ភាពយន្តឯកសារ នរណាសម្លាប់ ជា វិជ្ជា ឬឃាតកសិប្បនិម្មិត ដែលផលិតដោយជនបរទេសឈ្មោះ ប្រេដលី ខុក (Bradley cox) ត្រូវបានគេដាក់បញ្ចាំងជាសាធារណៈជាលើកទី២ នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលជាទិវាអន្តរជាតិ ដើម្បីបញ្ចប់និទ្ទណ្ឌភាពនៅលើពិភពលោក។
ខ្សែភាពយន្តដែលមានរយៈពេល ៥៥នាទី បានបង្ហាញអំពីរឿងរ៉ាវផ្សេងៗ ពាក់ព័ន្ធនឹងឃាតកម្មលើរូប លោក ជា វិជ្ជា រឿងរ៉ាវ និងសកម្មភាពរបស់លោកមុនពេលត្រូវបានឃាតកបាញ់សម្លាប់ កាលពីឆ្នាំ២០០៤ និងអំពីដំណើរការរបស់តុលាការ និងអាជ្ញាធរក្នុងការស្វែងរកយុត្តិធម៌អោយ លោក ជា វិជ្ជា ដែលមិនបានលទ្ធផល។
អ្នកសម្របសម្រួលគម្រោងសេរីភាពបញ្ចេញមតិនៅកម្ពុជា នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា សន រ៉ាមណា បានអោយដឹងថា គោលបំណងនៃការបញ្ចាំងខ្សែភាពយន្តនេះ គឺដើម្បីពង្រីកការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជា ទូទៅ អោយដឹងថែមទៀតអំពីឃាតកម្មលើរូប លោក ជា វិជ្ជា និងដើម្បីលើកកម្ពស់ការយល់ដឹងពីការបញ្ចប់និទ្ទណ្ឌភាពនៅកម្ពុជា។
កញ្ញា សន រ៉ាមណា៖ «ករណី លោក ជា វិជ្ជា ហ្នឹង គឺបញ្ជាក់ពីនិទ្ទណ្ឌភាពច្បាស់លាស់តែម្តង ព្រោះអីគាត់ត្រូវបានគេសម្លាប់តាំងពីឆ្នាំ២០០៤ ហើយមកទល់ពេលឥឡូវហ្នឹង គឺមានរយៈពេល ៩ឆ្នាំ ទៅ ១០ឆ្នាំហើយ ប៉ុន្តែឃាតកនៅតែរកមិនទាន់ឃើញ ទោះបីជាមានការចាប់ជនសង្ស័យពីររូបក៏ដោយ ប៉ុន្តែយើងមើលឃើញថា ពួកគាត់ជាឃាតកសិប្បនិម្មិត ឬគ្រាន់តែយកមកជាបំបិទរឿងតែម្តង»។
តុលាការកម្ពុជា បានចោទប្រកាន់ លោក ប៊ន សំណាង និងលោក សុខ សំអឿន ថាជាឃាតកសម្លាប់ លោក ជា វិជ្ជា។ តែការចោទប្រកាន់នេះ ត្រូវបានអង្គការសង្គមស៊ីវិលជាច្រើនថាអយុត្តិធម៌ ព្រោះ លោក ប៊ន សំណាង និងលោក សុខ សំអឿន មិនមែនជាឃាតកពិតប្រាកដឡើយ។ បន្ទាប់ពីត្រូវបានឃុំខ្លួនក្នុងពន្ធនាគារប្រមាណ ៤ឆ្នាំ នៅទីបំផុត តុលាការបានទម្លាក់ចោលការចោទប្រកាន់លើឃាតកសិប្បនិម្មិតទាំងពីរ និងដោះលែងអោយមានសេរីភាពវិញ កាលពីចុងខែកញ្ញា ឆ្នាំ២០១៣។
