មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ឲ្យដឹងនៅថ្ងៃទី១៣ មីនា ថា ជនភៀសខ្លួនពីកោះណាវរូ (Nauru) មកនៅកម្ពុជា នោះ ពុំមានបញ្ហាលំបាកអ្វីទេ ព្រោះថា ជនភៀសខ្លួនទាំងនេះមានសិទ្ធិសេរីភាពពេញលេញ និងទទួលបានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល។
ការថ្លែងរបស់មន្ត្រីអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ នេះ បន្ទាប់ពីជនភៀសខ្លួនចំនួន ២នាក់ កំពុងបន្តរស់នៅកម្ពុជា ថ្លែងប្រាប់សារព័ត៌មានបរទេសមួយអំពីទុក្ខលំបាករបស់ខ្លួន ក្រោយពីជនភៀសខ្លួនចំនួន ៣នាក់ផ្សេងទៀត បានចាកចេញពីកម្ពុជា ទៅប្រទេសកំណើតវិញជាបន្តបន្ទាប់នាពេលថ្មីៗនេះ ក្រោយពីត្រូវបានរដ្ឋាភិបាលអូស្ត្រាលី បញ្ជូនឲ្យមករស់នៅកម្ពុជា អស់រយៈពេលជិតមួយឆ្នាំមក។
ជនភៀសខ្លួនម្នាក់ក្នុងចំណោមពីរនាក់ដែលបន្តរស់នៅកម្ពុជា បានរៀបរាប់ពីទុក្ខលំបាករបស់ខ្លួនក្នុងបទសម្ភាសន៍ផ្ដាច់មុខមួយជាមួយសារព័ត៌មាន ហ្វ៊ែរហ្វេក្ស មីឌា (Fairfax Media) ហើយត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានអូស្ត្រាលី ឌឺ ស៊ីដនី ម៉័រនីង ហេរ៉ាដ៍ (The Sydney Morning Herald) នៅថ្ងៃទី១៣ ខែមីនា ថា ពួកគេកំពុងប្រឈមនឹងការលំបាកក្នុងការរស់នៅ។
ការរៀបរាប់ពីទុក្ខលំបាកនៃការចាប់ផ្ដើមជីវិតនៅកម្ពុជា របស់ជនភៀសខ្លួនរូបនេះ គឺនៅបន្ទាប់ពីជនភៀសខ្លួនពីកោះណាវរូ (Nauru) សរុប ៣នាក់ បានសម្រេចចិត្តចាកចេញពីប្រទេសកម្ពុជា ត្រឡប់ទៅប្រទេសកំណើតរៀងៗខ្លួនវិញជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះ។
ជនភៀសខ្លួនដែលផ្ដល់បទសម្ភាសន៍នោះ គឺលោក ម៉ូហាម៉ាត់ រ៉ូហ្ស៊ីដ (Mohammed Roshid) វ័យ ២៦ឆ្នាំ ជាជនជាតិរ៉ូហ៊ីងយ៉ា (Rohingya) កាន់សាសនាអ៊ីស្លាម។ លោក ម៉ូហាម៉ាត់ រ៉ូហ្ស៊ីដ (Mohammed Roshid) ត្រូវបានសារព័ត៌មាន ហ្វ៊ែរហ្វេក្ស មីឌា (Fairfax Media) ស្រង់សម្ដីថា លោកមានអារម្មណ៍ឯកោ ហើយខ្លាចស្លាប់នៅកម្ពុជា។ លោកថ្លែងក្នុងបទសម្ភាសន៍នោះថា រូបលោកមានជំងឺសួតធ្ងន់ធ្ងរ មានបញ្ហាតម្រងនោម និងមានជំងឺផ្លូវដង្ហើមតាំងពីពេលលោកទៅដល់កោះណាវរូ (Nauru) កាលពីឆ្នាំ២០១៣ ហើយបានធ្លាក់ខ្លួនឈឺកាលពីសប្ដាហ៍មុន និងបានព្យាយាមទាក់ទងតាមទូរស័ព្ទទៅមន្ត្រីចំនួន ៥នាក់ នៃអង្គការទេសន្តរប្រវេសក៍អន្តរជាតិ ឬហៅកាត់ថា អាយ.អូ.អិម (IOM) ប៉ុន្តែមិនទទួលបានការឆ្លើយតបភ្លាមៗនោះទេ។ លោករៀបរាប់ថា ទីបំផុត លោកត្រូវបានមិត្តភ័ក្ដិជាជនជាតិរ៉ូហ៊ីងយ៉ា (Rohingya) ដូចគ្នាម្នាក់ដែលរស់នៅកម្ពុជា អស់រយៈពេល ៨ឆ្នាំ នាំទៅមន្ទីរពេទ្យដើម្បីព្យាបាល។
