សហជីព​ប្រតិកម្ម​នឹង​ការ​លើក​ឡើង​របស់​សមាគម​រោងចក្រ​កាត់ដេរ​ទាក់ទង​ច្បាប់​សហជីព

0:00 / 0:00

សហភាព​ការងារ​កម្ពុជា បាន​ប្រតិកម្ម​នឹង​ការ​លើក​ឡើង​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដែល​ថា ច្បាប់​សហជីព និង​ការ​ចរចា​លើ​ប្រាក់​ឈ្នួល​អប្បបរមា​កំពុងតែ​ធ្វើ​ឲ្យ​រង្គោះរង្គើ​លើ​ទំនុក​ចិត្ត​អ្នក​បញ្ជា​ទិញ​សម្លៀក​បំពាក់​មក​លើ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ សហជីព​យល់​ថា ការ​លើក​ឡើង​នេះ គ្រាន់តែ​ជា​លេស​ដើម្បី​បង្អាក់​សកម្មភាព​ចរចា​ប្រាក់​ឈ្នួល​ប៉ុណ្ណោះ។

សហភាព​ការងារ​កម្ពុជា ដាក់​ការ​សង្ស័យ​ថា ការ​លើក​ឡើង​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា គឺ​ជា​ហេតុផល​មិន​សមរម្យ និង​ជា​ចេតនា​រំលោភ​សិទ្ធិ​កម្មករ។

​ការ​សង្ស័យ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​មួយ​ស្ដីពី​ការ​ព្រួយ​បារម្ភ​លើ​ច្បាប់​សហជីព និង​ការ​ចរចា​លើ​ប្រាក់​ឈ្នួល​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ ទី​៧ កញ្ញា។

​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ថា ដំបូង​ឡើយ​ក្រុម​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់​សហជីព​ដែល​និយោជក​ទាំង​នោះ​ចង់​ឲ្យ​មានការ​កំណត់​ចំនួន​កម្មករ​ពី ២៥% សម្រាប់​បង្កើត​សហជីព និង​ចំណុច​ជា​ច្រើន​ទៀត​ដើម្បី​ការពារ​ផលប្រយោជន៍​អ្នក​បញ្ជា​ទិញ​ទាំង​នោះ។

លោក​បន្ត​ថា ផ្ទុយ​ទៅ​វិញ នៅ​ពេល​ដែល​ក្រុម​សហជីព​ធ្វើ​ការ​តវ៉ា​ឲ្យ​មាន​ការ​កែប្រែ​ច្បាប់​សហជីព ព្រមទាំង​បន្ត​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​បែរ​ជា​ក្រុម​និយោជក​យល់​ថា ច្បាប់​នេះ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​ពួក​គេ​ទៅ​វិញ៖ «ព័ត៌មាន​ដែល​ថា អ្នក​បញ្ជា​ទិញ​គាត់​បារម្ភ​ពី​ច្បាប់​សហជីព និង​ប្រាក់​ឈ្នួល ខ្ញុំ​យល់​ថា វា​ជា​រឿង​មិន​សមរម្យ និង​មិន​អាច​នោះ ព្រោះ​ប្រាក់​ឈ្នួល​មិន​ទាន់​បាន​ចាប់​ផ្ដើម​ចរចា​នៅ​ឡើយ​ទេ ព្រោះ​សហជីព​កំពុងតែ​សិក្សា​ស្រាវ​ជីវភាព​របស់​កម្មករ​នៅ​ឡើយ ហើយ​ខាង GMAC នៅ​ឡើយ​ដែរ»

​លោក អាត់ ធន់ បាន​ឲ្យ​ដឹង​ទៀត​ថា ការ​លើក​ឡើង​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា វា​មិន​មាន​អ្វី​ថ្មី​ទេ និង​គ្រាន់តែ​ជា​ការ​គេចវេះ និង​ការ​ដាក់​សម្ពាធ​លើ​ការ​ចរចា​ប្រាក់​ឈ្នួល​កម្មករ​ប៉ុណ្ណោះ៖ «ក្រុម​និយោជក​ទាំង​នោះ​ធ្វើ​ឡើង​គ្រាន់​តែ​មាន​ភាព​វឹកវរ​ប៉ុណ្ណោះ គ្រាន់តែ​ធ្វើ​ឡើយ​ដោយ​មាន​ឧបសគ្គ ធ្វើ​ឲ្យ​មាន​ការ​រឹត​បន្តឹង​ច្បាប់​អា​ហ្នឹង​វា​គ្រាន់តែ​នីតិវិធី​និយោជក មិន​បាន​គិត​ពី​ផលប្រយោជន៍​កម្មករ​ឡើយ»

