ភាគី​ពាក់ព័ន្ធ​នៅ​តែ​រក​មិន​ឃើញ​តម្រុយ​ព្រះសង្ឃ​ខ្មែរ​ក្រោម​និង​តា​អាចារ្យ​ដែល​បាត់​ខ្លួន

ដោយ ថា កិត្យា
2017-07-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ព្រះសង្ឃ​ខ្មែរ​ក្រោម​ដែល​បាត់​ព្រះកាយ ព្រះនាម មាស វិចិត្រ។
ព្រះសង្ឃ​ខ្មែរ​ក្រោម​ដែល​បាត់​ព្រះកាយ ព្រះនាម មាស វិចិត្រ។
Photo provided

អាជ្ញាធរ​ខេត្ត​សៀមរាប និង​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស ព្រម​ទាំង​អ្នក​ជិតស្និទ្ធ​នៅ​តែ​រក​មិន​ឃើញ​តម្រុយ​ណា​មួយ​ទាក់ទិន​ការ​បាត់​ព្រះ​កាយ​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ និង​តា​អាចារ្យ​ម្នាក់ កាល​ពី​អំឡុង​ខែ​មិថុនា នោះ​ទេ។ ពួកគេ​កំពុង​ស្វែង​រក​បន្ត​ទៀត ដោយ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា យ៉ាង​ណា​ឡើយ។

រយៈពេល​មួយ​​ខែ​ហើយ ដែល​ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ និង​លោក​តា​អាចារ្យ​ម្នាក់ បាន​បាត់​ព្រះកាយ និង​បាត់​ខ្លួន​នៅ​ក្នុង​ទឹកដី​នៃ​ខេត្ត​សៀមរាប ដោយ​មិន​ទាន់​ដឹង​អំពី​ដំណឹង​ថា ស្លាប់ ឬ​រស់​នៅ​ទី​ណា​នៅ​ឡើយ​ទេ​មក​ដល់​ពេល​នេះ។

ស្នងការ​នគរបាល​ខេត្ត​សៀមរាប លោក ទិត្យ ណារ៉ុង ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី មាន​ប្រសាសន៍​ថា មក​ដល់​ពេល​នេះ ការ​ស៊ើប​អង្កេត​ស្វែង​រក​ព្រះសង្ឃ​ខ្មែរ​ក្រោម និង​តា​អាចារ្យ​ម្នាក់​នោះ គឺ​កំពុង​ឋិត​ក្នុង​ទី​ងងឹត​ដោយ​មិន​ដឹង​ថា អ្នក​ទាំង​ពីរ​ទៅ​ដល់​ទី​ណា​ឡើយ ព្រោះ​គ្មាន​ព័ត៌មាន​អ្វី​ទាំង​អស់«ខមាទោស ប្រសិន​បើ​គាត់​ស្លាប់​គាត់​អី ក៏​គង់​តែ​ដឹង ក៏​គង់​តែ​អី​ទេ តែ​ឥឡូវ​បាត់​ដំណឹង​ឈឹង មិន​គាត់​ចេញ​ទៅ​ណា​ទៅ​ណី។ យើង​បាន​ដាក់​ស្កាត់​ឲ្យ​មន្ត្រី ខេត្ត​ផ្សេងៗ​ឲ្យ​ជួយ​មើល ហើយ​យើង​បាន​បង្ហោះ​រូបថត​ដើម្បី​ឲ្យ​គាត់​ជួយ​មើល ហើយ​បើ​ដឹង សូម​បញ្ជូន​ដំណឹង​មក​យើង តែ​មក​ដល់​ពេល​នេះ​វា​ស្ងាត់»

ចំពោះ​ការ​បាត់​ខ្លួន​នេះ ខាង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​សៀមរាប ក៏​កំពុង​ខិតខំ​ស្វែង​រក​ដែរ ប៉ុន្តែ​មក​ដល់​ពេល​នេះ គឺ​គ្មាន​សញ្ញា​ណា​មួយ​នោះ​ទេ។

អ្នក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​សៀមរាប គឺ​លោក សួស ណារិន បង្ហាញ​ជំហរ​ថា គេ​នៅ​តែ​តាម​រក​ព្រះសង្ឃ​ខ្មែរ​ក្រោម ១​អង្គ និង​តា​អាចារ្យ​ម្នាក់​ដែល​បាត់​ខ្លួន​បន្ត​ទៀត បើ​ទោះ​បី​ជា​ពេល​នេះ​មិន​ទាន់​មាន​តម្រុយ​ច្បាស់លាស់ ជុំវិញ​ការ​បាត់​ខ្លួន​នោះ​ក៏ដោយ«ដរាប​ណា​យើង​រក​ព្រះសង្ឃ​មិន​ទាន់​ឃើញ យើង​មិន​អាច​សន្និដ្ឋាន​ថា​រឿង​នេះ គឺ​ជា​រឿង​រំលោភ​សិទ្ធិ ឬ​ក៏​ជា​រឿង​ធ្វើ​ទារុណកម្ម​អី​ទេ»

