គ្រូបង្រៀននៅសាលាបឋមសិក្សាមួយក្នុងស្រុកកំពង់ត្រឡាច បានបញ្ជាក់នៅថ្ងៃទី១២ ខែមករា ថា នាយករបស់ខ្លួនបានពាំនាំពាក្យសម្ដីរបស់ប្រធានការិយាល័យអប់រំស្រុកកំពង់ត្រឡាច លោក ធន់ នៅ មកប្រជុំផ្សព្វផ្សាយដល់ពួកគាត់កាលពីព្រឹកថ្ងៃទី១០ ខែមករា ថា គ្រូបង្រៀនគ្រប់កម្រិតទាំងអស់នៅទូទាំងស្រុកកំពង់ត្រឡាច មិនត្រូវចូលរួមធ្វើកូដកម្មជាមួយនឹងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យឡើយ ហើយត្រូវបញ្ឈប់ការបង្រៀន ឬនិយាយអំពីបញ្ហាបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ឬកោះត្រល់តទៅទៀត បើមិនដូច្នោះទេ ពួកគាត់នឹងត្រូវលប់ឈ្មោះចេញពីបញ្ជីគ្រូបង្រៀនជាក់ជាមិនខាន។
គ្រូបង្រៀនដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះឲ្យដឹងស្រដៀងគ្នាថា ក្រោយពីការព្រមានរបស់ប្រធានការិយាល័យអប់រំស្រុករួចមក មានគ្រូបង្រៀនជាច្រើននាក់ មកពីបណ្ដាសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យមួយចំនួន ក្នុងស្រុកកំពង់ត្រឡាច បានប្រតិកម្មនិងរិះគន់ធ្ងន់ៗថា ក្រសួងអប់រំនិងមន្ត្រីក្រោមឱវាទ ព្រមទាំងរាជរដ្ឋាភិបាលផង ចង់បំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់គ្រូបង្រៀន និងមិនចង់ឲ្យកូនខ្មែរយល់ដឹងអំពីប្រវត្តិសាស្ត្រពិតប្រាកដរបស់ខ្លួន។
គ្រូសុំមិនបញ្ចេញឈ្មោះ៖ «ប្រាប់ថាឥឡូវគេលែងឲ្យបង្រៀនទាក់ទងនឹងប្រវត្តិសាស្ត្រយួនយកទឹកដីខ្មែរ ការបាត់បង់កម្ពុជាក្រោម ហើយយួនចូលមកដល់ដីខ្មែរ ទ័ពយួនមានច្រើនណាស់ អ៊ីចឹងយើងធ្វើអីក៏មិនឈ្នះគេដែរ។ មិនឲ្យលោកគ្រូអ្នកគ្រូហ្នឹងបង្រៀនអំពីប្រវត្តិសាស្ត្រថាយួនហ្នឹងយកដឹកដីខ្មែរយើងទេ ឲ្យនិយាយថា យួនគឺជាអ្នកចម្បាំងទី៤នៅលើពិភពលោក។ បើគ្រូណាហ៊ានចូលធ្វើបាតុកម្ម ឬកូដកម្ម នឹងមានការដកចេញពីក្រសួងអប់រំ ហើយបើគ្រូណាដឹកនាំតាម រ៉ុង ឈុន ឲ្យទៅបើកប្រាក់ខែនៅ រ៉ុង ឈុន ហើយទៅនៅជាមួយ រ៉ុង ឈុន ទៅ»។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទងជាច្រើនដងទៅប្រធានការិយាល័យអប់រំស្រុកកំពង់ត្រឡាច លោក ធន់ នៅ ដើម្បីសុំការអត្ថាធិប្បាយជុំវិញការចោទប្រកាន់នេះ ក៏ប៉ុន្តែពុំមានអ្នកទទួលទូរស័ព្ទឡើយនៅថ្ងៃទី១២ ខែមករា។ ចំណែកប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពង់ឆ្នាំង លោក ពេជ្រ សំបូរ ក៏មិនបានអត្ថាធិប្បាយអ្វីច្រើនដែរជុំវិញបញ្ហានេះ ប៉ុន្តែលោកបញ្ជាក់ថា កម្មវិធីសិក្សាផ្នែកប្រវត្តិសាស្ត្រនេះនៅតែបន្តមានជាធម្មតាសម្រាប់ថ្នាក់មធ្យមសិក្សា។
ទាក់ទងនឹងបញ្ហានេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា ការប្រកាសមិនឲ្យគ្រូបង្រៀន ឬនិយាយរឿងប្រវត្តិសាស្ត្រទាក់ទងនឹងការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ឬកោះត្រល់ជាដើម គឺជារឿងមិនត្រឹមត្រូវឡើយ។
លោកបន្តថា បើទោះបីជានៅក្នុងកម្មវិធីសិក្សាផ្នែកប្រវត្តិសាស្ត្រទាក់ទងនឹងការបាត់បង់ទឹកដីនេះបានដាក់បញ្ចូលនៅក្នុងកម្មវិធីចាប់ពីកម្រិតមធ្យមសិក្សាពិតមែន ក៏ប៉ុន្តែមេរៀនទាំងនោះមិនបានលើកឡើងស៊ីជម្រៅឡើយ៖ «សូមឲ្យលោកប្រធានការិយាល័យហ្នឹងត្រូវតែគិតមើលឡើងវិញ ពីព្រោះយើងត្រូវបណ្ដុះបណ្ដាលកូនខ្មែរយើងឲ្យស្គាល់អំពីប្រវត្តិខ្លួនឲ្យបានច្បាស់ថា តើអ្នកណារំលោភបំពានយកទឹកដីរបស់យើងទាំងអស់គ្នាហ្នឹង មិនមែនកម្មសិទ្ធិរបស់បុគ្គលណាមួយទេ ហើយរឿងអីដែលត្រូវហាមឃាត់...»។
ចាប់តាំងពីក្រោយបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥មក គេសង្កេតឃើញមានអាជ្ញាធរ និងមន្ត្រីថ្នាក់ដឹកនាំស្ថាប័នអប់រំបានចេញសេចក្ដីណែនាំ និងព្រមានជាបន្តបន្ទាប់ដល់ក្រុមគ្រូបង្រៀន ជាពិសេសសមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ទាក់ទងនឹងការធ្វើកូដកម្មសុំដំឡើងប្រាក់ខែ ១លានរៀលសម្រាប់គ្រូបង្រៀន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
