មេព្រៃជនជាតិវៀតណាម បានធ្វើការបាញ់ប្រហារលើពលរដ្ឋខ្មែរ ៣នាក់ កាលពីថ្ងៃទី២ កក្កដា កន្លងទៅនេះ។ ការបាញ់ប្រហារបានបណ្ដាលអោយពលរដ្ឋខ្មែរម្នាក់ឈ្មោះ ង៉ាវ ធឿន រងរបួសនៅត្រង់កំភួនជើងស្តាំ។ ចំណែកពលរដ្ឋខ្មែរពីរនាក់ផ្សេងទៀត មិនបានរងរបួសអ្វីទេ ដោយសារពួកគាត់បានរត់គេចខ្លួនរួច។ ពលរដ្ឋខ្មែរទាំងបីនាក់នេះ មានទីលំនៅនៅភូមិដាត្បូង ឃុំដា ស្រុកមេមត់ ខេត្តកំពង់ចាម។
លោក ង៉ាវ ធឿន ដែលជាជនរងគ្រោះក្នុងការបាញ់ប្រហារ បាននិយាយប្រាប់អោយដឹងថា កាលពីថ្ងៃទី២ កក្កដា រូបគាត់ជាមួយអ្នកភូមិពីរនាក់ផ្សេងទៀត ឈ្មោះ សំរិត ថែល និង យួន យេន បានបបួលគ្នាទៅតំបន់មួយដែលគាត់អះអាងថា ជាតំបន់សរវាងប្រទេសកម្ពុជា និងវៀតណាម ដើម្បីគាស់ទំពាំង និងរកឈើដើម្បីធ្វើដងចប។
លោកបន្តថា នៅថ្ងៃនោះ លោករកទំពាំងបានពីរមើម និងចាប់សត្វអណ្ដើកបានមួយក្បាលនៅតាមផ្លូវត្រឡប់មកផ្ទះវិញ ចំណែកអ្នកភូមិពីរនាក់ទៀតគ្មានរកអ្វីបានទាំងអស់។ ពេលកំពុងដើរត្រឡប់មកវិញនៅតាមផ្លូវ ស្រាប់តែពើបប្រទះជនជាតិវៀតណាម ពីរនាក់ ម្នាក់ស្លៀកពាក់ជាស៊ីវិលធម្មតា និងម្នាក់ទៀតស្លៀកខោជាមេព្រៃ កំពុងឈររង់ចាំស្ទាក់ផ្លូវពួកគាត់។ គាត់និយាយថា ពេលឃើញពួកគាត់ភ្លាម មេព្រៃវៀតណាម បានអាមេកាំភ្លើងភ្ជង់ពួកគាត់ ហើយអោយពួកគាត់ទម្លាក់កាំបិតចុះ។
លោក ង៉ាវ ធឿន៖ «ពេលនោះពួកខ្ញុំបានតទៅវាថា កាំបិតហ្នឹងខ្ញុំខ្ចីគេទេបង ខ្ញុំខ្ចីគេទៅរកកាប់ដងចប ពេលនោះវាមិនព្រម វាមិនស្តាប់យើងទេ វាថាបើមិនទម្លាក់ចុះ វាបាញ់បាក់ជើង ខ្ញុំក៏ទម្លាក់ទំពាំង ទម្លាក់សត្វចុះទៅ ខ្ញុំបែរខ្នងដើរមក វាក៏បាញ់ខ្ញុំពីក្រោយ បានពួកខ្ញុំទម្លាក់កាំបិត ក៏នាំគ្នារត់មកព្រំដែនវិញ»។
លោក ង៉ាវ ធឿន និយាយថា តាំងពីដើមមក ពលរដ្ឋរស់នៅក្នុងភូមិរបស់គាត់តែងតែទៅទីនោះ ដើម្បីរកទំពាំង ឈើ ឬត្រីសាច់ជាដើម ហើយពុំដែលមានបញ្ហាអ្វីនោះទេ។ លោកថា កាលពីដើម គេហៅតំបន់នោះថា ភូមិដូង៧ដើម។ តែលោកក៏បាននិយាយដែរថា សព្វថ្ងៃ វៀតណាម បានកាន់កាប់តំបន់នេះហើយ៖ «ពីដើម ដីហ្នឹងគឺនៅក្នុងដីខ្មែរទេ អ្នកស្រុកភូមិដា ហ្នឹង គេរកស៊ីចូលព្រៃជីកទំពាំងជីកអ៊ីរាល់តែឆ្នាំ ព្រោះកន្លែងតំបន់ហ្នឹងខ្មែរចាស់ៗពីដើមមករហូត ចូលរកស៊ីជីកទំពាំង ជីកអ៊ីហ្នឹង កាប់ដងចប រកត្រីរកអ៊ីហ្នឹង»។
