លោក ស៊ូប៊ែឌី នឹង​មក​បំពេញ​បេសកកម្ម​លើក​ទី៩​នៅ​កម្ពុជា

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) នឹង​មក​ដល់​កម្ពុជា នៅ​យប់​ថ្ងៃ​អាទិត្យ ទី១៩ ខែ​ឧសភា ដើម្បី​ចាប់​ផ្ដើម​បេសកកម្ម​លើក​ទី​៩ របស់​លោក។

0:00 / 0:00

នៅ​ក្នុង​រយៈពេល ៨​ថ្ងៃ​នៃ​បេសកកម្ម​លើក​នេះ លោក​នឹង​ស្វែង​យល់​ពី​វឌ្ឍនភាព​ក្នុង​ការ​អនុវត្ត​អនុសាសន៍​ទាំង​ឡាយ​ដែល​មាន​នៅ​ក្នុង​របាយការណ៍​ជា​លទ្ធផល​នៃ​បេសកកម្ម​មក​កម្ពុជា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ កន្លង​ទៅ ស្ដីពី​ប្រព័ន្ធ​តុលាការ កំណែ​ទម្រង់​សភា ប្រព័ន្ធ​បោះឆ្នោត និង​សម្បទាន​ដី​សេដ្ឋកិច្ច។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ រំពឹង​ទុក​ថា ក្នុង​បេសកកម្ម​លើក​ទី​៩ នឹង​ជួយ​ក្នុង​ការ​បង្កើត​បរិយាកាស​ងាយ​ស្រួល​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ចេញ​ថ្ងៃ​ទី​១៤ ខែ​ឧសភា បាន​អោយ​ដឹង​ថា បេសកកម្ម​របស់​លោក ស៊ូប៊ែឌី ដែល​ធ្វើ​ឡើង​នៅ​មុន​ថ្ងៃ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ដែល​អ្នក​រាយការណ៍​ពិសេស​រូប​នេះ ចាត់​ទុក​ថា​ជា​ឱកាស​មួយ​យ៉ាង​សំខាន់​ក្នុង​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ។

លោក ស៊ូប៊ែឌី បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា នេះ​ជា​ពេល​វេលា​ដែល​ត្រូវ​បញ្ចប់​ការ​វាយ​តម្លៃ​អំពី​វឌ្ឍនភាព សិទ្ធិ​មនុស្ស និង​បញ្ហា​ប្រឈម​នានា៖ «២​ទសវត្សរ៍​បាន​កន្លង​ផុត​ទៅ ចាប់​តាំង​ពី​មាន​ការ​អនុម័ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​បាន​ពង្រឹង​ដំណើរ​ការ​សន្តិភាព​នៅ​កម្ពុជា។ ដល់​ពេល​ដែល​ត្រូវ​ពិនិត្យ​វាយ​តម្លៃ​ពី​វឌ្ឍនភាព​ក្នុង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ និង​ការ​ផ្ដោត​លើ​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់»

អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ប្រចាំ​នៅ​កម្ពុជា លោក សុរិយា សូប៊ែឌី បាន​ចេញ​របាយការណ៍​ផ្ដល់​អនុសាសន៍​ជាច្រើន​ចំណុច​អំពី​ភាព​ចាំបាច់​ត្រូវ​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប នោះ មាន​ដូច​ជា ប្រធាន គ.ជ.ប ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត ត្រូវ​តែ​មាន​ភាព​ឯករាជ្យ និង​ត្រូវ​តែ​បញ្ចូល​តំណាង​មក​ពី​គ្រប់​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ដើម្បី​ការ​បោះឆ្នោត​នោះ​អាច​ទទួល​យក​បាន។ គ្រប់​គណបក្ស​ទាំងអស់ ត្រូវ​តែ​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដោយ​គ្មាន​ការ​ភ័យ​ខ្លាច និង​រារាំង។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ទេព នីថា មាន​ប្រសាសន៍​ថា គ.ជ.ប បាន​អនុវត្ត​តាម​អនុសាសន៍​មួយ​ចំនួន​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ។ លោក ទេព នីថា បញ្ជាក់​ថា ចំណុច​នៅ​សេសសល់ គឺ​ជា​បញ្ហា​ដែល​មិន​មែន​ជា​តួនាទី​របស់ គ.ជ.ប ឡើយ។

