តើ​នរណា​នៅ​ពីក្រោយ​នៃការ​​សម្លាប់ លោក ជា វិជ្ជា?

ដោយ ទីន ហ្សាការីយ៉ា
2016-01-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រូប​សំណាក​លោក ជា វិជ្ជា ២០១៦ ៨៥៥
រូប​សំណាក​របស់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ជិត​វត្ត​លង្កា រូប​ថត​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៦។
RFA/Brach Chev

ឃាតក​សម្លាប់ លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណា​កម្ពុជា ស្ថិត​នៅ​ក្នុង ភាព​អាថ៌កំបាំង​នៅឡើយ ទោះបីជា​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា សំណុំ​រឿង​នេះ​កំពុង​ស៊ើប អង្កេត​អស់​រយៈពេល​១២​ឆ្នាំ​មក​ហើយ​ក្ដី។

បញ្ហា​នេះ​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​លើក​ឡើង​ថា រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ស្វែងរក​ចាប់ខ្លួន​ឃាតក​នោះ​ឡើយ ដោយ​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​ជា​អ្នក​នៅ​ក្រោយ​ខ្នង​ការ​សម្លាប់​លោក ជា​វិជ្ជា។

ឃាតកម្ម​ទៅលើ​លោក ជា វិជ្ជា ដែល​កម្មករ​ចាត់ទុកជា​មេដឹកនាំ​សហជីព​ដ៏​ក្លាហាន ហ៊ាន​ពុះពារ​ដើម្បី​ផលប្រយោជន៍ ជូន​កម្មករ​បាន​អូស​បន្លាយ​អស់​រយៈពេល​១២​ឆ្នាំ​មក​ហើយ​ក្ដី ប៉ុន្តែ​ក្រុម​គ្រូ​សារ​របស់​លោក​នៅតែ​ទាមទារ​ស្វែងរក​យុត្តិធម៌​ដដែល។

ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​លើក​ឡើង​ថា សមត្ថកិច្ច​រដ្ឋាភិបាល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ស្វែងរក ឃាតក​សម្លាប់ លោក ជា វិជ្ជា ក៏ប៉ុន្តែ សំខាន់​នៅ​ត្រង់​ថា រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​ស្វែងរក​ចាប់ខ្លួន​ដែរ​ឬ​អត់?

ប្រធាន​អង្គការ​នៃ​វេទិកា​អនាគត លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា លោក​គ្មាន​សង្ឃឹម​ឡើយ​ថា រដ្ឋាភិបាល​មាន​ឆន្ទៈ ក្នុង​ការ​ស្វែងរក​ចាប់​ឃាតក​សម្លាប់​លោក ជា វិជ្ជា យក​មក​ទទួល ខុសត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់​នោះ។ លោក បញ្ជាក់​ថា រដ្ឋាភិបាល​បាន​បង្ហាញ​ឆន្ទៈ​តាំងពី​ដំបូង​ទី ដែល​មិន​បាន​បង្ហាញ​ជំហរ​ចាប់ខ្លួន​ឃាតក​នោះ។ ផ្ទុយទៅវិញ លោក​បាន​លើក​ពី​សមត្ថកិច្ច​បាន​ចាប់​ឃាតក​សិប្ប​និមិត្ត​ពីរ​រូប គឺ លោក ប៊ន សំណាង និង លោក សុក សំអឿន ទៅវិញ៖ «ការ​បង្ហាញ​អត់​ឆន្ទៈ​តាំង​ពី​ដើម​មក​ម្ល៉េះ តាំង​ពី​ការ​សម្លាប់​លោក ជា វិជ្ជា តាំង​ពី​ដំបូង​មក។ ទី​២ ការ​ស្លាប់​របស់​លោក ជា វិជ្ជា រដ្ឋាភិបាល​ចាត់​ទុក​ថា ដូចជា​សំរាម​អ៊ីចឹង គឺ​រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ»