មេឃុំដា លោក យឹម សុផា ដែលជាអ្នកជ្រោមជ្រែងនាំយកលោក ង៉ាវ ធឿន មកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម បានមានប្រសាសន៍ដូចលោក ង៉ាវ ធឿន ថា តំបន់នោះសព្វថ្ងៃបានស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម។ លោកបន្តថា ជាទម្លាប់តាំងពីដើម អ្នកស្រុកអ្នកភូមិតែងតែទៅរកភោគផលនៅទីនោះ៖ «បើនិយាយអោយមែនទែនទៅ ដីគេដីយើងអ៊ី ដីខ្មែរតែទាំងអស់ហ្នឹងពីដើមមក ប៉ុន្តែតាំងពីហ្នឹងមក វៀតណាម ចេះតែចូលមកយកដល់ហ្នឹងទៅ។ និយាយរួមទៅ ខ្មែរតាំងពីដូនតា គាត់ធ្លាប់មានប្រវត្តិមានដីធ្លីគាត់នៅហ្នឹង»។
លោក យឹម សុផា បានមានប្រសាសន៍បន្តទៀតថា បន្ទាប់ពីមានព្រឹត្តិការណ៍បាញ់ប្រហារលើពលរដ្ឋខ្មែរ លោកក៏បានទៅជួបមេឃុំវៀតណាម ឃុំតាំងឡឹក របស់ខេត្តតៃនិញ ដើម្បីសួរនាំមេឃុំវៀតណាម រូបនោះ ពីការបាញ់ប្រហារ។ លោកថា មេឃុំវៀតណាម បាននិយាយសម្ដែងការសោកស្ដាយចំពោះហេតុការណ៍ដែលបានកើតឡើង។ តែមេឃុំវៀតណាម រូបនោះក៏បាននិយាយដែរថា នៅប្រទេសវៀតណាម បច្ចុប្បន្ន គេមានច្បាប់អភិរក្សដីព្រៃ ដែលនៅជាប់ព្រំដែន គេមិនអនុញ្ញាតអោយពលរដ្ឋណាចូលកាប់ឈើ ឬបរបាញ់សត្វក្នុងតំបន់អភិរក្សនោះទេ ហើយគេថា បើនៅវៀតណាម វិញ អ្នកដែលហ៊ានចូលក្នុងដីព្រៃអភិរក្សទាំងនោះ គឺត្រូវជាប់គុកតែម្តង។ តែលោក យឹម សុផា ក៏បានផ្តែផ្តាំទៅមេឃុំវៀតណាម ថា មិនគួរប្រើអំពើហិង្សាដោះស្រាយបញ្ហានោះទេ គួរស្វែងរកដំណោះស្រាយដោយសន្តិវិធីវិញវាប្រសើរជាង។
លោក យឹម សុផា៖ «ថ្ងៃក្រោយ យើងនៅប្រទេសភូមិផងរបងជាមួយ បើមានបញ្ហាអ៊ីកើតឡើង យើងចរចាគ្នាទៅ ឃាត់ខ្លួនគាត់ទៅ ហើយទុកអោយអាជ្ញាធរដោះស្រាយគ្នាទៅ យកមនុស្សមកណែនាំអប់រំទៅ»។
លោកបន្តថា លោកបានបញ្ជូនពាក្យបណ្ដឹងរបស់ជនរងគ្រោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដា រួចហើយ ហើយពាក្យបណ្ដឹងក៏ត្រូវបានបញ្ជូនបន្តទៅកាន់អធិការនគរបាលស្រុកមេមត់ រួចហើយដែរ ដើម្បីដោះស្រាយតាមផ្លូវច្បាប់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអធិការនគរបាលស្រុកមេមត់ លោក អែម កុសល ដើម្បីសាកសួរព័ត៌មានបន្ថែមពីបញ្ហាប្ដឹងផ្តល់នេះទេ។
ចំណែកអភិបាលស្រុកមេមត់ លោក ចេង ប៉ុណ្ណារ៉ា បានមានប្រសាសន៍ថា លោកបានដឹងពីហេតុការណ៍នេះដែរ ហើយខាងលោកកំពុងធ្វើការស្រាវជ្រាវពីបញ្ហានេះ។
ប៉ុន្តែ លោក ង៉ាវ ធឿន ជាជនរងគ្រោះ បាននិយាយប្រាប់អោយដឹងថា លោកត្រូវបានអធិការនគរបាលស្រុកមេមត់ ហៅទៅសាកសួរបន្ថែមកាលពីព្រឹកថ្ងៃទី១២ កក្កដា។ លោកបន្តថា អធិការនគរបាលស្រុកប្រាប់លោកថា គេនឹងលើកយកបញ្ហានេះមកពិភាក្សាគ្នាជាមួយភាគីវៀតណាម នៅពេលដែលមានកិច្ចប្រជុំរវាងខេត្តកំពង់ចាម និងខេត្តតៃនិញ។ លោក ង៉ាវ ធឿន និយាយថា លោកមិនសូវសង្ឃឹមថានឹងមានដំណោះស្រាយសម្រាប់លោកក្នុងពេលឆាប់ៗនេះនោះទេ។
ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តកំពង់ចាម លោក ប៊ូ វីរៈ ដែលបានតាមដានបញ្ហានេះដែរនោះបានមានប្រសាសន៍ថា វាប្រហែលជាពិបាករកយុត្តិធម៌ជូនជនរងគ្រោះបានភ្លាមៗ ព្រោះបញ្ហានេះវាទាមទារអោយមានការចូលរួមសហការរួមគ្នាពីអាជ្ញាធរទាំងពីរប្រទេស គឺកម្ពុជា និងវៀតណាម៖ «ភាគីទាំងពីរ រដ្ឋ និងរដ្ឋហ្នឹង ឬក៏ខេត្ត និងខេត្តហ្នឹង មានកិច្ចសហប្រតិបត្តិការគ្នា ទើបអាចធ្វើទៅបាន ព្រោះយើងមិនអាចទៅចាប់ជនល្មើសនៅលើទឹកដីគេបានទេ ទោះបីជាយើងរកទៅឃើញថា ខុសច្បាប់ ឬវាត្រូវច្បាប់យ៉ាងម៉េច»។
តែទោះយ៉ាងណាក៏ដោយ លោកថា អង្គការរបស់លោកនឹងនៅតែបន្តតាមដានមើលការដោះស្រាយពីករណីបាញ់ប្រហារនេះ។ លោកបានអំពាវនាវអោយអាជ្ញាធរខេត្តកំពង់ចាម ជួយស្វែងរកយុត្តិធម៌អោយជនរងគ្រោះ ព្រោះថាជនរងគ្រោះចូលក្នុងទឹកដីវៀតណាម ក៏គ្មានបំណងអាក្រក់ដើម្បីទន្ទ្រានយកដីវៀតណាម ឬបង្កជាអសន្តិសុខសង្គមដល់ប្រទេសវៀតណាម នោះទេ ពួកគេគ្រាន់តែចូលដើម្បីស្វែងរកភោគផលដែលគេធ្លាប់តែពឹងពាក់អាស្រ័យតាំងពីដើមរៀងមកប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។