ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បើកវគ្គសិក្ខាសាលាបណ្ដុះបណ្ដាលគ្រូបង្គោលច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធីដល់មន្ត្រីអង្គការសង្គមស៊ីវិលពាក់ព័ន្ធនឹងសិទ្ធិមនុស្សមកពីខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន។ ការសិក្សានេះធ្វើឡើងនៅសណ្ឋាគាររស្មីបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី៧ តុលា។
សិក្ខាកាមដែលបានចូលរួមនៅក្នុងអង្គសិក្ខាសាលានោះ ថ្លែងស្រដៀងគ្នាថា វគ្គបណ្ដុះបណ្ដាលនេះជាគន្លឹះមួយផ្ដល់សារសំខាន់ឲ្យយល់ដឹងបន្ថែមទៀតពីច្បាប់ការធ្វើបាតុកម្មដោយសន្តិវិធី។
ព្រះតេជព្រះគុណ ព្រះនាម ជឿម សែម ជាសិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនោះ មានព្រះថេរដីកាថា ដើមឡើយព្រះអង្គពុំដឹងថា ការធ្វើបាតុកម្មដោយសន្តិវិធីបែបណានោះទេ។ ប៉ុន្តែ បន្ទាប់ពីបានសិក្សាហើយ ព្រះអង្គមានព្រះថេរដីកាថា បាតុកម្មដោយសន្តិវិធីនេះមានអត្ថប្រយោជន៍ខ្លាំងណាស់ដល់ប្រជាពលរដ្ឋខ្មែរស្របតាមបរិបទនៃសង្គមបច្ចុប្បន្ន ដែលតែងតែកើតមានការធ្វើបាតុកម្មជាហូរហែ ទាំងនៅទីក្រុងភ្នំពេញ និងនៅតាមបណ្ដាខេត្តទូទាំងប្រទេស។
ព្រះតេជព្រះគុណ ជឿម សែម៖ «ពិតជាមានសារសំខាន់ណាស់ក្នុងការធ្វើបាតុកម្ម ក៏ដូចជាពេលមានបញ្ហាអ្វីមួយ គឺយើងដើរតាមមារគានៃច្បាប់ ដើម្បីទាមទារផលប្រយោជន៍របស់យើងដោយសន្តិវិធីមកវិញ។ ក្រោយពីបានចូលរួមវគ្គនេះ អាត្មាគិតថាហ្នឹងយកចំណេះដឹងថ្ងៃនេះទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមតំបន់គោលដៅនីមួយៗ ដែលជាក្រុមអង្គការក៏ដូចជាប្រជាពលរដ្ឋដែលយើងបានជួបប្រទះនៅតាមតំបន់នីមួយៗ ដែលគាត់មានបញ្ហាបែបហ្នឹងទាមទារអ្វីមួយទាមទារដោយសន្តិវិធី ឬក៏ធ្វើបាតុកម្មដោយសន្តិវិធីទៅតាមច្បាប់ដែលអនុញ្ញាត»។
ស្រដៀងគ្នានេះដែរ មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សដែលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល លើកឡើងថា សិក្ខាសាលាស្ដីពីបាតុកម្មដោយសន្តិវិធីនេះ ជាចំណេះថ្មីបន្ថែមមួយទៀត បន្ទាប់ពីបានសិក្សាមានជាអាទិ៍ មាត្រាច្បាប់មួយចំនួនដែលចង្អុលបង្ហាញពីវិសាលភាពនៃការធ្វើបាតុកម្មដោយសន្តិវិធីដែលមិនធ្លាប់សិក្សាស៊ីជម្រៅនៅពេលកន្លងមកជាដើម។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនោះ លោក ស៊ុំ ចន្ទគា មានប្រសាសន៍ថា ការធ្វើបាតុកម្មដោយសន្តិវិធីជាមធ្យោបាយមួយដែលជាតម្រូវការរបស់ប្រជាពលរដ្ឋដើម្បីបង្ហាញពីការទាមទារសិទ្ធិសេរីភាពតាមផ្លូវច្បាប់៖ «យើងថានេះជាការប្រសើរមួយ ព្រោះតួនាទីនិងកាតព្វកិច្ចភ្នាក់ងាររដ្ឋ ដែលក្នុងច្បាប់បាតុកម្មបានចែង បានបើកបានទូលំទូលាយ។ ប៉ុន្តែមិនទាន់អនុវត្តឲ្យបានទូលំទូលាយទៅលើហ្នឹង។ មួយទៀតយើងឃើញថា អ្វីដែលយើងសង្កាត់ធ្ងន់ឃើញថា នៅក្នុងច្បាប់បានចែង ប៉ុន្តែត្រូវបានការបង្ក្រាប ត្រូវបានការលាបពណ៌នេះ លាបពណ៌នោះ។ អ៊ីចឹងយើងខាងសង្គមស៊ីវិល មិនមែនជាអ្នកធ្វើការជំនួសការងាររដ្ឋទេ គ្រាន់ជាការឃ្លាំមើលការអនុវត្ត ហើយរួមទាំងច្បាប់បាតុកម្មនេះចង្អុលបង្ហាញអំពីសិទ្ធសេរីការបញ្ចេញមតិដែលមិនប៉ះពាល់ទាំងអស់»។
មន្ត្រីសិទ្ធិមនុស្សទទួលបន្ទុកនៅការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងជាអ្នកសម្របសម្រួលក្នុងអង្គសិក្ខាសាលា លោក សឺន សាលី ពន្យល់សិក្ខាកាមអំពីច្បាប់បាតុកម្មដោយសន្តិវិធី គឺធ្វើយ៉ាងណាដើម្បីបញ្ចៀសការប្រើអំពើហិង្សាដាក់គ្នានៅពេលធ្វើបាតុកម្ម និងការសម្របសម្រួលដើម្បីឲ្យអាជ្ញាធរដែលការពារសន្តិសុខ និងប្រជាពលរដ្ឋអ្នកធ្វើបាតុកម្មគោរពច្បាប់ទាំងអស់គ្នា។
បាតុកម្មដោយសន្តិវិធីនេះសំដៅទៅលើការប្រមូលផ្ដុំគ្នា ឬការដង្ហែក្បួនដោយមនុស្សមួយក្រុមដើម្បីទាមទារតវ៉ា ឬសម្ដែងជាសាធារណៈនូវមនោសញ្ចេតនា គំនិត ឬឆន្ទៈរបស់ក្រុមខ្លួនដោយសន្តិវិធី តាមរូបភាព និងមធ្យោបាយផ្សេងៗ។ បើតាមសៀវភៅមេរៀនបង្ហាញថា សិក្ខាសាលានេះមានគោលបំណងបង្រៀន និងពន្យល់អ្នកចូលរួមឲ្យចេះធានាការពារខាងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបតាមរយៈការធ្វើបាតុកម្មដោយសន្តិវិធីដែលមិនរំលោភ នាំឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព និងកិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គមជាតិ ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