មិត្តភ័ក្ដិរបស់ លោក ម៉ូហាម៉ាត់ រ៉ូហ្ស៊ីដ (Mohammed Roshid) បានប្រាប់សារព័ត៌មាន ហ្វ៊ែរហ្វេក្ស មីឌា (Fairfax Media) ថា គ្រូពេទ្យតម្រូវឲ្យ លោក រ៉ូហ្ស៊ីដ សម្រាកព្យាបាលនៅមន្ទីរពេទ្យពី ៧ ទៅ ១០ថ្ងៃ ប៉ុន្តែគ្រូពេទ្យបានប្រាប់លោកថា ខាងអង្គការទេសន្តរប្រវេសក៍អន្តរជាតិ (IOM) ប្រាប់គ្រូពេទ្យថា ការសម្រាកព្យាបាលបីថ្ងៃគ្រប់គ្រាន់ហើយសម្រាប់ លោក រ៉ូហ្ស៊ីដ ហើយថា លោក រ៉ូហ្ស៊ីដ ត្រូវត្រឡប់ទៅស្នាក់នៅការិយាល័យនៃអង្គការ អាយ.អូ.អិម វិញ។
ក្នុងបទសម្ភាសន៍ផ្ដាច់មុខនោះ លោក ម៉ូហាម៉ាត់ រ៉ូហ្ស៊ីដ (Mohammed Roshid) លើកឡើងថា ទំនាក់ទំនងរវាងរូបលោក និងអង្គការទេសន្តរប្រវេសក៍អន្តរជាតិ ចាប់ផ្ដើមរកាំរកូសនៅពេលលោកមកដល់កម្ពុជា បាន ៣ខែប៉ុណ្ណោះ។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ប្រសិនបើជនភៀសខ្លួននោះជួបប្រទះការលំបាកដូចការរៀបរាប់ប្រាប់សារព័ត៌មានបរទេសនោះមែន ស្ថានភាពនេះកាន់តែឆ្លុះបញ្ចាំងថា កម្ពុជា មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលយកជនភៀសខ្លួននៅឡើយ៖ « អ៊ីចឹងហើយបានជាកន្លងមក យើងជាសង្គមស៊ីវិល យើងគិតថា ប្រទេសកម្ពុជា យើងមិនទាន់ដល់ពេលដែលត្រូវទទួលយកជនភៀសខ្លួនទេ ពីព្រោះប្រទេសកម្ពុជា មិនទាន់បានបំពេញនូវកាតព្វកិច្ចសម្រាប់ប្រជាពលរដ្ឋខ្លួនឯងផង ទាក់ទងនឹងវិស័យសិទ្ធិមនុស្ស សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋជាដើម ហើយទទួលគេមក នឹងអាចជួបបញ្ហានេះ បើសិនជាតាមអ្វីដែលសារព័ត៌មានបានលើកមែន។ រដ្ឋាភិបាលត្រូវតែបន្ថែមនូវការយកចិត្តទុកដាក់សម្រាប់ពួកគេ ពីព្រោះយើងបានទទួលហើយ ហើយមានការទទួលជំនួយពីប្រទេសអូស្ត្រាលី ថែមទៀតផងនោះ »។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងអង្គការទេសន្តរប្រវេសក៍អន្តរជាតិ ឬហៅកាត់ថា អាយ.អូ.អិម ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបាននៅឡើយទេនៅថ្ងៃទី១៣ មីនា។
ទោះបីជាយ៉ាងណា អ្នកនាំពាក្យរបស់អង្គការ អាយ.អូ.អិម លោក ចូ ឡោវរី (Joe Lowry) ត្រូវបានសារព័ត៌មានអូស្ត្រាលី ឌឺ ស៊ីដនី ម៉័រនីង ហេរ៉ាដ៍ (The Sydney Morning Herald) ស្រង់សម្ដីថា អ្នកជំនាញរបស់អង្គការ អាយ.អូ.អិម តែងតែប្រាស្រ័យទាក់ទងជនភៀសខ្លួនដែលនៅសល់នោះជារៀងរាល់ថ្ងៃ រួមទាំងពេលមានករណីបន្ទាន់ផងដែរ។
