អ្នក​កាសែត​រស្មី​កម្ពុជា​ម្នាក់​ប្រចាំ​ខេត្ត​ព្រះវិហារ​ត្រូវ​ក្រុម​ឈ្មួញ​ដឹក​ឈើ​ព្រួត​វាយ

0:00 / 0:00

បច្ចុប្បន្ន ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់ ក្រៅ​តែ​ពី​ប្រើ​រូបភាព​បង្កប់​លាក់​ឈើ​ក្នុង​រថយន្ត​ទំនើបៗ ហើយ​យក​ឈ្មោះ​មន្ត្រី​មាន​អំណាច​ខ្លះ​ធ្វើ​ជា​ខ្នង​បង្អែក គឺ​បាន​យក​ឈ្មោះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មក​ប្រើប្រាស់។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា កន្លង​ទៅ អ្នក​ដឹក​ឈើ​១​ក្រុម​ចេញ​ពី​ខេត្ត​ព្រះវិហារ សំដៅ​ខេត្ត​កំពង់ធំ ដែល​បាន​យក​ឈ្មោះ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មក​ប្រើប្រាស់ ហើយ​ក៏​បាន​ប្រើ​ហិង្សា​ព្រួត​គ្នា​ដេញ​វាយ​អ្នក​កាសែត​ផង​ដែរ។

អ្នក​យក​ព័ត៌មាន​ឱ្យ​កាសែត​រស្មី​កម្ពុជា ១​រូប ប្រចាំ​ខេត្ត​ព្រះវិហារ កំពុង​រង​របួស និង​ឈឺ​ចាប់​ផ្នែក​ខ្លះ​នៃ​រាង​កាយ បន្ទាប់​ពី​ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ជាច្រើន​នាក់ បាន​ព្រួត​គ្នា​វាយ​សំពង​លើ​រូប​គាត់។

អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​រស្មី​កម្ពុជា នៅ​ខេត្ត​ព្រះវិហារ គឺ​លោក សៅ វណ្ឌី។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​១៤ ខែ​តុលា ថា កាល​ពី​រាត្រី​ថ្ងៃ​ទី​១២ ខែ​តុលា កន្លង​ទៅ រូប​លោក និង​អ្នក​កាសែត​ស្រឡាញ់​ជាតិ ម្នាក់​ទៀត បាន​ធ្វើ​ដំណើរ​ដោយ​រថយន្ត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦២ បំណង​ទៅ​កន្លែង​រូប​សំណាក លោក​តា ឌី។ លុះ​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ប្រហែល​ជាង ៣​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ពី​ទី​រួម​ខេត្ត​ព្រះវិហារ ក៏​ប្រទះ​ឃើញ​រថយន្ត​ម៉ាក​សាំងយ៉ុង (Sangyung) ១​គ្រឿង ដឹក​ឈើ​ដែល​មាន​ទទឹង​មុខ​ប្រវែង ១​ម៉ែត្រ និង​បណ្ដោយ​ប្រហែល ៣​ម៉ែត្រ ចំនួន ៣​សន្លឹក ដោយ​មិន​មាន​សមត្ថកិច្ច​តាម​ផ្លូវ​ណា​បង្ក្រាប។ ឃើញ​ដូច្នេះ លោក​ក៏​យក​កាមេរ៉ា​ទៅ​ថត​យក​រូបភាព ស្រាប់​តែ​ក្រុម​អ្នក​ដឹក​ឈើ​នោះ​ឈប់​ឡាន ហើយ​ចុះ​មក​រក​រឿង ដោយ​ប្ដឹង​ទៅ​ប៉ូលិស ព្រម​ទាំង​ហៅ​បក្ខពួក​ប្រដាប់​ដោយ​មួក​សុវត្ថិភាព និង​ដំបង ដេញ​វាយ​រូប​លោក​តែ​ម្ដង។

លោក សៅ វណ្ឌី៖ «វា​ឈប់​ឡាន​បាន វា​ថា​យី! លោក​ឯង​ម៉េច​ហ៊ាន​ថត​ឡាន​ខ្ញុំ? ឥឡូវ​លោក​ឯង​ជួប​មេ​ខ្ញុំ​ទៅ មេ​ខ្ញុំ​មន្ត្រី​ប្រឆាំង​អំពើ​ពុក​រលួយ! ខ្ញុំ​ថា​ចាំ​ជួប​គាត់​ធ្វើ​អ្វី ខ្ញុំ​ថត​យក​តែ​ព័ត៌មាន​ទេ​តើ ស្រាប់​វា​ទូរស័ព្ទ​ទៅ​ស្នងការ មួលបង្កាច់​ខ្ញុំ​នៅ​នឹង​មុខ​ប្រជាពលរដ្ឋ ដែល​មើល​អ៊ូអរ​ហ្នឹង​ថា ខ្ញុំ​ជំរិត​ទារ​ប្រាក់។ វា​នាំ​បក្ខពួក​វា​១​ឡាន ក្រោយ​ទៀត​ដេញ​វាយ​ខ្ញុំ វា​ធាក់​ត្រូវ ២​ជើង។ ខ្ញុំ​រត់​ចូល​ព្រៃ។ ទម្រាំ​រួច​ខ្លួន​វង្វេង​រក​ផ្លូវ​ទៅ​ផ្ទះ​មិន​ឃើញ​ទេ ចូល​ទៅ​វា​ងងឹត​ពេក»

