យុវជន​២​នាក់​នឹង​ចូលរួម​ពិនិត្យ​ការ​រំលោភ​សិទ្ធិ​កុមារ​តាម​បណ្ដាញ​សង្គម​នៅ​ចិន

អង្គការ​អាយខេន (ICANN = Internet Corporation of Assigned Name and Numbers) បាន​ប្រមូល​កុមារ​ជា​អនីតិជន ឲ្យ​ចូលរួម​ប្រជុំ​ចាប់​ពី​ថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី១១ ខែ​មេសា នៅ​ក្រុង​ប៉េកាំង ដើម្បី​ឲ្យ​កុមារ​ទាំង​នោះ​នាំគ្នា​ត្រួត​ពិនិត្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែល​បង្ហោះ​ព័ត៌មាន​តាម​អ៊ីនធឺណិត ទាក់ទង​ការ​រំលោភ​សិទ្ធិ​កុមារ​នៅ​លើ​ពិភពលោក។

0:00 / 0:00

សិស្ស​វិទ្យាល័យ ពីរ​នាក់ មក​ពី​ខេត្ត​ផ្សេង​គ្នា បាន​ជាប់​ឆ្នោត​ទៅ​ចូលរួម​ប្រជុំ​ជាមួយ​អង្គការ​អាយខេន អំពី​ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែល​បង្ហោះ​រូបភាព​ពាក់ព័ន្ធ​ការ​រំលោភ​សិទ្ធិ​កុមារ នៅ​ទីក្រុង​ប៉េកាំង នៃ​ប្រទេស​ចិន ប្រជាមានិត។

ការ​ប្រជុំ​នោះ នឹង​មាន​កុមារ​មក​ពី​ប្រទេស​នានា​ក្នុង​ពិភពលោក​ចំនួន ១០​ក្រុម ដែល​ក្នុង​មួយ​ប្រទេស​ឲ្យ​មាន​កុមារ ២​នាក់ បាន​ចូលរួម​ប្រជុំ។

យុវ​សិស្ស​ថ្នាក់​ទី១១ វិទ្យាល័យ​ស្វាយរៀង ឈ្មោះ គង់ សុវណ្ណដា ថ្លែង​ថា គាត់​ត្រូវ​បាន​កុមារ​ជាច្រើន​បោះឆ្នោត​ឲ្យ​ឈ្មោះ​គាត់​ចេញ​ទៅ​ចូលរួម​ប្រជុំ​តំណាង​ឲ្យ​កុមារ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ពិនិត្យ​មើល​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែល​បង្ហោះ​រូបភាព​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​កុមារ។ ពួក​គាត់​នឹង​ចងក្រង​គ្នា​ជា​ក្រុម​នៅ​ក្នុង​តំបន់ ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ៖ «និយាយ​ពី​ការ​ទទួល​ព័ត៌មាន​ពី​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​កុមារ​អាច​ធ្វើ​អី​ខ្លះ​នៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត អាច​យល់​ដឹង​ពី​សិទ្ធិ​កុមារ ឬ​ផ្ទេរ​ចំណេះ​ដឹង​ផ្សេងៗ​ទៀត»

យុវតី​ឈ្មោះ រស់ ស្រីនុត ថ្នាក់​ទី១០ វិទ្យាល័យ​ព្រះម្លូ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ថ្លែង​ថា យុវជន និង​កុមារ​កម្ពុជា កំពុង​តែ​រត់​តាម​បច្ចេកវិទ្យា​ទំនើប ដែល​នាំ​ឲ្យ​ពួក​គេ​វក់​លេង​ល្បែង​តាម​អ៊ីនធឺណិត ឬ​ទាញ​យក​រឿង​តាម​ទូរស័ព្ទ​ដៃ​មក​មើល នាំ​ឲ្យ​ភ្លេច​ការ​សិក្សា។ រឿង​ខ្លះ​ក៏​ជួយ​អប់រំ​កុមារ រឿង​ខ្លះ​ជំរុញ​ឲ្យ​កុមារ​ធ្លាក់​ខ្លួន​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ជាដើម។ ហេតុ​នេះ ការ​ចូលរួម​ប្រជុំ​នៅ​ប្រទេស​ចិន នោះ យុវតី​នឹង​ស្នើសុំ​ឲ្យ​កុមារ និង​យុវជន​ក្នុង​ពិភពលោក នាំគ្នា​គិត​ពី​ការ​បង្ហោះ​រូបភាព​អាក្រក់​ពង្វក់​កុមារ និង​យុវជន​ឲ្យ​ភ្លេច​ការ​សិក្សា ឬ​បោះបង់​ចោល​ការ​សិក្សា៖ «ទោះ​បី​ខ្ញុំ​គិត តែ​ខ្ញុំ​មិន​ដឹង​ថា​ដោះស្រាយ​ដោយ​របៀប​ម៉េច។ ព្រោះ​អី​យើង​មិន​អាច​ទៅ​បញ្ជា​ពួក​គាត់​ថា​ឲ្យ​ឈប់​មើល​អីចឹង​បាន​ទេ ព្រោះ​អី​គេ​មាន​សិទ្ធិ​ដូច​យើង​ដែរ អីចឹង​ទៅ ខ្ញុំ​គិត​ថា ពី​មុន​ខ្ញុំ​អត់​អាច​ដោះស្រាយ​បាន តែ​ពេល​នេះ​ខ្ញុំ​មាន​ការ​ទៅ​ចូលរួម​នៅ​ថ្នាក់​តំបន់។ អីចឹង​ខ្ញុំ​មាន​សង្ឃឹម​ច្រើន​ក្នុង​ការ​ជួយ​ដល់​ការ​ដោះស្រាយ​ក្នុង​សហគមន៍​នោះ»

