លោក ស៊ូប៊ែឌី៖ សេរីភាព​បញ្ចេញ​មតិ​និង​វប្បធម៌​និទ្ទណ្ឌភាព​នៅ​តែ​ជា​កង្វល់

នៅ​ក្នុង​ការ​បិទ​បញ្ចប់​បេសកកម្ម​ស្វែង​រក​ការ​ពិត​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​លើក​ទី៩ មក​កាន់​កម្ពុជា របស់​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​វាយ​តម្លៃ​ចំពោះ​ស្ថានភាព​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​ភាព​ល្អ​ប្រសើរ ថ្វី​ត្បិត​តែ​នៅ​មាន​បញ្ហា​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ពុំ​ទាន់​ធ្វើ​ការ​កែលំអ​ក្ដី។

0:00 / 0:00

សេចក្ដី​សន្និដ្ឋាន និង​អនុសាសន៍​ចុង​ក្រោយ​របស់​លោក នឹង​បញ្ចូល​ទៅ​ក្នុង​របាយការណ៍​ដែល​នឹង​ដាក់​បង្ហាញ​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ខែ​កញ្ញា ឆ្នាំ​២០១៣ នេះ។

លោក សុរិយា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​លើក​ឡើង​ថា បញ្ហា​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ និង​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា នៅ​តែ​ជា​ក្ដី​កង្វល់​របស់​លោក ហើយ​លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរ​តែ​ដោះស្រាយ​ជា​បន្ទាន់។

នៅ​ក្នុង​សន្និសីទ​កាសែត​នៃ​ការ​បញ្ចប់​បេសកកម្ម​លើក​ទី៩ នៅ​កម្ពុជា នៅ​ថ្ងៃ​ទី២៥ ឧសភា ក្នុង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី បាន​ថ្លែង​ថា សេរីភាព​បញ្ចេញ​មតិ​នៅ​តែ​ជា​ក្ដី​កង្វល់ ដោយសារ​តែ​អ្នក​ទាំង​ឡាយ​ដែល​បម្រើ​ការ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ អាច​នឹង​កម្រិត​ការ​និយាយ​ស្ដី​របស់​ខ្លួន ព្រោះ​កន្លង​មក​មាន​ចំណាត់​ការ​យ៉ាង​តឹងរ៉ឹង​ទៅ​លើ​បុគ្គល​មួយ​ចំនួន ដែល​បម្រើ​ការ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស។ ចំណែក​ឯ​វប្បធម៌​និទ្ទណ្ឌភាព​វិញ បញ្ជី​បទ​ល្មើស​ជាច្រើន​ក៏​ជា​កង្វល់​មួយ​ដែរ ព្រោះ​ក្នុង​នោះ​មិន​ទាន់​មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​នាំ​ខ្លួន​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នៅ​ឡើយ។

លោក សុរិយា ស៊ូប៊ែឌី៖ «យើង​ឲ្យ​រដ្ឋាភិបាល​ឲ្យ​ពន្លឿន​នូវ​ការ​ស៊ើប​អង្កេត​ដើម្បី​ឲ្យ​ជន​ល្មើស​ត្រូវ​បាន​នាំ​ខ្លួន​យក​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់»