លោក ជា វិជ្ជា ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​នៅ​តូប​លក់​កាសែត​ជិត​វត្ត​លង្កា ក្រុងភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​ជួប​វិបត្តិ​នយោបាយ​រវាង​គណបក្ស​ចំនួន​៣ ក្រោយពេល​បោះឆ្នោត ឆ្នាំ​២០០៣។

នៅ​ឆ្នាំ​២០០៣ ដែល​ជា​ឆ្នាំ​បោះឆ្នោត​សាកល​អាណត្តិ​ទី​៣ គឺជា​ការប្រកួតប្រជែង​ដ៏​ចម្រូង​ចម្រាស់ រវាង​គណបក្ស​ទាំង​បី​នេះ គឺ​គណបក្ស​ហ៊្វុនស៊ីនប៉ិច គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សម រង្ស៊ី។

លោក ជា វិជ្ជា ក្រៅពី​ជា​មេដឹកនាំ​សហជីព​នោះ លោក​ក៏​ជា​សកម្មជន​គណបក្ស សម រង្ស៊ីដែរ។ លោក​ក៏​ធ្លាប់​ដឹកនាំ​កម្មករ​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដើម្បី​ទាមទារ​ផលប្រយោជន៍​ផ្សេងៗ​ជូន កម្មករ។ ក្រៅ​ពី​នេះ​ទៀត លោក ជា វិជ្ជា ក៏​ស្ថិត​ក្នុង​ហ្វូង​មនុស្ស​នៅ​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក កាលពី​ឆ្នាំ​១៩៩៧ ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​រាប់​រយ​នាក់ ក្នុង​នោះ លោក ជា វិជ្ជា ក៏​រង​របួស​ដែរ។

នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០០៣ លោក ជា វិជ្ជា ត្រូវ​បាន គេ​គំរាម​សម្លាប់ បន្ទាប់ពី​លោក​ប្រកាស​ឲ្យ​សមាជិក​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់​គាំទ្រ​គណបក្ស សម រង្ស៉ី។ លោក​បាន​ប្រាប់​អ្នកកាសែត​ថា មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ផ្ដល់​យោបល់​ឲ្យ​លោក​ចាក​ចេញពី​ប្រទេស​កម្ពុជា ដើម្បី​សុវត្ថិភាព តែ​លោក​យល់ថា បើ​លោក​ចាកចេញ​មិន​ខុស​អី​ពី​ការ​ស្លាប់​ឡើយ។ លោក​គិត​ថា ការ​ស្លាប់​របស់​លោក​នឹង​ក្លាយ​ជា​គ្រឿង​លើកទឹកចិត្ត​មួយ ដើម្បី​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ក្រោក​ឈរ​ឡើង​តស៊ូ​ដើម្បី​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក្រោយពី​ការ​គំរាម​សម្លាប់​នេះ លោក ជា វិជ្ជា ប្ដេជ្ញា​ចិត្ត​ថា លោក​មិន​រត់ចោលស្រុក​ទេ បើ​ទោះ​ជា​លោក​ទទួល​បានការ​គំរាម​សម្លាប់​ក៏​ដោយ​ចុះ ហើយ​លោក​ជឿ​ថា បន្ទាប់ពី​លោក​ស្លាប់​ទៅ នឹង​មាន ជា វិជ្ជា រាប់​រយ​រាប់ពាន់​នាក់​ផ្សេង​ទៀត ក្រោកឈរ​តវ៉ា​ដើម្បី​ផលប្រយោជន៍​កម្មករ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍ថា ដោយសារតែ​លោក ជា វិជ្ជា ជា​វីរៈ​កម្មករ និង​ជា​សកម្មជន​គណបក្សប្រឆាំង​ផង​នោះ ទើប​បណ្ដាល​ឲ្យ​មាន អាថ៌កំបាំង​នៅ​ក្រោយ​ខ្នង ការ​សម្លាប់​លោក ព្រោះថា កម្លាំង​កម្មករ​នៅ​ពេល​នោះ មាន​សកម្មភាព​ខ្លាំង​ក្លា​ក្នុង​ការ​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល និង​ទាមទារ​អត្ថប្រយោជន៍​ផ្សេងៗ ក្រោម​ការដឹកនាំ​របស់ លោក ជា វិជ្ជា៖ «ទោះ​បី​ជា​ការ​ស៊ើប​អង្កេត​មាន​រយៈពេល​យូរ​ក៏ដោយ ក៏​ការ​ស៊ើប​អង្កេត​រដ្ឋាភិបាល ត្រូវ​តែ​បង្ហាញ​ពន្លឺ​ខ្លះ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​លោក ជា វិជ្ជា មាន​ស្ងប់​ចិត្ត​ខ្លះ តែ​មក​ទល់​ពេល​នេះ អត់​មាន​ពន្លឺ​នៃ​ការ​ស៊ើប​អង្កេត​ទេ»

