ស្នងការនៃគណៈកម្មការសិទ្ធិមនុស្សថៃ នៅថ្ងៃទី១៣ សីហា បានបញ្ចេញរបាយការណ៍ស៊ើបអង្កេតបឋមរបស់ខ្លួន លើកសិឧស្សាហកម្មស្ករអំពៅរបស់ក្រុមហ៊ុនថៃ ចំនួនពីរ ដែលកំពុងវិនិយោគនៅកម្ពុជា ថាមានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងរំលោភយកដីសហគមន៍។
ក្រុមហ៊ុនស្ករអំពៅថៃ ទាំងពីរនោះ បានទទួលដីសម្បទានពីរដ្ឋាភិបាលកម្ពុជា ដែលធ្វើសកម្មភាពអភិវឌ្ឍន៍ប្រាសចាកពីគោលការណ៍ធុរកិច្ច និងសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។
ការលើកឡើងរបស់សមាជិកគណៈកម្មការសិទ្ធិមនុស្សជាតិរបស់ថៃ បានគូសបញ្ជាក់យ៉ាងខ្លីថា ប្រសិនបើលើកបទពិសោធន៍នៅប្រទេសថៃ ក្រុមហ៊ុនដែលរកស៊ីដែលធ្វើឲ្យប៉ះពាល់ដីប្រជាពលរដ្ឋ នឹងត្រូវក្ស័យធន ឬគ្មានទីផ្សារសម្រាប់នាំចេញ។ ប៉ុន្តែក្រុមហ៊ុនបរទេសដែលទទួលបានដីសម្បទានសេដ្ឋកិច្ច វិនិយោគកសិឧស្សាហកម្មស្ករអំពៅនៅប្រទេសកម្ពុជា វិញ បានទទួលផលចំណេញខ្ពស់ និងគ្មានគំនាបពីមជ្ឈដ្ឋានរដ្ឋាភិបាលកម្ពុជា។
លោកបណ្ឌិត នីរុន ភិតាកវ៉ាតឆារ៉ា (Nirun Phitakwatchara) យល់ឃើញបែបនេះ គឺបន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ក្រុមអ្នករងគ្រោះពីគម្រោងអភិវឌ្ឍន៍ស្ករអំពៅ ដែលកំពុងវិនិយោគនៅខេត្តកោះកុង កាលពីឆ្នាំ២០១៣។ គណៈកម្មការសិទ្ធិមនុស្សថៃ មានគោលបំណងលើកកម្ពស់ចំណេះដឹង និងការយល់ដឹងអំពីសង្គមជាសាធារណៈ អំពីមធ្យោបាយ និងផ្នែកធុរកិច្ច លើការរកស៊ីដែលធានាឲ្យមានការការពារ ការគោរព និងដំណោះស្រាយ ស្របតាមអនុសញ្ញាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ស្ដីពីធុរកិច្ច។
លោក នីរុន មានប្រសាសន៍បន្ថែមថា ការស្រាវជ្រាវរបស់លោក គឺមានពាក់ព័ន្ធនឹងរឿងនយោបាយ ឬចង់បង្អាក់ដល់ដំណើរការអភិវឌ្ឍប្រទេសកម្ពុជា នោះទេ។ ទស្សនកិច្ចរបស់លោកនៅពេលនេះ គឺចង់លើកកម្ពស់ការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនថៃ នៅកម្ពុជា ក្លាយជាអាជីវកម្មមួយដែលមានការទទួលខុសត្រូវ ការការពារសិទ្ធិមនុស្ស និងធានាអំពីនិរន្តរភាពអាជីវកម្ម៖ «ខ្ញុំមិនជ្រៀតជ្រែកកិច្ចការនយោបាយកម្ពុជា ទេ។ ខ្ញុំមិនជ្រៀតជ្រែកកិច្ចការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ពីព្រោះគោលការណ៍របស់ប្រទេសសមាជិកអាស៊ានដូចគ្នា មិនចូលពាក់ព័ន្ធនឹងកិច្ចការផ្ទៃក្នុងប្រទេសណាមួយឡើយ។ តួនាទីរបស់ខ្ញុំនៅពេលនេះ គឺការពារអ្នករងគ្រោះបាត់បង់ដីធ្លី និងចង់ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការពារប្រជាពលរដ្ឋរបស់ខ្លួនដែលគ្មានដី និងការគោរពសិទ្ធិមនុស្ស»។