ប្អូនប្រុស លោក ជា វិជ្ជា លោក ជា មុនី ដែលបានចូលរួមទស្សនាខ្សែភាពយន្តដែរនោះ បាននិយាយថា រហូតដល់ពេលនេះ លោកគ្មានជំនឿលើតុលាការកម្ពុជា ឡើយ។ លោកមិនរំពឹងថា តុលាការក្រោមរបបដឹកនាំសព្វថ្ងៃហ្នឹង អាចស្វែងរកយុត្តិធម៌អោយបងប្រុសរបស់លោកបានទេ។ លោកមិនសង្ឃឹមថា រដ្ឋាភិបាលសព្វថ្ងៃហ្នឹងអាចបញ្ចប់និទ្ទណ្ឌភាពនៅកម្ពុជា បានឡើយ។
លោក ជា មុនី៖ «អត់មានជំនឿលើប្រព័ន្ធតុលាការកម្ពុជា បន្តិចសោះ! សួរទៀតថា មានសង្ឃឹមទេ ខ្ញុំមានសង្ឃឹម បើសិនយើងវិភាគបញ្ហានយោបាយបន្តិច ត្រូវតែផ្លាស់ប្ដូរ ត្រូវតែមានសង្ឃឹម ខ្ញុំបកស្រាយថា ខ្ញុំមានសង្ឃឹម ខ្ញុំអត់ពឹងទេតុលាការស្រុកខ្មែរ គឺវាសេរ៉ូ (Zero) គឺវាអត់មានវិជ្ជាជីវៈ តុលាការមានចំណេះដឹងវិជ្ជាជីវៈ តែអត់ប្រតិបត្តិទៅតាមការសម្បថរបស់ខ្លួនស្មើនឹងសេរ៉ូ ចិត្តសឿង ត្រូវតែបង្ហាញខុសហើយត្រូវ ជាវីរភាពសម្រាប់សង្គម។ អ៊ីចឹង សម្រាប់ខ្ញុំឆ្លើយយ៉ាងខ្លី ខ្ញុំអត់មានជំនឿទៅលើប្រព័ន្ធតុលាការ ខ្ញុំអត់ប្ដឹងផ្ដល់តុលាការរកអីទេ»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២០ ខែវិច្ឆិកា សម្ដែងការបារម្ភពីករណីនិទ្ទណ្ឌភាពនៅកម្ពុជា។ សេចក្ដីថ្លែងការណ៍បានលើកឡើងពីករណីឃាតកម្មមួយចំនួន ដែលរហូតមកដល់ពេលនេះ ឃាតកមិនត្រូវបានតុលាការយកទៅផ្ដន្ទាទោសតាមច្បាប់នៅឡើយ ដូចជា ករណីសម្លាប់ លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ ករណីបាញ់សម្លាប់លើសកម្មជនការពារបរិស្ថាន លោក ឈុត វុទ្ធី ករណីឃាតកម្មទៅលើអ្នកកាសែតវីរជនខ្មែរ ខេត្តរតនគិរី លោក ហង្ស សេរីឧត្តម ការស្លាប់របស់ លោក ម៉ៅ សុខចន្ទ ដែលត្រូវគ្រាប់ត្រង់ក្បាលនៅស្ពានអាកាសក្បាលថ្នល់ ករណីវាយដំលើបាតុករតំបន់បឹងកក់ និងអ្នកសារព័ត៌មាននៅវត្តភ្នំ និងការប្រើហិង្សាលើស្ត្រីជាបាតុករម្នាក់នៅតំបន់បឹងកក់ រហូតឲ្យនាងរលូតកូនជាដើម។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ក៏បានស្នើសុំឲ្យសហគមន៍អន្តរជាតិ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះស្រាយ និងបំបាត់អំពើនិទ្ទណ្ឌភាពដែរ។ អង្គការនេះយល់ឃើញថា រដ្ឋាភិបាលកម្ពុជា មិនបានស្តាប់រាល់អនុសាសន៍ទាំងឡាយដែលក្រុមអង្គការសិទ្ធិមនុស្សផ្តល់ឲ្យឡើយ។ ប៉ុន្តែ បានធ្វើផ្ទុយទៅនឹងអនុសាសន៍ទាំងនោះទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។