ពលរដ្ឋ​របួស​ក្នុង​ពេល​អាជ្ញាធរ​បង្ក្រាប​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត

អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​តែ​បន្ត​អនុវត្ត​គោលការណ៍​បំបែក​ការ​ជួបជុំ​របស់​ក្រុម​ប្រជាពលរដ្ឋ និង​ការ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​ក្នុង​គោលដៅ​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​លើ​បញ្ហា​អ្វី​មួយ​នោះ។

0:00 / 0:00

ការ​ដាក់​បម្រាម​ហាម​ឃាត់​នេះ​ បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជិត​មួយ​ខែ​មក​ហើយ បន្ទាប់​ពី​បង្ក្រាប​ការ​តវ៉ា​របស់​ក្រុម​កម្មករ​នៅ​លើ​បណ្ដោយ​ផ្លូវ​វ៉េងស្រេង និង​ការ​បង្ក្រាប​បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ដើម​ខែ​មករា នេះ។ ការ​បង្ក្រាប​ចុង​ក្រោយ​ចំនួន​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​នេះ គឺ​ការ​តវ៉ា​របស់​សហព័ន្ធ​សហជីព​កម្មករ​ពី​បញ្ហា​ប្រាក់​ខែ និង​ការ​តវ៉ា​របស់​ក្រុម​លោក ម៉ម សូណង់ដូ នៅ​មុខ​ក្រសួង​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៧ មករា បាន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ជា​ច្រើន​នាក់។ចំណែក​ក្រុម​សិទ្ធិ​មនុស្ស​បាន​ថ្កោលទោស​ចំពោះ​សកម្មភាព​បង្ក្រាប​ដោយ​ហិង្សា​នេះ។

ពលរដ្ឋ​រង​របួស​ដោយសារ​កងកម្លាំង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ និង​កម្លាំង​កងរាជអាវុធហត្ថ​វាយដំ​ឲ្យ​របួស​ធ្ងន់​នោះ ទាមទារ​ឲ្យ​មាន​ក្រុម​ស៊ើប​អង្កេត​រក​ជន​ដៃដល់​ដែល​បាន​ប្រើ​អំពើ​ហិង្សា​វាយ​ដំ​លើ​ប្រជាពលរដ្ឋ​យក​មក​ផ្ដន្ទាទោស។

ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ប្រមាណ​ជិត ១០​នាក់ គឺ​ជា​ជំទប់​ទី​មួយ​នៃ​ឃុំ​គគីរធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល មក​ពី​គណបក្ស សម រង្ស៊ី ឈ្មោះ មឹក ជា។ លោក​មាន​អាយុ​ប្រមាណ​ជាង ៦០​ឆ្នាំ បាន​រង​របួស​ធ្ងន់​ដោយសារ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាតុកម្ម​វាយ​ដំ​រូប​លោក​ក្នុង​ពេល​គាត់​ចូល​រួម​ទាមទារ​ជាមួយ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុកឃ្មុំ នៅ​មុខ​ក្រសួង​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី​ច័ន្ទ ទី​២៧ ខែ​មករា។

លោក មឹក ជា បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ទាំង​ឈឺ​ចាប់​មុខ​របួស ឈាម​ប្រឡាក់​ពេញ​មុខ ចំណែក​មាត់ និង​ភ្នែក​នៅ​ជាប់​បង់​រុំ​មុខ​របួស ហើយ​បាន​ព្យាយាម​រៀបរាប់​ពី​ហេតុការណ៍​កងកម្លាំង​វាយ​ដំ​រូប​លោក៖ «ខ្ញុំ​កំពុង​តែ​នៅ​ជាមួយ​លោក​ប្រធាន ម៉ម សូណង់ដូ ដើម្បី​ការពារ ស្រាប់តែ​កងកម្លាំង​គេ​បុក​សម្រុក​មក ស្រាប​តែ​ខ្ញុំ​ដួល គេ​អុក​នឹង​ជង្គង់​ច្រើន​ជើង​ណាស់ បួន​ដប់​ជើង​នោះ…។ ...សាហាវ​ជាង​ប៉ុល​ពត​ទៀត​បង! ប៉ុលពត​វា​សម្លាប់​មនុស្ស វា​ចាត់​រណសិរ្ស​ស្ងាត់ៗ ហៅ​ទៅ​សម្លាប់​តែម្ដង ប៉ុន្តែ​សង្គម​នេះ​វា​ធ្វើ​បាប​ស្រស់​តែម្ដង សាហាវ​ជាង​ប៉ុលពត​ឆ្ងាយ​ណាស់»