របាយការណ៍ស៊ើបអង្កេតបឋមរបស់គណៈប្រតិភូនៃគណៈកម្មការសិទ្ធិមនុស្សថៃ អំពីការការវិនិយោគថៃ នៅប្រទេសកម្ពុជា បានបង្ហាញទៅសាធារណជន ពីប្រតិបត្តិការរបស់ក្រុមហ៊ុន ខុន ខេន ស៊ូហ្គើរ (Khon Kaen Sugar Industry Public Company Limited) ហៅកាត់ថា ខេ.អែស.អិល (KSL) ព្រមទាំងបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុននេះដែលស្ថិតនៅខេត្តកោះកុង មានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិប្រជាពលរដ្ឋ និងសហគមន៍។ ការវិនិយោគរបស់ក្រុមហ៊ុនស្ករសអំពៅរបស់ថៃ ទាំងពីរនេះ បានរំលោភយកដីប្រជាពលរដ្ឋយ៉ាងហោចណាស់ ១ម៉ឺនហិកតារ។
តំណាងសហគមន៍ដែលរងផលប៉ះពាល់ដីធ្លីនៅខេត្តកោះកុង លោក តេង កៅ បានឲ្យដឹងថា ក្រុមហ៊ុនស្ករអំពៅរបស់ថៃ ឈ្មោះ ខេ.អែស.អិ.ល បានប៉ះពាល់ដល់ស្រែចម្ការរបស់អ្នកភូមិ ហើយការវិនិយោគនេះ មិនមានការសិក្សា និងមិនបានពិភាក្សាជាមួយប្រជាពលរដ្ឋនៅតំបន់នោះឡើយ។ លោកបញ្ជាក់ទៀតថា ចាប់តាំងពីមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ចាប់តាំងពីឆ្នាំ២០១០ កន្លងមក លោកបានដាក់ពាក្យបណ្ដឹងមកស្ថាប័នរដ្ឋាភិបាលជាច្រើន ហើយក៏បន្តដល់សហគមន៍អន្តរជាតិ៖ «ដល់អ៊ីចឹងហើយ បានខ្ញុំរត់ទៅរកមូលដ្ឋានឃុំស្រុកខេត្ត ក៏អត់មានដំណោះស្រាយអ្វីទាំងអស់ គឺរាល់ថ្ងៃ ខ្ញុំមិនមែនដាក់ពាក្យបណ្ដឹងមកស្រុកខ្មែរទេ គឺបានដាក់ពាក្យបណ្ដឹងទៅប្រទេសថៃ និងប្រទេសអង់គ្លេស»។
នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី មានប្រសាសន៍ថា មូលហេតុដែលអាជ្ញាធរពាក់ព័ន្ធមិនចូលរួមដោះស្រាយបណ្ដឹង និងការទាមទាររបស់សហគមន៍ ដោយសារតែម្ចាស់ក្រុមហ៊ុនស្ករអំពៅ ជាមនុស្សមានអំណាចខ្លាំងនៅក្នុងជួររដ្ឋាភិបាល។ អ្វីដែលជាការដាក់សម្ពាធដល់ក្រុមហ៊ុនស្ករសនោះ គឺប្រទេសអ្នកបញ្ជាទិញស្ករស សង្គមស៊ីវិល និងតុលាការអន្តរជាតិ៖ «ឥឡូវនេះ ដោយសារតែការរកដំណោះស្រាយនៅក្នុងប្រទេសមិនបានហ្នឹងហើយ ទើបមានយន្តការតុលាការនៅក្រៅប្រទេស បណ្ដឹងទៅអង្គការសិទ្ធិមនុស្សថ្នាក់តំបន់ និងអន្តរជាតិ។ គោលបំណង គឺដោយសារអ្នកពាក់ព័ន្ធទាំងអស់នោះ គឺមានការចូលរួមនៅក្នុងការធ្វើអាជីវកម្មហ្នឹង មានការរំលោភសិទ្ធិមនុស្ស រំលោភសិទ្ធិប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា»។
របាយការណ៍ស៊ើបអង្កេតបឋមរបស់គណៈកម្មការសិទ្ធិមនុស្សថៃ ដដែលនេះ បានបញ្ជាក់ថា ក្រុមហ៊ុន ខេ.អែស.អិល មានភាគហ៊ុន ៧០% នៃភាគទុនសរុបដែលភាគហ៊ុននេះ ខេ.អែ.ស.អិល ជាអ្នកគ្រប់គ្រង និងទទួលសិទ្ធិ ១០០% ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផលិតស្ករស។ ប៉ុន្តែ ក្រុមហ៊ុន ខេ.អែស.អិល នៅតែបដិសេធអំពីការរំលោភសិទ្ធិមនុស្ស ដែលកំពុងកើតឡើងក្នុងទីតាំងរបស់ខ្លួន។
តំណាងសហគមន៍ប៉ះពាល់ដីធ្លី លោក តេង កៅ បានប្រកាសឲ្យសហគមន៍អន្តរជាតិ ឲ្យឈប់បញ្ជាទិញស្ករសពីក្រុមហ៊ុន ខេ.អែស.អិល ដែលជាស្ករសប្រឡាក់ឈាម។ ហើយបានអំពាវនាវដល់គណបក្សជាប់ឆ្នោតទាំងពីរ ជួយដោះស្រាយបញ្ហាឲ្យពួកគាត់ ឲ្យមានដីស្រែបង្កបង្កើតផលដូចដើមវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