ក្រោយ​ការ​ស្លាប់​របស់​លោក ជា វិជ្ជា កាលពី​ថ្ងៃ​ទី​២២ មករា​ឆ្នាំ​២០០៤​នោះ គឺ​មានការ​ពុះកញ្ជ្រោល យ៉ាង​ខ្លាំង​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ក្នុង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស្វែង​ចាប់ខ្លួន​ឃាតក។ មន្ត្រី​សិទ្ធិមនុស្ស​លើក​ឡើងថា ដើម្បី​ទប់​ស្ថានការណ៍​បាន​ខ្លះ​នៅ​កាលណោះ សមត្ថកិច្ច​បាន​ចាប់​ឃាតក​សិប្ប​និមិត្ត គឺ ប៊ន សំណាង និង សុខ សំអឿន ក្នុង​ការ​បង្វែរ​ពី​ការស្វែងរក​ឃាតក​ពិត និង​ដើម្បី​ឲ្យ​សាធារណជន​ស្ងប់ចិត្ត ដោយ​តុលាការ​បាន​កាត់ទោស​អ្នក​ទាំងពីរ គឺ ប៊ន សំណាង និង សុខ សំអឿន ឲ្យ​ជាប់គុក​ចំនួន ​២០​ឆ្នាំ ទោះបីជា​សាក្សី​ឈ្មោះ វ៉ា សុធី ដែល​ម្ចាស់​តូប​លក់​កាសែត ដែល​គេចខ្លួន​ទៅ​នៅ​ក្រៅ​ប្រទេស បាន​អះអាង​ថា អ្នក​ទាំងពីរ​មិន​មែន​ជា​ឃាតក​ពិតប្រាកដ​ក៏ដោយ។

ក៏ប៉ុន្តែ​ឃាតក​សិប្ប​និមិត្ត​នេះ មិន​អាច​បិទបាំង​កា​ពិត​បាន​យូរ​អង្វែង​ឡើយ ទោះបីជា ប៊ន សំណាង និង សុខ សំអឿន ត្រូវ​បាន​ចាប់​ដាក់គុក​ចំនួន​ពីរ​ដង​ក៏ដោយ ក៏​ទីបំផុត តុលាការ​កំពូល​បានសម្រេច​ចិត្ត​ដោះលែង​អ្នក​ទាំងពីរ​វិញ ហើយ​បង្វែរ​សំណុំរឿង​ឲ្យ​សាលា​ឧទ្ធរណ៍​ស៊ើបអង្កេត​សំណុំរឿង នេះ​ឡើងវិញ។