ទាក់ទងរឿងនេះ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក គឹម សារិន មិនជឿថា ស្ថានភាពរបស់ជនភៀសខ្លួនទាំងពីរដែលនៅសល់ មានស្ថានភាពលំបាកដូចការរៀបរាប់ប្រាប់សារព័ត៌មាននោះទេ៖ « វាមានអង្គការដល់ទៅពីរឯណោះ អ្នកផ្ដល់សេវា។ ទី១ អាយ . អូ . អិម។ ទី២ គឺអង្គការ ជេ . អ . អេស (J.R.S) គាត់អ្នកផ្ដល់សេវា។ អ៊ីចឹងខ្ញុំមិនជឿថា វាមានលក្ខណៈលំបាកដូចគាត់និយាយទេ ព្រោះថា គាត់អាចដើរហើរទៅណាបាន តាមចិត្តគាត់ អត់មានពីណាឃាំងចិត្តគាត់បានទេ។ ជារួមទៅ រាល់ថ្ងៃហ្នឹង។ អ៊ីចឹងពេលគាត់ចង់ធ្វើអីដូចជាមិនមែនយ៉ាប់យ៉ឺនដល់ថ្នាក់ដូចអ្វីដែលគាត់និយាយទេ »។
លោកបញ្ជាក់ថា ជនភៀសខ្លួនអាចសុំជំនួយពីនាយកដ្ឋានជនភៀសខ្លួន ក្នុងករណីជួបប្រទះនឹងការលំបាកអ្វីមួយពាក់ព័ន្ធនឹងផ្លូវច្បាប់ និងការធ្វើសមាហរណកម្មខ្លួនចូលសង្គមកម្ពុជា ប៉ុន្តែពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុជាបន្ទុករបស់អង្គការ អាយ.អូ.អិម។
អង្គការនេះទទួលបានថវិកាប្រមាណ ១៥លានដុល្លារសហរដ្ឋអាមេរិក ពីរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ចាយវាយលើការថែទាំជនភៀសខ្លួនដែលយល់ព្រមមកកម្ពុជា ដោយផ្ដល់ថវិកាជាសាច់ប្រាក់ចំនួន ៨.០០០ដុល្លារអាមេរិកក្នុងម្នាក់ ផ្ដល់ទីជម្រកស្នាក់នៅ និងជួយបង្កើតអាជីវកម្មខ្នាតតូច ដើម្បីចាប់ផ្ដើមជីវិតថ្មីនៅលើដីកម្ពុជា។
ទឹកប្រាក់ ១៥លានដុល្លារនេះ ជាថវិកាបន្ថែមលើកញ្ចប់ជំនួយមានទឹកប្រាក់ ៤០លានដុល្លារសហរដ្ឋអាមេរិក ដែលរដ្ឋាភិបាលអូស្ត្រាលី ផ្ដល់ជូនរដ្ឋាភិបាលកម្ពុជា ជាថ្នូរនឹងកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួនដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៤។
យ៉ាងណាក៏ដោយ ជនភៀសខ្លួនឈ្មោះ ម៉ូហាម៉ាត់ រ៉ូហ្ស៊ីដ (Mohammed Roshid) បានប្រាប់សារព័ត៌មាន ហ្វ៊ែរហ្វេក្ស មីឌា (Fairfax Media) ថា រហូតមកដល់ពេលនេះ លោកទទួលបានថវិកាចំនួន ៤.០០០ដុល្លារសហរដ្ឋអាមេរិក ស្មើនឹងពាក់កណ្ដាលនៃទឹកប្រាក់ដែលបានសន្យា ប៉ុន្តែបានខាតបង់អស់ជិត ២.០០០ដុល្លារ ដោយសារការឆបោករបស់ឈ្មួញលក់ម៉ូតូម្នាក់ ហើយពេលលោកទៅប្ដឹងអាជ្ញាធរ ពួកគេប្រាប់ថា មិនអាចជួយបានទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
