ក្ដី​បារម្ភ​ចំពោះ​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី​មក​កម្ពុជា

0:00 / 0:00

សារព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះ​ផ្សាយ​ថា កិច្ច​ព្រមព្រៀង​ទទួល​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី មក​កម្ពុជា ថា​អាច​នឹង​មាន​ចុះ​ហត្ថលេខា​ឆាប់ៗ​នេះ​ជា​សម្ងាត់។ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​ជួយ​គាំទ្រ​ដល់​ជន​ភៀស​ខ្លួន​នៅ​កម្ពុជា លើក​ឡើង​នៅ​ថ្ងៃ​ទី​១៦ សីហា ថា គ្មាន​ហេតុផល​ណា​មួយ​ដែល​កម្ពុជា ត្រូវ​ចុះ​កិច្ច​ព្រមព្រៀង​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី ឡើយ។

វា​ជា​រឿង​ដ៏​ចម្លែក​នៅ​ពេល​ដែល​ប្រទេស​មួយ​ប្រកាស​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​បរទេស ស្រប​ពេល​ប្រទេស​នេះ​មិន​អាច​ធានា​បាន​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​របស់​ខ្លួន។

កាសែត ឌឹ ស៊ីដនី ម៉នីង (The Sydney Morning Herald) ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១២ សីហា បាន​សរសេរ​ថា កិច្ច​ព្រមព្រៀង​ទទួល​យក​ជន​ភៀស​ខ្លួន​របស់​អូស្ត្រាលី មក​កម្ពុជា អាច​នឹង​ចុះ​ហត្ថលេខា​ជា​សម្ងាត់​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ទោះ​បី​ជា​មាន​ការ​តវ៉ា​ប្រឆាំង​លើ​កិច្ច​ព្រមព្រៀង​នេះ​ច្រើន​យ៉ាង​ណា​ក៏ដោយ។ ជន​ភៀស​ខ្លួន​ដែល​គ្រោង​នឹង​បញ្ជូន​មក​នោះ មាន​ចំនួន ១​ពាន់​នាក់។

អង្គការ​សហប្រជាជាតិ និង​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជាច្រើន បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី ពាក់ព័ន្ធ​នឹង​ការ​ធានា​ឲ្យ​បាន​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ជន​ភៀស​ខ្លួន​ទាំង​នោះ នៅ​ពេល​បញ្ជូន​មក​រស់នៅ​ប្រទេស​កម្ពុជា។ បន្ថែម​លើ​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ជួយ​គាំពារ​ដល់​ជន​ភៀស​ខ្លួន​យល់​ថា ប្រទេស​កម្ពុជា មាន​លទ្ធភាព​តិចតួច​ប៉ុណ្ណោះ​ក្នុង​ការ​ទទួល​បាន​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី។

នាយក​អង្គការ ជី.អ.អែស (JRS) ដែល​ផ្ដល់​សេវា​គាំទ្រ​ដល់​ជន​ភៀស​ខ្លួន អ្នកស្រី ដែននីស ហ្កតឡែន (Denis Coghlan) មាន​ប្រសាសន៍​ថា គ្មាន​ហេតុផល​ណា​មួយ​ដែល​ប្រទេស​កម្ពុជា ត្រូវ​ចុះ​កិច្ច​ព្រមព្រៀង​ទទួល​យក​ជន​ភៀស​ខ្លួន ព្រោះ កម្ពុជា ជា​ប្រទេស​ក្រីក្រ​ដែល​មិន​អាច​ផ្ដល់​សិទ្ធិ​ជ្រកកោន​ដល់​ប្រជាពលរដ្ឋ​ណា​មួយ​ត្រង់​បរិមាណ​ច្រើន​នោះ​ទេ។