កាសែត​បរទេស​មួយ ចេញផ្សាយ​កាលពី​ឆ្នាំ​២០០៦ ថា លោក ហេង ពៅ អតីត​ស្នងការ​រាជធានី​ភ្នំពេញ នៅ​មុន​ពេល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ បាន​និយាយ​ថា អតីត​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា លោក ហុក ឡងឌី បាន​បញ្ជា​ឲ្យ​លោក​ចាប់ សុខ សំអឿន និង ប៊ន សំណាង។ តែ​មន្ត្រី​រដ្ឋាភិបាល​បាន​បដិសេធ​ការ​អះអាង​របស់​លោក ហេង ពៅ នៅ​ពេល​នោះ​។​

កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្កើត​គណៈកម្មការ​អន្តរក្រសួង​ស៊ើបអង្កេត​ពិសេស​លើ​ឃាតកម្ម​សម្លាប់​លោក ជា វិជ្ជា និង មេ​សហជីព​ពីរ​រូប​ផ្សេងទៀត គឺ​លោក ហ៊ី វុទ្ធី និង​លោក រស់ សុវណ្ណារ៉េត ប៉ុន្តែ​មក​ទល់​ពេល​នេះ​អាជ្ញាធរ​រដ្ឋាភិបាល​មិន​ទាន់​បាន បង្ហាញ​តម្រុយ​ណាមួយ​ពី​ការស៊ើបអង្កេត​នេះ​នៅឡើយ។

លោក ជា មុនី ជា​ប្អូនប្រុស​បង្កើត លោក ជា វិជ្ជា ដែល​បន្ត​ដឹកនាំ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ មានប្រសាសន៍ថា នៅ​ថ្ងៃ​ទី​២២ មករា ដែល​ជា​ថ្ងៃ​ខួប​១២​ឆ្នាំ​នៃ​ការ​សម្លាប់​លោក ជា វិជ្ជា លោក​នឹង​រៀបចំ​ពិធី​ជួបជុំ​នៅ​ទីកន្លែង​ឃាតក​បាញ់សម្លាប់​លោក ជា វិជ្ជា នៅ​ក្បែរ​របង​វត្ត​លង្កា រាជធានី​ភ្នំពេញ។ បន្ទាប់​មក​ហែ​ទៅកាន់​រួប​សំណាក លោក ជា វិជ្ជា ដើម្បី​គោរព​វិញ្ញាណក្ខន្ធ និង​ដាក់​កម្រងផ្កា​ស្មិងស្មាធិ៍។ នៅ​ក្នុង​ពិធី​នេះ​ដែរ លោក​ក៏​សួរ​នាំ​រដ្ឋាភិបាល​អំពី​ការស៊ើបអង្កេត​នេះ​ដែរ៖ «បើ​ចង់​ចាប់​ តែ ពីរ​ថ្ងៃ​ចាប់​បាន​ឥឡូវ​ហ្នឹង ព្រោះ​ឃាតក​ក្រសួង​មហាផ្ទៃ ដឹង ហើយ​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ក៏​ក្រសួង​មហាផ្ទៃ ដឹង។ ខ្ញុំ​មាន​ជំនឿ​ថា លោក សុខ ផល និង​លោក ម៉ក់ ជីតូ អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក​ទាំង​ពីរ​បាន​ដឹង​ពី​ឃាតក និង​បាន​ដឹង​ពី​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​សម្លាប់​នេះ»

ឆ្លើយតប​បញ្ហា​នេះ ស្នងការ​រង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ លោក ម៉ក់ ជីតូ មាន​ប្រសាសន៍ថា លោក​មិន​កាន់​សំណុំ​រឿង​នេះ​ទេ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ្ មានប្រសាសន៍ថា មក​ទល់​ពេល​នេះ សមត្ថកិច្ច​មិន​ទាន់​មាន​ពន្លឺ នៃ​ការស៊ើបអង្កេត​ស្វែងរក​ឃាតក​ពិត​សម្លាប់​លោក ​ជា វិជ្ជា នៅឡើយ។ លោក​អំពាវនាវ​ឲ្យ​សាធារណជន​ទាំងអស់​ជួយ​សហការ​ជា​សមត្ថកិច្ច​ក្នុង​ការ​ស្វែងរក​ឃាតក​នេះ៖ «ព្រោះ​កន្លង​មក​ដែល​យើង​ធ្វើ​អាស្រ័យ​លើ​សាក្សី​ភស្តុតាង តែ​សាក្សី​ភាគ​ច្រើន​គាត់​អត់​សហការ គាត់​ចេញ​ទៅ​ក្រៅ​ប្រទេស»

