គ្រួសារ​ជន​រងគ្រោះ​ស្លាប់​និង​របួស​ដោយ​សារ​ការ​បង្ក្រាប​ដោយ​ហិង្សា​ទាមទារ​យុត្តិធម៌

0:00 / 0:00

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ចាប់​ផ្ដើម​បើក​យុទ្ធនាការ​រក​យុត្តិធម៌ ឱ្យ​ជន​រង​គ្រោះ​ដែល​ស្លាប់ និង​បាត់​ខ្លួន​នៅ​ផ្លូវ​វ៉េងស្រេង ក្នុង​ពេល​កម្លាំង​សន្តិសុខ​រដ្ឋាភិបាល​បាញ់​ប្រហារ​ក្រុម​អ្នក​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ កាល​ពី​ថ្ងៃ​ទី​៣ មករា។ យុទ្ធនាការ​នេះ​មាន​ឈ្មោះ "ឯណា​ទៅ​យុត្តិធម៌​ខ្ញុំ"។

ក្នុង​ពិធី​បើក​យុទ្ធនាការ​ស្វែង​រក​យុត្តិធម៌​មាន​ឈ្មោះ​ថា "ឯណា​ទៅ​យុត្តិធម៌​ខ្ញុំ" ដែល​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មីនា មាន​សាច់​ញាតិ​អ្នក​ស្លាប់ និង​បាត់​ខ្លួន ក្នុង​ពេល​តវ៉ា​នៅ​ផ្លូវ​វ៉េងស្រេង ចំនួន ៤​រូប អំពាវនាវ​ដល់​អង្គការ​ស្ថាប័ន​នានា និង​រដ្ឋាភិបាល​ឱ្យ​ជួយ​រក​យុត្តិធម៌​ដល់​ដល់​ជន​រងគ្រោះ។

ម្ដាយ​ជន​រងគ្រោះ​មួយ​រូប​ដែល​ស្លាប់​ដោយ​ការ​បាញ់​ប្រហារ​របស់​កម្លាំង​សន្តិសុខ​រដ្ឋាភិបាល នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ មករា គឺ​លោកស្រី កែវ សុខម៉េង នៅ​ពេល​ទស្សនា​វីដេអូ​ឯកសារ​ស្ដីពី​ការ​បាញ់​ប្រហារ​នោះ​ថា លោកស្រី​បន្ត​រក​យុត្តិធម៌​ដល់​កូន​របស់​គាត់​ដែល​ស្លាប់៖ «សូម្បី​តែ​ថ្ងៃ​បុណ្យ សំឡេង​ស្មូត ក៏​គេ​ឱ្យ​បិទ​សិន​ដែរ​កូន... ម៉ែ​រន្ធត់​នឹង​កូន​ណាស់! ចាក់​ទឹក​កូន​រួច​ម៉ែ​ថើប​កូន លាប​ម្សៅ​ឱ្យ​កូន។ ម៉ែ​ប្រាប់​កូន​ថា ម៉ែ​ស្រឡាញ់​កូន​គ្រប់​ពេល​វេលា​ទាំង​អស់...។ ខ្ញុំ​សុំ​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ កុំ​ធ្វើ​អ៊ីចឹង​ទៀត កុំ​ប្រើ​អំពើ​ហិង្សា។ ប្រើ​ដោយ​គ្រាប់​កាំភ្លើង​ទៀត បើ​អស់​លោក​ឯង​មិន​ឱ្យ​ក៏​ហី​ទៅ... បើ​អស់​លោក​មិន​បាញ់​ក៏​កូន​ខ្ញុំ​មិន​ស្លាប់​ដែរ។ កូន​ប្រាំ​បី​នាក់​ខ្ញុំ​ចិញ្ចឹម​កូន​ខ្ញុំ​រស់។ មក​បាញ់​សម្លាប់​កូន​ខ្ញុំ​អ៊ីចឹង ខ្ញុំ​អត់​សុខ​ចិត្ត​ទេ ខ្ញុំ​ទាមទារ​យុត្តិធម៌​ឱ្យ​បាន ទោះ​បី​ជីវិត​ខ្ញុំ​ត្រូវ​ស្លាប់​នឹង (ការ) ទាមទារ​យុត្តិធម៌​ឱ្យ​កូន ក៏​ខ្ញុំ​អស់​ចិត្ត​ដែរ»

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ថ្លែង​ថា មាន​ប្រសាសន៍​ថា ការ​បាញ់​សម្លាប់​បាតុករ​ក្នុង​ពេល​តវ៉ា​កន្លង​មក គឺ​ជា​ការ​បាញ់​សម្លាប់​ក្រៅ​ប្រព័ន្ធ ដោយ​ទាហាន​របស់​រដ្ឋាភិបាល​ដែល​ជា​ការ​រំលោភ​ទាំង​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​អន្តរជាតិ។