អ្នកស្រី​បញ្ជាក់​ថា បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​អូស្ត្រាលី មិន​ទាន់​បាន​ចុះ​កិច្ច​ព្រមព្រៀង​ទទួល​ជន​ភៀស​ខ្លួន​ពី​ប្រទេស​អូស្ត្រាលី ឡើយ។ ប៉ុន្តែ បើ​ប្រទេស​ទាំង​ពីរ​ឈាន​ដល់​ការ​ចុះ​កិច្ច​ព្រមព្រៀង​ពិត​ប្រាកដ​មែន​នោះ គឺ​ជា​រឿង​មួយ​ដ៏​ចម្លែក៖ «ខ្ញុំ​គិត​ថា រដ្ឋាភិបាល​កម្ពុជា ចេតនា​នឹង​ផ្ដល់​ការ​ជ្រកកោន គឺ​ជា​រឿង​មួយ​ដែល​ខ្ញុំ​សប្បាយ​ចិត្ត ប៉ុន្តែ​ប្រទេស​អូស្ត្រាលី វិញ ខ្ញុំ​គិត​ថា គឺ​ជា​រឿង​ចម្លែក»

ក្រៅ​ពី​នេះ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជាច្រើន​ទៀត ធ្លាប់​បាន​ផ្ដល់​យោបល់​ដល់​ប្រទេស​កម្ពុជា ពុំ​គួរ​ទទួល​យក​ជន​ភៀស​ខ្លួន​តាម​រយៈ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​អូស្ត្រាលី ឡើយ។ ប៉ុន្តែ​បើ​រដ្ឋាភិបាល​កម្ពុជា មាន​បំណង​ទទួល​យក​ជន​ភៀស​ខ្លួន​នោះ គឺ​ទទួល​ត្រឹម​តែ​អ្នក​ណា​ដែល​ស្ម័គ្រ​ចិត្ត​មក​កម្ពុជា តែ​ប៉ុណ្ណោះ។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទាំង​នោះ បាន​លើក​ហេតុផល​ថា ប្រទេស​កម្ពុជា មិន​អាច​ផ្ដល់​ការ​ការពារ និង​សេវា​នានា គាំទ្រ​ដល់​ជន​ភៀស​ខ្លួន​បាន​គ្រប់គ្រាន់​នោះ​ទេ។ ជាក់ស្ដែង ជន​ភៀស​ខ្លួន​មួយ​ចំនួន​ដែល​កំពុង​រស់នៅ​កម្ពុជា បច្ចុប្បន្ន មាន​ជីវភាព​ខ្វះខាត​ពុំ​អនុញ្ញាត​ឲ្យ​មាន​ការងារ​ធ្វើ និង​ត្រូវ​បង្ខំ​ចិត្ត​រស់នៅ​យ៉ាង​លំបាក។

អង្គការ​ទាំង​នោះ​បាន​អះអាង​ថា បញ្ហា​បញ្ជូន​ជន​ភៀស​ខ្លួន​មាន​រឿងរ៉ាវ​ជាច្រើន​ដែល​លាក់​បាំង​ពី​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ។ សារព័ត៌មាន​របស់​អូស្ត្រាលី ធ្លាប់​បាន​រាយការណ៍​ថា រដ្ឋាភិបាល​អូស្ត្រាលី បាន​សន្យា​ផ្ដល់​ទឹក​ប្រាក់​ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជា​ជំនួយ​អភិវឌ្ឍន៍ ដើម្បី​ប្ដូរ​ការ​ផ្ដល់​ជម្រក​ដល់​ជន​ភៀស​ខ្លួន​ទាំង​នោះ ប៉ុន្តែ​ការ​លើក​ឡើង​នោះ​ធ្លាប់​ត្រូវ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក កុយ គួង បដិសេធ។ បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​ជន​ភៀស​ខ្លួន​ចំនួន ៦៨​នាក់ ដែល​បាន​ចុះ​បញ្ជី និង ១២​នាក់ ជា​អ្នក​សុំ​សិទ្ធិ​ជ្រកកោន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។