"ការ​បន្ត​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​ច្បាប់​ធ្វើ​ឲ្យ​បរាជ័យ​ក្នុង​ការ​ការពារ​ស្ត្រី​ពី​អំពើ​ហិង្សា"

ដោយ អ៊ុំ រង្សី
2015.08.20
ពុង ឈីវកេក ៦២០ ប្រធាន​គណៈកម្មាធិការ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អនុសញ្ញា​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​លើ​ស្ត្រី (NGO-CEDAW) អ្នកស្រី ពុង ឈីវកេក ថ្លែង​ក្នុង​វេទិកា​ស្ដីពី​ការ​ផ្ដល់​យុត្តិធម៌​ដល់​ស្ត្រី ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ចម្រុះ​លើ​ករណី​អំពើ​ហិង្សា​លើ​ស្ត្រី នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Um Raingsy

ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ស្ត្រី​មើល​ឃើញ​ថា ការ​បន្ត​ដោះស្រាយ​វិវាទ​លើ​ច្បាប់​ក្រៅ​ផ្លូវ​ការ ធ្វើ​ឲ្យ​បរាជ័យ​ក្នុង​កិច្ច​ការពារ​ស្ត្រី​ពី​អំពើ​ហិង្សា។ លើស​ពី​នេះ ធ្វើ​ឲ្យ​ស្ត្រី​ប្រឈម​ទៅ​នឹង​អំពើ​ហិង្សា មាន​ការ​រើសអើង​ពី​សង្គម ដែល​អាច​ឲ្យ​ស្ត្រី​កម្ពុជា នៅ​តែ​មិន​បាន​ទទួល​បាន​យុត្តិធម៌​ពេញលេញ។

សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ថា ការ​បន្ត​ដោះស្រាយ​វិវាទ​លើ​ច្បាប់​ក្រៅ​ផ្លូវ​ការ មាន​ន័យ​ថា ការ​បន្ត​ដោះស្រាយ​វិវាទ​តាម​បែប​ទំនៀម​ទម្លាប់​ប្រពៃណី ជះ​ឥទ្ធិពល​អវិជ្ជមាន​ខ្លាំង​លើ​កិច្ច​ការពារ​ស្ត្រី ខណៈ​ប្រព័ន្ធ​ផ្លូវ​ការ​បាន​ផ្តល់​នូវ​មធ្យោបាយ​ដល់​ស្ត្រី ឲ្យ​ទទួល​បាន​ការ​ការពារ។ ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល​នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ថ្នាក់​ជាតិ​ស្ដីពី​ការ​ផ្តល់​យុត្តិធម៌​ដល់​ស្ត្រី ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ចម្រុះ​លើ​ករណី​អំពើ​ហិង្សា​លើ​ស្ត្រី នៅ​ថ្ងៃ​ទី​២០ ខែ​សីហា។

​ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ជិត ២០០​នាក់ ប្រធាន​គណៈកម្មាធិការ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អនុសញ្ញា​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​លើ​ស្ត្រី (NGO-CEDAW) អ្នកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​ថា ការ​ដោះស្រាយ​វិវាទ​លើ​ច្បាប់​ក្រៅ​ផ្លូវ​ការ គឺ​សំដៅ​លើ​ការ​ដោះស្រាយ​ដោយ​ភាគី​អ្នក​ប្រព្រឹត្តិ ព្យាយាម​ចរចា ឬ​សម្រប​សម្រួល​ជាមួយ​ភាគី​រងគ្រោះ ដូចជា​ការ​បង់​លុយ​ដើម្បី​បញ្ចប់​រឿង និង​ការ​សម្រប​សម្រួល​ដទៃ​ទៀត ដែល​មិន​ព្រម​ដោះស្រាយ​តាម​ប្រព័ន្ធ​ច្បាប់​ផ្លូវ​ការ។

អ្នកស្រី ពុង ឈីវកេក បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ចម្បង​ដែល​ជំរុញ​ឲ្យ​ស្ត្រី​កម្ពុជា ដែល​រងគ្រោះ​ដោយ​អំពើ​ហិង្សា នៅ​តែ​បន្ត​ទទួល​យក​ការ​ដោះស្រាយ​តាម​ច្បាប់​ក្រៅ​ផ្លូវ​ការ ដោយសារ​តែ​កត្តា​គ្រួសារ កត្តា​ប្រពៃណី​ទំនៀម​ទម្លាប់ កត្តា​សង្គម និង​កត្តា​ប្រព័ន្ធ​ច្បាប់​ធូរ​រលូង ដែល​មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​ស្ត្រី​ពេញលេញ។ លើស​ពី​នេះ វា​ក៏​បាន​បន្ត​ជំរុញ​ឲ្យ​ស្ត្រី​នៅ​តែ​សម្ងំ​ស្ងៀម ព្រម​ទទួល​យក​ទាំង​ភាព​អយុត្តិធម៌៖ «ស្ត្រី​ខ្លះ​មាន​ការ​លំបាក មិន​ដឹង​វិធី​ដែល​ទទួល​បាន​ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ មិន​ដឹង​ទៅ​រក​ប្រព័ន្ធ​តុលាការ​ទៅ​ផ្លូវ​ណា? ជួន​កាល ស្ត្រី​ខ្លះ​អត់​មាន​លុយ​កាក់ គាត់​មិន​ចង់​ទៅ​តុលាការ នេះ​ហើយ​ជា​កត្តា​ដែល​រាំង​ស្ទះ​ដល់​ស្ត្រី»

