អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​សង្កេត​ឃើញ​ថា​ការ​រំលោភ​សិទ្ធិ​ស្ត្រី​នៅ​តែ​បន្ត​កើត​មាន

ដោយ ប្រាជ្ញ ចេវ
2017.03.08
ស្ត្រី​ជម្លោះ​ដីធ្លី​កោះកុង ២០១៧ ៨៥៥ ស្ត្រី​ពីរ​នាក់​ដែល​រង​របួស​ដោយ​ក្រុម​សន្តិសុខ​សាលា​ក្រុង​ភ្នំពេញ ប្រើ​ហិង្សា​នៅ​ក្បែរ​វត្ត​លង្កា រារាំង​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​មុខ​ផ្ទះ​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
RFA

ខួប​លើក​ទី​១០៦ នៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​លើក​ឡើង​ពី​ប្រធានបទ​ផ្សេងៗ​នៃ​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ ៨ មីនា ប៉ុន្តែ​មាន​ខ្លឹមសារ​រួម គឺ​និយាយ​ពី​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី។ ដោយឡែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល នៅ​តែ​សង្កេត​ឃើញ​ថា ការ​រំលោភ​សិទ្ធិ​ស្ត្រី​ស្ទើរ​គ្រប់​វិស័យ​នៅ​តែ​បន្ត​កើត​មាន​ដដែល។

កម្ពុជា បាន​រៀបចំ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា លើក​ទី​១០៦ ក្នុង​បរិយាកាស​មួយ​ដែល​មិន​វាយ​ប្រហារ​គ្នា។ ជាក់ស្តែង អ្នក​នយោបាយ​ចាស់​វស្សា គឺ​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ដែល​ធ្លាប់​វាយ​ប្រហារ​គ្នា​ខ្លាំង បែរ​ជា​មិន​និយាយ​ប៉ះពាល់​គ្នា​ដូច​ប៉ុន្មាន​ថ្ងៃ​មុន​ឡើយ។

លោក ហ៊ុន សែន ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល បាន​ប្រកាស​ដាក់​ផែនការ​ឲ្យ​មាន​ស្ត្រី​កាន់​តួនាទី​ជា​ចៅហ្វាយ​ខេត្ត។ ក្រៅ​ពី​នេះ លោក​គ្រោង​នឹង​រៀបចំ​ឲ្យ​មាន​ស្ត្រី​កាន់​តួនាទី​ធំៗ​នៅ​ក្នុង​អគ្គនាយកដ្ឋាន អគ្គនាយកដ្ឋាន​រង ប្រធាន​នាយកដ្ឋាន និង​ក្នុង​អង្គភាព​កង​កម្លាំង​ប្រដាប់​អាវុធ​នានា​ដែរ៖ «ឲ្យ​មាន​ចៅហ្វាយ​ខេត្ត​ជា​ស្ត្រី​មួយ​មើល៍! នៅ​ពេលវេលា​ណា​មួយ ពេល​អភិបាល​ខេត្ត​ចូល​និវត្តន៍ ឬ​ក៏​មាន​ការ​ផ្លាស់ប្ដូរ​ណា​មួយ គឺ​អាច​ដាក់​ស្ត្រី​ម្នាក់​ក្នុង ២៥​ខេត្ត-រាជធានី ទុក​តែ ២៤​ខេត្ត-រាជធានី​ឲ្យ​បុរស»

លោក ហ៊ុន សែន ថ្លែង​ដូចនេះ​ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា ឆ្នាំ​២០១៧។ ខួប​លើក​ទី​១០៦ រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ “ស្ត្រី​ដើម្បី​សុខ​សន្តិភាព និង​វឌ្ឍនភាព”។

