បណ្ដាញ​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ​ដាក់​ញត្តិ​ទាមទារ​លក្ខខណ្ឌ​ការងារ​សមរម្យ

0:00 / 0:00

នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា បណ្ដាញ​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក វន់ ពៅ បាន​យក​ញត្តិ​ដាក់​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដោយ​ស្នើ​ឲ្យ​ក្រសួង​សាមី​នេះ ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​លេខ ១៨៩ របស់​អង្គការ​ពលកម្ម​អន្តរជាតិ ផ្នែក​ការងារ អាយឡូ (iLO) ស្ដីពី​ការងារ​សមរម្យ​សម្រាប់​កម្មករ​បម្រើ​ការងារ​តាម​ផ្ទះ។

ចំណែក​មន្ត្រី​នៃ​ក្រសួង​ការងារ​ដែល​បាន​ទទួល​ញត្តិ​សន្យា​ថា នឹង​ពិនិត្យ​លើ​សំណើ​នេះ​មុន​នឹង​ចាត់​វិធានការ​តាម​សំណើ។

បណ្ដាញ​កម្មករ​ដែល​បម្រើ​ការ​តាម​ផ្ទះ​នៅ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​នៅ​លើ​ពិភពលោក​ជំរុញ​ឲ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ការពារ​សិទ្ធិ​របស់​ពួក​គេ​ដែល​បម្រើ​ការ​តាម​ផ្ទះ និង​អត្ថប្រយោជន៍​ផ្សេង​ទៀត​ដូច​កម្មករ​ដទៃ​ទៀត​ដែរ។

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហៅ​កាត់​ថា IDEAឲ្យ​ដឹង​ក្រោយ​ការ​ប្រមូលផ្ដុំ​ថា មូលហេតុ​ដែល​បណ្ដាញ​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ​ដាក់​ញត្តិ​នៅ​ពេល​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋ​ពន្លឿន​ក្នុង​ការ​ផ្ដល់​សច្ចា​លើ​អនុសញ្ញា​ស្ដីពី​កម្មករ​បម្រើ​ការងារ​តាម​ផ្ទះ។

លោក វន់ ពៅ ចាត់​ទុក​ថា អ្នក​ធ្វើ​ការ​តាម​ផ្ទះ​ក៏​មាន​សិទ្ធិ​ដូច​កម្មករ​ធ្វើការ​នៅ​តាម​រោងចក្រ​សហគ្រាស​ដែរ។ ប៉ុន្តែ​គិត​មកដល់​ពេល​នេះ​ទៅ​ហើយ អនុសញ្ញា​លេខ ១៨៩ ដែល​អង្គការ​ពលកម្ម​អន្តរជាតិ​ផ្នែក​ការងារ បាន​អនុម័ត​រួច​ហើយ តែ​ភាគី​កម្ពុជា នៅ​តែ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយ​តប។

លោក វន់ ពៅ៖ «ញត្តិ​របស់​យើង​មិន​ត្រូវ​បាន​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​​ទាល់​តែ​សោះ។អ៊ីចឹង​ហើយ​បាន​ព្រឹក​មិញ​យើង​បាន​យក​ទៅ​ដាក់​មួយ​សា​ទៀត ដើម្បី​ដាស់​តឿន​ក្រើនរំលឹក​ទៅ​រដ្ឋាភិបាល​ឲ្យ​យកចិត្ត​ទុក​ដាក់​ទៅ​លើ​បងប្អូន​ធ្វើ​ការ​តាម​ផ្ទះ ជា​ពិសេស គឺ​បងប្អូន​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ ហើយ​ញត្តិ​នេះ​ជំរុញ​សំខាន់​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​លេខ​១៨៩ ស្ដីពី​សិទ្ធិ​កម្មករ​តាម​ផ្ទះ។ ក្នុង​នោះ​មាន​សិទ្ធិ​ឈប់​សម្រាក​ប្រចាំ​សប្ដាហ៍។ ឈប់​សម្រាក​ប្រចាំ​ឆ្នាំ ឈប់​សម្រាក​ពេល​មាន​បុណ្យ​ជាតិ​ម្ដងៗ ហើយ​និង​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​បងប្អូន​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ»