ចំណែក​ឯ​ស្ត្រី​រងគ្រោះ​ដោយ​អំពើ​ហិង្សា​វាយ​ដំ​ពី​សំណាក់​បុរស​ជា​ស្វាមី និង​ធ្លាប់​ស៊ូ​ទ្រាំ​ដោះស្រាយ​តាម​ប្រព័ន្ធ​ច្បាប់​ក្រៅ​ផ្លូវ​ការ​អស់​រយៈពេល​ជាង ១០​ឆ្នាំ លោកស្រី សូ ស្រីល័ក្ខ បាន​ឲ្យ​ដឹង​ថា អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​នេះ ដោយសារ​តែ​ការ​ខ្មាស​អៀន​មិន​ចង់​ឲ្យ​មាន​ការ​រើសអើង​ពី​សង្គម និង​ការ​មិន​អើពើ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច ទើប​ជំរុញ​ឲ្យ​លោកស្រី​នៅ​តែ​បន្ត​ការ​ដោះស្រាយ​តាម​ច្បាប់​ក្រៅ​ផ្លូវ​ការ។ ស្ត្រី​រងគ្រោះ​រូប​នេះ ស្នើ​អាជ្ញាធរ​មាន​សមត្ថកិច្ច ពិសេស​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ ដើម្បី​ឈាន​ទៅ​បញ្ចប់​ការ​ដោះស្រាយ​ដែល​មាន​លក្ខណៈ​ក្រៅ​ផ្លូវ​ច្បាប់ ឬ​បែប​ប្រពៃណី។

ករណី​នេះ ត្រូវ​បាន​ប្រធាន​នាយកដ្ឋាន​ផ្លូវ​ច្បាប់​នៃ​ក្រសួង​កិច្ចការ​នារី អ្នកស្រី កេត ម៉ារឌី មាន​ប្រសាសន៍​ថា អ្នកស្រី​ទទួល​ស្គាល់​ថា នៅ​តែ​មាន​ការ​ដោះស្រាយ​ក្រៅ​ផ្លូវ​ច្បាប់​លើ​ករណី​ហិង្សា និង​ការ​រំលោភ​សេពសន្ថវៈ ប៉ុន្តែ​កន្លង​មក ក្រសួង​មិន​ដែល​ជំរុញ​ឲ្យ​ស្ត្រី​ដោះស្រាយ​តាម​ប្រព័ន្ធ​ច្បាប់​ក្រៅ​ផ្លូវ​ការ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ក្រសួង​តែង​តែ​ផ្តល់​ចំណេះ​ដឹង​ដល់​ស្ត្រី​លើ​ករណី​នេះ។ អ្នកស្រី​បន្ត​ថា ក្រសួង​បាន​បង្កើត​ឲ្យ​មាន​ភ្នាក់ងារ​ស្ត្រី​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​តាម​ដាន​លើ​ករណី​ហិង្សា និង​ការ​ដោះស្រាយ​បញ្ហា​ហិង្សា​លើ​ស្ត្រី៖ «ក្រសួង​កិច្ចការ​នារី មាន​ជំរុញ​ឲ្យ​មាន​ក្រុម​ស្ត្រី​ដែល​ហៅ​ថា​ជា​នគរបាល​យុត្តិធម៌ ដើម្បី​ជួយ​សម្រួល​ដល់​ស្ត្រី​ដើម្បី​ដោះស្រាយ​បញ្ហា​ហិង្សា​ឲ្យ​មាន​ប្រសិទ្ធភាព»

ទាក់ទង​នឹង​បញ្ហា​ការ​បន្ត​ដោះស្រាយ​វិវាទ​លើ​ច្បាប់​ក្រៅ​ផ្លូវ​ការ​នេះ សង្គម​ស៊ីវិល​នៅ​តែ​ស្នើ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដាក់​ទោស​ចំពោះ​មន្ត្រី​ដែល​មិន​អនុវត្ត​តាម​តួនាទី និង​មាន​ការ​រើសអើង​លើ​ស្ត្រី ដែល​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ការ​ដោះស្រាយ​វិវាទ​លើ​ច្បាប់​ក្រៅ​ផ្លូវ​ការ។ ជាង​នេះ​ទៀត ក្រោយ​បញ្ចប់​វេទិកា​ថ្នាក់​ជាតិ​នេះ ក្រុម​សង្គម​ស៊ីវិល នឹង​ប្រមូល​នូវ​បញ្ហា និង​ការ​ព្រួយ​បារម្ភ ពាក់ព័ន្ធ​ការ​ផ្តល់​យុត្តិធម៌​លើ​ករណី​អំពើ​ហិង្សា​លើ​ស្ត្រី ដាក់​ជូន​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​លើ​អនុសញ្ញា ស៊ីដ (CEDAW) នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០១៥ ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។