ចំណែក​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាង​ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្តល់​តួនាទី​សំខាន់​ដល់​ស្ត្រី​រាប់​ចាប់​តាំង​ពី​ថ្នាក់​ឃុំ-សង្កាត់ រហូត​ដល់​ក្បាល​ម៉ាស៊ីន​បក្ស។ លោក​បន្ត​ថា កម្លាំង​ចិត្ត និង​កម្លាំង​ប្រាជ្ញា ស្ត្រី​មិន​ចាញ់​បុរស​ឡើយ។ ក្រៅ​ពី​នេះ លោក សម រង្ស៊ី បង្ហាញ​ការ​គោរព​វីរភាព​ស្ត្រី​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី ដែល​កំពុង​ជាប់​ឃុំ និង​ស្ត្រី​សកម្មជន​ផ្សេង​ទៀត៖ «ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​សម្ដែង​ការ​គោរព​ចំពោះ​វីរភាព​ស្ត្រី​ដ៏​ឆ្នើម ដូចជា​អ្នកស្រី ទេព វន្នី ដែល​កំពុង​តែ​រងគ្រោះ​ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ គ្រាន់​តែ​អ្នកស្រី ទេព វន្នី ចេញ​មុខ​ការពារ​សិទ្ធិ​ដីធ្លី​របស់​ពលរដ្ឋ»

ទិវា​នារី​អន្តរជាតិ ៨ មីនា ត្រូវ​បាន​សកលលោក​ទាំងមូល​ប្រារព្ធ​ដើម្បី​រំឭក​ពី​ការ​តស៊ូ​របស់​ស្ត្រី​ទូទាំង​ពិភពលោក ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ និង​ការ​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​សិទ្ធិ​ស្មើ​គ្នា​រវាង​បុរស និង​ស្ត្រី។

ថ្ងៃ​ទី​៨ មីនា នេះ​ដែរ អង្គការ​សមាគម និង​សហជីព​នានា ក៏​រៀបចំ​ទិវា​នេះ​ដែរ ក្រោម​ប្រធានបទ​ផ្សេងៗ​គ្នា។ ក្នុង​នោះ សហភាព​ការងារ​កម្ពុជា លើក​ប្រធានបទ "បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​ក្នុង​វិស័យ​ការងារ"។ អង្គការ​សង្គម​ស៊ីវិល បាន​រៀបចំ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា នេះ​ឡើង​ក្រោម​ប្រធានបទ "ស្ត្រី​ចូលរួម​ក្នុង​ការ​សម្រេច​ចិត្ត"

ស្រដៀង​គ្នា​នេះ​ដែរ តំណាង​សហជីព សហគមន៍ សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​សកម្មភាព​ដើម្បី​ជំរុញ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ការ​គោរព​សិទ្ធិ​របស់​ស្ត្រី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ ដោយ​សង្កេត​ឃើញ​ថា ការ​រំលោភ​សិទ្ធិ​ស្ត្រី​ស្ទើរ​គ្រប់​វិស័យ​នៅ​តែ​បន្ត​កើត​មាន។

សេចក្តី​ថ្លែងការណ៍​ដដែល ស្នើ​ដល់​រដ្ឋាភិបាល និង​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ ចាត់​វិធានការ​ដូចជា ដោះលែង​សកម្ម​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន ធានា​ឲ្យ​មាន​ការ​ចូលរួម​ស្មើ​ភាព​របស់​ស្ត្រី និង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ខាង​មុខ ដោយ​ជំរុញ​ឲ្យ​មាន​ការ​ដាក់​បញ្ជី​ឈ្មោះ​ឆ្លាស់​រវាង​បេក្ខជន​ស្ត្រី និង​បុរស ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សហជីព ច្បាប់​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជន​រងគ្រោះ ដែល​អនុលោម​តាម​ក្របខ័ណ្ឌ​របស់​អនុសញ្ញា​ស៊ីដ (CEDAW) ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស ដែល​គួរ​តែ​ផ្ដោត​លើ​អ្នក​ដែល​ចូលរួម​ក្នុង​ការ​កេង​ប្រវ័ញ្ច​លើ​ស្ត្រី និង​កុមារ មិន​មែន​អ្នក​ដែល​ត្រូវ​បាន​គេ​កេង​ប្រវ័ញ្ច​ឲ្យ​ធ្លាក់​ខ្លួន​ទៅ​ក្នុង​ឧស្សាហកម្ម​ផ្លូវ​ភេទ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។