មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​បំផុត​របស់​អ.ស.ប.នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ថ្ងៃ​២៨​មេសា

មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) អ្នកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ដល់​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៤។

សេចក្ដី​ថ្លែងការណ៍​របស់​ឧត្ដម​ស្នង​ការ​អង្គការ​សហប្រជាជាតិ បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច អ្នកស្រី ផាន់សៀរី (Pansieri) នឹង​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា។ អ្នកស្រី​នឹង​ទៅ​ទស្សនកិច្ច​ពន្ធនាគារ និង​មន្ទីរ​ឃុំ​ខ្លួន​ផ្សេងៗ​ដែល​ទទួល​ជំនួយ​បច្ចេកទេស​ពី​ការិយាល័យ​ឧត្ដម​ស្នងការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ និង​កន្លែង​តាំង​ទីលំនៅ​ថ្មី​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ដីធ្លី។

អ្នកស្រី ហ្វ្លាវា ផាន់សៀរី គឺ​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​បំផុត​របស់​អង្គការ​សហប្រជាជាតិ ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​២០១០។ ឧត្តម​ស្នង​ការ​រង​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី នៅ​ថ្ងៃ​សុក្រ ទី​២ ខែ​ឧសភា នៅ​វេលា​ម៉ោង ៣​រសៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។