សមាគម​គ្រូ​នៅ​កំពង់ឆ្នាំង​និង​ពោធិ៍សាត់​អះអាង​ថា​រង​ការ​គំរាម​មិន​ឲ្យ​ធ្វើ​កូដកម្ម

ក្រុម​គ្រូ​បង្រៀន និង​ជា​សមាជិក​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់ មិន​ទាន់​មាន​ជំហរ​ច្បាស់​លាស់​នៅ​ឡើយ​ទាក់ទង​នឹង​ការ​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​ចំនួន ១​លាន​រៀល​សម្រាប់​គ្រូ​បង្រៀន។

0:00 / 0:00

សមាជិក និង​សកម្មជន​របស់​សមាគម​នេះ បាន​រង​នូវ​ការ​គំរាម​កំហែង​ផ្ទួនៗ​បន្ទាប់​ពី​ស្ថានការណ៍​នយោបាយ​តានតឹង និង​មាន​ការ​បង្ក្រាប​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ទាំង​កម្រោល​ទៅ​លើ​កម្មករ​រោងចក្រ ដែល​ធ្វើ​បាតុកម្ម​ទាមទារ​សុំ​ដំឡើង​ប្រាក់​ខែ​កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា កន្លង​មក​នេះ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ប្រចាំ​ខេត្ត​ទាំង​ពីរ នៅ​ថ្ងៃ​ទី​៩ ខែ​មករា បាន​ចោទ​ប្រកាន់​អាជ្ញាធរ និង​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​អប់រំ​មួយ​ចំនួន ថា​មាន​ការ​រឹតត្បិត និង​គំរាម​កំហែង​បំបាក់​ស្មារតី​ទៅ​លើ​ក្រុម​គ្រូ​បង្រៀន ជាពិសេស​សកម្មជន​របស់​សមាគម​មិន​ឲ្យ​ហ៊ាន​ងើប​ឡើង​តវ៉ា ដើម្បី​ទាមទារ​សិទ្ធិ និង​ប្រាក់​ខែ​សមរម្យ​របស់​ខ្លួន។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ជួន ចាំ មាន​ប្រសាសន៍​ថា ក្រុម​គ្រូ​បង្រៀន និង​សកម្មជន​របស់​លោក​មួយ​ចំនួន​មាន​ការ​ភ័យ​ខ្លាច បន្ទាប់​ពី​ខាង​ស្នងការ​នគរបាល​ខេត្ត កោះ​ហៅ​លោក​ទៅ​សួរ​នាំ​ទាក់ទង​នឹង​រឿង​ធ្វើ​បាតុកម្ម និង​ការ​ញុះញង់​ផ្សេងៗ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មករា រួច​មក។ លោក​បន្ត​ថា ចំពោះ​កាល​បរិច្ឆេទ​នៃ​ការ​ធ្វើ​កូដកម្ម​ទាមទារ​សុំ​ដំឡើង​ប្រាក់ លោក​មិន​ទាន់​កំណត់​នៅ​ឡើយ ប៉ុន្តែ​លោក​រង់ចាំ​មើល​សកម្មភាព​ធ្វើ​កូដកម្ម​របស់​គ្រូ​បង្រៀន​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​ធំៗ​មួយ​ចំនួន ដូច​ជា ខេត្ត​កណ្ដាល កំពង់ចាម និង​រាជធានី​ភ្នំពេញ ជា​មុន​សិន ទើប​ខេត្ត​កំពង់ឆ្នាំង ធ្វើ​តាម​ក្រោយ៖ «មាន​ការ​គំរាម​កំហែង អ៊ីចឹង​គ្រាន់​តែ​សមាជិក​ហ្នឹង​បាក់​ខ្លបខ្លាច ជាពិសេស​អ្នក​ដែល​ចូល​មុន​គេ​ថា​ចូល​រួម​ច្រើន​ណាស់​គម្រោង​ធ្វើ​ហ្នឹង ១០០​នាក់ សុរាម្រិត។ អត់​ទាន់​ដឹង​ប្រាកដ​ទេ ចាំ​មើល​សភាពការណ៍​បន្តិច​សិន ចាំ​មើល​បែប​រាង​ធូរ​ស្បើយ​បន្តិច»