លោក សៅ វណ្ឌី បញ្ជាក់​ថា បើ​ទោះ​បី​ជា​ក្រុម​អ្នក​ដឹក​ឈើ​ខុស​ច្បាប់ បាន​ព្រួត​គ្នា​វាយ​សំពង​លើ​រូប​លោក​ក៏ដោយ ក៏​ពេល​នេះ លោក​មិន​ប្ដឹង​សមត្ថកិច្ច​ទេ ដោយសារ​តែ​លោក​គ្មាន​ជំនឿ​លើ​សមត្ថកិច្ច។ លោក សៅ វណ្ឌី ឱ្យ​ដឹង​ថា នៅ​តាម​ផ្លូវ​ជាតិ​លេខ​៦២ ចាប់​ពី​ខេត្ត​ព្រះវិហារ រហូត​ដល់​ខេត្ត​កំពង់ធំ គឺ​មាន​សមត្ថកិច្ច​ប្រចាំ​ការ​តាម​ប៉ុស្តិ៍​ចំនួន​ជាង ២០​កន្លែង ក៏ប៉ុន្តែ​មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចាប់​ឡាន​ដឹក​ឈើ​ដែល​វាយ​តប់​រូប​លោក​នោះ​ឡើយ។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៦​ខែ​ចុង​ក្រោយ​នេះ​មាន​អ្នក​កាសែត​នៅ​ខេត្ត​ព្រះវិហារ ចំនួន ២​នាក់​ហើយ​ដែល​ទទួល​រង​អំពើ​ហិង្សា​ពី​ក្រុម​អ្នក​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់។ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា កន្លង​ទៅ អ្នក​យក​ព័ត៌មាន​ឱ្យ​កាសែត​កម្ពុជា​ថ្មី ម្នាក់ ឈ្មោះ សន មង្គល ក៏​ត្រូវ​មេបញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ក្រុង​ព្រះវិហារ វាយ​ដែរ​នៅ​ពេល​ដែល​គាត់​ថត​រូប​រថយន្ត​ទំនើប​ដឹក​ឈើ ១​គ្រឿង។

តំណាង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ដោយ​ថា បច្ចុប្បន្ន​នេះ អ្នក​កាសែត​នៅ​ខេត្ត​ព្រះវិហារ ហាក់​ទទួល​រង​ការ​គាប​សង្កត់​ផង និង​គំរាម​កំហែង​ផង៖ «សមាគម​អាដហុក មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ទៅ​លើ​អ្នក​សារព័ត៌មាន​ក្នុង​ខេត្ត​ព្រះវិហារ ទាំង​មូល ពីព្រោះ​ឥឡូវ​ហ្នឹង​យើង​ឃើញ​ថា​មាន​ការ​រឹត​បន្តឹង ការ​គំរាម​កំហែង​គ្រប់​រូបភាព​ពី​ឈ្មួញ​រក​ស៊ី​បទល្មើស​ព្រៃ​ឈើ ដើម្បី​ជា​ថ្នូរ​នៃ​ការ​មិន​ចុះ​ផ្សាយ»

ក្នុង​ខែ​តុលា នេះ អ្នក​យក​ព័ត៌មាន​ឱ្យ​កាសែត​រស្មី​កម្ពុជា ចំនួន ២​នាក់​ហើយ ដែល​ត្រូវ​ក្រុម​ឈ្មួញ​ដឹក​ឈើ​ព្រួត​គ្នា​វាយ។ កាល​ពី​ថ្ងៃ​ទី​៣ ខែ​តុលា កន្លង​ទៅ អ្នក​យក​ព័ត៌មាន​ឱ្យ​កាសែត​រស្មី​កម្ពុជា​ម្នាក់​នៅ​ខេត្ត​សៀមរាប ត្រូវ​ក្រុម​ឈ្មួញ​ដឹក​ឈើ​ព្រួត​គ្នា​វាយ​តប់​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។