លោក វន់ ពៅ ឲ្យ​ដឹង​ទៀត​ថា ថ្វី​បើ​ការ​ដាក់​ញត្តិ​នៅ​ពេល​នេះ ពុំ​មាន​ហិង្សា​កើត​ឡើង​ក្ដី តែ​ចាប់​កម្លាំង​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​តាម​ឃ្លាំមើល​ការិយាល័យ​របស់​លោក​តាំង​ពី​ព្រឹក​ព្រលឹម រហូត​ដល់​មុខ​ក្រសួង​ការងារ ជាពិសេស​នោះ ក្រុម​សមត្ថកិច្ច​ដែល​គេ​ដាក់​បង្កប់​បាន​តាម​ដាន​ពី​សកម្មភាព​របស់​លោក​ជា​រៀងរាល់​ថ្ងៃ ក្រោយ​ចេញ​ពី​ពន្ធនាគារ​រួច​មក។

ចំណែក​ទិដ្ឋភាព​នៅ​ខាង​មុខ​របង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឯណេះ​វិញ ក្រៅ​ពី​កម្លាំង​សមត្ថកិច្ច​ដែល​ត្រូវ​គេ​ដាក់​ពង្រាយ​ជា​ច្រើន​នាក់​ហើយ​នោះ ក៏​មាន​បណ្ដាញ​កម្មករ​ប្រមាណ ៥០​នាក់ បាន​លើ​បដា និង​ពាក្យ​ស្លោក​អម​ដោយ​ការ​ថ្លែង​សារ​រយៈពេល​ខ្លី​របស់​លោក វន់ ពៅ និង​ប្រធាន​បណ្ដាញ​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ​ផង មុន​និង​មន្ត្រី​ជំនាញ​របស់​ក្រសួង​សាមី​មក​ទទួល​ញត្តិ។

អគ្គលេខាធិការ​រង​នៃ​អង្គភាព​ប្រឆាំង​បាតុកម្ម និង​កូដកម្ម​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក គ្រួច សុផារី អះអាង​ថា ស្ថាប័ន​ជំនាញ​របស់​រដ្ឋ​នឹង​ពិនិត្យ​លើ​សំណើ​នេះ​មុន​នឹង​ឆ្លើយ​តប​ថា​តើ​ត្រូវ​មាន​ចំណាត់​ការ​បែប​ណា​នោះ។

មុន​ពេល​អង្គការ​អាយឡូ ចេញ​អនុសញ្ញា​លេខ ១៨៩ ស្ដីពី​ការងារ​សមរម្យ​សម្រាប់​អ្នក​ធ្វើ​ការ​តាម​ផ្ទះ​នេះ កាល​ពី​ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​២០១១ នោះ អ្នក​ធ្វើ​ការ​តាម​ផ្ទះ និង​តំណាង​នៅ​លើ​ពិភពលោក បាន​ទាមទារ​សិទ្ធិ​ដូចនេះ​របស់​ពួក​គេ​ទៅ​អង្គការ​ពលកម្ម​អន្តរជាតិ​ផ្នែក​ការងារ។ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះ មាន​ប្រទេស​ចំនួន ១១ ប៉ុណ្ណោះ បាន​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​នេះ។

អ្នក​សម្របសម្រួល​គម្រោង​អ្នក​ធ្វើ​ការ​តាម​ផ្ទះ​នៃ​សមាគម IDEA លោក ជុំ ចាំ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ មិថុនា ថា ភាព​យឺតយ៉ាវ​នេះ មិន​ខុស​ពី​ល្បែង​លេង​បាល់​​ឡើយ។ ដោយ​ហេតុ​ថា ទាំង​ក្រសួង​ការងារ និង​អង្គការ​អាយឡូ បាន​ជះ​ទឹក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ទំនង​មើល​ទៅ​ហាក់​មិន​ចង់​ទទួល​ខុស​ត្រូវ​លើ​សំណើ​នេះ​ទេ ព្រោះ​ថា​សំណើ​សង្គម​ស៊ីវិល​បាន​ស្នើ​សុំ​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​លេខ ១៨៩ នេះ ចាប់​តាំង​ពី​ឆ្នាំ២០១២​មក។ ក៏ប៉ុន្តែ​គិត​មក​ពេល​នេះ ការ​ឆ្លើយ​តប​ណាមួយ​ពី​ស្ថាប័ន​ជំនាញ​របស់​រដ្ឋ គឺ​ស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង​នៅ​ឡើយ។

