នាយក​រដ្ឋមន្ត្រី​អំពាវនាវ​បក្ស​នយោបាយ​ផ្ដល់​ឱកាស​ស្ត្រី​ឈរ​ជា​តំណាង​រាស្ត្រ

ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី៨ ខែ​មីនា បាន​អំពាវនាវ​សុំ​ឲ្យ​គណបក្ស​នយោបាយ​នានា​ផ្តល់​អាទិភាព និង​ឱកាស​ឲ្យ​ស្ត្រី​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​សម្រាប់​ការ​បោះឆ្នោត​សកល​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

0:00 / 0:00

បន្ថែម​លើ​នេះ​ទៀត លោក​ក៏​បាន​ទទូច​សុំ​ឲ្យ​អាជ្ញាធរ រដ្ឋាភិបាល យក​ចិត្ត​ទុក​ដាក់​ការពារ​កុមារ និង​ស្ត្រី​ពី​ការ​ចាប់​រំលោភ​សេពសន្ថវៈ និង​អំពើ​ហិង្សា​លើ​ស្ត្រី ព្រម​ទាំង​លើក​ស្ទួយ​តម្លៃ​ស្ត្រី​នៅ​ក្នុង​សង្គម​កម្ពុជា។

ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ផ្តល់​អាទិភាព​បែប​នេះ នៅ​គ្រា​ដែល​ក្រសួង​កិច្ចការ​នារី បាន​រៀបចំ​រំលឹក​ខួប​លើក​ទី​១០២ នៃ​ទិវា​នារី​អន្តរជាតិ នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៣។ ពិធី​នេះ​មាន​ការ​ចូលរួម​ដោយ​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី សមាជិក​សភា​ជាតិ និង​តំណាង​ស្ថានទូត​បរទេស​នានា តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​និស្សិត​ជា​ស្ត្រី​ជាច្រើន​នាក់​ទៀត​នៅ​ឯ​វិមាន​សន្តិភាព។

ការ​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​នៅ​ពេល​នេះ គឺ​ក្រោម​ប្រធាន​បទ​ថ្មី​មួយ​ឈ្មោះ​ថា សិទ្ធិ​ស្មើ​គ្នា និង​ឱកាស​ដូច​គ្នា ដើម្បី​ពន្លឿន​កិច្ច​អភិវឌ្ឍន៍​នៅ​កម្ពុជា។ របាយការណ៍​របស់​ក្រសួង​កិច្ចការ​នារី បាន​ឲ្យ​ដឹង​ថា ស្ត្រី​កម្ពុជា មាន​ចំនួន ៥២% គឺ​ជាង​ពាក់​កណ្ដាល​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​សរុប​ជាង ១៤​លាន​នាក់។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ស្ត្រី​កម្ពុជា កំពុង​តែ​ដើរ​តួនាទី​យ៉ាង​សកម្ម ដើម្បី​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​ជាតិ ប៉ុន្តែ​ស្ត្រី និង​កុមារ​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ចំនួន ដូច​ជា​ការ​ជួញដូរ​ស្ត្រី និង​កុមារ​ជាដើម៖ «កំពុង​តែ​ពង្រឹង​ការ​អនុវត្ត​បទ​បញ្ញា​នានា សំដៅ​ការពារ​សិទ្ធិ និង​ផ្តល់​ប្រយោជន៍​របស់​ស្ត្រី និង​ជំរុញ​ការ​ផ្តល់​សេវាកម្ម​ច្បាប់ និង​សង្គម​កិច្ច​ជូន​ជន​រងគ្រោះ​ឲ្យ​ទាន់​ពេលវេលា ក្នុង​ន័យ​នេះ ការ​អនុវត្ត​គោល​នយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព គឺ​ពិត​ជា​បាន​រួម​ចំណែក​យ៉ាង​ពិត​ប្រាកដ​ក្នុង​ការ​ពង្រឹង​សណ្ដាប់ធ្នាប់​សង្គម និង​ធានា​សុវត្ថិភាព​ជូន​ប្រជាជន ជាពិសេស​ស្ត្រី និង​លើក​កម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ»

ជាមួយ​គ្នា​នេះ ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) អ្នកស្រី ពុង ឈីវកេក បាន​មាន​ប្រសាសន៍​ថា ស្ត្រី និង​កុមារ នៅ​តែ​ជា​កម្មវត្ថុ​នៃ​ការ​ចាប់​រំលោភ​ផ្លូវ​ភេទ និង​ការ​ជួញដូរ​ផ្លូវ​ភេទ និង​អំពើ​អាណាចារ៖ «ឥឡូវ​ហ្នឹង ស្ត្រី​នៅ​តែ​រងគ្រោះ​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដោយសារ​ការ​រំលោភ​សេពសន្ថវៈ ពិសេស​កុមារី ហើយ​និង​ជួញដូរ។ ហើយ​ឥឡូវ​នេះ មាន​ស្ត្រី​ដែល​រងគ្រោះ​ដោយសារ​បាត់​បង់​ផ្ទះ​សម្បែង​ហ្នឹង ស្ត្រី​គឺ​ប្រឈម​មុខ​ណាស់។ មិញ សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ស្គាល់ លោក​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា នៅ​តែ​មាន​បញ្ហា​អីចឹង យើង​ឃើញ​ថា រដ្ឋាភិបាល​លោក​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ ប៉ុន្តែ​មាន​ការងារ​ត្រូវ​ធ្វើ​ច្រើន​ត​ទៅ​ទៀត មិន​ទាន់​គ្រប់គ្រាន់​ទេ អីចឹង​ត្រូវ​ការ​ឲ្យ​មាន​ការ​សហការ​គ្នា​ទាំងអស់ រវាង​ស្ថាប័ន​ជាតិ និង​សង្គម​ស៊ីវិល»

របាយការណ៍​របស់​ក្រសួង​កិច្ចការ​នារី បាន​ឲ្យ​ដឹង​ថា ស្ត្រី​នៅ​ក្នុង​ឆាក​នយោបាយ និង​រដ្ឋបាល​សាធារណៈ​បាន​កើន​ឡើង​ដល់​ចំនួន ៣២% ទៅ ៣៥% នៅ​ឆ្នាំ​២០១២ កន្លង​មក​នេះ។ កម្ពុជា បាន​បង្កើត​ឲ្យ​មាន​គណៈកម្មាធិការ​ជាតិ​មួយ ដើម្បី​លើក​កម្ពស់​តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ ដែល​មាន​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​កិត្តិយស ដើម្បី​ទប់ស្កាត់​រាល់​បទ​ល្មើស​លើ​ស្ត្រី​តាម​បច្ចេកវិទ្យា​ទំនើប អំពើ​ហិង្សា​លើ​ស្ត្រី អំពើ​អាណាចារ​លើ​ស្ត្រី និង​កុមារ។

ដោយ​ឡែក អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​ថា នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១២ កន្លង​មក​នេះ អ្នក​ទោស​ជា​ស្ត្រី​បាន​កើន​ដល់​ចំនួន ១.២៧០​នាក់ នៅ​ក្នុង​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​កម្ពុជា គឺ​កើន​ឡើង ៣៩% គិត​ពី​ខែ​ធ្នូ ឆ្នាំ​២០១០ កន្លង​មក។ នៅ​ក្នុង​នោះ មាន​ស្ត្រី​រស់នៅ​ជាមួយ​កូន​តូចៗ​ចំនួន ៦៧​នាក់ និង​ស្ត្រី ១៤​នាក់​មាន​ផ្ទៃពោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។