រដ្ឋាភិបាលបានយល់ព្រមចំពោះទស្សនកិច្ចរបស់បេសកកម្មពិសេសរបស់អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi)។
យោងតាមការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សប្រចាំកម្ពុជា បានឲ្យកាសែតក្នុងស្រុកឈ្មោះ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដឹងថា លោក ស៊ូប៊ែឌី គ្រោងធ្វើទស្សនកិច្ចរយៈពេល ៨ថ្ងៃ នៅខែឧសភា ខាងមុខនេះ ដែលជាទស្សនកិច្ចលើកទី៩ហើយនៅប្រទេសកម្ពុជា។
គោលបំណងនៃទស្សនកិច្ចរបស់លោកលើកនេះ គឺផ្ដោតលើការពិនិត្យទៅលើអ្វីដែលលោកបានផ្ដល់យោបល់ និងបានលើកឡើងពីមុន ព្រមទាំងពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាល សង្គមស៊ីវិល និងការលើកកម្ពស់សិទ្ធិមនុស្សនៅប្រទេសកម្ពុជា ផងដែរ។
លោក សុរិយា ស៊ូប៊ែឌី ធ្លាប់បានចេញរបាយការណ៍ចំនួនពីរ ទាក់ទងនឹងដីសម្បទានសេដ្ឋកិច្ច និងប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ហើយរដ្ឋាភិបាលបានរិះគន់យ៉ាងខ្លាំងចំពោះរបាយការណ៍នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
