មន្ត្រីអង្គការក្រៅរដ្ឋាភិបាលធ្វើការលើកកម្ពស់សិទ្ធិស្ត្រីគាំទ្រចំពោះការហាមប្រាមរបស់រដ្ឋាភិបាលដែលមិនឲ្យមានការពពោះជំនួសនៅកម្ពុជា។ មន្ត្រីសង្គមស៊ីវិល ចង់បានច្បាប់មួយទាក់ទងនឹងសេវាកម្មនេះ ស្រដៀងនឹងការអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលចង់ឲ្យមានបម្រាមលើការពពោះជំនួសដោយចាត់ទុកថា ជាទម្រង់នៃការជួញដូរមនុស្ស។
អង្គការសីលកា (SILAKA) គ្រោងកោះប្រជុំ និងផ្សព្វផ្សាយដល់ក្រុមគោលដៅស្ត្រី ដោយអង្គការយល់ថា សេវាកម្មពពោះជំនួសនៅកម្ពុជា ជារឿងមួយថ្មីដែលស្ត្រីខ្មែរអត់ដែលបានដឹងនៅគ្រាដែលគ្លីនិកបម្រើសេវាកម្មបានបើកខ្លះហើយនៅរាជធានីភ្នំពេញ។ ការទទួលយកចំណេះដឹងពីប្រទេសដទៃដែលធ្លាប់ឆ្លងកាត់បញ្ហានេះមកអនុវត្តនៅកម្ពុជា ឬផ្សព្វផ្សាយដល់ពលរដ្ឋខ្មែរ អាចបញ្ចៀសហានិភ័យចំពោះស្ត្រី។
នាយិកាអង្គការសីលកា អ្នកស្រី ធីតា ឃឹះ មានប្រសាសន៍ថា គ្លីនិកបម្រើសេវាកម្មពពោះជំនួសបានបង្កើត ហើយមានស្ត្រីនៅតាមជនបទត្រូវបានគេទាក់ទងដើម្បីឲ្យមានការព្រមព្រៀងពពោះឲ្យគេខ្លះហើយ។ លោកស្រីបារម្ភថា ស្ត្រីប្រឈមនឹងបញ្ហាសុខភាព និងសិទ្ធិ ព្រោះស្ត្រីមានការយល់ដឹងទាបនៅឡើយចំពោះសេវាកម្មពពោះជំនួស ដោយដើរមិនទាន់បច្ចេកទេសទំនើបនេះ៖ «ខ្ញុំគិតថា ប្រជាពលរដ្ឋមិនទាន់ត្រៀមខ្លួនទទួលយកបាននៅឡើយ ហើយបើតាមរៀនសូត្រមកថា វាមានការប៉ះពាល់ខ្លាំងដល់សិទ្ធិ ជាពិសេសសិទ្ធិរបស់ស្ត្រី ព្រោះយើងជាប្រទេសក្រីក្រ ស្ត្រីយើងមានការចេះដឹងតិច អ៊ីចឹងទៅក្នុងការការពារសិទ្ធិស្ត្រី គឺយើងមើលឃើញថា ការដែលមិនឲ្យមានសេវាកម្មនេះ គាំទ្រនូវអ្វីដែលគាត់ (រដ្ឋាភិបាល) បានសម្រេច»។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ ដើម្បីសុំការអត្ថាធិប្បាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣ ខែវិច្ឆិកា ដោយទូរស័ព្ទចូលច្រើនដងពុំមានអ្នកទទួល។ ប៉ុន្តែព្រឹត្តិបត្រព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ថារដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានប្រកាសបម្រាមពពោះជំនួសនៅកម្ពុជា ដោយផ្អែកលើប្រភពពីអ្នកចូលរួមប្រជុំជាមួយរដ្ឋមន្ត្រីរូបនេះ។ ព្រឹត្តិបត្រព័ត៌មានដដែលក៏ស្រង់ខ្លឹមសារប្រកាសមួយរបស់ក្រសួងសុខាភិបាលដែលចុះកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ថា រាល់ការពពោះជំនួសដែលជាសេវាមួយនៃកញ្ចប់សេវានានា នៃការឲ្យមានកូនតាមបែបបច្ចេកទេសវិទ្យាសាស្ត្រ ត្រូវបានហាមឃាត់ដាច់ខាត។
កាលពីចុងខែតុលា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សឌ្ឍានា អំពាវនាវឲ្យមានបម្រាមលើការពពោះជំនួសនេះ ដោយចាត់ទុកថា វាជាទម្រង់នៃការជួញដូរមនុស្ស។
ការពពោះជំនួស ជាការជួលឲ្យស្ត្រីដែលមានកាយសម្បទា និងសុខភាពល្អ បង្កើតកូនជំនួសឲ្យអ្នកពុំមានលទ្ធភាពបង្កើតកូនដោយខ្លួនឯង ដោយប្រើមេជីវិតបង្កជាកំណើតកូនដាក់ក្នុងស្បូនរបស់ស្ត្រី។ ស្ដ្រីដែលពពោះត្រូវគេមើលឃើញថា មានហានិភ័យច្រើនទាំងសុខភាព គ្រោះថ្នាក់ដល់ជីវិត ឬមានបញ្ហាកូនក្នុងផ្ទៃកើតមកមានជំងឺ ឬពិកាពីកំណើតដែលត្រូវអ្នកជួលមិនទទួលយកក្លាយជាបន្ទុកស្ត្រីនោះ។
ប្រធានអង្គការសីលកា អ្នកស្រី ធីតា ឃឹះ ថ្លែងថា ការបង្កើតច្បាប់ដើម្បីគ្រប់គ្រងសេវាកម្មនេះ គួរតែសិក្សាឲ្យបានស៊ីជម្រៅពីផលប៉ះពាល់ ហើយផ្សព្វផ្សាយដល់ពលរដ្ឋឲ្យបានទូលំទូលាយ៖ «ពេលដែលគេរៀបចំឲ្យមានសេវាហ្នឹង! កូនដែលគេយកមកបង្កើតដោយខ្ចីពោះស្ត្រីខ្មែរពហ្នឹង អាចយកចេញពីស្រុកទៅបានដោយត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីចេញ visa passport ឲ្យកូនហ្នឹងទៅបាន ហើយឥឡូវនេះ បើសិនណាច្បាប់អត់ចេញប្រហែលជាមានការលំបាក»។
ក្រសួងសុខាភិបាល ធ្លាប់ជួបប្រជុំជាមួយតំណាងក្រសួងកិច្ចការនារី ក្រសួងមហាផ្ទៃ សមាជិករបស់អង្គការមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) តំណាងរដ្ឋាភិបាលអូស្រ្តាលី និងសហរដ្ឋអាមេរិក ដើម្បីពិភាក្សាពីការពពោះជំនួស។ ប៉ុន្តែព័ត៌មានលម្អិត ឬការប្រកាសផ្ទាល់មាត់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល លើវិធានការនេះមិនទាន់ប្រកាសឲ្យបានទូលំទូលាយនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
