រទេសមួយចំនួនយើងឃើញថា សមភាពហ្នឹងអាចមកពីខាងស្ថាប័នសិក្សាឬក៏ខាងសង្គមស៊ីវិលប៉ុន្តែគាត់ត្រូវលះបង់តួនាទីគាត់បច្ចុប្បន្នដើម្បីធានាថា គាត់បានដើរតួនាទីក្នុងស្ថាប័នឯករាជ្យមួយនេះ»។
អ្នកស្រី ចក់ សុភាព ក៏កត់សម្គាល់ដែរថា បើទោះជាមានភ្លើងខៀវពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាំងពីឆ្នាំ២០០៦ ក៏ដោយ ដំណើរការហាក់នៅមានភាពយឺតយ៉ាវនៅឡើយ។ អ្នកស្រីថា រដ្ឋាភិបាលនិងសង្គមស៊ីវិល គួរពន្លឿនដំណើរការនេះឲ្យបានឆាប់រហ័ស ពិសេសក្នុងពេលដែលបរិបទនយោបាយហាក់ប្រសើរ និងស្របពេលដែលមានភ្លើងខៀវរួចជាស្រេចហើយនោះពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រដ្ឋសភាកម្ពុជានៅថ្ងៃទី២៦ សីហា នឹងបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភាថ្មី ក្នុងនោះរដ្ឋសភាក៏នឹងបោះឆ្នោតផ្លាស់ប្ដូរ និងបំពេញបន្ថែមប្រធាន និងសមាជិកគណៈកម្មការជំនាញសភាទាំង ១០ ផងដែរ។ តាមការព្រមព្រៀងរបស់គណបក្សទាំង២ ប្រធានគណៈកម្មការដោះស្រាយទទួលពាក្យបណ្ដឹងនិងសិទ្ធិមនុស្ស នឹងត្រូវគ្រប់គ្រងដោយគណបក្សសង្គ្រោះជាតិ។ ប្រការនេះ គេក៏សង្ឃឹមថា គណបក្សប្រឆាំងនឹងជួយជំរុញបន្ថែមក្នុងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យ។
ក្រៅពីបញ្ហាបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យ លោក ស៊ូប៊ែឌី ក៏បានជំរុញឲ្យកម្ពុជា ធ្វើឲ្យប្រសើរស្ថាប័នពាក់ព័ន្ធការការពារសិទ្ធិមនុស្សដែលមានស្រាប់ ក្នុងនោះមានស្ថាប័នតុលាការគ្រប់លំដាប់ថ្នាក់ គណៈកម្មការសុរិយោដី និងអាជ្ញាធរជាតិសម្រាប់ដោះស្រាយជម្លោះដីធ្លីជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
