កូនភ្លោះពីរនាក់ដែលជាសកម្មជនការពារបរិស្ថាន បានវិលត្រឡប់មកដល់កម្ពុជា វិញហើយនៅព្រឹកថ្ងៃទី២១ សីហា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អ្នកទាំងពីរបានចាកចេញពីស្រុកកំណើត ក្រោយពីឃាតកម្មលើលោកបណ្ឌិត កែម ឡី ប្រមាណ ៥ថ្ងៃ ហើយបានភៀសខ្លួនទៅស្នាក់នៅប្រទេសថៃ។
យុវជនទាំងពីរនាក់ដែលជាអ្នកស្រឡាញ់បរិស្ថាន បានធ្វើដំណើរឆ្ពោះទៅរាជធានីភ្នំពេញភ្លាមៗបន្ទាប់ពីពួកគេឈានជើងមកដល់ទឹកដីប្រទេសកំណើតរបស់ខ្លួនប្រមាណ ១ម៉ោង តាមច្រកអន្តរជាតិប៉ោយប៉ែត។
កូនភ្លោះពីរនាក់ គឺឈ្មោះ ជុំ ហួរ និង ជុំ ហួត ដែលជាបងប្អូនភ្លោះ ប្រាប់អាស៊ីសេរី តាមទូរស័ព្ទខណៈចូលមកដល់ទឹកដីខ្មែរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថា ពួកគេវិលមកកម្ពុជា វិញនេះ ជំហានដំបូង គឺទៅបន្តការងារគម្រោងចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) ក្នុងប្រទេសឡាវ ជាប់ខេត្តស្ទឹងត្រែង របស់កម្ពុជា។ អ្នកទាំងពីរអះអាងទៀតថា ជំហានបន្ទាប់ នឹងចូលរួមជាមួយសហគមន៍នានាដើម្បីទាមទារឲ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា៖ « គោលបំណងដែលយើងគ្រោងទៅ គឺប្រហែលជា ៣ថ្ងៃទៀត ហើយឥឡូវនេះយើងក៏មិនដឹងថា ការសាងសង់ទំនប់ដនសាហុងនោះរីកចម្រើនដល់ណានៅឡើយទេ »។
អាស៊ីសេរី ពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអ្នកនាំពាក្យអគ្គនាយកដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ ដើម្បីសុំការអត្ថាធិប្បាយជុំវិញពីការវិលត្រឡប់មកវិញរបស់យុវជនទាំងពីរនាក់បានទេ នៅថ្ងៃទី២១ សីហា។
ទោះបីជាយ៉ាងនេះក្ដី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ការវិលត្រឡប់មកកម្ពុជា វិញរបស់កូនភ្លោះទាំងពីរនាក់នៅពេលនេះ ហាក់ជារឿងមិនល្អជាឡើយ ដែលពួកគេគួរសិក្សាជាមួយអង្គការពាក់ព័ន្ធឲ្យល្អិតល្អន់ មុននឹងវិលត្រឡប់មកវិញ។ លោកពន្យល់ថា ប្រសិនបើយុវជនទាំងពីរនាក់បន្តការងារផ្នែកបរិស្ថាននៅខេត្តស្ទឹងត្រែង គឺពុំមានជាបញ្ហាចោទនោះទេ ក៏ប៉ុន្តែអ្វីដែលលោកព្រួយបារម្ភត្រង់ថា អ្នកទាំងពីរភៀសខ្លួនចេញពីស្រុកកំណើតចំពេលដែលកើតមានអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី៖ « អ៊ីចឹងបើសិនជាគាត់ពុំមានពាក់ព័ន្ធអីជាមួយនឹងការឃើញសាក្សីនៃឃាតកម្មលោកបណ្ឌិត កែម ឡី ទេ ប្រហែលជាគ្មានបញ្ហាអីធំដុំទេ។ ក៏ប៉ុន្តែប្រសិនជាមានស្គាល់មានអីដែលគាត់បានឆ្លើយប្រាប់គេពីមុនមក មុនដែលគាត់ចេញទៅ គាត់គួរតែកុំមកល្អជាង »។
លោកបណ្ឌិត មាស នី បញ្ជាក់ទៀតថា នេះជាបទពិសោធន៍មួយថ្មីសម្រាប់អង្គការពាក់ព័ន្ធក្នុងការពិចារណា មុននឹងសម្រេចចិត្តយកមនុស្សចេញទៅក្រៅប្រទេសនៅពេលក្រោយទៀត៖ « ខ្ញុំសុំឲ្យអ្នកពាក់ព័ន្ធនឹងការជួយយកមនុស្សចេញទៅនោះ ធ្វើការពិភាក្សាឲ្យបានល្អិតល្អន់សិន មុននឹងយកចេញទៅ ដើម្បីជៀសវាងកុំឲ្យជួបការលំបាកនៅពេលត្រឡប់មកស្រុកវិញនៅថ្ងៃក្រោយ »។
យុវជនទាំងពីរនាក់នេះ បានភៀសខ្លួនចេញក្រៅប្រទេសកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ គឺក្រោយពេលឃាតកម្មលើលោកបណ្ឌិត កែម ឡី ចំនួន ៥ថ្ងៃ ដោយព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយពីពួកគេបានប្រាប់អំពីរឿងរ៉ាវជាច្រើនពាក់ព័ន្ធការធ្វើឃាតលោកបណ្ឌិត កែម ឡី ដល់ស្ថានទូតសហរដ្ឋអាមេរិក។ អំឡុងពេលភៀសខ្លួននោះ អ្នកទាំងពីរស្នាក់នៅប្រទេសថៃ រហូតមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
