ទោះបីជារាជរដ្ឋាភិបាលបានប្រកែកថា ប្រទេសកម្ពុជា មិនមានវប្បធម៌និទ្ទណ្ឌភាពក៏ដោយ តែអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា នៅតែទទូចបង្ហាញភស្តុតាងមួយចំនួននៃក្រុមជនរងគ្រោះដែលកំពុងទាមទារយុត្តិធម៌។ ភស្តុតាងនោះ គឺជាកម្រងរូបភាពនៃជនរងគ្រោះជាច្រើនដែលរហូតដល់ពេលនេះ អ្នកប្រព្រឹត្តិបទល្មើសត្រូវបានរួចទោស។
នៅមុនពេលប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃពុធ ទី១០ ធ្នូ អង្គការសិទ្ធិមនុស្សនៅកម្ពុជា មួយចំនួន នៅថ្ងៃទី៨ ធ្នូ បានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចេញឯកសារជារូបភាពជាច្រើន លើការសម្លាប់ ការគំរាមកំហែង និងការបង្កឲ្យមានរបួសស្នាមទៅលើអ្នកសារព័ត៌មាន សកម្មជនដីធ្លី សហជីព និងតារាចម្រៀង។ កម្រងរូបភាពនៃជនរងគ្រោះនេះគឺជាការបង្ហាញអំពីស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជា ហាក់នៅមានកម្រិតធ្ងន់ធ្ងរនៅឡើយ។ ម៉្យាងវិញទៀត អ្នកប្រព្រឹត្តល្មើសវិញត្រូវបានរួចទោស ឬមានការសងសំណងបន្តិចបន្តួចទៅក្រុមគ្រួសារជនរងគ្រោះ ដើម្បីបញ្ចប់សំណុំរឿងជាដើម។
សេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៨ ធ្នូ បានបង្ហាញថា កម្មវិធីកម្រងរូបភាពស្ដីពី "ឯណាទៅយុត្តិធម៌ខ្ញុំ" នឹងដាក់តាំងបង្ហាញចាប់ពីថ្ងៃទី៩ ធ្នូ ដល់ថ្ងៃទី១៣ ធ្នូ នៅផ្ទះមេត្តាហៅស៍ (Metta House) រាជធានីភ្នំពេញ។ ជនរងគ្រោះនៃអំពើនិទ្ទណ្ឌភាពមានទម្រង់ផ្សេងគ្នា រួមមានអ្នកសារព័ត៌មាន ជនរងគ្រោះដោយបញ្ហាដីធ្លី បាតុករ និងសហជីពកម្មករដែលចូលរួមបាតុកម្មជាដើម ដែលពួកគេទាំងអស់នៅមិនទាន់បានទទួលយុត្តិធម៌នៅឡើយ ក្នុងបទល្មើសដែលពួកគេបានទទួលការរំលោភបំពាន។
អ្នកសម្របសម្រួលការពារសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា ឆាយ ឆុនលី បានឲ្យដឹងថា ការដាក់បង្ហាញរូបភាពចំនួន ១២ នៃក្រុមអ្នករងគ្រោះផ្សេងគ្នា នៃអំពើនិទ្ទណ្ឌភាពកម្ពុជា គឺជាការប្រមូលការគាំទ្រពីសាធារណជន ដើម្បីជំរុញឲ្យរាជរដ្ឋាភិបាលជួយរកយុត្តិធម៌សម្រាប់ពួកគាត់ និងឈានដល់ការបញ្ចប់និទ្ទណ្ឌភាព។
វិទ្យុអាស៊ីសេរី មិនទាន់ទទួលការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេនៅថ្ងៃច័ន្ទ ទី៨ ធ្នូ ប៉ុន្តែអ្នកនាំពាក្យនៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា យល់ឃើញថា ការដាក់បង្ហាញកម្រងរូបភាពជនរងគ្រោះនៃអំពើនិទ្ទណ្ឌភាពកម្ពុជា របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានេះ គឺគ្រាន់តែជារូបភាពនៃការស្នើសុំជំនួយតែប៉ុណ្ណោះ។
ម៉្យាងវិញទៀត ប្រទេសកម្ពុជា មិនមានអំពើនិទ្ទណ្ឌភាពឡើយ ជាពិសេសអ្នកប្រព្រឹត្តបទល្មើសដែលមានតំណែងខ្ពស់នៅក្នុងជូររដ្ឋាភិបាលមួយចំនួន កំពុងប្រឈមនឹងការកាត់ទោសតាមផ្លូវច្បាប់។
ទោះជាយ៉ាងណាក៏ដោយអង្គការអន្តរជាតិជាច្រើនបានអះអាងថា អំពើនិទ្ទណ្ឌភាពកម្ពុជា នៅតែមាន ដែលរូបភាពនៃអំពើនិទ្ទណ្ឌភាពកើតឡើងដោយសារអ្នកមានអំណាច អ្នកមានប្រាក់ស្ដុកស្ដម្ភ រួមទាំងភាពខ្វះការទុកចិត្តលើប្រព័ន្ធយុត្តិធម៌និងការអនុវត្តច្បាប់។
របាយការណ៍ប្រចាំឆ្នាំ២០១៣ របស់អង្គការតម្លាភាពអន្តរជាតិ ដែលប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បានរាយការណ៍ថា តុលាការកម្ពុជា មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយខ្លាំងជាងគេក្នុងស្ថាប័នរដ្ឋទាំង ១២ ដែលអង្គការនេះបានស៊ើបអង្កេត។
បន្ថែមលើនេះ អង្គការសិទ្ធិមនុស្សអន្តរជាតិមួយចំនួនទៀត ក៏គ្រោងនឹងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីបញ្ចប់អំពើនិទ្ទណ្ឌភាពនៅកម្ពុជា ដែលតុលាការអន្តរជាតិនេះ គឺជាក្ដីសង្ឃឹមចុងក្រោយសម្រាប់ប្រជាពលរដ្ឋកម្ពុជា អាចទទួលបានយុត្តិធម៌ និងជៀសផុតអំពីការរំលោភសិទ្ធិមនុស្ស និងអំពើនិទ្ទណ្ឌភាពដែលតែងតែកើតមាននៅប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។