លោក ជុំ ចាំ៖ «រដ្ឋសភា​ជាតិ​កម្ពុជា នៅ​ចុង​ឆ្នាំ​២០១២ គឺ​គាត់​បាន​លើក​ឡើង​ថា សភា​ជាតិ​កម្ពុជា រីករាយ​ក្នុង​ការ​ផ្ដល់​សច្ចាប័ន​នេះ។ ប៉ុន្តែ​នៅ​រង់ចាំ​ក្រសួង​ការងារ ដាក់​សំណើ​ហ្នឹង​ឡើង​ទៅ។ នៅ​ពេល​ដែល​យើង​ដាក់​លិខិត​ណាត់​ជួប​ក្រសួង​ការងារ​នៅ​ឆ្នាំ​២០១៣ នៅ​ក្នុង​ខែ​មីនា។ ក្រសួង​ការងារ លោក សាត សាមុត គាត់​បាន​គាំទ្រ​ការ​លើក​ឡើង​ដើម្បី​ផ្ដល់​សច្ចាប័ន​នេះ។ ប៉ុន្តែ​គាត់​ត្រូវ​ការ​ការ​សិក្សា​ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​ខាង​អង្គការ​ពលកម្ម​អន្តរជាតិ។ យើង​ក៏​បាន​ទៅ​ជួប​អង្គការ​ពលកម្ម​អន្តរជាតិ។ អង្គការ​ពលកម្ម​អន្តរជាតិ​លើក​ឡើង​ថា រង់ចាំ​តែ​សំណើ​សុំ​ពី​ក្រសួង​ការងារ​ទេ អ៊ីចឹង​វា​ហាក់​ដូច​ជា​រុញ​បាល​គ្នា​ទៅ​វិញ​ទៅ​មក​ហ្នឹង»

សំណើ​​អម​ដោយ​ញត្តិ​ដែល​បណ្ដាញ​កម្មករ​ធ្វើ​ការ​តាម​​ផ្ទះ​កម្ពុជា ដាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា គឺ​ស្នើ​សុំ​គោលការណ៍ ៩​ចំណុច។ ទី​១ សូម​ផ្ដល់​សច្ចាប័ន និង​ដាក់​ឲ្យ​អនុវត្ត​អនុសញ្ញា​ ស្ដីពី​ការងារ​សមរម្យ​សម្រាប់​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ។ ២ ត្រូវ​ទទួល​ស្គាល់​ការ​ចូល​រួម​របស់​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​ចាត់​វិធានការ​ជា​បន្ទាន់ ទាំង​ផ្នែក​រដ្ឋបាល និង​ច្បាប់​ដើម្បី​ការពារ​សិទ្ធិ​ពួកគេ។ ៣ សិក្សា​ស្រាវជ្រាវ កម្មករ​ធ្វើ​ការ​តាម​ផ្ទះ និង​កំណត់​ពី​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​ពួក​គេ។ ៤ សូម​ដាក់​ចេញ​វិធានការ​ដើម្បី​អនុញ្ញាត​ឲ្យ​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ អាច​ឈប់​សម្រាក​បាន​មួយ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ដូច​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បាន​អនុវត្ត​រួច​ហើយ។ ៥ សូម​បង្កើត និង​ដាក់​ឲ្យ​អនុវត្ត​កិច្ចសន្យា​ការងារ​គំរូ កម្មករ​តាម​ផ្ទះ និង​ម្ចាស់​ផ្ទះ​នៅ​កម្ពុជា។ ៦ សូម​បង្កើត​ប្រព័ន្ធ​ត្រួត​ពិនិត្យ​លើ​លក្ខខណ្ឌ​ការងារ។ ៧ ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ​ដើម្បី​ពង្រីក​វិសាលភាព​គ្រប​ដណ្ដប់​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ​ផង ជាពិសេស​ដាក់​ពួក​គេ​ក្នុង​ប្រព័ន្ធ​សន្តិ​សុខ​សង្គម។ ៨ ត្រូវ​ចរចា​ជាមួយ​ប្រទេស​ទទួល​ទៅ​លើ​លក្ខខណ្ឌ​ផ្សេងៗ ដើម្បី​ការពារ​សិទ្ធិ​ការងារ និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កម្មករ​ធ្វើ​ការ​តាម​ផ្ទះ និង ៩ ស្នើ​ឲ្យ​បញ្ចុះ​តម្លៃ​នៃ​លិខិត​ឆ្លងដែន​សម្រាប់​កម្មករ​ចំណាក់​ស្រុក មិន​ឲ្យ​លើស​ពី ២៥​ដុល្លារ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។