អ្នករងគ្រោះ​ដោយ​ការ​បង្ក្រាប​មុខ​រោងចក្រ​យ៉ាកជីន​រំលឹក​ការ​ឈឺចាប់​របស់​ខ្លួន

ដោយ មាន ឫទ្ធិ
2018-01-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ក្រុម​កម្មករ​រត់​គេច​ខ្លួន​ពេល​សមត្ថកិច្ច​ប្រើ​ហិង្សា​បង្ក្រាប​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
ក្រុម​កម្មករ​រត់​គេច​ខ្លួន​ពេល​សមត្ថកិច្ច​ប្រើ​ហិង្សា​បង្ក្រាប​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
Photo: RFA

ថ្ងៃទី០២ និង ទី៣ ខែមករានេះ ជាខួបបួនឆ្នាំដែលកងកម្លាំងរដ្ឋាភិបាលបង្រ្កាបហិង្សាទៅលើហ្វូងបាតុករ នៅផ្លូវជាតិលេខ៤ និង នៅផ្លូវវេងស្រេង ដែលបណ្ដាលឲ្យមនុស្សមួយចំនួនស្លាប់ និងរងរបួស។ ជនរងគ្រោះ​នៅ​ក្នុង​ព្រឹត្តិការ​ហិង្សា​នេះ នៅតែ​ចងចាំ និង​ឈឺចាប់​ដែល​ត្រូវ​ទាហាន​ឆត្រយោង​៩១១ នៅមុខ​រោងចក្រ យ៉ាក ជីន (Yakjin) ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ។ ពួកគេ​នៅ​ចងចាំ​រូបភាព​ហិង្សា​ទាំងនេះ និង​បាន​និង​យាយ​ថា ៤​ឆ្នាំ​មកនេះ ពួកគេ​នៅតែ​មិន​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។

ក្រុម​អ្នករងគ្រោះ​ដោយ​ការ​បង្ក្រាប​មុខ​រោងចក្រ យ៉ាក ជីន នៅតែ​ភ័យខ្លាច​នៅ​ពេល​រំលឹក​ដល់ ការ​បង្ក្រាប​កងទ័ព​ឆត្រយោង​៩១១ មក​លើ​ពួកគេ ទោះ​បី​ជា​ព្រឹត្តិការ​ហិង្សា​នោះ បាន​កន្លង​ផុត​ជាច្រើន​ឆ្នាំ​ហើយ​ក្ដី។

ក្រោយ​ការ​បង្ក្រាប​យ៉ាង​ហិង្សា​កាលពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៤ មក​ដល់​ពេល​នេះ មាន​អ្នកខ្លះ​បាន​ជា​សះស្បើយ​ពី​ជំងឺ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​មិន​ទាន់​បាន​ជាសះស្បើយ​នៅឡើយ​ទេ ដោយ​ត្រូវ​ទៅ​ព្យាបាល​របួស​នៅ​ក្រៅ​ប្រទេស។

ប្រធាន​សម្ពន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ជា​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​ផ្សេងទៀត​ឲ្យ​អាស៊ីសេរី​ដឹង​ថា លោក​នៅតែ​នឹកឃើញ​រូបភាព​ក្រុម​ទាហាន​យក​ដែក​បំពង​ទីប​វាយ​សំពង​មក​រូបលោក​ធ្វើ​ឲ្យ​រង​របួស។ លោក​បន្ត​ថា អ្វី​ដែល​កាន់តែ​ឈឺចាប់​ទៀត​នោះ គឺ​ក្រោយ​ការ​បង្ក្រាប​លោក​នឹង​អ្នក​ស្លូតត្រង់​ផ្សេងទៀត​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​យក​ដាក់​ពន្ធនាគារ ហើយ​ត្រូវ​តុលាការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌។ «»

ពលរដ្ឋ​សហគមន៍​បឹងកក់ លោក ចាន់ ពុទ្ធិស័ក្កិ ដែល​ត្រូវ​ក្រុម​ទាហាន​បង្ក្រាប​ដែរ​នោះ និយាយ​ថា ខណៈ​លោក​មិនទាន់​ទទួល​បាន​យុត្តិធម៌​ពី​ការ​បង្ក្រាប​នេះ នៅ​ថ្ងៃ​នេះ​លោក​បាន​ត្រឹម​សរសេរ​ពី​ការ​បង្ក្រាប​លើ​រូបលោក​បង្ហោះ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) ប៉ុណ្ណោះ។ លោក ចាន់ ពុទ្ធិស័ក្កិ រំលឹក​ថា នៅ​ពេល​នោះ ក្រុម​នោះ​បាន​វាយ​ធ្វើបាប​លើ​លោក​រូប​គ្រប់រូបភាព​ហើយ​ថែមទាំង​យក​អីវ៉ាន់​របស់​លោក​ទៀត​ផង។ «»