សាច់​ញាតិ​របស់​ព្រះសង្ឃ​ខ្មែរ​ក្រោម​នោះ ឱ្យ​ដឹង​ថា ព្រះសង្ឃ​ព្រះនាម មាស វិចិត្រ ព្រះជន្ម ៣១​ព្រះវស្សា និង​តា​អាចារ្យ ឈ្មោះ នី បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា។ លោក រស់ សេរី ដែល​ជា​គ្រូបង្ហាត់​ក្បាច់គុន​ល្បុក្កតោ នៅ​ភូមិ​ទទា សង្កាត់​ក្របីរៀល ក្រុង​សៀមរាប ឱ្យ​ដឹង​ថា យប់​ថ្ងៃ​ទី​១៨ ខែ​មិថុនា គឺ​ព្រះសង្ឃ​នាម មាស វិចិត្រ និង​តា​អាចារ្យ បាន​ទៅ​លេង​ផ្ទះ​របស់​លោក ហើយ​វេលា​ម៉ោង ៩​យប់​ក៏​បាន​និមន្ត​ត្រឡប់​វិញ ប៉ុន្តែ​ពីរ​ថ្ងៃ​ក្រោយមក​លោក​ទទួល​បាន​ព័ត៌មាន​ថា ក្រុម​ប្រជា​ការពារ​សង្កាត់​ស្រងែ បាន​ចាប់​ព្រះសង្ឃ ព្រម​ទាំង​តា​អាចារ្យ​នោះ ដោយ​គេ​សង្ស័យ​ថា ជន​ជន​ខិលខូច ហើយ​ប្រគល់​ទៅ​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​ស្រងែ។ គេ​បាន​ឃើញ​ប៉ូលិស​បង្ហោះ​រូបថត​ព្រះសង្ឃ ១​អង្គ និង​តា​អាចារ្យ​ម្នាក់​នោះ អាក្រាត​កាយ ដោយ​ស្លៀក​ការុង ហើយ​ដេក​អោប​គ្នា​ហាក់​ដូច​ជា​មាន​អ្នកណា​វាយ​ធ្វើ​ទារុណកម្ម។

ប៉ូលិស​ប៉ុស្តិ៍​ស្រងែ បាន​ឆ្លើយ​ប្រាប់​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ថា ពេល​ដែល​ប៉ូលិស​រក​មិន​ឃើញ​កំហុស​របស់​ព្រះសង្ឃ និង​តា​អាចារ្យ​នោះ គេ​ក៏​បញ្ជា​ឱ្យ​ប្រជា​ការពារ​បើក​ម៉ូតូ ៣​គ្រឿង ដឹក​អ្នក​ទាំង​ពីរ​ទៅ​រក​ចំណត​ឡាន​ក្នុង​ក្រុង​សៀមរាប ដើម្បី​ឱ្យ​ជិះ​ត្រឡប់​ទៅ​លំនៅ​វិញ ប៉ុន្តែ​នៅ​ពេល​ធ្វើ​ដំណើរ​ដល់​ជិត​ផ្ទះ​អង្គការ​មេត្តាករុណា អ្នក​ទាំង​ពីរ​ក៏​ចុះ​ពី​លើ​ម៉ូតូ ហើយ​រត់​គេច​ខ្លួន​បាត់​តែម្ដង។

ទាក់ទិន​បញ្ហា​នេះ នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន មាន​ប្រសាសន៍​ថា លោក​បាន​បញ្ជូន​កម្លាំង​ចុះ​ស្រាវជ្រាវ​ករណី​នេះ​ដែរ ប៉ុន្តែ​មិន​បាន​លទ្ធផល​នៅ​ឡើយ។ ទោះ​យ៉ាង​ណា លោក សឺន ជុំជួន ថា នឹង​ដាក់​លិខិត​សុំ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត​សៀមរាប ក្នុង​សប្ដាហ៍​នេះ ដើម្បី​ឲ្យ​ជួយ​ស្វែង​រក​ព្រះសង្ឃ​ដោយ​យក​ចិត្ត​ទុក​ដាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល