ប្រធានប្រតិបត្តិនៃសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា លោក ស ម៉ូរ៉ា បានឲ្យដឹងថ្ងៃទី២៦ ខែកុម្ភៈ ថា លោក វន់ ពៅ ត្រូវបានក្រុមប្រឹក្សាភិបាលទីក្រុងហ្គេន (Ghent) ប្រទេសប៊ែលហ្ស៊ិក (Belgium) បានជ្រើសរើសផ្ដល់ពានរង្វាន់កិត្តិយសជូនលោកក្នុងចំណោមមនុស្ស ៦នាក់នៅឆ្នាំ២០១៤។
លោក ស ម៉ូរ៉ា បញ្ជាក់ថា លោក វន់ ពៅ ជាប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៦នាក់មកពីប្រទេសដទៃទៀតចំនួន ៦នាក់ ត្រូវបានក្រុមប្រឹក្សាភិបាលទីក្រុងហ្គេន បានផ្ដល់ពានរង្វាន់កិត្តិយសនេះ ដោយសារលោកបានចូលរួមតស៊ូដើម្បីយុត្តិធម៌សង្គមយ៉ាងសកម្មក្នុងប្រទេសកម្ពុជា រហូតដល់រដ្ឋាភិបាលចាប់ខ្លួនដាក់ពន្ធនាគារដល់សព្វថ្ងៃ។
លោក ស ម៉ូរ៉ា៖ «គេបានជ្រើសលោក វន់ ពៅ ជាមនុស្សឆ្នើមក្នុងចំណោម ៦នាក់នៅក្នុងឆ្នាំ២០១៤ នេះ ហើយគេនឹងប្រាប់មកវិញនៅថ្ងៃស្អែកអីហ្នឹងមើលទៅ ព្រោះខ្ញុំបានផ្ញើឯកសារទៅទីក្រុងហ្គេន ឲ្យគេអស់ហើយ»។
លោក ស ម៉ូរ៉ា បានបញ្ជាក់ថា គេមិនទាន់ឲ្យដឹងអំពីកាលបរិច្ឆេទពិតប្រាកដថា លោក វន់ ពៅ នឹងត្រូវទទួលពានរង្វាន់នេះនៅថ្ងៃណានៅឡើយទេ។ តែលោកបញ្ជាក់ថា គេនឹងជូនដំណឹងឲ្យដឹងក្នុងពេលឆាប់ៗនេះ។
លោក វន់ ពៅ ត្រូវបានយោធាកងឆត្រយោងពិសេសលេខ ៩១១ ចាប់ខ្លួនកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ នៅខណៈលោកបានចូលរួមធ្វើបាតុកម្មអហិង្សាជាមួយកម្មករ ដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួល។ បន្ទាប់ពីចាប់ខ្លួន សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនលោក រួមទាំងកម្មករនិងប្រជាពលរដ្ឋចំនួន ២២នាក់ទៀត យកទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខែត្រកំពង់ចាម ក្រោមបទចោទបង្កហិង្សាដោយចេតនា និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ តែក្រុមអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិ បានថ្កោលទោសចំពោះការចាប់ខ្លួនលោក វ់ន ពៅ នេះថា ជាការចាប់ខ្លួននិងឃុំខ្លួនខុសច្បាប់ ដោយទាមទារឲ្យរដ្ឋាភិបាលដោះលែងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