ករណី​បង្ក្រាប​បាតុកម្ម​មក​លើ​កម្មករ​នៅមុខ​រោងចក្រ យ៉ាក ជីន ក្នុង​សង្កាត់​កំបូល កាលពី​ថ្ងៃ​ទី​០២ និងការបង្ក្រាបកម្មករនៅផ្លូវវេងស្រេង ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ ដែល​ស្នើសុំ​ដំឡើង​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​ក្នុង​មួយ​ខែ ខណៈ​ប្រទេស​កម្ពុជា​កំពុង​មាន​វិបត្តិ​នយោបាយ​នៅ​ពេល​នោះ កម្លាំង​រដ្ឋាភិបាល មាន​កងរាជអាវុធហត្ថ ប៉ូលិស និង​ទាហាន​ប្រដាប់​ដោយ​កាំភ្លើង ខែល ដំបង និង​បំពង់​ទីប​បាន​បាញ់ និង​វាយ​ទៅ​លើ​កម្មករ កាល​ពី​ថ្ងៃ​ទី​២-៣ មករា នៅមុខ​រោងចក្រ​យ៉ាក ជីន និង​ផ្លូវ​វ៉េងស្រេង​បណ្ដាល​ឲ្យ​មនុស្ស ៤​នាក់​ស្លាប់ និង​របួស​ជិត​៤០​នាក់។ កងកម្លាំង​របស់​រដ្ឋាភិបាល​ក៏​បាន​ចាប់ខ្លួន​មនុស្ស ២៣​នាក់​ផ្សេងទៀត​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនា ក្នុង​នោះ​មាន​អ្នក​ការពារ​សិទ្ធិមនុស្ស​ចំនួន ៣​នាក់​គឺ​លោក វន់ ពៅ លោក ថេង សាវឿន និង​លោក ចាន់ ពុទ្ធិស័ក្កិ។

ព្រឹត្តិការណ៍​នេះ បាន​បន្សល់ទុក​នូវ​ការភ័យខ្លាច ក្តី​ឈឺចាប់ ក្តី​រន្ធត់ និង​ជនរងគ្រោះ​គ្រោះជា​កម្មករ​ដទៃ​ទៀត។ ដោយឡែក​នៅ​អម​សងខាង​ផ្លូវ​ឯណេះ​វិញ គេ​សង្កេតឃើញ​ខ្សែភ្លើង​ដាច់​រញ៉េរញ៉ៃ ដុំ​ថ្ម​តូច​ធំ​នៅ​រាយប៉ាយ​ពាសពេញ​ផ្លូវ និង​អគារ​មួយ​ចំនួន​ត្រូវ​បាក់បែក ជាដើម។ យូរៗ​ម្ដង​គេ​សង្កេតឃើញ​អណ្ដាតភ្លើង​ក៏បាន​ឆាបឆេះ​ឡើង​នៅ​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង នៅ​ក្នុង​ពេល​យុទ្ធនាការ​បង្ក្រាប​ហិង្សា​របស់​កម្លាំង​ប្រដាប់​អាវុធ​មក​លើ​ក្រុម​កម្មករ ធ្វើ​បាតុកម្ម​កាលពី​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤។

ប្រធាន​សមាគម​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ប្រាប់​ថា បួន​ឆ្នាំ​មកនេះ​ស្នាមរបួស ការឈឺចាប់ និង​ជំងឺ​របស់​លោក​ដោយ​ការ​បង្ក្រាប​ហិង្សា ដែល​កម្លាំង​វាយដំ ទាត់​ធាក់ មក​លើ​រាងកាយ​លោក​នោះ មិនទាន់​ជាសះស្បើយ​នៅឡើយ​ទេ ដោយ​លោក​ត្រូវ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​រៀងរាល់ ២​ខែ​ម្ដង។ លោក​ថា យុត្តិធម៌​សម្រាប់​លោក ប្រៀប​ដូច​ជា​ការ​រាវ​ម្ជុល​ក្នុង​បាត​សមុទ្រ​ដូច្នោះ​ដែរ។

ជុំវិញ​ករណី​នេះ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មិនបាន​ទទួលខុសត្រូវ​ទេ ហើយ​ថែមទាំង​ចោទប្រកាន់ ក្រុម​កម្មករ តំណាង​សហជីព​មួយ​ចំនួន និង​បក្ស​ប្រឆាំង​ផង​ដែរ ថា​មានបំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក តាមរយៈ​ការ​ប៉ង​ធ្វើ​បដិវត្ត​ពណ៌​ទៅវិញ។ លោក ហ៊ុន សែន ថែមទាំង​បាន​សម្ដែង​ការ​សោកស្ដាយ ពីព្រោះ​លោក​មិនបាន​សម្លាប់​អ្នក​ទាំងនោះ​ឲ្យ​អស់​ថែម​ទៀត​ផង។

ប៉ុន្តែ សហគមន៍​អន្តរជាតិ​មិន​យល់​ដូច​លោក ហ៊ុន សែន ចោទ​ប្រកាន់​បែប​នេះ​ទេ ពួកគេ​ចាត់​ទុក​ការ​បង្ក្រាប​ហិង្សា​របស់​រដ្ឋាភិបាល ការ​បិទ​សិទ្ធិ​សេរីភាព ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់ គឺជា​រឿង​ខុសច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​តែ​ទទួល​ខុសត្រូវ​លើ​ករណី​អស់​ទាំងនេះ។

អំពើ​ហិង្សា​បង្ក្រាប​បាតុកម្ម​នៅ​ផ្លូវ​វ៉េងស្រេង​នេះ ធ្វើ​ឲ្យ​មនុស្ស ៤​នាក់​ស្លាប់ មួយ​ចំនួន​ត្រូវ​បាន​ចាប់ខ្លួន រួម​ទាំង លោក ថេង សាវឿន លោក វន់ ពៅ ក្មេង​ប្រុស​ម្នាក់​បាត់​ខ្លួន និង​រង​របួស​ជាច្រើន​នាក់​ផ្សេងទៀត។

មន្ត្រី​ផ្នែក​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែន ករុណា និយាយ​ថា ការ​បង្ក្រាប​ការ​ទាមទារ​របស់​កម្មករ​កាល​ពី​ដើម​ឆ្នាំ​២០១៤​កន្លង​ទៅ ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​បំផុត។ លោក​ថា ប្រសិន​រដ្ឋាភិបាល​យល់​ថា កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ​គួរ​ស្ដាប់​ការ​ទាមទារ​របស់​ពលរដ្ឋ កម្មករ មិនមែន​មក​បង្ក្រាប​ពលរដ្ឋ​យ៉ាង​ហិង្សា​ដូច​នោះ​ទេ។

រយៈពេល​បួន​ឆ្នាំ​មក​នេះ ពលរដ្ឋ និង​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន ត្រូវ​ចាប់ខ្លួន​និង​ចោទប្រកាន់​ក្រោយ​ការ​បង្ក្រាប។ បើ​ទោះ​ជា​ពួកគេ ត្រូវ​តុលាការ​ឲ្យ​អនុវត្ត​ទោស​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន តែ​ស្ថិត​ក្នុង​ការ​ឃ្លាំង​មើល​របស់​តុលាការ ក្នុងចំណោម​ការចោទប្រកាន់​អ្នក​ទាំងនោះ អ្នកខ្លះ​ណា​ក៏​រួចផុត​ការ​ចោទ​ប្រកាន់ និង​អ្នក​ខ្លះ​ទៀត ទោស​របស់​ពួកគេ​មិន​ផុត​អាជ្ញាយុកាល​នៅឡើយ​ទេ។

ការ​ប្រារព្ធ​ខួប​នៃ​ការ​វាយ​បង្ក្រាប​នៅ​ឆ្នាំនេះ ក្រុម​ពលរដ្ឋ និង​សង្គម​ស៊ីវិល​មិនបាន​ទៅ​ធ្វើ​ពិធី​នៅ​កន្លែង​ដែល​ត្រូវ កងកម្លាំង​វាយ​បង្ក្រាប​ទេ ពួកគេ​បាន​ត្រឹម​តែ​បង្ហាញ​រូបភាព​ឈឺចាប់​ដែល​ខ្លួន​មាន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រៀងៗ​ខ្លួន​តែប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

LIM HAY

ពី P PENH

នេះជាប្រជាធិប្បតេយ្យ​ផ្តាច់ការដែលហ៊ុនសែនថាប្រជាធិប្បតេយ្យនៅ
តែមានទោះគ្មានបក្សប្រឆាំក៏ដោយ។សូមរំលឹកហ៊ុនសែនថារបបលោកមិនអាចរស់បានយូរទេបើគ្មានលិទ្ធិ
ប្រជាធិប្បតេយ្យ​ នឹងគោរពសិទ្ធមនុស្សនោះ៕

Jan 03, 2018 08:18 PM

គេហទំព័រ​ទាំងមូល