បណ្ដាញភាពជាមេដឹកនាំស្ត្រីសាកលនៃអង្គការវ៉ាយថល វ៉យស៊ីស Vital Voices ហៅជាភាសាអង់គ្លេស ថា Vital Voices Global Leadership Network ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតុនសហរដ្ឋអាមេរិកសន្យាថានឹងបន្តឃ្លាំមើលករណីអ្នកស្រី ទេព វន្នី និងសហគមន៍បឹងកក់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ តាមរយៈលិខិតមួយច្បាប់ផ្ញើជូនអ្នកស្រី ទេព វន្នី នាពេលថ្មីៗ អង្គការនេះបានបង្ហាញពីការចែករំលែកនូវសាររបស់ខ្លួនដើម្បីផ្ដល់ជាក្ដីសង្ឃឹមនិងជួយសម្រាលទុក្ខលំបាកនានាខណៈដែលអ្នកស្រី ទេព វន្នី កំពុងជាប់ឃុំក្នុងពន្ធនាគារ។
លិខិតសរសេរថាសមាជិកភាគច្រើននៃបណ្ដាញភាពជាមេដឹកនាំស្ត្រីសាកលនៃអង្គការ Vital Voices នឹងនៅតែបន្តតាមដាននិងគាំទ្របុព្វហេតុតស៊ូដ៏អង់អាចក្លាហាននិងប្រកបដោយភាពមោះមុតរបស់អ្នកស្រី ទេព វន្នី ជាបន្តទៅទៀត។ក្រុមសមាជិកនៃបណ្ដាញភាពជាមេដឹកនាំស្ត្រីសាកលនៃអង្គការ Vital Voices សរសេរថាយើងបានឃ្លាំមើលពីចម្ងាយករណីរបស់អ្នកស្រី ទេព វន្នី ក្នុងការតស៊ូប្រយុទ្ធប្រឆាំងដោយមិនខ្លាចនឿយហត់ដើម្បីការពារផ្ទះសម្បែងរបស់អ្នកស្រីខណៈដែលក្រុមហ៊ុនអភិវឌ្ឍបានជម្លៀសក្រុមអ្នកភូមិបឹងកក់ចេញពីលំនៅឋានរបស់ពួកគេដោយបង្ខំ។ ក្នុងអំឡុងពេលតវ៉ាចាប់ខ្លួននិងមានការដោះលែងម្តងៗយើងក៏បានប្រើប្រាស់សំឡេងរបស់យើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីភាពអយុត្តិធម៌ ដែលអ្នកស្រីកំពុងតស៊ូប្រយុទ្ធប្រឆាំងយ៉ាងស្វិតស្វាញនេះ។
ក្រុមសមាជិកបណ្ដាញនេះ គូសបញ្ជាក់ក្នុងខ្លឹមសារនៃលិខិតដដែលនេះថាក្រោយពេលដែលមានការចាប់ខ្លួនអ្នកស្រី ទេព វន្នី កាលពីខែសីហា ២០១៦ កន្លងទៅនេះយើងធ្លាប់សង្ឃឹមថាការផ្ដន្ទាទោសមកលើអ្នកស្រីនឹងត្រូវបានគេលើកលែង។ ហើយខណៈដែលអ្នកស្រីកំពុងជាប់ឃុំនៅក្នុងពន្ធនាគារយើងបានចូលរួមជាមួយសហគមន៍អន្តរជាតិនៃក្រុមអ្នកគាំទ្ររបស់អ្នកស្រី ទេព វន្នី ដើម្បីធ្វើការអំពាវនាវឲ្យមានការដោះលែងអ្នកស្រី។ ក៏ប៉ុន្តែនៅពេលនេះកិច្ចខិតខំប្រឹងប្រែងរបស់យើងព្រមទាំងកិច្ចប្រឹងប្រែងសហគមន៍អន្តរជាតិគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ យើងមានសេចក្ដីសោកស្ដាយជាពន់ពេកដែលអ្នកស្រីនៅតែត្រូវបានគេទុកឲ្យនៅឃ្លាតឆ្ងាយពីក្រុមគ្រួសារអ្នកស្រីហើយមិនអាចការពារលំនៅឋានជាទីស្រលាញ់របស់អ្នកស្រីបាន។
