ប្រជាពលរដ្ឋនិងសកម្មជនការពារព្រៃឈើជាច្រើនសហគមន៍ មានការរំជើបរំជួល និងព្រួយបារម្ភពីជោគវាសនារបស់លោក គុជ វេង បន្ទាប់ពីលោកត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ ក្រោមបទចោទឆបោក ប្ដឹងដោយអ្នកស្រី អ៊ុំ ធារី។
ប្រជាពលរដ្ឋម្នាក់មកពីខេត្តកោះកុង អ្នកស្រី ផាវ ញ៉ឺង មានប្រសាសន៍ថា សហគមន៍សុំឲ្យតុលាការមុននឹងវិនិច្ឆ័យទៅលើរឿងក្ដីណាមួយត្រូវមានភស្តុតាងច្បាស់លាស់ដើម្បីដាក់បន្ទុក៖ «គឺយើងមានភស្ដុតាង និងមានសាក្សីដោះបន្ទុក បែរជាតុលាការមិនទាន់ធ្វើការពិចារណាទេ ដូច្នេះខ្ញុំមកនេះគឺសុំតុលាការខេត្ដពោធិ៍សាត់នេះទាំងមូល សុំលោកមេត្តាអន្តរាគមន៍ និងជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការរំលោភបំពាន់ពីសំណាក់បុគ្គលដែលអ្នកមាន ឬបុគ្គលមានអំណាចមួយចំនួន»។
តំណាងសហគមន៍ម្នាក់ទៀតឈ្មោះ ភឿង គឹមហួយ មកពីខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា នៅពេលដែលលោក គុជ វេង មិនត្រូវបានតុលាការរកយុត្តិធម៌ និងដោះលែងឲ្យគាត់មានសេរីភាពវិញនោះ គឺមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើក្រុមគ្រួសាររបស់គាត់ និងសហគមន៍នៅទូទាំងប្រទេស៖ «អាចគំរាមដល់សហគមន៍នានាដែលការពារដីធ្លី ព្រៃឈើ ធ្វើឲ្យគាត់មានអារម្ភថា អ្នកការពារព្រៃអត់មានអ្នកគាំទ្រ អ៊ីចឹងបើនរណាធ្វើការការពារដី ព្រៃឈើ គឺទទួលរងនូវការចោទប្រកាន់ បើមិនចោទពីបទឆបោកទេ គឺពីបទញុះញង់ ឬបទបរិហារកេរ្តិ៍»។
សាក្សីម្នាក់ក្នុងចំណោមសាក្សីចំនួន ៧នាក់ គឺលោក សុទ្ធ កុសល បានបញ្ជាក់ថា ការប្ដឹងចោទប្រកាន់លោក គុជ វេង នេះ គឺផ្ទុយស្រឡះពីការពិត ពីព្រោះ នៅថ្ងៃទី១៤ និង ១៥ ដែលជាថ្ងៃគេចោទប្រកាន់នោះ គឺលោក គុជ វេង នៅជួបប្រជុំជាមួយសមាជិកសហគមន៍រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១០ ទើបបែកគ្នា៖ «ហើយគាត់មកនេះមិនមែនមកក្នុងនាមបាតុកម្មអ្វីទេ គាត់មកក្នុងនាមគាំទ្រសហគមន៍ដូចគ្នា ព្រោះការចោទប្រកាន់គាត់នេះជារឿងបំភាន់ រឿងដីធ្លី បែរទៅជារឿងឆបោក»។
លោកបន្តថា ការចាប់ខ្លួនរបស់លោក គុជ វេង អាចពាក់ព័ន្ធទៅនឹងសកម្មភាពរបស់លោកជួយឈឺឆ្អាលប្រជាពលរដ្ឋចំនួន ១១គ្រួសារ នៅភូមិក្រឡាញ់ ស្រុកក្រគរ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនភាពភីម៉ិច។
ទោះជាយ៉ាងណាចៅក្រមជំនុំជម្រះរឿងក្ដីនេះ មិនអាចធ្វើការអត្ថាធិប្បាយបានទេនៅល្ងាចថ្ងៃទី៩ កក្កដា ដោយបញ្ជាក់ថា លោកកំពុងតែជាប់រវល់។
ទាក់ទងនឹងបញ្ហានេះ ដើមបណ្ដឹងក្នុងរឿងនេះ អ្នកស្រី អ៊ុំ ធារី បញ្ជាក់ថា លោក គុជ វេង ពិតជាបានយកលុយរបស់គាត់ពិតមែន ហើយអ្នកស្រីមានភស្ដុតាង និងសាក្សីជាច្រើននាក់បានដឹងលឺ ក៏ប៉ុន្តែអ្នកស្រីមិនអាចបញ្ជាក់ថា ភស្ដុតាងទាំងនោះជាអ្វី ហើយមានអ្នកណាខ្លះនោះទេ៖ «ខ្ញុំអត់មានអ្នកណានៅពីក្រោយនៅពីមុខអី ខ្ញុំអត់ដឹងទេ ខ្ញុំនិយាយតែរឿងលុយទេ ដល់រឿងទាក់ទងអ៊ីចឹងខ្ញុំអត់ដឹងទេ»។
នៅព្រឹកថ្ងៃទី១០ កក្កដា ក្រុមប្រជាពលរដ្ឋ និងតំណាងសហគមន៍ទាំង ១១ គឺសហគមន៍មកពីខេត្តព្រះសីហនុ កោះកុង កំពត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្ដមានជ័យ និងខេត្តព្រះវិហារ នឹងរង់ចាំស្ដាប់សវនាការរបស់លោក គុជ វេង នៅសាលាដំបូងខេត្តពោធិ៍សាត់។
សង្គមស៊ីវិលបញ្ជាក់ថា លោក គុជ វេង គឺជាសកម្មជនការពារសិទ្ធិមនុស្ស និងធនធានធម្មជាតិយ៉ាងសកម្មប្រចាំនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ កន្លងមកលោកធ្លាប់រងនូវពាក្យបណ្ដឹងជាច្រើនពាក់ព័ន្ធទៅនឹងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនភាពភីម៉ិច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