លោក​ថា រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ស៊ើប​អង្កេត​បញ្ហា​នេះ​ឱ្យ​បាន​ច្បាស់លាស់៖ «ក្មេង​ប្រុស​ដែល​បាត់​ខ្លួន គឺ​គ្រួសារ​មាន​សិទ្ធិ​ដឹង​ជោគវាសនា​របស់​គាត់។ កាតព្វកិច្ច​នេះ គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល។ យើង​យល់​ថា ទោះ​បី​បាតុកម្ម​ហ្នឹង​យ៉ាង​ម៉េច​ក៏​ដោយ គឺ​ការ​ប្រើប្រាស់​អាវុធ​មាន​ចែង​ច្បាស់​នៅ​ក្រម​នៅ​ច្បាប់​អន្តរជាតិ ថា​តើ​កាលៈទេសៈ​ដែល​ទាហាន ឬ​មួយ​ប៉ូលិស កង​ប្រដាប់​អាវុធ​រដ្ឋាភិបាល​ប្រើប្រាស់​អាវុធ​បាន ឬ​មួយ​ក្នុង​កាលៈទេសៈ​ណា ដែល​អាច​ប្រើប្រាស់​កម្លាំង​បាន គឺ​មាន​ចែង​ច្បាស់ ហើយ​សង្ឃឹម​ថា រាជ​រដ្ឋាភិបាល​នឹង​ចាប់​ផ្ដើម​ព្យាយាម​ទទួល​គោរព​នូវ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការពារ​នូវ​សិទ្ធិ​ទាំង​ឡាយ​ហ្នឹង»

នៅ​ពេល​ចាប់​ផ្ដើម​ចូលរួម​ស្វែង​រក​យុត្តិធម៌​ក្នុង​​យុទ្ធនាការ "ឯណា​ទៅ​យុត្តិធម៌​ខ្ញុំ" នៅ​ព្រឹក​ថ្ងៃ​ទី​២៤ មីនា ត្រូវ​បាន​ចូលរួម​ដោយ​សាច់​ញាតិ​ជន​រងគ្រោះ​ផ្សេង​ទៀត ទាំង​ជន​រងគ្រោះ​នៅ​ផ្លូវ​វ៉េងស្រេង និង​ជន​រងគ្រោះ​ជា​អ្នក​លក់​បាយ​នៅ​សង្កាត់​ស្ទឹងមានជ័យ ដែល​ពួក​គេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​អង្គការ​ជាតិ និង​អន្តរជាតិ​ជួយ​រក​យុត្តិធម៌​ដល់​ពួក​គេ។

មន្ត្រី​សម្របសម្រួល​គម្រោង​សិទ្ធិ និង​សេរីភាព​បញ្ចេញ​មតិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) កញ្ញា សន រ៉ាម៉ាណា ថ្លែង​ថា យុទ្ធនាការ "ឯ​ណា​ទៅ​យុត្តិធម៌​ខ្ញុំ" មាន​រយៈ​ពេល​មួយ​ខែ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៤ មីនា ដល់​ថ្ងៃ​ទី​២៤ ខែ​មេសា។ កញ្ញា​ សន រ៉ាម៉ាណា បន្ត​ថា ការ​បើក​សម្ពោធ​យុទ្ធនាការ "ឯ​ណា​ទៅ​យុត្តិធម៌​ខ្ញុំ" គឺ​ចំ​ទិវា​អន្តរជាតិ​នៃ​សិទ្ធិ​ទទួល​បាន​ការ​ពិត ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដើម្បី​ទាមទារ​កិត្តិយស​ដល់​ជន​រងគ្រោះ។

កញ្ញា សន រ៉ាម៉ាណា៖ «ក្នុង​ខណៈ​ហ្នុង ដែល​ក្រុម​អ្នក​តវ៉ា​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​នា​ពេល​បច្ចុប្បន្ន​នេះ យើង​ក៏​ពុំ​ទាន់​ឃើញ​ចំណាត់​ណា​ដែល​ធ្វើ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ទៅ​លើ​ករណី​ប្រើប្រាស់​កម្លាំង​របស់​កង​កម្លាំង​សន្តិសុខ​កម្ពុជា នៅ​ឡើយ​ទេ។ គោល​បំណង​យុទ្ធនាការ "ឯណា​ទៅ​យុត្តិធម៌​ខ្ញុំ" ហ្នឹង គឺ​ចង់​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ពេញលេញ និង​ឯករាជ្យ​ទៅ​លើ​ករណី​រំលោភ​បំពាន​សិទ្ធិ​មនុស្ស ដែល​បាន​កើត​ឡើង ហើយ​ដើម្បី​នាំ​យក​ជន​ល្មើស​មក​ផ្ដន្ទាទោស និង​ធានា​ថា ជន​រងគ្រោះ​ទទួល​បាន​សំណង​យ៉ាង​ត្រឹមត្រូវ»

ក្នុង​អំឡុង​ពេល​យុទ្ធនាការ​មួយ​ខែ​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នឹង​ប្រមូល​ហត្ថលេខា​លើ​ញត្តិ​ដែល​នឹង​ត្រូវ​ដាក់​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឱ្យ​លោក​រក្សា​ការពារ​ចំពោះ​សិទ្ធិ​ទទួល​បាន​ការពិត យុត្តិធម៌ និង​សំណង​ជំងឺ​ចិត្ត​របស់​ជន​រងគ្រោះ។ នៅ​ក្នុង​ញត្តិ​ដែល​នឹង​ដាក់​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង​នឹង​ការ​ប្រើ​អំពើ​ហិង្សា​របស់​រដ្ឋាភិបាល​បាន​សរសេរ​ថា គោលការណ៍​មូលដ្ឋាន​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ការពារ និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស តាម​រយៈ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​អំពើ​និទ្ទណ្ឌភាព​បាន​ចែង​ថា ជន​រងគ្រោះ និង​គ្រួសារ​របស់​គេ មាន​សិទ្ធិ​ដឹង​ការ​ពិត​ក្នុង​កាលៈទេសៈ ដែល​មាន​ការ​រំលោភ​បំពាន​កើត​ឡើង និង​ធានា​ថា ជន​ល្មើស​ត្រូវ​បាន​នាំ​មក​កាត់​ទោស និង​បង់​ប្រាក់​សំណង​ឱ្យ​បាន​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។