ក៏ប៉ុន្តែលិខិតបន្តថាខណៈដែលអ្នកស្រីជាប់ឃុំក្នុងពន្ធនាគារនេះ ពួកយើងក៏នៅតែរក្សាជំហរគាំទ្រអ្នកស្រីនៅទីនេះដដែល។ ពួកយើង ក៏ធ្លាប់ត្រូវបានគេចាប់ចងដាក់ពន្ធនាគារជាប់ឃុំក្នុងផ្ទះហើយត្រូវបានគេបង្ខំឲ្យរស់នៅឃ្លាតឆ្ងាយពីមិត្តភ័ក្ដិនិងក្រុមគ្រួសាររបស់យើង។ អ្នកស្រីអាចនឹងជួបនូវរឿងរ៉ាវដូចអ្វីដែលយើងធ្លាប់មានអារម្មណ៍ក្នុងអំឡុងពេលទាំងនោះដែរដែលអាចឲ្យអ្នកស្រីមានអារម្មណ៍ថាត្រូវបានគេបំភ្លេចចោលខឹងសម្បារនិងឯកោ។ ប៉ុន្តែ សូមអ្នកស្រីជ្រាបថាអ្នកស្រីនឹងមិនត្រូវបានគេបំភ្លេចចោលនោះទេ។
ក្រុមសមាជិកបណ្ដាញភាពជាមេដឹកនាំស្ត្រីសាកលនៃអង្គការ Vital Voices ប្ដេជ្ញាថា ពួកគេនឹងនៅតែបន្តពាំនាំរឿងរ៉ាវរបស់អ្នកស្រីហើយនឹងរឿងរ៉ាវនៃពលរដ្ឋក្នុងសហគមន៍អ្នកស្រីទៅប្រាប់ពិភពលោកនិងមនុស្សគ្រប់គ្នាឲ្យបានដឹងឮ។ ក្រុមមេដឹកនាំស្ត្រីទាំងនោះបញ្ជាក់បន្ថែមថាការតស៊ូដើម្បីបុព្វហេតុរបស់អ្នកស្រី ទេព វន្នី នឹងនៅតែបន្តដក់នៅក្នុងផ្នត់គំនិតមេដឹកនាំស្ត្រីក្លាហានដទៃទៀតនៃក្រុមអ្នកភូមិបឹងកក់ហើយក៏បន្តដក់នៅជាមួយផ្នត់គំនិតរបស់ក្រុមបុរសនិងស្ត្រីគ្រប់រូបនៅគ្រប់ច្រកល្ហកនៅជុំវិញពិភពលោកយើងនេះដែលកំពុងលើកកម្ពស់ការយល់ដឹងអំពីបុព្វហេតុរបស់អ្នកស្រីហើយថាវាក៏នឹងបន្តដក់ជាប់ក្នុងផ្នត់គំនិតរបស់ពួកគេទាំងអស់គ្នាដែរ។
ខណៈដែលអ្នកស្រីជាប់ឃុំក្នុងពន្ធនាគារសូមអ្នកស្រីទទួលយកកម្លាំងចិត្តពីពួកយើង។ យើងនឹងនៅតែបន្តតស៊ូមតិដោយមិនខ្លាចនឿយហត់សម្រាប់អ្នកស្រីផ្ទាល់និងចែករលែកការតស៊ូរបស់អ្នកស្រីដើម្បីបុព្វហេតុដ៏ត្រឹមត្រូវមួយនេះ។
អ្នកស្រី ទេព វន្នី ត្រូវបានអង្គការ Vital Voices ប្រគល់ពានរង្វាន់ភាពជាអ្នកដឹកនាំសាកលឆ្នាំ២០១៣និងផ្ដល់កិត្តិយសឲ្យធ្វើជាសមាជិកបណ្ដាញភាពជាអ្នកដឹកនាំសាកលរបស់អង្គការនេះផងដែរ។
ជុំវិញករណីអ្នកស្រី ទេព វន្នី នេះដែរនៅព្រឹកថ្ងៃអង្គារនេះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ក៏គ្រោងនឹងចូលជួបសួរសុខទុក្ខអ្នកស្រី ទេព វន្នី នៅពន្ធនាគារដោយពាំនាំនូវខ្លឹមសារនៃលិខិតរបស់បណ្ដាញភាពជាមេដឹកនាំស្ត្រីសាកលនៃអង្គការ Vital Voicesនេះរៀបរាប់ជូនអ្នកស្រី ទេព វន្នី ឲ្យបានជ្រាបពីករណីទាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
