មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានប្រកាសនៅថ្ងៃទី២០ មីនា ថា មជ្ឈមណ្ឌលមានគម្រោងធ្វើយុទ្ធនាការមួយក្រោមប្រធានបទ "ឯណាទៅយុត្តិធម៌ខ្ញុំ?" ទាក់ទងជាមួយការបង្ក្រាប និងចាប់ខ្លួនរបស់កងកម្លាំងសន្តិសុខអាជ្ញាធរ មកលើកម្មករ ប្រជាពលរដ្ឋ ដែលធ្វើការតវ៉ាក្រោយការបោះឆ្នោត។
សេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា នឹងរៀបចំឲ្យមានសន្និសីទកាសែតមួយ នៅថ្ងៃទី២៤ មីនា អំពីការបើកធ្វើយុទ្ធនាការ "ឯណាទៅយុត្តិធម៌ខ្ញុំ?" ហើយវាគ្មិនដែលចូលរួមនៅក្នុងសន្និសីទកាសែតនោះ មានតំណាងក្រុមគ្រួសារជនរងគ្រោះ ជនរងគ្រោះផ្ទាល់ និងលោក អ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
ចំពោះមូលហេតុដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រៀបចំយុទ្ធនាការ "ឯណាទៅយុត្តិធម៌ខ្ញុំ?" នោះ សេចក្តីប្រកាសព័ត៌មានបានសរសេរថា ក្រោយការបោះឆ្នោត កងកម្លាំងសន្តិសុខបានបង្ក្រាបទៅលើការជួបជុំតវ៉ារបស់ប្រជាពលរដ្ឋមក បណ្ដាលឲ្យមានមនុស្សស្លាប់ របួស និងចាប់ខ្លួនមួយចំនួន។ ប៉ុន្តែ នៅពេលអ្នកតវ៉ាដោយសន្តិវិធី ត្រូវអាជ្ញាធរចាប់ខ្លួន ព្រមទាំងប្រឈមនឹងការចោទប្រកាន់។ ម្យ៉ាង នាពេលបច្ចុប្បន្ននេះ គេនៅពុំទាន់ឃើញចំណាត់ការស៊ើបអង្កេតឯករាជ្យមួយ ទៅលើករណីប្រើប្រាស់កម្លាំងរបស់កងកម្លាំងសន្តិសុខកម្ពុជា នៅឡើយទេ។ ដូច្នេះ យុទ្ធនាការ "ឯណាទៅយុត្តិធម៌ខ្ញុំ?" នេះ មានគោលដៅអំពាវនាវឲ្យរដ្ឋាភិបាល ស៊ើបអង្កេតឲ្យបានពេញលេញ និងឯករាជ្យ ទៅលើករណីរំលោភបំពានសិទ្ធិមនុស្សនេះ ដើម្បីនាំយកជនទទួលខុសត្រូវមកកាត់ទោស និងដើម្បីធានាថា ជនរងគ្រោះបានទទួលសំណង។
ការបង្ក្រាបលើការតវ៉ារបស់កម្មករ និងប្រជាពលរដ្ឋ កាលពីដើមខែមករា កន្លងទៅរបស់កងកម្លាំងសន្តិសុខ អាជ្ញាធរ ទាហាន នៅតាមដងផ្លូវជាតិលេខ៤ និងផ្លូវវ៉េងស្រេង ដែលជាតំបន់ប្រមូលផ្តុំរោងចក្រកាត់ដេរខោអាវនាំចេញ បានបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៥នាក់ របួសជិត ៤០នាក់ និងមានចាប់ខ្លួនមនុស្ស ២៣នាក់ តែក្រោយមកបានដោះលែង ២នាក់ឲ្យនៅក្រៅឃុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
