របាយការណ៍៖ វៀតណាម​នៅ​កំពង់ឆ្នាំង​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស

0:00 / 0:00

របាយការណ៍​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច​ស្ដីពី​ជនអន្តោប្រវេសន៍​រស់​នៅ​លើ​ភូមិ​បណ្ដែត​ទឹក នៅ​លើ​បឹង​ទន្លេសាប នា​ខេត្ត​កំពង់ឆ្នាំង ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៩ មីនា រក​ឃើញ​ថា ជនអន្តោប្រវេសន៍​វៀតណាម កំពុង​ជួប​ផល​លំបាក​ទាំង​សេដ្ឋកិច្ច និង​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា «មនុស្ស​តែលតោល​នៅ​លើ​ពិភពលោក (Limbo on Earth)» ដែល​បាន​សិក្សា​ទៅ​លើ​ជនអន្តោប្រវេសន៍​វៀតណាម ចំនួន​ប្រមាណ ៥​ពាន់​នាក់ រស់​នៅ​ក្នុង​ឃុំ​ផ្សារឆ្នាំង នៅ​ខេត្ត​កំពង់ឆ្នាំង បង្ហាញ​ថា ជនអន្តោប្រវេសន៍​ទាំង​នោះ​បាន​បាត់បង់​សិទ្ធិ​ជា​ពលរដ្ឋ។

របាយការណ៍​ដែល​មាន ២០​ទំព័រ បាន​សិក្សា​ទៅ​លើ​ក្រុម​ជនអន្តោប្រវេសន៍​វៀតណាម សហគមន៍​តូច​មួយ​ក្នុង​ចំណោម​សហគមន៍ ជនអន្តោប្រវេសន៍​វៀតណាម ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។

ប្រធាន​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច លោក អាង ចន្ទរិទ្ធ មាន​ប្រសាសន៍​ថា ជនអន្តោប្រវេសន៍​វៀតណាម ទាំង​នោះ ដែល​មួយ​ចំនួន​បាន​កើត និង​រស់​នៅ​កម្ពុជា ចាត់​ទុក​ប្រទេស​កម្ពុជា ដូចជា​ប្រទេស​ដើម​កំណើត​របស់​ខ្លួន ប៉ុន្តែ​ពួកគេ​បាត់បង់​ទាំង​ស្រុង​នូវ​សិទ្ធិ​ទទួល​បាន​ការ​អប់រំ សេដ្ឋកិច្ច សង្គម និង​នយោបាយ។

លោក​បន្ត​ថា អាជ្ញាធរ​ខេត្ត​បាន​បដិសេធ​មិន​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ដល់​ជនអន្តោប្រវេសន៍​វៀតណាម ដែល​បង្ក​ជា​ឧបសគ្គ​ជា​ច្រើន​ដល់​ការ​រស់​នៅ​របស់​ពួកគេ។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ត្រូវ​ផ្ដល់​លិខិត​កំណើត​ដល់​កូន​ជនអន្តោប្រវេសន៍​វៀតណាម ដែល​រស់​នៅ​កម្ពុជា ដើម្បី​ឲ្យ​មាន​លទ្ធភាព​ទទួល​បាន​ឱកាស​ល្អ​សម្រាប់​ថ្ងៃ​អនាគត។

លោក អាង ចន្ទរិទ្ធ បន្ត​ថា ក្រៅ​តែ​ពី​បញ្ហា​ជីវភាព និង​ការ​គាប​សង្កត់​ពី​អាជ្ញាធរ ជនអន្តោប្រវេសន៍​វៀតណាម ទាំង​នោះ ក៏​បន្ត​រង​គ្រោះ​ផ្នែក​នយោបាយ​ផង​ដែរ។ របាយការណ៍​បន្ត​ថា ជនអន្តោប្រវេសន៍​វៀតណាម ប្រមាណ ៩៧​ភាគរយ នៅ​តំបន់​នោះ មិន​បាន​ចូល​រួម​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ ឡើយ ដោយសារ​តែ​អាជ្ញាធរ​ទាមទារ​ឲ្យ​ពួកគេ​ផ្តល់​អត្តសញ្ញាណប័ណ្ណ។

ទាក់ទង​នឹង​បញ្ហា​ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង លោក ពៅ ប៊ុនថន ថ្លែង​ថា បាន​បណ្ដាល​ឲ្យ​បរិស្ថាន ជា​ពិសេស​ទឹក​ទន្លេ​មាន​ការ​បំពុល​ធ្ងន់ធ្ងរ។ លោក​បន្ត​ថា មន្ត្រី​បរិស្ថាន​បាន​ចុះ​អប់រំ​ពី​អនាម័យ និង​ហាមឃាត់​រាល់​សកម្មភាព​ផលិត ឬ​ការ​ជួសជុល​គ្រឿង​ម៉ាស៊ីន និង​បញ្ចូល​អាគុយ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទឹក​ជា​រៀងរាល់ ១​សប្ដាហ៍​ម្ដង។

ប្រធាន​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច លោក អាង ចន្ទរិទ្ធ ឱ្យ​ដឹង​ថា កន្លង​មក​ជនអន្តោប្រវេសន៍​វៀតណាម ដែល​រស់​នៅ​លើ​ភូមិ​បណ្ដោយទឹក ក្នុង​បឹង​ទន្លេសាប បាន​បន្ត​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ពួកគេ​រស់​នៅ ដើម្បី​ជៀសវាង​ការ​បំពុល​បរិស្ថាន​បឹង​ទន្លេ​សាប។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​នៅ​មិន​ទាន់​អាច​ស្វែង​រក​ដីធ្លី ដើម្បី​ផ្ដល់​ដល់​ក្រុម​សហគមន៍​ជនជាតិ​វៀតណាម ទាំង​នោះ​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។