សហភាពការងារកម្ពុជា បានប្រតិកម្មនឹងការលើកឡើងរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលថា ច្បាប់សហជីព និងការចរចាលើប្រាក់ឈ្នួលអប្បបរមាកំពុងតែធ្វើឲ្យរង្គោះរង្គើលើទំនុកចិត្តអ្នកបញ្ជាទិញសម្លៀកបំពាក់មកលើរោងចក្រកាត់ដេរនៅកម្ពុជា។ ទន្ទឹមគ្នានេះ សហជីពយល់ថា ការលើកឡើងនេះ គ្រាន់តែជាលេសដើម្បីបង្អាក់សកម្មភាពចរចាប្រាក់ឈ្នួលប៉ុណ្ណោះ។
សហភាពការងារកម្ពុជា ដាក់ការសង្ស័យថា ការលើកឡើងរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា គឺជាហេតុផលមិនសមរម្យ និងជាចេតនារំលោភសិទ្ធិកម្មករ។
ការសង្ស័យនេះ ធ្វើឡើងបន្ទាប់ពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានចេញរបាយការណ៍ស្រាវជ្រាវមួយស្ដីពីការព្រួយបារម្ភលើច្បាប់សហជីព និងការចរចាលើប្រាក់ឈ្នួលដែលធ្វើឡើងនៅថ្ងៃច័ន្ទ ទី៧ កញ្ញា។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ ខែកញ្ញា ថា ដំបូងឡើយក្រុមសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានជំរុញឲ្យរដ្ឋាភិបាលបង្កើតច្បាប់សហជីពដែលនិយោជកទាំងនោះចង់ឲ្យមានការកំណត់ចំនួនកម្មករពី ២៥% សម្រាប់បង្កើតសហជីព និងចំណុចជាច្រើនទៀតដើម្បីការពារផលប្រយោជន៍អ្នកបញ្ជាទិញទាំងនោះ។
លោកបន្តថា ផ្ទុយទៅវិញ នៅពេលដែលក្រុមសហជីពធ្វើការតវ៉ាឲ្យមានការកែប្រែច្បាប់សហជីព ព្រមទាំងបន្តទាមទារឲ្យដំឡើងប្រាក់ឈ្នួលកម្មករបែរជាក្រុមនិយោជកយល់ថា ច្បាប់នេះប៉ះពាល់ដល់ទំនុកចិត្តពួកគេទៅវិញ៖ «ព័ត៌មានដែលថា អ្នកបញ្ជាទិញគាត់បារម្ភពីច្បាប់សហជីព និងប្រាក់ឈ្នួល ខ្ញុំយល់ថា វាជារឿងមិនសមរម្យ និងមិនអាចនោះ ព្រោះប្រាក់ឈ្នួលមិនទាន់បានចាប់ផ្ដើមចរចានៅឡើយទេ ព្រោះសហជីពកំពុងតែសិក្សាស្រាវជីវភាពរបស់កម្មករនៅឡើយ ហើយខាង GMAC នៅឡើយដែរ»។
លោក អាត់ ធន់ បានឲ្យដឹងទៀតថា ការលើកឡើងរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា វាមិនមានអ្វីថ្មីទេ និងគ្រាន់តែជាការគេចវេះ និងការដាក់សម្ពាធលើការចរចាប្រាក់ឈ្នួលកម្មករប៉ុណ្ណោះ៖ «ក្រុមនិយោជកទាំងនោះធ្វើឡើងគ្រាន់តែមានភាពវឹកវរប៉ុណ្ណោះ គ្រាន់តែធ្វើឡើយដោយមានឧបសគ្គ ធ្វើឲ្យមានការរឹតបន្តឹងច្បាប់អាហ្នឹងវាគ្រាន់តែនីតិវិធីនិយោជក មិនបានគិតពីផលប្រយោជន៍កម្មករឡើយ»។
របាយការណ៍សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលចេញនៅថ្ងៃច័ន្ទ ទី៧ ខែកញ្ញា លើកឡើងថា ការវិវត្តន៍ថ្មីៗនេះនៅក្នុងឧស្សាហកម្មកាត់ដេរកម្ពុជា កំពុងតែបង្កជាក្តីព្រួយបារម្ភជាខ្លាំងសម្រាប់អ្នកបញ្ជាទិញសម្លៀកបំពាក់អន្តរជាតិសំខាន់ៗ ដែលពួកគេកាន់តែមានក្តីព្រួយបារម្ភខ្លាំងឡើងអំពីភាពទុកចិត្តបាន និងភាពប្រកួតប្រជែងនៃរោងចក្រនៅកម្ពុជា។
របាយការណ៍ដដែលបានលើកឡើងថា ក្រុមអ្នកបញ្ជាទិញបារម្ភថា ច្បាប់សហជីពដែលរដ្ឋាភិបាលកំពុងព្រាងនេះ នឹងបន្ថយកម្រិតចំនួនកម្មករមកនៅត្រឹម ១០នាក់ អាចបង្កើតបានសហជីពនៅក្នុងរោងចក្រមួយ។ លើសពីនេះ នឹងរឹតតែបង្កើននូវភាពភ័យខ្លាច ដោយសារតែមានសហជីពរាប់សិបស្ថាប័នដែលមានផែនការខុសៗគ្នានៅក្នុងរោងចក្រតែមួយ ក៏ដូចជាបង្កឲ្យលទ្ធភាពក្នុងការចរចាស្វែងរកកិច្ចព្រមព្រៀងរួមកាន់តែទន់ខ្សោយថែមទៀត។
ទន្ទឹមគ្នានេះ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) លោក ខេន លូ ថ្លែងក្នុងរបាយការណ៍នោះដែរថា បច្ចុប្បន្ននេះសហជីពជាច្រើនខ្វះជំនាញជាមូលដ្ឋានក្នុងការចរចាដើម្បីឲ្យខ្លួនឯងអាចធ្វើជាតំណាងនាំរកផលប្រយោជន៍ដល់សមាជិកបាន។ ប្រសិនបើមានសហជីពរាប់សិបបន្ថែមមកទៀត ការភ័ន្តច្រឡំ និងភាពវឹកវរកាន់តែធ្ងន់ធ្ងរជាងមុនសម្រាប់រោងចក្រ និងកម្មករផងដែរ ដោយសារតែសហជីពមួយៗនឹងមិនមានជំហររឹងមាំដើម្បីធ្វើការចរចា ដោយសារតែមិនមានការគាំទ្រភាគច្រើនពីកម្មកររោងចក្រ។
ទោះជាយ៉ាងណា ក្រុមសហជីពនៅតែស្នើឲ្យរដ្ឋាភិបាលលាតត្រដាងសេចក្ដីព្រាងច្បាប់សហជីពចុងក្រោយ និងស្នើឲ្យរដ្ឋាភិបាលរៀបចំកិច្ចពិគ្រោះយោបល់ដោយបើកទូលាយពីសំណាក់អ្នកពាក់ព័ន្ធមុនពេលរដ្ឋាភិបាលបញ្ជូនទៅរដ្ឋសភាអនុម័ត។ ជាងនេះទៀត សហជីពនៅតែបន្តការចរចារលើប្រាក់ឈ្នួលអប្បបរមាជូនកម្មករនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
