សំឡេង៖ «អំពើហិង្សាលើស្ត្រីនាំឲ្យប៉ះពាល់ដល់អ្នកចូលរួមចំណែកចម្បងនៃការអភិវឌ្ឍប្រទេស! ជយោ! យើងទាំងអស់គ្នាជាអ្នកបញ្ចប់អំពើហិង្សាលើស្ត្រីដើម្បីសន្តិភាព! ជយោ! សុភមង្គលកើតមានដោយសារការចេះយោគយល់អធ្យាស្រ័យគ្នា! ជយោ!»។
ក្រុមយុវជនដែលជាបណ្ដាញរបស់អ្នកដឹកនាំវ័យក្មេង និងនិស្សិតនៅតាមសាកលវិទ្យាល័យនានា បាននាំគ្នាហែក្បួនដើម្បីជំរុញឲ្យបញ្ចប់អំពើហិង្សាលើស្ត្រី នៅថ្ងៃដែលប្រទេសជាច្រើននៅក្នុងពិភពលោកបានប្រារព្ធទិវានារីអន្តរជាតិលើកទី១០២ ក្នុងឆ្នាំ២០១៣ នេះ។
មន្ត្រីសម្របសម្រួលគម្រោងពង្រឹងសិទ្ធិអំណាចស្ត្រីអ្នកដឹកនាំថ្នាក់ក្រោមជាតិនៃអង្គការសីលការ (Silaka) និងជាប្រធានក្រុមបណ្ដាញពង្រឹងសិទ្ធិអំណាចស្ត្រីវ័យក្មេង អ្នកស្រី ចាន់ សុភ័ណ្ឌ បានថ្លែងថា ការបញ្ចប់អំពើហិង្សាលើស្ត្រី គឺចាប់ផ្ដើមពីយុវជន និងយុវនារីវ័យក្មេង ដែលពួកគេកំពុងមានការយល់ដឹង ហើយចេះតស៊ូមតិនៅក្នុងក្រុមគ្រួសារ អាជ្ញាធរ និងសហគមន៍ ដើម្បីចូលរួមបញ្ឈប់អំពើហិង្សាលើស្ត្រី ហើយការហែក្បួននេះ ក៏ជាសារមួយបង្ហាញអំពីឆន្ទៈរបស់ក្មេងជំនាន់ក្រោយ ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រីនៅកម្ពុជា។
អ្នកស្រី ចាន់ សុភ័ណ្ឌ៖ «សាររបស់ខ្ញុំសម្រាប់ទិវានារីអន្តរជាតិ គឺខ្ញុំចង់ឲ្យប្រជាពលរដ្ឋទូទាំងប្រទេស យល់ថា ថ្ងៃនេះមិនមែនជាថ្ងៃទិវាសិទ្ធិនារីទេ គឺជាថ្ងៃនារីអន្តរជាតិ ព្រោះសិទ្ធិនារី គឺយើងមានតាំងពីយើងកើតមកម្ល៉េះ។ ថ្ងៃនេះ គឺជាថ្ងៃរំលឹកខួបនៃស្ត្រីដែលគាត់មានឆន្ទៈតស៊ូក្នុងការរើបម្រាស់ ដើម្បីទាមទារសមភាពរវាងបុរស និងស្ត្រី ហើយដើម្បីទាមទារឲ្យស្ត្រីមានឱកាសចូលរួមក្នុងកិច្ចអភិវឌ្ឍន៍សង្គម»។
អ្នកចូលរួមហែក្បួនបាននាំគ្នាដើរព័ទ្ធជុំវិញរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ និងតាមផ្លូវជាទីប្រជុំជនមួយចំនួនក្បែរនោះ ដោយពាក់មួកពណ៌ស និងអាវពណ៌លឿងទុំ ដែលមានសរសេរពាក្យថា យើងទាំងអស់គ្នាជាអ្នកបញ្ចប់ហិង្សាលើស្ត្រីដើម្បីសន្តិភាព។ ពួកគេបានលើកបដាពាក្យស្លោកដែលមានន័យ លុបបំបាត់អំពើហិង្សាលើស្ត្រី ផ្ដល់សិទ្ធិ និងឱកាសស្មើគ្នាដល់ស្ត្រី ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាដើម។