ទោះបីជា​យ៉ាង​នេះ​ក្ដី ទាំង​មន្ត្រី​សិទ្ធិមនុស្ស ទាំង​លោក ជា មុនី បាន​អះអាង​ថា បើសិនជា​រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុង​ការ​ស្វែងរក​ចាប់ខ្លួន​ឃាតក​ពិតប្រាកដ​មែន​នោះ គឺ​មិន​អូស​បន្លាយ​ពេល​យូរ​១២​ឆ្នាំ​ដូច្នេះ​ទេ ។ ពួកគាត់​បញ្ជាក់​ថា រយៈពេល​តែ​២​ថ្ងៃ​ប៉ុណ្ណោះ​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់ខ្លួន​ឃាតក​បាន​ហើយ ដូចជា​ករណី​យុវជន​មួយ​រួប​នៅ​ខែត្រ​កំពង់ធំ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ភ្លាមៗ ដោយ​តុលាការ​ចោទប្រកាន់​ពី​បទ​គំរាម​សម្លាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​ហ្វេសប៊ុក (Facebook) ជាដើម។

បញ្ហា​នេះ មន្ត្រី​សិទ្ធិមនុស្ស លើក​ឡើង​ថា ឃាតក​សម្លាប់​លោក ជា វិជ្ជា គឺ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល ពីព្រោះ​ថា សូម្បីតែ​ខ្សែ​ភាពយន្ត​មាន​ចំណងជើង​ថា នរណា​សម្លាប់ ជា វិជ្ជា​? ក៏​ត្រូវ​បាន​រដ្ឋាភិបាល ហាម​ចាក់​បញ្ចាំង​នៅ​ទី​សាធារណៈ​ដល់​បច្ចុប្បន្ន​នេះ​ដែរ។

ករណី​សម្លាប់​លោក ជា វិជ្ជា នេះ កន្លង​មក​ក្រុម​គ្រូ​សារ​លោក ជា វិជ្ជា រួម​ទាំង លោក ជា មុនី ផង ធ្លាប់​បាន​ចង់​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែរ តែ​ពេល​នេះ លោក ជា មុនី ឲ្យ​ដឹង​ថា លោក​នៅ​មិនទាន់​អស់​សង្ឃឹមលើ​សមត្ថកិច្ច​និង​មន្ត្រី​តុលាការ​មួយ​ចំនួន​ទេ ដោយ​លោក​នៅ​រង់​ចាំ​មើល​ការស៊ើបអង្កេត​នេះ​បន្ត​ទៀត​សិន។ លោក ជា មុនី អះអាង​ថា លោក​នឹង​រង់ចាំ​យុត្តិធម៌​សម្រាប់​បងប្រុស​របស់​លោក​អស់​មួយ​ជីវិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Under Hunsen's government Khmer will never have justice.

Jan 22, 2016 11:12 AM

អ្នក​អាន​អនាមិក

I want to change this question to WHO ORDERED TO KILL MR. CHEA VICHEA??? this question can be answered by 15 millions of Cambodian people. when have power in the hand one can do everything kill whoever they want. When loos power what will happen?????

Jan 22, 2016 05:35 AM

ហានិភ័យ

ពី តាកែវ

មិនពិបាករកទេ ក្រុមដែលបង្កើតឃាតករសិប្បនិមិត្ត និងក្រុមដែលនៅពីក្រោយឃាតករ គឺជាក្រុមតែមួយ ។

Jan 22, 2016 04:32 AM

គេហទំព័រ​ទាំងមូល