ការ​រៀបរាប់​បាន​ខ្លះ​នេះ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​អង្គការ​លីកាដូ និង​ក្រុម​សង្គ្រោះ​បន្ទាន់​ជម្លៀស​រូប​លោក និង​អ្នក​របួស​ដទៃ​ទៀត​យក​មក​ព្យាបាល​នៅ​តំបន់​បឹងកក់។

លោក មឹក ជា បាន​រង​របួស​ក្បាល​ខ្លាំង បែក​គល់​ចិញ្ចើម បែក​មាត់​ចេញ​ឈាម​ខ្លាំង ត្រូវ​ខ្លួន​ និង​ជើង។

ចំណែក​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ទៀត ក៏​ត្រូវ​ក្រុម​បង្ក្រាប​បាតុកម្ម​វាយ​ដំ​រូប​លោក​ឲ្យ​របួស​ពេញ​ខ្លួន និង​បែក​ក្បាល​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន​ដែរ។

បុរស​ម្នាក់​នេះ​ឈ្មោះ សុខ នី មាន​មុខ​រប​រត់​ម៉ូតូឌុប។ លោក​ថា ការ​ប្រើ​អំពើ​ហិង្សា​វាយ​ដំ​លើ​រូបលោក​នោះ​ជា​រឿង​អយុត្តិធម៌​បំផុត ពីព្រោះ​លោក​មិន​បាន​ចូល​រួម​ធ្វើ​បាតុកម្ម​នោះ​ទេ ដោយ​គ្រាន់​តែ​លោក​ធ្វើ​ដំណើរ​លើ​ផ្លូវ​ព្រះមុនីវង្ស ឆ្លង​កាត់​ក្រសួង​ព័ត៌មាន​នោះ​ដោយ​ចៃដន្យ​ប៉ុណ្ណោះ៖ «តាម​ពិត​ទៅ​ខ្ញុំ​អត់​ដឹង​ក្បួន​នោះ​ទេ ខ្ញុំ​គេ​ធ្វើ​ចរាចរណ៍​ឲ្យ​ទៅ ដល់​អ៊ីចឹង​ខ្ញុំ​ទៅ ទៅ​ដល់​ត្រង់​ហ្នឹង​កម្លាំង​គេ​មក​ដល់​ទៅ​ហើយ​ហ្នឹង ដល់​ពេល​កម្លាំង​គេ​មក​ដល់ ខ្ញុំ​ចូល​​ទៅ​ក្នុង​កន្លែង​ក្រុមហ៊ុន​គេ​ហ្នឹង ដល់​ពេល​ខ្ញុំ​ចូល​ទៅ​ដល់​ក្នុង​ស្រាប់​តែ​ថា ឲ្យ​ចេញ​មក​វិញ អ៊ីចឹង​ខ្ញុំ​ព្រម​ចេញ ស្រាប់​តែ​មាន​កម្លាំង​សន្តិសុខ​គេ​ហ្នឹង​មក​ទាញ​វ៉ៃ​ខ្ញុំ​តែម្ដង ខ្ញុំ​ពាក់​មួយ​សុវត្ថិភាព គេ​ទាញ​ក្បាល​ខ្ញុំ​វ៉ៃ ហើយ​ខ្ញុំ​អោន​ចុះ​ទៅ​ក៏​គេ​វ៉ៃ​ម៉ាំងៗ ពី​លើ​ពី​ក្រោយ»

អ្នក​រង​របួស​ដោយសារ​ការ​បង្ក្រាប​ក្បួន​តវ៉ា​នៅ​មុខ​ក្រសួង​ព័ត៌មាន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ មករា​នោះ មាន​ប្រមាណ​ជិត ១០​នាក់។ អ្នក​ទាំង​នោះ​ទាមទារ​រក​យុត្តិធម៌ និង​គ្រោង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ឲ្យ​រក​ជន​ដៃដល់​នៃ​ការ​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ និង​ទាមទារ​ឲ្យ​មាន​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ។

លោក សុខ នី និង លោក មឹក ជា៖ «ខ្ញុំ​ទាមទារ​ឲ្យ​រក​យុត្តិធម៌​ក្នុង​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ កុំ​ឲ្យ​វា​អ៊ីចឹង ព្រោះ​ជន​ដៃដល់​ហ្នឹង​គិត​ទៅ​គាត់​ធ្វើ​ហ្នឹង​ខ្លាំង​ណាស់ ដូចថា បើ​សម័យ​ខ្មែរ​ក្រហម​គេ​ឲ្យ​គាត់​អារក​ហុត​ឈាម តាម​មើល​ទៅ​ប្រហែល​ជា​គាត់​អារក​ហុត​ឈាម​តែម្ដង តាម​អ្វី​ដែល​គាត់​ធ្វើ​ហ្នឹង។ ត្រូវ​តែ​ចង់​ដាក់​ពាក្យ​ប្ដឹង​ដែរ ដើម្បី​រក​មុខ​អ្នក​ដែល​ប្រើ​អំពើ​ហិង្សា​លើ​រូប​ខ្ញុំ និង​អ្នក​របួស​ជា​ច្រើន​នាក់​ទៀត»

កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៧ មករា លោក ម៉ម សូណង់ដូ បាន​ដឹកនាំ​ក្បួន​ដង្ហែ​មួយ​ដែល​មាន​អ្នក​ចូល​រួម​ជា​ច្រើន​រយ​នាក់ ដោយ​ចេញ​ដំណើរ​ពី​ទីលាន​ប្រជាធិបតេយ្យ​នៅ​ម៉ោង​ប្រមាណ​ជាង ៩​ព្រឹក។ ក្បួន​ដង្ហែ​នោះ​បាន​ទម្លុះ​ការ​រារាំង​របស់​សមត្ថកិច្ច​នៅ​ម្ដុំ​ស្ពាន​នាគ​ខាង​ត្បូង​វត្តភ្នំ ហើយ​ឆ្ពោះ​ទៅ​មុខ​ក្រសួង​ព័ត៌មាន។

លោក ម៉ម សូណង់ដូ៖ «ការ​ជួបជុំ​ថ្ងៃ​នេះ​មិន​មែន​ជា​រឿង​ដំឡើង​ប្រាក់​ខែ​ទេ គឺ​ពលរដ្ឋ​ស្វែង​យល់​ចង់​មាន​ការ​ចេះ​ដឹង ចង់​ស្ដាប់​វិទ្យុ​សំបុកឃ្មុំ ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ស្ដាប់ នេះ​ជា​ចំណុច​សំខាន់​បំផុត​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ស្វែង​យល់ អា​ហ្នឹង​វា​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​វា​ស្រប​ទៅ​តាម​គោលការណ៍​រដ្ឋាភិបាល…»

បន្ទាប់​ពី​ក្បួន​បាន​ទៅ​ដល់​គោលដៅ​ប្រមាណ​ជាង​កន្លះ​ម៉ោង គឺ​នៅ​ម៉ោង​ប្រមាណ​ជាង ១០​ព្រឹក​ថ្ងៃ​ទី​២៧ មករា ក្រុម​អាជ្ញាធរ​ដែល​ដឹកនាំ​ដោយ​មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ លោក រ័ត្ន ស្រ៊ាង បាន​ប្រកាស​តាម​ឧគ្ឃោសនស័ព្ទ​ឲ្យ​ពលរដ្ឋ​និង​បាតុករ​ទាំង​អស់​ចេញ​ពី​មុខ​ក្រសួង​ព័ត៌មាន និង​បើក​ចរាចរណ៍​ឡើង​វិញ ដោយ​សមត្ថកិច្ច​ទាំង​នោះ​ទុក​ពេល​ឲ្យ ៥​នាទី។

ក្រុម​អ្នក​តវ៉ា​ហាក់​មិន​អើពើ​ចំពោះ​ការ​ប្រកាស​ជូន​ដំណឹង​នោះ​ឡើយ ព្រោះ​ពួកគេ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ថា​យ៉ាង​ណា​នោះ​ទេ។ ភ្លាមៗ​នោះ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រមាណ​ជាង ៥០០​នាក់ អម​ទៅ​ដោយ​កម្លាំង​នគរបាល​បង្ក្រាប​បាតុកម្ម​រាប់សិប​នាក់ រួម​នឹង​កម្លាំង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ជា​ច្រើន​ផ្សេង​ទៀត ត្រូវ​បាន​បញ្ជា​ឲ្យ​ចូល​វាយ​សំពង​បង្ក្រាប​ក្រុម​​បាតុករ​ដែល​ដឹកនាំ​ដោយ​លោក ម៉ម សូណង់ដូ។

ការ​បង្ក្រាប​នោះ​សមត្ថកិច្ច​បាន​បាញ់​គ្រាប់​ផ្សែង​ជា​ច្រើន​គ្រាប់​ផង ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​មុខ​ក្រសួង​ព័ត៌មាន​នោះ ស្ថិត​ក្នុង​សភាព​ជ្រួលច្របល់​ខ្លាំង​ប្រៀប​បាន​នឹង​ការ​រត់​គេច​ចេញ​ពី​សមរភូមិ​សង្គ្រាម​ប្រដាប់​អាវុធ​ដូច្នោះ​ដែរ។

ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​រាជធានី​ភ្នំពេញ បែប​នេះ ត្រូវ​បាន​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​រិះគន់​យ៉ាង​ខ្លាំង ព្រម​ទាំង​បាន​ថ្កោល​ទោស​ចំពោះ​ការ​បង្ក្រាប​នោះ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​រិះគន់​ក្រោយ​ការ​បង្ក្រាប​នោះ​ថា ក្រុម​អ្នក​តវ៉ា​ព្យាយាម​ទាមទារ​នូវ​អ្វី​ដែល​ពួកគេ​ចង់​បាន​នោះ​ដោយ​អហិង្សា ដោយ​សន្តិវិធី ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​រដ្ឋាភិបាល​បាន​ជ្រើសរើស​នូវ​មធ្យោបាយ​បង្ក្រាប​ពួកគាត់​ដោយ​ហិង្សា ដោយ​ប្រើ​ប្រាស់​កម្លាំង​ច្រើន​លើសលប់​វាយ​ទៅ​លើ​ក្រុម​បាតុករ។

លោក អំ សំអាត៖ «យើង​ឃើញ​ថា ការ​ប្រើប្រាស់​នូវ​កម្លាំង​កងរាជអាវុធហត្ថ​រាប់​រយ​នាក់ ដើម្បី​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​ដោយ​ពុំ​មាន​ការ​ចរចា ឬ​ក៏​សន្ទនា​គ្នា​ណា​មួយ ដោះស្រាយ​គ្នា​ជា​មុន គឺ​យើង​ចាត់វិធានការ​ក្នុង​ការ​បង្ក្រាប ហើយ​ដេញ​វាយ​ដំ​ដូច​សត្វ​ធាតុ ដែល​ទង្វើ​នេះ យើង​សូម​ថ្កោល​ទោស​ដាច់​ខាត ចំពោះ​អំពើ​ឃោរឃៅ អមនុស្សធម៌​ដែល​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​នោះ»

ឆ្លើយ​តប​បញ្ហា​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក ខេង ទីតូ មាន​ប្រសាសន៍​ថា សមត្ថកិច្ច​អនុវត្ត​តាម​តួនាទី​របស់​ខ្លួន​ក្នុង​ការ​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ៖ «ដោយសារ​ក្រុម​បាតុករ​នោះ​គាត់​បំពាន​នឹង​បម្រាម​ហាម​ឃាត់​របស់​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ហើយ​គាត់​បាន​បិទ​ផ្លូវ ហើយ​គាត់​បាន​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ ហើយ​គាត់​បាន​បដិសេធ​នឹង​សំណូមពរ​របស់​កងកម្លាំង​ដែល​បាន​សុំ​ឲ្យ​គាត់​បែក​ជួរ ប៉ុន្តែ​គាត់​មិន​ព្រម អ៊ីចឹង​កងកម្លាំង​សមត្ថកិច្ច​គឺ​ត្រូវ​តែ​បំបែក»

កាល​ពី​ដើម​ខែ​មករា ក្រសួង​ព័ត៌មាន បាន​ប្រាប់​លោក ម៉ម សូណង់ដូ ថា ក្រសួង​មិន​មាន​ហ្វ្រេកង់ស៍ សម្រាប់​ផ្ដល់​ជូន​វិទ្យុ​សំបុកឃ្មុំ​ឡើយ។

ការ​បង្ក្រាប​ការ​តវ៉ា​នេះ មិន​មែន​ជា​រឿង​ចៃដន្យ​ឡើយ ពីព្រោះ​សាលា​រាជធានី​ភ្នំពេញ បាន​ច្រាន​ចោល​សំណើ​សុំ​ធ្វើ​បាតុកម្ម​របស់​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ដោយ​អោយ​លោក ម៉ម សូណង់ដូ លើក​ពេល​ធ្វើ​បាតុកម្ម​ និង​ត្រឡប់​ទៅ​ពិភាក្សា​ជាមួយ​ក្រសួង​ព័ត៌មាន ម្ដង​ទៀត។

អភិបាល​រង​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ព្រមាន​មុន​ការ​ធ្វើ​បាតុកម្ម​នេះ ៣​ថ្ងៃ​ថា ប្រសិន​បើ​លោក ម៉ម សូណង់ដូ នៅ​តែ​ចចេស​ធ្វើ​បាតុកម្ម​នោះ អាជ្ញាធរ​នឹង​ចាត់​វិធានការ​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។