ជនជាតិដើមភាគតិចចារ៉ាយរស់នៅភាគកណ្ដាលប្រទេសវៀតណាម ដែលគេនិយមហៅថាក្រុមម៉ុងតាញ៉ា ពីរនាក់ ត្រូវបានអ្នកភូមិជនជាតិដើមខ្មែររស់នៅជាប់ព្រំដែនប្រទេសវៀតណាម អះអាងថា ត្រូវកងសន្តិសុខភូមិចាប់ខ្លួន ខណៈពួកគេភៀសខ្លួនចូលមកទឹកដីខ្មែរ។ ក៏ប៉ុន្តែ សមត្ថកិច្ចខេត្តរតនគិរី បដិសេធការអះអាងនេះ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (adhoc) ខេត្តរតនគិរី នៅថ្ងៃទី២៩ ខែវិច្ឆិកា អំពាវនាវឲ្យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ស៊ើបករណីនេះដើម្បីការពារសិទ្ធិជនភៀសខ្លួនវៀតណាម ដែលកំពុងស្វែងរកសិទ្ធិជ្រកកោនផ្នែកនយោបាយនៅកម្ពុជា។
ជនជាតិដើមភាគតិចកម្ពុជា រស់នៅជាប់ព្រំដែនវៀតណាម ក្នុងខេត្តរតនគិរី ឲ្យដឹងថា ចាប់ពីដើមខែតុលា រហូតបច្ចុប្បន្ន មានជនភៀសខ្លួនវៀតណាម ពីរក្រុមមានគ្នា ១៣នាក់ បានភៀសខ្លួនចេញពីខេត្តយ៉ាឡាយ ប្រទេសវៀតណាម ចូលមកលាក់ខ្លួនក្នុងព្រៃខេត្តរតនគិរី។
បច្ចុប្បន្ន ជនភៀសខ្លួនទាំង ១៣នាក់ សមត្ថកិច្ចមិនទាន់រកឃើញកន្លែងលាក់ខ្លួនពួកគេនៅឡើយ។ សេចក្តីរាយការណ៍នេះ ស៊ីសង្វាក់ទៅនឹងសេចក្តីរាយការណ៍របស់ស្នងការប៉ូលិសខេត្តរតនគិរី លោក ងួន គឿន ដែលបានអះអាងប្រាប់វិទ្យុអាស៊ីសេរី ផ្នែកភាសាវៀតណាម កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ថា ប៉ូលិសខេត្តយ៉ាឡាយ បានផ្តល់បញ្ជីឈ្មោះពលរដ្ឋវៀតណាម បាត់ខ្លួនចំនួន ១៦នាក់ សុំឲ្យប៉ូលិសខេត្តរតនគិរី ជួយស្វែងរក។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី ដែលបានអង្កេតករណីនេះ សង្ស័យថា ពលរដ្ឋវៀតណាម ២នាក់ដែលអ្នកភូមិប្រទះឃើញក្រុមសន្តិសុខភូមិចាប់ខ្លួន ទំនងជាពលរដ្ឋវៀតណាម ឋិតក្នុងចំណោមអ្នកភៀសខ្លួនក្នុងបញ្ជីបាត់ខ្លួនរបស់ប៉ូលិសវៀតណាម។ លោកថា ប្រសិនសមត្ថកិច្ចខេត្តរតនគិរី ចាប់បញ្ជូនជនជាតិវៀតណាម ដោយមិនបានវិនិច្ឆ័យរកអត្តសញ្ញាណពួកគេជាជនភៀសខ្លួនផ្នែកនយោបាយនោះ គឺជាការរំលោភអនុសញ្ញាអន្តរជាតិស្ដីពីជនភៀសខ្លួន និងជាការរំលោភសិទ្ធិមនុស្ស៖ «បានដំណឹងពីអ្នកស្រុកបញ្ជាក់ថា វៀតណាម ភៀសខ្លួនរបស់ជនជាតិម៉ុងតាញ៉ា ត្រូវបានចាប់ឃាត់ខ្លួននៅវេលាយប់។ យើងនឹងស៊ើបអង្កេតមួយឲ្យបានជាក់លាក់»។