លោក ទេព នីថា៖ «ហាម​ឃាត់​មន្ត្រី​រាជការ​មិន​អោយ​ប្រើប្រាស់​សម្ភារៈ ពេល​វេលា​របស់​រដ្ឋ មិន​អោយ​ធ្វើ​នយោបាយ គ.ជ.ប ហាម​តាំង​ពី​យូរ ច្បាប់​អី​ក៏​មាន​ទាំងអស់។ មួយ​ទៀត ទាក់ទង​នឹង​ការ​អប់រំ ទាក់ទង​ការ​បោះឆ្នោត យើង​បាន​ធ្វើ​ហើយ តាំង​ពី​មុន​គាត់​ស្នើ​ហ្នឹង​ទៅ​ទៀត។ ដោយ​ឡែក​ទាក់ទង​ខាង​រដ្ឋាភិបាល បាន​រៀប​ចំ​សមាស​បន្ថែម​ដល់ គ.ជ.ប តើ។ នេះ​ខ្ញុំ​និយាយ​ទាក់ទង​ក្នុង​រង្វង់ គ.ជ.ប ទេ។ ទាក់ទង​ទៅ​រឿង​ផ្សេង​ទៀត ឧទាហរណ៍​ថា គាត់​ស្នើ​អោយ​ឯកឧត្តម សម រង្ស៊ី អោយ​ត្រឡប់​មក​វិញ​ដូច​ជា​មិន​មែន​សមត្ថភាព គ.ជ.ប»

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្រ្វែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ការ​សិក្សា​ពី​ផ្លូវ​ច្បាប់​នៅ​ពុំ​មាន​ចំណុច​ដែល​រាំង​ស្ទះ​ដល់​ការ​ផ្លាស់​ប្ដូរ​សមាសភាព គ.ជ.ប ទៅ​តាម​អនុសាសន៍​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ឡើយ។

លោក គល់ បញ្ញា៖ «វា​ដូច​អត់​មាន​បញ្ហា​ផ្លូវ​ច្បាប់​អី​ដែល​គាត់​មិន​អាច​អោយ​គណបក្ស​នយោបាយ​ចូលរួម​ក្នុង​ការ​ជ្រើស​រើស។ គាត់​អាច​មាន​សមត្ថកិច្ច​ក្នុង​ការ​ធ្វើ​កិច្ចការ​ហ្នឹង ប៉ិន គ.ជ.ប នៅ​តែ​លើក​បញ្ហា​ច្បាប់ តែ​យើង​រក​មិន​ឃើញ​ច្បាប់​ត្រង់​ណា​ដែល​គេ​ហាម​ឃាត់​សោះ។ ឥឡូវ​នេះ យើង​កំពុង​ធ្វើ​ការងារ​ដើម្បី​ពង្រឹង​ធ្វើ​ម៉េច​អោយ​មាន​ការ​រៀបចំ​រចនាសម្ព័ន្ធ​ថ្នាក់​ឃុំ និង​ថ្នាក់​ការិយាល័យ និង​អោយ​មាន​ការ​ចូលរួម​របស់​គណបក្ស​នយោបាយ ហី​យើង​កំពុង​ជជែក​ជាមួយ គ.ជ.ប ដើម្បី​ធ្វើ​កិច្ចការ​ហ្នឹង»

តាម​កម្មវិធី​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក សុរិយា ស៊ូប៊ែឌី គ្រោង​នឹង​ចូល​គាល់​ព្រះមហាក្សត្រ ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្នាក់​ដឹក​នាំ​សំខាន់ៗ​ដទៃ​ទៀត​នៃ​រដ្ឋាភិបាល សមាជិក​សភា តុលាការ តំណាង​អង្គការ​សង្គម​ស៊ីវិល សកម្មជន​សិទ្ធិ​មនុស្ស និង​សហគមន៍​អ្នក​ផ្ដល់​ជំនួយ។ ក្នុង​នោះ​ដែរ លោក ស៊ូប៊ែឌី គ្រោង​នឹង​ជួប គ.ជ.ប នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។