តារាចម្រៀងរបស់ផលិតកម្មហង្សមាសមួយរូប គឺកញ្ញា ឈិត សុវណ្ណបញ្ញា ដែលបានចូលរួមដើរក្បួននេះដែរ បានថ្លែងថា សម្រាប់នាង អំពើហិង្សាលើស្ត្រីនៅតែជាបញ្ហានៅក្នុងសង្គមបច្ចុប្បន្ន៖ «សម្រាប់ការយល់ឃើញរបស់នាងខ្ញុំ ដែលនាងខ្ញុំដឹងខ្លះៗពីស្ត្រីបច្ចុប្បន្ននេះ បុរសនៅប្រើអំពើហិង្សាលើស្ត្រីនៅក្នុងក្រុមគ្រួសារ វិវាទរវាងប្ដីប្រពន្ធនៅមានប្រើអំពើហិង្សាទៅលើគាត់ ពីព្រោះមានអង្គការជាច្រើន គាត់និយាយពីការបញ្ចប់អំពើហិង្សាច្រើន ហើយក៏ដូចជាថ្ងៃនេះដែរ គឺមានកម្មវិធីរបស់មួយរយលានកោដ្ឋសំឡេង គាត់ចាប់ផ្ដើមធ្វើតាមនេះ។ នាងខ្ញុំផ្ទាល់បានចូលរួមជាមួយគាត់ចាប់តាំងពីខែកុម្ភៈ ជាសារមួយទៅដល់បុរសៗដែលគាត់ប្រើអំពើហិង្សាលើស្ត្រី សុំឲ្យគាត់បញ្ចប់»។
និស្សិតផ្នែកសង្គមវិទ្យាឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យុវជន ជា តុងហៃ បានហៅថ្ងៃនេះជាថ្ងៃដ៏ពិសេសសម្រាប់គាត់ ដើម្បីចូលរួមលើកកម្ពស់សិទ្ធិស្ត្រីនៅកម្ពុជា ពីព្រោះយុវជនរូបនេះយល់ថា មានតែការអប់រំ និងការផ្លាស់ប្ដូរផ្នត់គំនិតមនុស្សនៅក្នុងសង្គមប៉ុណ្ណោះ ដែលអាចបញ្ចប់ហិង្សាលើស្ត្រីបាន៖ «ខ្ញុំក៏ធ្លាប់បានឃើញជួបប្រទះក្នុងសហគមន៍ខ្លះដែរ ព្រោះ...»។
និស្សិតសិក្សាផ្នែកអន្តរជាតិឆ្នាំទី២ នៃវិទ្យាស្ថានភាសាបរទេស យុវតី មាស ច័ន្ទសត្យា មូលហេតុដែលនាំឲ្យនាងមកចូលរួមក្នុងកម្មវិធីនេះ ដោយសារនាងស្រឡាញ់ការងារស្ម័គ្រចិត្ត ហើយចំណុចសំខាន់នោះ គឺជាកម្មវិធីលើកកម្ពស់ស្ត្រី។ នាងសង្ឃឹមថា អំពើហិង្សាលើស្ត្រីនឹងកាត់បន្ថយ។
ប្រធានបទសម្រាប់ទិវានារីលើកទី១០២ នាឆ្នាំនេះ គឺសិទ្ធិស្មើគ្នា ឱកាសដូចគ្នា ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍។
រដ្ឋលេខាធិការក្រសួងកិច្ចការនារី អ្នកស្រី ស៊ីវណ្ណ បុទុម មានប្រសាសន៍ថា ប្រធានបទនេះគឺវាស៊ីសង្វាក់នឹងគោលនយោបាយជាតិរបស់ប្រទេសកម្ពុជា។