ប្រជាពលរដ្ឋជនជាតិដើមភាគតិចរស់នៅភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី សុំមិនឲ្យបញ្ចេញឈ្មោះ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ ខែវិច្ឆិកា ថា អ្នកភូមិបានប្រទះឃើញជនជាតិវៀតណាម ពីរនាក់ ត្រូវសន្តិសុខភូមិចាប់ខ្លួននៅវេលាម៉ោង ១០យប់ ថ្ងៃទី២៧ ខែវិច្ឆិកា នៅចំណុចស្ពានអូរត្រាវ ជិតភូមិតេន ក៏ប៉ុន្តែគេមិនដឹងថា តើជនជាតិវៀតណាម ទាំងពីរនាក់នោះ ត្រូវចាប់បញ្ជូនទៅណានោះទេ?៖ «ពីរនាក់ហ្នឹងឃើញច្បាស់តែម្តង គេចាប់ផ្លូវបំបែកភូមិឡំ ទៅភូមិដរ កន្លែងស្ពានអូរត្រាវ ហួសភូមិតេន កន្លែងសន្តិសុខគេនៅហ្នឹង។ ប្រជាពលរដ្ឋគេឃើញដែរ សន្តិសុខគេឃើញទាំងអស់»។
ទាក់ទិនសេចក្តីរាយការណ៍នេះ អធិការប៉ូលិសស្តីទីស្រុកអូរយ៉ាដាវ លោក ងយ ដន បដិសេធថា មិនមានរបាយការណ៍ទាក់ទិនការចាប់ខ្លួនពលរដ្ឋវៀតណាម ណាម្នាក់ឡើយ៖ «តាមការពិត វាអត់មានមែន ព្រោះបើសិនកូនចៅខ្ញុំចាប់រាយការណ៍មកខ្ញុំ ខ្ញុំទៅលាក់ស្អី»។
កាលពីថ្ងៃទី២៧ វិច្ឆិកា វិទ្យុអាស៊ីសេរី បានទៅដល់កន្លែងលាក់ខ្លួនរបស់ក្រុមម៉ុងតាញ៉ា មួយក្រុមមានគ្នា ៨នាក់ កំពុងលាក់ខ្លួនខ្លាចសមត្ថកិច្ចខេត្តរតនគិរី ចាប់ពួកគេបញ្ជូនទៅឲ្យអាជ្ញាធរវៀតណាម វិញ។
ជនភៀសខ្លួនទាំងនោះ បានអះអាង និងបង្ហាញឯកសារកាន់មកជាមួយដែលបញ្ជាក់ថា ពួកគេរងការគាបសង្កត់បិទសេរីភាពផ្នែកជំនឿសាសនា និងចោទថាពួកគេមានទំនាក់ទំនងក្រុមប្រឆាំងរដ្ឋាភិបាលវៀតណាម នៅក្រៅប្រទេស៖ «នៅវៀតណាម គេធ្វើបាបគាត់មិនឲ្យជឿសាសនាគ្រឹះ គេចោទថាគាត់ធ្វើនយោបាយអ៊ីចឹង បានគាត់រត់មកដល់ទៅនេះនៅក្នុងព្រៃ»។
រហូតមកទល់នឹងពេលនេះ សមត្ថកិច្ចប៉ូលិសខេត្តរតនគិរី នៅតែបន្តស្វែងរកកន្លែងលាក់ខ្លួនជនភៀសខ្លួនវៀតណាម ទាំងនោះ។ ទោះជាយ៉ាងណាក្តី ប្រភពព័ត៌មានសុំមិនឲ្យបញ្ចេញអត្តសញ្ញាណឲ្យដឹងថា រាជរដ្ឋាភិបាលផ្តល់ភ្លើងខៀវជុំវិញបេសកកម្មសង្គ្រោះជនភៀសខ្លួនពីក្នុងព្រៃនៅពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
