ខេត្តឧត្តរមានជ័យ ដែលជាខេត្តមួយមានព្រំដែនជាប់គ្នាជាមួយប្រទេសថៃ នៅតែកើតមានបញ្ហាកម្លាំងប្រដាប់អាវុធប្រើអំពើហិង្សាទៅលើប្រជាជនស៊ីវិលដោយបំពានច្បាប់ ចាប់តាំងតែពី ៣-៤ឆ្នាំមុន រហូតមកដល់ពេលនេះ។
កាលពីថ្ងៃទី២ ខែវិច្ឆិកា កន្លងទៅ ទាហានប្រដាប់អាវុធ ១ក្រុម របស់យោធភូមិភាគទី៤ ដែលប្រចាំការនៅស្រុកអន្លង់វែង បានចាប់ខ្លួនកសិករម្នាក់ដោយមិនត្រឹមត្រូវតាមច្បាប់ ធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីអាជ្ញាធរស៊ីវិល និងក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល។
កសិករ ១គ្រួសារ នៅភូមិគោកសំព័រ ឃុំលំទង នៃស្រុកអន្លង់វែង កំពុងត្រូវការក្រុមអ្នកច្បាប់របស់អង្គការក្រៅរដ្ឋាភិបាលជួយជ្រោមជ្រែង ដើម្បីធ្វើពាក្យបណ្ដឹងប្រឆាំងនឹងទាហាន ១ក្រុមរបស់យោធភូមិភាគទី៤ ដែលបានចាប់ខ្លួនគាត់បញ្ជូនយកទៅឱ្យប៉ូលិសដាក់ច្រវាក់ និងបង្អត់បាយរយៈពេលពេញ ១យប់ផង។
កសិករម្នាក់ដែលធ្វើស្រែ និងចម្ការចិញ្ចឹមជីវិត គឺលោក លួន ឡប អាយុ ៥០ឆ្នាំ។ លោកអះអាងកាលពីរសៀលថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ថា កាលពីថ្ងៃទី២ ខែវិច្ឆិកា កន្លងទៅ លោកបាននាំប្រពន្ធ និងកូនទៅដកដំឡូងមីដែលដាំ នៅនិងដីចម្ការជាប់គ្នា និងស្រែរបស់លោក។ នៅពេលដែលកំពុងដកដំឡូងនោះ ក៏មានទាហានយោធភូមិទី៤ មួយក្រុមប្រដាប់ដោយអាវុធបានមកហៅរូបលោកឱ្យឡើងទៅជួបពួកគេ។ លោកបន្តថា នៅពេលដែលលោកទៅដល់ គឺទាហានទាំងនោះបានចោទប្រកាន់ថា រូបលោកបានកាប់រានដីព្រៃរបស់សហគមន៍ដោយខុសច្បាប់ ហើយក៏ចាប់ខ្លួនដាក់ក្នុងឡានតែម្ដង។
លោក លួន ឡប បញ្ជាក់ថា ក្នុងពេលដែលទាហានចាប់ខ្លួនលោកនោះ គឺគេបានយកទៅឱ្យមេព្រៃសួរចម្លើយ បន្ទាប់មកមេព្រៃរកមិនឃើញកំហុស ក៏បញ្ជូនរូបលោកទៅឱ្យក្រុមប៉ូលិសទៀត។ នៅឯកន្លែងប៉ូលិសគេបានចាក់ច្រវាក់ជាប់ជើងរបស់លោកឱ្យនៅហាលមូសពេញមួយយប់។ រូបលោកត្រូវបានប៉ូលិសដោះលែងមកវិញកាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា បន្ទាប់ពីមេឃុំលំទង ទៅធានា៖ «នៅកន្លែងប៉ូលិសគេសួរថា អ្នកឯងមានរឿងអ្វី ហេតុអ្វីបានជាគេចាប់មក? ខ្ញុំថា មិនមានខុសអ្វីទេ គ្រាន់តែគាស់ដំឡូងរបស់ខ្ញុំ ដល់ពេលនេះ ប៉ូលិសឱ្យខ្ញុំស្រាតខោអាវ ហើយក៏គេចាក់ច្រវាក់ជើង»។
ប្រភពពីប្រជាពលរដ្ឋនៅភូមិគោកសំព័រ ឱ្យដឹងថា ក្រុមទាហានរបស់យោធភូមិភាគទី៤ ដែលនាំគ្នាទៅចាប់ខ្លួនអ្នកភូមិដោយមិនត្រឹមត្រូវតាមច្បាប់នោះ គឺឈ្មោះ ម៉ៅ ស៊ីចន ឈ្មោះ ឌី ហាត នុត ដន និងឈ្មោះ ភាព។
ទោះយ៉ាងណាវិទ្យុអាស៊ីសេរី មិនអាចស្វែងរកលេខទូរស័ព្ទមេបញ្ជាការយោធារបស់អង្គភាពទីនោះដើម្បីសុំការបំភ្លឺចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋបានថាយ៉ាងណានៅឡើយទេ។
មេឃុំលំទង លោក ជន រះ មានប្រសាសន៍ថា លោកមិនដឹងថា ប្រជាពលរដ្ឋម្នាក់ដែលទាហានចាប់ខ្លួននោះ ត្រូវគេធ្វើបាបយ៉ាងណាទេ ក៏ប៉ុន្តែលោកពិតជាបានទៅធានាឱ្យប៉ូលិសដោះលែងមកជួបជុំគ្រួសារមែន។ លោកមេឃុំក៏សំដែងការអាក់អន់ចិត្តចំពោះទាហានដែលមកចាប់ខ្លួនប្រជាពលរដ្ឋស្រេចតែចិត្តដោយមិនយល់ច្បាប់នោះដែរ៖ «ខ្ញុំថា កុំឱ្យចាប់ប្រជាជនទៅវាយធ្វើបាបអី សុទ្ធតែគ្នាឯងទេ ធ្វើអ៊ីចឹងវាមិនល្អទេ គួរតែកុំធ្វើវិញវាល្អជាង»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន បានហៅសកម្មភាពរបស់ក្រុមទាហានដែលចាប់ចងប្រជាពលរដ្ឋនោះថា គឺជាអំពើមិនស្របច្បាប់ ព្រមទាំងរំលោភលើសេចក្ដីថ្លៃថ្នូររបស់មនុស្ស។ លោក ស្រី ណារ៉េន បញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋធ្វើខុសច្បាប់ក៏ដោយ ក៏ការចាប់ចងមិនមែនជាសមត្ថកិច្ចរបស់ទាហានទេ គឺជាការងាររបស់ប៉ូលិសរដ្ឋបាលស៊ីវិល។
នៅខេត្តឧត្តរមានជ័យ ឧស្សាហ៍កើតមានសកម្មភាពទាហានដែលរំលោភទៅលើប្រជាពលរដ្ឋស៊ីវិលណាស់។ កាលពីអំឡុងខែមិថុនា កន្លងទៅ សហគមន៍ការពារព្រៃឈើ សង្ឃរុក្ខវ័ន្ត ក៏ធ្លាប់ទទួលរងការគំរាមកំហែងពីក្រុមទាហានដែរ នៅពេលដែលព្រះសង្ឃ និងគណៈកម្មការសហគមន៍ដើរល្បាត ហើយបង្ក្រាបទៅលើក្រុមអ្នកលួចចូលទៅកាប់ឈើខុសច្បាប់ក្នុងតំបន់ការពារមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