ប៉ុន្តែ ប្រធានបទជាសាកលដែលលើកឡើងដោយអង្គការសហប្រជាជាតិនោះ គឺសំដៅទៅលើការបញ្ចប់អំពើហិង្សាលើស្ត្រី និងកុមារី។ យ៉ាងនេះក្ដី រដ្ឋលេខាធិការក្រសួងកិច្ចការនារី អ្នកស្រី ស៊ីវណ្ណ បុទុម បានឆ្លើយតបថា ការប្រព្រឹត្តអំពើហិង្សាលើស្ត្រីពីសំណាក់បុរសនៅកម្ពុជា នោះ បានកាត់បន្ថយហើយ ដូច្នេះស្ត្រីមានសិទ្ធិ និងឱកាសដូចគ្នា។ ពួកគេត្រូវងាកមកគិតអំពីការអភិវឌ្ឍ ធ្វើសេចក្ដីសម្រេចចិត្តលើវិស័យនានា ចូលរួមក្នុងការងារពាណិជ្ជកម្ម និងចូលរួមក្នុងឆាកនយោបាយជាដើម ក្នុងគោលដៅជំរុញសេដ្ឋកិច្ចជាតិ។
ពិតណាស់ ស្ត្រីដែលកំពុងប្រកបរបរទទួលទានដើម្បីជីវភាពប្រចាំថ្ងៃខ្លះនៅតែត្អូញត្អែរថា សូម្បីតែក្នុងការប្រកបអាជីវកម្មខ្នាតតូច ក៏ស្ត្រីជួបបញ្ហានានាមិនគោរពសិទ្ធិ និងឲ្យតម្លៃស្ទើរគ្រប់រូបភាពដែរ។
សហរដ្ឋអាមេរិក បានប្រារព្ធទិវាស្ត្រីនេះមុនគេបង្អស់ តែកាលណោះគេធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩០៩ ហើយនៅក្នុងឆ្នាំ១៩១០ កិច្ចប្រជុំដ៏ធំមួយរបស់ស្ត្រីបានត្រូវរៀបចំធ្វើឡើងនៅទីក្រុងកូបិនហ៊ន (Copenhagen) នៃប្រទេសដាណឺម៉ាក ដែលពេលនោះមានតំណាងស្ត្រីមកចូលរួមជាង ១០០នាក់ មកពីប្រទេសចំនួន១៧ ក្នុងនោះមានសហរដ្ឋអាមេរិក អូស្ត្រាលី ដាណឺម៉ាក ស្វីស អាល្លឺម៉ង់ ជាដើម ដែលស្ត្រីទាំងនោះមានតួនាទីជាតំណាងឲ្យសហជីព តំណាងឲ្យគណបក្សសង្គមនិយម និងក្រុមចលនាការងាររបស់ស្ត្រីជាច្រើន។ល។
ក្រោយពីកិច្ចប្រជុំនៅទីក្រុងកូបិនហ៊ន ក្នុងឆ្នាំ១៩១០ មក ទិវានារីអន្តរជាតិ ត្រូវបានប្រារព្ធធ្វើនៅក្នុងប្រទេសអូទ្រីស ដាណឺម៉ាក អាល្លឺម៉ង់ និងស្វីស នៅថ្ងៃ១៩ មីនា ក្នុងឆ្នាំ១៩១១ ដែលមានអ្នកចូលរួមរាប់លាននាក់ ដើម្បីទាមទារសិទ្ធិទទួលបានការងារធ្វើសម្រាប់ស្ត្រី សិទ្ធិបោះឆ្នោត សិទ្ធិទទួលការហ្វឹកហ្វឺនវិជ្ជាជំនាញ បញ្ចប់ភាពរើសអើងគ្រប់រូបភាព និងការជិះជាន់ធ្វើបាបចំពោះស្ត្រីភេទ។
ចាប់តាំងពីឆ្នាំ១៩១៣ មក ទិវានារីអន្តរជាតិ បានត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃ៨ មីនា វិញ និងបន្តធ្វើរហូតដល់សព្វថ្ងៃនេះ នៅតាមបណ្ដាប្រទេសមួយចំនួន ហើយនៅឆ្នាំ១៩៧៥ អង្គការសហប្រជាជាតិ ក៏បានប្រកាសទទួលស្គាល់ពេញនូវសិទ្ធិសេរីភាពរបស់ស្ត្រី និងបានចាត់ទុកទិវានារីអន្តរជាតិ ៨មីនា ថាជាថ្ងៃបុណ្យឈប់សម្រាកជាតិថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