របាយការណ៍​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដែល​ចេញ​នៅ​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​កញ្ញា លើក​ឡើង​ថា ការវិវត្តន៍​ថ្មីៗ​នេះ​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា កំពុងតែ​បង្ក​ជា​ក្តី​ព្រួយ​បារម្ភ​ជា​ខ្លាំង​សម្រាប់​អ្នក​បញ្ជា​ទិញ​សម្លៀក​បំពាក់​អន្តរជាតិ​សំខាន់ៗ ដែល​ពួកគេ​កាន់​តែមាន​ក្តី​ព្រួយ​បារម្ភ​ខ្លាំង​ឡើង​អំពី​ភាព​ទុក​ចិត្ត​បាន និង​ភាព​ប្រកួតប្រជែង​នៃ​រោងចក្រ​នៅ​កម្ពុជា។

​របាយការណ៍​ដដែល​បាន​លើក​ឡើង​ថា ក្រុម​អ្នកបញ្ជា​ទិញ​បារម្ភ​ថា ច្បាប់​សហជីព​ដែល​រដ្ឋាភិបាល​កំពុង​ព្រាង​នេះ នឹង​បន្ថយ​កម្រិត​ចំនួន​កម្មករ​មក​នៅ​ត្រឹម ១០​នាក់ ​អាច​បង្កើត​បាន​សហជីព​នៅ​ក្នុង​រោងចក្រ​មួយ។ លើស​ពី​នេះ នឹង​រឹតតែ​បង្កើន​នូវ​ភាព​ភ័យ​ខ្លាច ដោយសារ​តែ​មាន​សហជីព​រាប់សិប​ស្ថាប័ន​ដែល​មាន​ផែនការ​ខុសៗ​គ្នា​នៅ​ក្នុង​រោងចក្រ​តែមួយ ក៏​ដូចជា​បង្ក​ឲ្យ​លទ្ធភាព​ក្នុង​ការ​ចរចា​ស្វែង​រក​កិច្ច​ព្រមព្រៀង​រួម​កាន់​តែ​ទន់​ខ្សោយ​ថែមទៀត។

ទន្ទឹម​គ្នា​នេះ អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) លោក ខេន លូ ថ្លែង​ក្នុង​របាយការណ៍​នោះ​ដែរ​ថា បច្ចុប្បន្ន​នេះ​សហជីព​ជា​ច្រើន​ខ្វះ​ជំនាញ​ជា​មូលដ្ឋាន​ក្នុង​ការ​ចរចា​ដើម្បី​ឲ្យ​ខ្លួន​ឯង​អាច​ធ្វើ​ជា​តំណាង​នាំ​រក​ផលប្រយោជន៍​ដល់​សមាជិក​បាន។ ប្រសិនបើ​មាន​សហជីព​រាប់​សិប​បន្ថែម​មក​ទៀត ការ​ភ័ន្តច្រឡំ និង​ភាព​វឹកវរ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​សម្រាប់​រោងចក្រ និង​កម្មករ​ផង​ដែរ ដោយសារ​តែ​សហជីព​មួយៗ​នឹង​មិន​មាន​ជំហរ​រឹងមាំ​ដើម្បី​ធ្វើការ​ចរចា ដោយសារ​តែ​មិន​មាន​ការ​គាំទ្រ​ភាគ​ច្រើន​ពី​កម្មករ​រោងចក្រ។

ទោះ​ជា​យ៉ាង​ណា ក្រុម​សហជីព​នៅ​តែ​ស្នើ​ឲ្យ​រដ្ឋាភិបាល​លាត​ត្រដាង​សេចក្ដី​ព្រាង​ច្បាប់​សហជីព​ចុង​ក្រោយ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ដោយ​បើក​ទូលាយ​ពី​សំណាក់​អ្នក​ពាក់ព័ន្ធ​មុន​ពេល​រដ្ឋាភិបាល​បញ្ជូន​ទៅ​រដ្ឋសភា​អនុម័ត។ ជាង​នេះ​ទៀត សហជីព​នៅ​តែ​បន្ត​ការ​ចរចា​រលើ​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។