អ្នកស្រី ភោគ សាវឿន មក​ពី​ភូមិ​តាណរ សង្កាត់​ស្វាយតឿ ក្រុង​ស្វាយរៀង ត្រូវ​ជា​ម្តាយ​យុវជន គង់ សុវណ្ណដា ថ្លែង​ថា កូន​គាត់​អាយុ ១៦​ឆ្នាំ រស់នៅ​ជាមួយ​គាត់​ជា​គ្រួសារ​ក្រីក្រ។ គាត់​គ្មាន​លទ្ធភាព​បង់​លុយ​ឲ្យ​កូន​រៀន​ភាសា​បរទេស​ទេ គឺ​ចេះ​តែ​ឲ្យ​កូន​ចូលរួម​ជាមួយ​អង្គការ​នានា ដើម្បី​ស្វែង​រក​ចំណេះ​ផ្សេងៗ។ នេះ​ជា​លើក​ទី១ ដែល​ក្រុម​គ្រួសារ​គាត់​មាន​កិត្តិយស​បាន​កូន​ប្រុស​ចេញ​ទៅ​បរទេស។

លោក ធឿង សុខា មក​ពី​ភូមិ​តាមុំ ឃុំ​មេទឹក ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ថ្លែង​ថា រស់ ស្រីនុត អាយុ ១៥​ឆ្នាំ ជា​កូន​ភ្លោះ​ទី២ របស់​គាត់ ដែល​មាន​សំណាង​បាន​ចេញ​ទៅ​ប្រជុំ​នៅ​ទីក្រុង​ប៉េកាំង ពី​ការ​គ្រប់គ្រង​សិទ្ធិ​កុមារ តាម​ការ​ត្រួត​ពិនិត្យ​ប្រព័ន្ធ​អ៊ីនធឺណិត។

ប្រធាន​សម្ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដើម្បី​សិទ្ធិ​កុមារ លោក ស៊ុន ពេញ ថ្លែង​ថា អង្គការ​នេះ​បាន​ជួយ​គាំពារ​សិទ្ធិ​កុមារ និង​បាន​បញ្ជូន​កុមារ​ឲ្យ​បាន​ទៅ​ចូលរួម​ប្រជុំ​នៅ​បរទេស​ក្នុង​១​ឆ្នាំៗ យ៉ាង​ហោច ៤ ទៅ ៥​នាក់ ដើម្បី​ឲ្យ​កុមារ​បាន​យល់​ដឹង​អំពី​សិទ្ធិ​របស់​ពួក​គេ និង​រក​វិធី​ការពារ​សិទ្ធិ​កុមារ។ លោក​បន្ត​ថា នៅ​ថ្ងៃ​ខាង​មុខ នឹង​មាន​កុមារ ២​នាក់​ទៀត ទៅ​ចូលរួម​ប្រជុំ​នៅ​ក្នុង​តំបន់​អាស៊ាន ពាក់ព័ន្ធ​នឹង​សិទ្ធិ​កុមារ​ដែរ។ លោក​ឲ្យ​ដឹង​ថា ក្នុង​ការ​ធ្វើ​ដំណើរ​របស់​កុមារ​ទាំង ២​នាក់​នេះ ទៅ​ប្រទេស​ចិន គឺ​អង្គការ​ផ្លេន (Plan) ជួយ​ឧបត្ថម្ភ​ថវិកា ហើយ​ការ​ស្នាក់​នៅ​ប្រទេស​ចិន ពី​ថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី១១ ខែ​មេសា នោះ គឺ​អង្គការ​អាយខេន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។