ចំណែក​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ប្រចាំ​ខេត្ត​ពោធិ៍សាត់ អ្នកស្រី គឹម ដារ៉ានី បញ្ជាក់​ថា រយៈពេល​ចុង​ក្រោយ​នេះ សមាជិក​របស់​សមាគម រួម​ទាំង​រូប​អ្នកស្រី​ផ្ទាល់​ផង បាន​ទទួល​រង​នូវ​ការ​បំភិត​បំភ័យ​ពី​ជន​មិន​ស្គាល់​មុខ និង​ថ្នាក់​ដឹក​នាំ​ក្នុង​ស្ថាប័ន​អប់រំ​មួយ​ចំនួន​ទៀត។ អ្នកស្រី​ថា បើ​ទោះ​បី​ជា​នៅ​ខេត្ត​ពោធិ៍សាត់ មាន​សមាជិក​របស់​សមាគម​ជាង ៤០​នាក់ ក៏ប៉ុន្ដែ​ការ​ធ្វើ​កូដកម្ម​មិន​សូវ​ស្រុះ​គ្នា​ឡើយ ហើយ​កាន់​តែ​មាន​ភាព​ភ័យ​ខ្លាច បន្ទាប់​ពី​ក្រសួង​អប់រំ ចេញ​សេចក្ដី​ណែនាំ​ស្ដី​អំពី​ការ​ពង្រឹង​ការ​អនុវត្ត​កាតព្វកិច្ច​របស់​បុគ្គលិក​អប់រំ ដែល​អ្នកស្រី​ចាត់​ទុក​ថា​ជា​ការ​គំរាម​កំហែង​មក​លើ​ក្រុម​គ្រូ​បង្រៀន ដែល​មាន​គម្រោង​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​នោះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៩ ខែ​មករា។

យ៉ាង​ណា សេចក្ដី​ណែនាំ​កម្រាស់​បី​ទំព័រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា បាន​លើក​យក​មាត្រា​ច្បាប់ និង​ទណ្ឌកម្ម​ខាង​ផ្នែក​វិន័យ​របស់​បុគ្គលិក​អប់រំ​ជា​ច្រើន​ចំណុច មក​បញ្ជាក់​អំពី​ទណ្ឌកម្ម និង​ការ​ពិន័យ​ជា​ប្រាក់​ជាច្រើន​លាន​រៀល​ទៀត​ផង។ ខ្លឹមសារ​នៃ​សេចក្ដី​ណែនាំ​នោះ ក៏​បាន​បញ្ជាក់​ដែរ​ថា បុគ្គលិក​អប់រំ​ទាំងអស់​ត្រូវ​បង្កើន​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កាតព្វកិច្ច​របស់​ខ្លួន និង​ជៀសវាង​ការ​ញុះញង់ ឬ​ធ្វើ​កូដកម្ម​ខុស​ច្បាប់​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា សមាគម​លោក​មិន​បាន​ផ្លាស់​ប្ដូរ​ជំហរ​ក្នុង​ការ​ធ្វើ​កូដកម្ម ដើម្បី​ទាមទារ​ប្រាក់​ខែ​សមរម្យ​ជូន​គ្រូ​បង្រៀន​ឡើយ ហើយ​លោក​នឹង​ប្រកាស​ធ្វើ​កូដកម្ម​ដោយ​ចំហ​នៅ​ទូទាំង​ប្រទេស​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៖ «ឥឡូវ​ហ្នឹង​លោកគ្រូ​អ្នកគ្រូ​កំពុង​តែ​បន្ត​ធ្វើ​កូដកម្ម​ជា​បន្តបន្ទាប់​ហើយៗ​សមាគម​នឹង​ប្រកាស​ទៅ​ដល់​លោកគ្រូ​អ្នកគ្រូ​មួយ​ចំនួន ដែល​មិន​ទាន់​បាន​ធ្វើ យើង​នឹង​ប្រកាស​ជា​ចំហ​តែ​ម្ដង​ហើយ​បាទ»

មន្ត្រី​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ប្រចាំ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង តែង​តែ​ទទួល​រង​នូវ​ការ​រើសអើង និង​គំរាម​កំហែង​តាម​រូបភាព​ផ្សេងៗ​ពី​សំណាក់​អាជ្ញាធរ និង​ថ្នាក់​ដឹក​នាំ​មន្ទីរ ឬ​សាលា​របស់​ខ្លួន ចំពោះ​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​ពួក​គាត់ ក្នុង​ការ​ទាមទារ​សិទ្ធិ ឬ​ប្រាក់​បៀវត្ស​សមរម្យ​ជូន​គ្រូ​បង្រៀន​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។