លោក វន់ ពៅ និង​មនុស្ស​២០​នាក់​ទៀត​ត្រូវ​បញ្ជូន​មក​គុក​ព្រៃស​រង់ចាំ​សវនាការ

ជន​ជាប់​ចោទ ២១​នាក់ ក្នុង​ចំណោម​មនុស្ស ២៣​នាក់ ដែល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​កំពង់ចាម ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​រោងចក្រ​យ៉ាកជីន ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​ផ្លូវ​វ៉េងស្រេង ក្នុង​ពេល​តវ៉ា​ដំឡើង​ប្រាក់ខែ​កម្មករ ១៦០​ដុល្លារ ត្រូវ​បាន​មន្ត្រី​ខាង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​មន្ត្រី​ពន្ធនាគារ​នៅ​ទី​នោះ ដឹក​ជញ្ជូន​តាម​រថយន្ត​យក​មក​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ មេសា។

អ្នក​ទាំង ២១​នាក់​នោះ គឺ​ត្រូវ​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស​បណ្ដោះអាសន្ន រង់ចាំ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​នៅ​ថ្ងៃ​សុក្រ ទី​២៥ មេសា ខាង​មុខ។

ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត គិត​ថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​មាន​វត្តមាន​អ្នក​ទាំង ២១​នាក់​នៅ​ភ្នំពេញ និង​ក្នុង​តុលាការ បន្ទាប់​ពី​កម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​និង​ទាហាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​មករា។

លោក សំអាត៖ «យើង​គ្រាន់​តែ​មាន​សង្ឃឹម​ទុក​ជា​មុន​ថា ពេល​សវនាការ​ខាង​មុខ​អ្នក​ទាំង ២១​នាក់ ឬ​ក៏ ២៣​នាក់​នោះ​ត្រូវ​បាន​ទទួល​ការ​លើកលែង​ការ​ចោទ​ប្រកាន់ ហើយ​ដោះលែង​ឲ្យ​មាន​សេរីភាព​ជួបជុំ​គ្រួសារ។ បច្ចុប្បន្ន​យើង​មើល​ទៅ​ស្ថានភាព​អ្នក​នយោបាយ ហាក់​ដូច​ជា​មាន​ការ​ធូរ​ស្រាល ការ​ចរចា​គ្នា​ហ្នឹង បើ​យើង​និយាយ​ទៅ​អ្នក​ទាំង ២៣​នាក់ វា​គ្រាន់​តែ​ជា​កូនអុក ឬ​ជា​ឧបករណ៍ នយោបាយ​សម្រាប់​អ្នក​នយោបាយ​តែប៉ុណ្ណោះ​ទេ អ៊ីចឹង​ក្នុង​ស្ថានភាព​បែប​នេះ ខ្ញុំ​ជឿ​ថា អ្នក​ទាំង​អស់​ហ្នឹង​មាន​សេរីភាព​ឡើង​វិញ»

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​អង្គ​ជំនុំជម្រះ ៣​ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែមួយ​លើ​ករណី​ជន​ជាប់​ចោទ ២៣​នាក់ ដែល​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ មករា នៅ​ពេល​ដែល​ពួកគេ​តវ៉ា​ទាមទារ​សុំ​ដំឡើង​ប្រាក់​ខែ ១៦០​ដុល្លារ។ អង្គការ​សង្គម​ស៊ីវិល និង​សហជីព​កម្មករ បាន​ត្រៀម​មេធាវី ១០​នាក់​ជួយ​ការពារ​ក្តី​ឲ្យ​ពួកគេ​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។