មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា នៅថ្ងៃច័ន្ទ ទី២ ខែកញ្ញា មានប្រសាសន៍ឲ្យដឹងថា ស្ត្រីបម្រើការនៅក្លិបខារ៉ាអូខេ មួយរូប ធ្វើការនៅហាងរាត្រីសប្បាយៗ ឬហាងខារ៉ាអូខេ តាអឿន ស័ក្កណា ស្ថិតក្នុងសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានស្វែងរកកិច្ចគាំពារផ្នែកសិទ្ធិមនុស្ស ដោយសារតែនាងរងនូវអំពើហិង្សាព្រួតវាយពីសំណាក់អ្នកបម្រើការក្នុងក្លិបចំនួន ៨នាក់។
លោកបន្តថា សមាគមលោកកំពុងធ្វើកំណត់ហេតុអង្កេតករណីនេះ ដើម្បីធ្វើរបាយការណ៍អន្តរាគមន៍ជូនអាជ្ញាធរពាក់ព័ន្ធ ជួយចាត់វិធានការផ្លូវច្បាប់ក្នុងរឿងនេះ៖ «យើងឃើញថា នៅភ្នែកខាងឆ្វេងរបស់គាត់មានស្នាមជាំ ដូចជាស្នាមដាល់នឹងកណ្ដាប់ដៃ។ គាត់ប្ដឹងទៅលើជនបង្ក គឺប្អូនថៅកែ ករណីដែលមានការរើសអើងទៅនឹងស្ត្រីភេទ។ គាត់បានប្រើអំពើហិង្សា គឺផ្ទុយទៅក្រមព្រហ្មទណ្ឌ និងច្បាប់ ទោះបីគាត់មានអាជីព ឬការងារផ្នែកអ្វីក៏ដោយ»។
ស្ត្រីបម្រើការនៅហាងខារ៉ាអូខេ ឈ្មោះ ម៉េង រ៉ាវី អាយុ ២០ឆ្នាំ មានស្រុកកំណើតនៅឯខេត្តកំពង់ចាម ប៉ុន្តែនាងបានមករស់នៅខេត្តមណ្ឌលគិរី ប្រមាណ ៦ខែកន្លងទៅ ក្នុងឋានៈជាអ្នកបម្រើភ្ញៀវក្នុងក្លិបខារ៉ាអូខេនេះ។
នាងរៀបរាប់ហេតុការណ៍អាក្រក់ដែលកើតមានចំពោះរូបនាងថា កាលពីរាត្រីថ្ងៃទី១ ខែកញ្ញា នាងមានជម្លោះពាក្យសម្ដីជាមួយស្ត្រីបម្រើភ្ញៀវនៅក្លិបជាមួយគ្នា ក៏ប៉ុន្តែដោយសារតែនាងជាមនុស្សចំណូលស្រុកថ្មី មិនមានបក្ខពួក ទើបភាគីម្ខាងទៀត និងបក្ខពួកព្រួតគ្នាវាយនាង ជាពិសេសបុរសឈ្មោះ លន់ ជាក្មួយរបស់ថៅកែហាង បានវាយនាងរហូតមានរបួសភ្នែក។
នាងបន្តថា ក្លិបរាត្រីនេះតែងកើតការវាយតប់គ្នាញឹកញាប់ ដោយសារតែអ្នកបម្រើការនៅទីនោះខ្លះអាងអំណាច ថៅកែហាងវាយធ្វើបាបអ្នកបម្រើការជាស្ត្រី៖ «គ្នាវាមួយហ្វូងមកព្រួតវាយខ្ញុំប្រាំពីរប្រាំបីនាក់ ខ្ញុំស្គាល់ឈ្មោះទៀត។ វាបោចវាទាញថង់ខោអាវខ្ញុំដាច់ខ្ទេចខ្ទី យកស្បែកជើងវាយក្បាលខ្ញុំ អាខ្លះក្រញៅមុខខ្ញុំ ទាញសក់ខ្ញុំ ឱនរើសស្បែកជើងវាស្ទុះដាក់ខ្ញុំមួយដៃចំភ្នែកខ្ញុំ។ វាវាយខ្ញុំពីរដៃ ខ្ញុំខឹងអាក្មួយថៅកែ ខ្ញុំគ្មានរឿងអ្វីជាមួយវាទេ ហេតុអ្វីវាមកវាយខ្ញុំ។ វាយខ្ញុំហើយ វាថាឲ្យទៅប្ដឹងអាចម៍ទៀត»។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ ខែកញ្ញា មិនអាចទាក់ទងបុរសឈ្មោះ លន់ សុំបំភ្លឺសេចក្តីចោទប្រកាន់នេះបានទេ។
ចំណែកថៅកែក្លិប គឺលោក សាង គឹមអាង មានប្រសាសន៍ទទួលស្គាល់ថា ពិតជាមានការវាយនោះមែន ក៏ប៉ុន្តែលោកមិនបានដឹងពីហេតុពិតប្រាកដនៃការធ្វើឲ្យកើតមានការវាយគ្នានោះឡើយ។ លោកបន្តថា បានសម្របសម្រួលផ្តល់ប្រាក់សម្រាប់ព្យាបាលរបួសទៅនារីរងគ្រោះនោះហើយ ប៉ុន្តែនាងមិនយល់ព្រម៖ «វាពាក់ព័ន្ធតែរឿងវាស្រវឹងហ្នឹងណា វាពិបាកអ៊ីចឹងកូនចៅទាំងសងខាង។ ខ្ញុំបានប្រាប់ថា ឥឡូវបានប៉ះពាល់អ្វីខ្លះអស់ប៉ុន្មាន ខ្ញុំថាឲ្យវាហ្នឹងមួយរយ ឯងមើលទៅក្រែងឈឺយ៉ាងម៉េច ចាំខ្ញុំឡើងទៅ ជាក់ស្តែងយ៉ាងម៉េចចាំខ្ញុំមើលទៀត»។
ទោះជាយ៉ាងនេះក្តី មន្ត្រីសិទ្ធិមនុស្សដដែលឲ្យដឹងថា មន្ត្រីសមាគម នឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះស៊ើបអង្កេតករណីនេះនៅកន្លែងកើតហេតុ ដើម្បីរៀបចំពាក្យបណ្ដឹងដាក់ជូនស្ថាប័នអយ្យការចាត់វិធានការចំពោះអ្នកប្រព្រឹត្តិខុស។
នេះគឺជាករណីទីមួយហើយក្នុងឆ្នាំ២០១៣ ដែលសមាគមអាដហុក ខេត្តមណ្ឌលគិរី ទទួលបានសេចក្តីរាយការណ៍ពីការរំលោភប្រើអំពើហិង្សាទៅលើស្ត្រី។ នៅក្រុងសែនមនោរម្យ ក្លិបរាត្រីខារ៉ាអូខេមានជាង ១៥កន្លែង និងបនពេស្យាចារលួចលាក់ប្រមាណ ៣កន្លែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