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ស្ដីទី​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក កែវ រ៉េមី បាន​ឆ្លើយ​តប​ដោយ​ខ្លី​ថា លោក​មិន​ខ្វល់​ចំពោះ​ការ​បូក​សរុប​លទ្ធផល​នៃ​ការ​បញ្ចប់​បេសកកម្ម​របស់​លោក​ដែល​បាន​មក​កម្ពុជា លើក​នេះ​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ ក្នុង​បេសកកម្ម​របស់​អ្នក​រាយការណ៍​ពិសេស​លើក​ទី​៩ នេះ មាន​ការ​រំខាន​ដោយ​ការ​ប្រឆាំង​តវ៉ា​ចំពោះ​វត្តមាន​លោក ស៊ូប៊ែឌី ចំនួន ២​លើក។ លើក​ទី​១ នៅ​ថ្ងៃ​ទី​២០ ឧសភា នៅ​ខាង​មុខ​ទីស្នាក់ការ​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ដោយ​សមាគម​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ដែល​គេ​ស្គាល់​ថា ជា​ក្រុម​អ្នក​ម៉ូតូ​ឌុប។ ហើយ​លើក​ទី​២ ទៀត ធ្វើ​ឡើង​ដោយ​ក្រុម​យុវជន​នៅ​ក្នុង​ពេល​លោក​ធ្វើ​បាឋកថា ស្ដីពី​ការ​ប្រឈម​ទៅ​នឹង​ការ​ផ្សះផ្សា​ជម្លោះ​ផល​ប្រយោជន៍ នៅ​ក្នុង​ច្បាប់​ស្ដី​ពី​ការ​វិនិយោគ​បរទេស នៅ​ឯ​សកលវិទ្យាល័យ​មេគង្គ​កម្ពុជា កាល​ពី​ថ្ងៃ​ទី២១ ឧសភា។

ប៉ុន្តែ ក្នុង​សន្និសីទ​កាសែត​នេះ លោក ស៊ូប៊ែឌី បាន​ចាត់​ទុក​ថា ការ​តវ៉ា​នេះ​គឺ​ជា​ការ​ប្រឆាំង​នឹង​ការងារ​សិទ្ធិ​មនុស្ស​របស់​លោក​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ការ​តវ៉ា​ទាំង​នេះ គឺ​មិន​បាន​ធ្វើ​ឲ្យ​លោក​បាក់​មុខ ឬ​ធ្វើ​ឲ្យ​ងាក​រេ​ចេញ​ពី​ការងារ​ដែល​អង្គការ​សហប្រជាជាតិ ផ្ដល់​អាណត្តិ​ឲ្យ​លោក​បំពេញ​ការងារ​នៅ​ក្នុង​ប្រទេស​នេះ​ឡើយ។ លោក​បាន​ហៅ​ការ​តវ៉ា​ប្រឆាំង​ទៅ​លើ​រូប​លោក​ទាំង​ពីរ​លើក​នេះ គឺ​ទំនង​ជា​ត្រូវ​បាន​គេ​រៀបចំ​ឡើង ហើយ​ទំនង​ជា​តំណាង​ឲ្យ​ចំនួន​មនុស្ស​ភាគ​តិច​បំផុត​នៅ​ក្នុង​ប្រទេស ដែល​មាន​ចេតនា​ធ្វើ​ឲ្យ​លោក​ផ្លាស់​ប្ដូរ​គោល​ជំហរ។

នៅ​ក្នុង​ដំណើរ​បេសកកម្ម​លើក​ទី​៩ នេះ លោក ស៊ូប៊ែឌី មាន​បំណង​ស្វែង​យល់​ពី​ភាព​រីក​ចម្រើន​លើ​អនុសាសន៍​របស់​លោក​នៅ​ក្នុង​របាយការណ៍​សិទ្ធិ​មនុស្ស កាល​ពី​ចុង​ឆ្នាំ​២០១២។ លោក​មិន​បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ។ បន្ទាប់​ពី​ជំនួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល សង្គម​ស៊ីវិល គណបក្ស​នយោបាយ និង​ប្រជាពលរដ្ឋ លោក ស៊ូប៊ែឌី មាន​ការ​រីករាយ​ដែល​បាន​ទទួល​ការ​អះអាង​ថា សេចក្ដី​ព្រាង​ច្បាប់​មួយ​ចំនួន​ដែល​ជា​ផ្នែក​មួយ​នៃ​អនុសាសន៍​របស់​លោក បាន​ធ្វើ​ជិត​រួច​រាល់ ដែល​អាច​នឹង​ត្រូវ​ដាក់​ពិភាក្សា​នៅ​សភា​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៤។ ហើយ​សកម្មភាព​មួយ​ចំនួន​ទៀត ដែល​ត្រូវ​បាន​អនុវត្ត​ស្រប​តាម​អនុសាសន៍​របស់​លោក ដូច​ជា ការ​ផ្អាក​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​កម្មវិធី​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​របស់​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។